សាច់ខ្ញុំ​ជ្រាយ​អស់​ហ្ស៊ីន​ឬ?

នៅក្នុង​ស្រទាប់​ប្រជា​ពលរដ្ឋ គេតែង​បានឮ​ពាក្យ​និយាយ​ចំអក​ទៅលើ​លោកអ្នក​ដែល មាន​សាច់​ជ្រាយ​ពិសេស​លោក​អ្នក ដែលនៅ​ក្មេង​វ័យ និងមិន​ទាន់បាន​រៀប​អាពាហ៍​ពិពាហ៍ ថាជា​មនុស្ស​អស់​ហ្ស៊ីន។ ពំនោល​បែប​នេះ​លោកអ្នក​មួយ​ចំនួន​ធំគិត​ថាជា ការ​ពិត លោកអ្នក​ខ្លះក៏​គិតថា​មិន​ពិត។ ពាក្យ​និយាយ​លេង​បន្លំ​មែន“សាច់​ជ្រាយ​អស់​ហ្ស៊ីន” នេះ​ត្រូវបាន​អ្នក​ជំនាញ​ផ្នែក​កីឡា​បដិ​សេធ មិនយល់​ស្រប។ តើជា​ការពិត​នោះ​យ៉ាង​ណាទៅ​វិញ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ទុយ ប៊ុនហឿន ប្រធាន​ការិយា​ល័យ​កីឡា​ទំនើប​នៃ​នាយក​ដ្ឋាន​អប់​រំកាយ និង​កីឡា​បានបក​ស្រាយ​ជូន​ប្រិយ​មិត្ដ ជ្រាបពី​ទស្សនៈ​​នេះ​តាមរយៈ​ទស្ស​នាវដ្ដី សុខភាព​យើង។

សាច់​ជ្រាយ​អស់​ហ្ស៊ីន

សម្រស់​របស់​មនុស្ស​គ្រប់រូប​ពិតជា​មិនអាច​ស្ថិតនៅ​យូរ​អង្វែង​រហូត​ឡើយ។ ទ្រឹស្ដី​កើត​ចាស់ ឈឺ​ស្លាប់​របស់​ព្រះពុទ្ធ​គឺជា​ទ្រឹស្ដី សច្ចភាព។ ការ​ចម្រើន​ឡើង​នៃ​វ័យ​របស់​មនុស្ស​ ធ្វើឱ្យ​សាច់​ឈាម​ក៏កាន់​តែជ្រីវ​ជ្រួញ ជ្រាយ ឬយារ។ ប៉ុន្ដែ​សាច់​ដែលនឹង​ជ្រាយ​ឆាប់ ពេក ឬហៅ​ថា​ជ្រាយ​មុន​អាយុ គឺជា​បញ្ហា​មួយដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​គិតថា​ជាមនុស្ស​អស់ភាព​បរិសុទ្ធ​ជា​មនុស្ស​ដែល​ឆ្លងកាត់​ការរួម ភេទ​ញឹក​ញយ​មក​ហើយ។ ក្រុម​យុវវ័យ​ច្រើន​ហៅថា​អស់​ហ្ស៊ីន​ដែល​ពាក្យ នេះ​គេហៅ​កាត់​ក្លាយ​មកពី​ភាសា​បរទេស​ជា​បារាំង ឬ អង់​គ្លេស។ នៅ​អាយុ​២៥ឆ្នាំ ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​រៀប​អាពាហ៍​ពិពាហ៍​រួចហើយ​ហើយ​ក៏​ស្រប​ពេលនឹង​ដំណាក់​កាល​ដែល សាច់​ចាប់​ផ្ដើម​ជ្រាយ ធ្វើឱ្យ​មាន​ទស្សនៈ​រិះគន់​កើត​ឡើង​ចំពោះ​អ្នកនៅ​លីវ​ដែលមាន​សាច់​ជ្រាយ​ដូចអ្នក​ឆ្លង​កាត់ការ​រៀបការ​រួច​ហើយ ដែរ។

មូល​ហេតុ​សាច់​ជ្រាយ

សាច់​ចាប់​ផ្ដើម​ជ្រាយ​នេះអាច​បណ្ដាល​មកពី​មូល​ហេតុ​មួយ​ចំនួន។

  • ជា​លក្ខណៈ​ជីវ​សាស្ដ្រ ឬតាម​ធម្មជាតិ​របស់​មនុស្ស​សាច់នឹង​ចាប់ផ្ដើម​ជ្រាយ​បន្ដិច​ម្ដងៗ​នៅ​ពេល​វ័យ​ឈាន​ដល់​ការថម​ ថយ​ទៅនៃ​ការ​លូត​លាស់ ឬឈប់​លូត​លាស់ គឺក្នុង​អំឡុង​អាយុ​ចាប់​ពី​២៥ឆ្នាំ​ឡើង​ទៅ។ ចាប់ពី​កុមារ​ភាព​ដែល​មានរបប​អាហារ​គ្រប់ គ្រាន់ សុខភាព​ល្អ កុមារ​នោះនឹង​មានសាច់​ណែន​ល្អ។ ឯក្មេង​ជំទង់​ដែល​ស្ថិតក្នុង​ដំណាក់​កាល​លូតលាស់​ខ្លាំង​សាច់​របស់​គេក៏​ណែន​ល្អ ដែរ។ ដូច្នេះ​មិនថា​សុភាព​បុរសឬ​សុភាព​នារីនោះ​ទេ ក្នុងអំឡុង​វ័យ​២៥ឆ្នាំ សាច់នឹង​ចាប់ផ្ដើម​ជ្រាយ​ដោយ​ឯកឯង​បើគ្មាន​វិធីទប់​ស្កាត់​។
  • ជាធម្មតា​សាច់ដុំ​អាចឡើង​រឹងទៅ​បាន​លុះត្រា​តែបាន​ធ្វើចលនា​ច្រើន​។ ដូច្នេះ​បើក្នុង​ដំណាក់​កាលដែល​ការលូត​លាស់​របស់ សាច់ដុំ​ចាប់ផ្ដើម​ថយចុះ​ហើយនោះ ហើយការ​ធ្វើចលនា​របស់សាច់​ដុំមិន​គ្រប់គ្រាន់ នោះសាច់​ដុំនឹង​ចាប់ផ្ដើម​ជ្រាយ ថែមទាំង​ចាប់ផ្ដើម ស្វិតទៀត​ផង។ យើងអាច​សម្គាល់​ដោយខ្លួន​ឯងបាន​ខ្លះដែរ​តាមរយៈ​ការធ្វើ​ការងារ ដូចជា​បោកខោ​អាវ​ជាដើម គឺសាច់​ដុំដៃ​នឹងឡើង រឹងណែន។ ម្យ៉ាងទៀត​បើដៃ​ខាងណា​មួយ​ធ្វើការ​សកម្ម​ជាងគេ ដៃនោះ​នឹងធំ​ជាងម្ខាង​ទៀត។
  • កង្វះ​របប​អាហារ​រូបត្ថម្ភ​ក៏ជា​មូលហេតុ​មួយដែល​ធ្វើឱ្យសាច់​ជ្រាយបាន​ដែរ ព្រោះការ​លូត​លាស់​របស់​សព៌ាង្គ​កាយ​ត្រូវការ អាហារ​ជាចាំបាច់​ណាស់។ មិនចាំ​បាច់ដល់​វ័យ​២៥ឡើយ បើសិន​ជាកុមារ​បរិភោគ​មិនគ្រប់​គ្រាន់ នោះសាច់​នឹងជ្រាយ​ស្វិតរក​សាច់ដុំ ស្ទើរ​មិនបាន​ជាប្រាកដ។​
  • ការរួម​ភេទញឹក​ញាប់​ជាចំណែក​តូច​មួយដែល​រួមផ្សំ​ធ្វើឱ្យ​សាច់ចាប់​ផ្ដើម​ជ្រាយ​បាន​ដែរ បន្ទាប់ពី​មូលហេតុ​សំខាន់ៗ​ខាង លើ ព្រោះការ​រួមភេទ​ធ្វើឱ្យ​មនុស្ស​បាត់បង់​ថាមពល​ច្រើន។ យុវវ័យ​ដែលមិន​ទាន់​រួមភេទ​សាច់នៅ​ណែនល្អ សាច់​ស្អាតជាង​យុវវ័យ ដែល​ឆ្លងកាត់​ការរួម​ភេទញឹក​ញាប់។

វិធីសាស្ដ្រធ្វើឱ្យសាច់ណែន

ទោះ​លោក​អ្នកឆ្លង​កាត់ការ​រួមភេទ​ហើយ​ក្ដី ឬប្អូនៗ​ដែល​មិនទាន់​បានឆ្លង​កាត់ការ​រួមភេទ​ក្ដី ដើម្បី​ទទួលបាន​សាច់​ណែន​ល្អ គួរ​អនុវត្ដ​តាមវិធី​មួយ​ចំនួន​ដូចខាង​ក្រោម។ ការដែល​មិនទាន់​បានឆ្លង​កាត់ការ​រួមភេទ នៅហ្ស៊ីន ឬបរិសុទ្ធ​មិនមែន​ជាហេតុ​ផលដែល ធ្វើឱ្យ​សាច់​ណែន​ល្អ នោះ​ទេ ថ្វីត្បិត​ថាវា​មាន​ទំនាក់​ទំនង​តិចតួច​ដែរ​នោះ។

  • ហាត់​ប្រាណ​ឱ្យ​បានជា​ប្រចាំ យ៉ាង​ហោច​ណាស់​បីថ្ងៃ​ក្នុង​មួយ​សបា្ដហ៍​ ហើយ​ហាត់​ម្ដង​ឱ្យ​បាន​៣០​នាទី។ ការ​ហាត់​ប្រាណ ទាំងនោះ​អាចជា​ការរាំ​តាមចង្វាក់​ភ្លេង​ និងហាត់​ប្រាណ​តាមវិធី​ផ្សេងៗ​ទៀត​
  • ទម្លាប់​លេង​កីឡា​ផ្សេងៗ ដូចជា​វាយសី ទាត់សី លេង​បាល់​បោះ បាល់​ទាត់ បាល់ទះ រត់ត្រឹកៗ​ជាដើម
  • ធ្វើ​ចលនា​នានា​ឱ្យបាន​ច្រើន ដូចជា​ការងារ​នៅផ្ទះ កាប់​គាស់​ដីដាំ​ដំណាំ​ផ្សេងៗ ការយួរ​ទឹក​ស្រោច​ដំណាំ លើក​ដាក់របស់ របរ​ផ្សេងៗ ធ្វើ​យ៉ាងណា​ឱ្យសាច់​ដុំគ្រប់​កន្លែង​មានចលនា​
  • បរិភោគ​អាហារ​មានជីវជាតិ​ និងមាន​វីតាមីន​ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវ​ការរបស់​សព៌ាង្គកាយ។

ផលប៉ះ​ពាល់ពី​សាច់ជ្រាយ​

ការ​ពិត​ទៅ​សាច់​ជ្រាយ​មិន​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណា​មួយ​ដល់​សុខភាព​ទេ។ ផ្ទុយ​ទៅ​វិញ

សុខភាព​មិនល្អ​ទៅវិញ​ទេ​ដែល បង្ហាញ​ឱ្យ​យើង​ឃើញ​តាម​រយៈ​សាច់​ជ្រាយ។ លោក​អ្នក​ដែល​មាន​សាច់ជ្រាយ​ អាច​បញ្ជាក់​ថាមាន​សុខ​ភាព​មិន​សូវ​ល្អ ព្រោះ​យើង​ដឹង ហើយ​ថា លោក​អ្នក​ដែលមាន​សាច់​ណែន​លុះត្រា​តែ​បរិភោគ​បាន​គ្រប់​គ្រាន់ បាន​ហាត់​ប្រាណ​ជាប្រចាំ លេង​កីឡា​បាន​ញឹក​ញាប់​ជាដើម។ ចំពោះ​ផល​ប៉ះ​ពាល់​ផ្សេង​ទៀត​គឺ​ពាក់ព័ន្ធ​នឹង​សម្រស់​ឬ​សោភ័ណ​ភាព។ សុភាព​នារី​អាច​ស្លៀក​ពាក់​សម្លៀក​បំពាក់​មិនសូវ​សម មិន​ហ៊ាន ស្លៀក​ពាក់​ខើច​ខ្លី​ជាដើម។ កាល​ណា​ស្បែក​ជ្រាយ​មុន​អាយុ ក៏​អាច​ធ្វើ​ឱ្យ​ពណ៌​សម្បុរ​ស្បែក​មិន​សូវ​ស្រស់ថ្លា​បានដែរ។

ដំបូន្មានអ្នកប្រឹក្សា

ចំពោះ​ពាក្យ​លើក​ឡើង​ថា សាច់​ជ្រាយ​អស់​ហ្ស៊ីន​នេះមិន​ខុស​១០០%​នោះ​ទេ គ្រាន់​តែថា​មាន​ចំណែក​ត្រូវតិច​តួច ហើយ​ក៏ មិន​អាច​ប្រើ​ជាទូទៅ​បាន​ដែរ។ ថ្វី​ត្បិត​ថាការ​រីក​ចម្រើន​នៃការ​កែច្នៃ​បង្កើន​សោភ័ណ​មាន​ការ​លូតលាត់​ក៏ពិត​មែន ប៉ុន្ដែ​អ្វីដែល​យើង អាច​ទទួល​បានពី​ធម្មជាតិ​ពិតជា​ប្រសើរ​ជាង។ ដូច្នេះ​ដើម្បី​ទទួល​បានសាច់​ណែន​ល្អ និង​សាច់​ភ្លឺថ្លា លោក​អ្នកគួរ​តែហាត់​ប្រាណ​ឱ្យ​បាន ទៀង​ទាត់ លេង​កីឡា​ឱ្យ​បាន​ច្រើន។ ព្រោះ​ថា​កីឡា​នាំមក​នូវ​សុខភាព​ល្អ និង​សម្រស់​ស្រស់​សោភា​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *