ជារៀងរាល់ព្រឹកតែងសង្កេតឃើញថាមានមនុស្សម្នាមកពីគ្រប់ទិសទីនៅក្រុងភ្នំពេញធ្វើដំណើរទៅមុខព្រះបរមរាជវាំងដើម្បីហាត់ប្រាណ។ សកម្មភាពហាត់ប្រាណនៅមុខវាំង មានគ្រប់ប្រភេទ ហើយអ្នកដែលមកហាត់ក៏មានគ្រប់វ័យដែរ។ នេះសបញ្ជាក់ ថា បច្ចុប្បន្នការថែរក្សាសុខភាពតាមរយៈការលេងកីឡាផ្សេងៗបានកំពុងតែរីកដុះដាល។
ទស្សនាវដ្ដី សុខភាពយើង សូមលើកយករឿងរ៉ាវនៃការហាត់ប្រាណនៅមុខវាំងជូនប្រិយមិត្ដអ្នកអានជ្រាបដើម្បីទុកជាទុន សម្រាប់លោកអ្នកដែលមិនមានពេលវេលាគ្រប់គ្រាន់ទៅហាត់។
គោលបំណងនៃការហាត់ប្រាណនៅមុខវាំង
បច្ចុប្បន្ននេះសន្ទុះនៃការហាត់ប្រាណមានការពេញនិយមច្រើនចំពោះលោកអ្នកដែលរស់នៅតាមទីក្រុង។ ហាត់ប្រាណមុខ វាំងមានស្ទើរតែគ្រប់រូបភាពទៅតាមចំណង់ចំណូលចិត្ដ។ លោកអ្នកដែលបានទៅហាត់ប្រាណមុខវាំងមានគោលបំណងខុសៗគ្នា។ ខាងក្រោមនេះជាគោលបំណងមួយចំនួនដែលធ្វើឱ្យលោកអ្នកគ្រប់វ័យសម្រេចចិត្ដទៅហាត់ជារៀងរាល់ព្រឹក។
1 . ថែរក្សាសុខភាព និងសម្រស់ ៖ ដើម្បីថែរក្សាសុខភាពលោកអ្នកមួយចំនួនយល់ថាការហាត់ប្រាណមុខវាំងអាចជួយ សម្រួលដល់ចលនាសព៌ាង្គកាយឱ្យមានដំណើរការល្អ។ ម្យ៉ាងទៀតអាចជួយទប់ស្កាត់ការឡើងទម្ងន់និងជួយថែរក្សារូបរាងកាយឱ្យ ស្រស់ថ្លារឹងមាំបាន។
2 . កាត់បន្ថយភាពតានតឹង ៖ ហាត់ប្រាណអាចជួយឱ្យលោកអ្នកបំបាត់ទុកកង្វល់និងបន្ធូរអារម្មណ៍ពីការងារមួយចំនួន ដែលមានដូចជាបញ្ហាស្មុគស្មាញ អារម្មណ៍តប់ប្រមល់ ឬមានបញ្ហាក្នុងក្រុមគ្រួសារក៏ទៅហាត់ប្រាណដើម្បីជម្រះអារម្មណ៍ឱ្យស្រស់ថ្លា។
3 . ខ្យល់បរិសុទ្ធ ៖ ខ្យល់អាកាសល្អនៅមាត់ទន្លេធ្វើឱ្យលោកអ្នកមានសុខភាពល្អអាចជួយកាត់បន្ថយជម្ងឺមួយចំនួនផងដែរ ។ ម្យ៉ាងជួយលាងសម្អាតបញ្ហាទាំងប៉ុន្មានឱ្យរសាយអស់ពីខួរក្បាល។ មិនត្រឹមតែប៉ុណ្ណោះនៅពេលហាត់ប្រាណក្នុងបរិយាកាសល្អ អាច ជួយបញ្ចេញជាតិពុលចេញពីសព៌ាង្គកាយទៀតផង។
4 . បង្កើតភាពស្និទ្ធស្នាល ៖ហាត់ប្រាណមុខវាំងជាពេលវេលាផ្ដល់ឱកាសសម្រាប់ធ្វើការសំណេះសំណាលរវាងអ្នកនៅជុំវិញ ខ្លួន ដែលបានប្រមូលផ្ដុំគ្នាបង្កើតជាចំណងមិត្ដភាព។
៥ . ហាត់តាមគ្នា ៖ លោកអ្នកមួយចំនួនមិនដែលមានចំណង់ចំណូលចិត្ដទៅហាត់កីឡាទេព្រោះមានការនឿយហត់ពី ការងារ។ ប៉ុន្ដែដោយសារតែឃើញមានចំនួនមនុស្សទៅហាត់ច្រើនហើយអ្នកទាំងនោះនិយាយពីសារៈសំខាន់ដែលបានមកពីការហាត់ នៅមុខវាំងនោះ ទើបមានចំណាប់អារម្មណ៍ក៏សម្រេចចិត្ដទៅជាមួយគេទោះបីជាមានការនឿយហត់យ៉ាងណាក៏ដោយ។
ប្រភេទការហាត់ប្រាណ និងកីឡានៅមុខវាំង
ការហាត់ប្រាណឬកីឡានៅមុខវាំងមានដូចជារាំតាមចង្វាក់ភ្លេង រត់ត្រឹក ឬរត់មួយកន្លែង ទាត់សី ទាត់បាល់ពត់ខ្លួនជាដើម។ ប៉ុន្ដែប្រភេទកីឡាដែលពេញនិយមជាងគេសម្រាប់គ្រប់វ័យ គឺរាំតាមចង្វាក់ភ្លេង។
នៅមុខវាំងពេលព្រឹកមានមនុស្សហាត់ច្រើនជាងពេលល្ងាច ព្រោះជាពេលដ៏ស្រស់ស្រាយសម្រាប់ស្រូបយកខ្យល់បរិសុទ្ធ ដើម្បីឱ្យមានអារម្មណ៍ស្រស់ថ្លាក្នុងការបំពេញកិច្ចការងារ។
អ្នកហាត់ប្រាណមុខវាំងភាគច្រើនជាមនុស្សវ័យចំណាស់ដែលមានបញ្ហាសុខភាពចុះទ្រុឌទ្រោមដោយមានជម្ងឺមកបៀត បៀន ឬគេងមិនសូវលក់ ទើបសម្រេចចិត្ដមកហាត់កីឡា ដើម្បីបំបាត់អាការរសាប់រសល់ទាំងនោះ។ យុវវ័យខ្លះហាត់ដើម្បីពង្រឹង ស្មារតីកុំឱ្យមានការភ្លេចភ្លាំង ដែលពាក់ព័ន្ធនឹងការសិក្សា ឬការងារជាដើម។
ផលប្រយោជន៍នៃការហាត់ប្រាណ
អ្នកដែលហាត់ប្រាណនៅមុខវាំងអាចបំបាត់បាននូវភាពតប់ប្រមល់ក្នុងអារម្មណ៍ ជួយបំបាត់ការឈឺចាប់តាមសន្លាក់និង ចលនាឈាមរត់បានស្រួល។ មិនត្រឹមតែប៉ុណ្ណោះការហាត់ប្រាណនៅមុខវាំងមិនខុសពីការហាត់ប្រាណនៅកន្លែងផ្សេងទេអាចធ្វើឱ្យរូប រាងកាយស្រស់ថ្លា រឹងមាំ។ កីឡានៅមុខវាំងមានច្រើនប្រភេទ តែដើម្បីឱ្យមានប្រសិទ្ធភាពលោកអ្នកគួរតែជ្រើសរើសយកកីឡាមួយ ប្រភេទ ដែលសក្ដិសមមកអនុវត្ដជាប្រចាំ ទើបឆាប់បានសម្រេច។ ដើម្បីកាន់តែជ្រាបច្បាស់ខាងក្រោមនេះជាអំណះអំណាងដែលបាន មកពីការធ្វើសម្ភាសន៍ជាមួយអ្នកដែលមកហាត់ប្រាណនៅមុខវាំង។
- មីងម៉ុក ៖ ការធ្វើលំហាត់ប្រាណនៅមុខវាំងធ្វើឱ្យចំណេញពេលវេលានៃការធ្វើដំណើរព្រោះផ្ទះរបស់គាត់នៅជិតវាំង។ ម្យ៉ាងទៀតអាចសម្រួលសរសៃ និងបំបាត់ការហត់នឿយពីមុខរបរប្រចាំថ្ងៃ។
- កញ្ញាមុន្នី ៖ ពីមុននាងមិនចូលចិត្ដហាត់កីឡាប៉ុន្មានឡើយ តែដោយសារនាងមានទម្ងន់ខ្លួនឡើងប្លែកពីធម្មតាទើបនាង សម្រេចចិត្ដទៅហាត់ប្រាណជាមួយអ្នកនៅជិតផ្ទះ។ ក្រោយមកឃើញថាទម្ងន់ខ្លួនរបស់នាងមិនឡើងដូចមុនឡើយហេតុនេះនាងបន្ដ ទៅហាត់ជារៀងរាល់ថ្ងៃ។
- ពូនី ៖ ចូលចិត្ដកីឡារត់ គាត់រត់ទៅវិញទៅមកដើម្បីជួយឱ្យរាងកាយរឹងមាំ និងបំបាត់ភាពហេវហត់។
- អ៊ំដាវ ៖ គាត់ជាវ័យចំណាស់មួយរូបចូលចិត្ដហាត់លើកដៃពត់ជើងទៅមកនិងដើរមួយៗដើម្បីបន្ធូរសរសៃក្នុងសព៌ាង្គ កាយ។
បណ្ដាំផ្ញើ
ការហាត់ប្រាណ និងកីឡាគ្រប់ប្រភេទមានសារៈសំខាន់ ទោះបីជាហាត់នៅទីកន្លែងណាក៏ដោយ។ ប្រសិនបើលោកអ្នកមាន ទម្លាប់ហាត់ប្រាណ គួរតែហាត់ជាប្រចាំទើបធ្វើឱ្យសុខភាពមាំមួនល្អ។ ការហាត់ប្រាណជាប្រចាំមិនត្រឹមតែមានសុខភាពល្អតែមួយមុខ ប៉ុណ្ណោះទេ ថែមទាំងមានសម្រស់ស្រស់ថ្លាផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨
Leave a Reply