នរណាក៏ចង់បានស្បែកខ្លួនស្អាតដែរ។ គ្រាន់តែសុភាពបុរសនិងសុភាពនារីមួយចំនួនពុំសូវបានយកចិត្ដទុកដាក់ថែទាំ ដោយ ចាប់អារម្មណ៍ថែទាំស្បែកតែលើផ្ទៃមុខ ព្រោះយល់ថាបើស្បែកមុខសម៉ត់រលោងស្អាតផូរផង់ធ្វើឱ្យទាក់ទាញការចាប់អារម្មណ៍ពីអ្នក ដទៃ។ ប៉ុន្ដែស្បែកខ្លួនមិនស្អាតជាការខ្វល់ខ្វាយគួរឱ្យខ្មាសអៀនណាស់ថ្វីត្បិតតែមានការស្លៀកពាក់បិទបាំងជិតក៏ដោយ។
ទស្សនាវដ្ដី សុខភាពយើង បានលើកយករបៀបថែរក្សាស្បែកខ្លួនមកជូនលោកអ្នកឱ្យបានជ្រាបតាមរយៈការជួបសម្ភាស ជាមួយលោកវេជ្ជបណ្ឌិត ថៃ គា អ្នកឯកទេសជម្ងឺសើស្បែក និងកាមរោគ។
មុខងារ និងតួនាទីរបស់ស្បែកខ្លួន
ស្បែកមានមុខងារជួយសម្រួលក្នុងការផ្លាស់ប្ដូរអុកស៊ីសែនពីខាងក្រៅ ហើយបញ្ចេញចោលជាតិញើសនិងជាតិខ្លាញ់នៅ លើស្បែក ដើម្បីជួយឱ្យកោសិកាស្បែកមានសុខភាពរឹងមាំល្អ។ ស្បែកមានតួនាទី
ជារបាំងការពារសរីរៈខាងក្នុងរាងកាយនិងជារបង ទប់ទល់មជ្ឈដ្ឋានឬបរិយាកាសពីខាងក្រៅ។ ស្បែកបញ្ចេញប្រតិកម្មទប់ទល់នឹងកម្ដៅភ្លើង កម្ដៅព្រះអាទិត្យអាកាសធាតុក្ដៅត្រជាក់ ឬប៉ះទង្គិចអ្វីមួយ ដូចជាដួល មុត វាយដំជាដើម គឺស្បែកជាអ្នកទទួលរ៉ាប់រងទាំងអស់។
កត្ដាដែលប៉ះពាល់ដល់ស្បែក
មានកត្ដាជាច្រើនយ៉ាងដែលធ្វើឱ្យស្បែកខ្លួនលោកអ្នកមិនស្អាត។
- ទទួលទានអាហារពុំបានគ្រប់គ្រាន់ ខ្វះវីតាមីន ឬខ្វះប្រូតេអ៊ីនដែលធ្វើឱ្យកោសិកាស្បែកពុំមានសំណើម
- សុខភាពមិនល្អមានជម្ងឺរ៉ាំរ៉ៃ ឬជម្ងឺដែលឈឺយូរបណ្ដាលឱ្យមានកង្វះទឹកនៅក្នុងខ្លួន ធ្វើឱ្យស្បែកក្រៀមស្ងួត
- ការប្រើបាស់ឱសថច្រើនដែលប៉ះពាល់ដល់ការលូតលាស់នៃកោសិកាស្បែក
- ប្រើប្រាស់សាប៊ូដុសខ្លួនមិនត្រូវនឹងស្បែកខ្លួន បណ្ដាលឱ្យស្បែកមានប្រតិកម្ម
- ស្បែកត្រូវកម្ដៅថ្ងៃញឹកញាប់ ធ្វើឱ្យស្បែកក្រៀមស្ងួតជ្រីវជ្រួញ បែកស្រកា បាត់បង់ភាពមាំមួន និងសំណើម
- ស្បែកមិនស្អ្អាតដោយសារមានជម្ងឺរមាស់ ឬជម្ងឺផ្សេងៗ ធ្វើឱ្យប៉ះពាល់ ដូចជាធ្វើឱ្យមានការឈឺចាប់ពិបាកនឹងទ្រាំចង់អេះជាដើម រំខានធ្វើឱ្យការទទួលទានដំណេកមិនបានគ្រប់គ្រាន់ សុខភាពទ្រុឌទ្រោមរំខានពេលវេលាបំពេញការងាររបស់លោក អ្នក និងអាចឆ្លងដល់អ្នកដទៃទៀតផង។
វិធីធ្វើឱ្យស្បែកស្អាត
មិនជាពិបាកទេ បើលោកអ្នកចង់បានស្បែកស្អាត ត្រូវអនុវត្ដដូចខាងក្រោមនេះ។
- ហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីបញ្ចេញជាតិញើស ឬខ្លាញ់នៅក្នុងខ្លួនឱ្យស្បែកស្រស់ថ្លា
- ទទួលទានអាហារដែលមានវីតាមីន និងប្រូតេអ៊ីន ឱ្យបានគ្រប់គ្រាន់ដើម្បីបំប៉នកោសិកាស្បែកឱ្យមានសំណើម
- ការពារស្បែកកុំឱ្យត្រូវកម្ដៅថ្ងៃញឹកញាប់ពេក ដើម្បីចៀសវាងស្បែកក្រៀមស្ងួត
- ថែទាំសុខភាពកុំឱ្យមានជម្ងឺរ៉ាំរ៉ៃ ឬជម្ងឺផ្សេងៗ
- ត្រូវសម្អាតស្បែករាល់ពេលងូតទឹក ដើម្បីចៀសវាងស្បែកមានក្អែលកាន់ជាប់។
ដំបូន្នានអ្នកជំនាញ
ប្រសិនបើស្បែកខ្លួនរបស់លោកអ្នកមិនស្អាត ដូចជាមានអាចម៍រុយ មុត ឬស្បែកមានជម្ងឺដំបៅ ចេញរមាស់ស្បែកក្រៀម ស្ងួតបែកស្រកា ឬស្បែកមានបញ្ហាផ្សេងៗទៀតសូមលោកអ្នកប្រញាប់ប្រញាល់ទៅជួបវេជ្ជបណ្ឌិតដែលមានជំនាញពិតប្រាកដជា បន្ទាន់ ដើម្បីពិគ្រោះ និងពិនិត្យស្បែករបស់លោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨
Leave a Reply