រលាក​កញ្ចក់​ភ្នែក​អាច​ឱ្យពិការ​ភ្នែក

ភ្នែក​គឺជា​សរីរៈ​ខាង​ក្រៅ​ដែល​មាន​សារ​សំខាន់​នៅ​ក្នុង​ចំណោម​សរីរៈ​ទាំង​អស់​នៅលើ​រាងកាយ​របស់​មនុស្ស។ បង​ប្អូន​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​តែង​យល់ថា​ជម្ងឺ​រលាក​កញ្ចក់​ភ្នែក​គឺជា​ជម្ងឺ​ឈឺភ្នែក​ធម្មតា ពុំសូវ​យក​ចិត្ដ​ទុកដាក់​ក្នុងការ​ព្យាបាល​នោះទេ។ ជម្ងឺ នេះ អាច​កើត​លើ​មនុស្ស​គ្រប់វ័យ ហើយ​អាច​ធ្វើឱ្យ​ភ្នែក​ពិការ​បាន​ប្រសិន​បើធ្វើ​ការ​ព្យាបាល​មិន​ទាន់​ពេល​វេលា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូម​លើក​យក​ប្រធានបទ​ជម្ងឺ​រលាក​កញ្ចក់​ភ្នែក​មកធ្វើ​ការបក​ស្រាយ​តាម​រយៈ​ខ្លឹមសារ​នៃការ ជួប​សម្ភាស​ជាមួយ​លោក​វេជ្ជ​បណ្ឌិត ងី ម៉េង ប្រធាន​សមាគម​គ្រូពេទ្យ​ភ្នែក​កម្ពុជា។

រលាក​កញ្ចក់​កែវ​ភ្នែក ជាអ្វី?

រលាក​កញ្ចក់​ភ្នែក គឺជាការ​បាត់​បង់នូវ​ស្រទាប់​កញ្ចក់​ភ្នែក ដែល​ពាក្យ​បច្ចេក​ទេស​ពេទ្យ​ហៅថា “អេពី​តេលី​យ៉ូម​និង​ស្ដ្រូម៉ា”។ ជម្ងឺ​រលាក​កញ្ចក់​កែវ​ភ្នែក​បង្ក​ឡើង​ដោយ​ពពួក​មេរោគ​បាក់តេរី មេរោគ​ផ្សិត​ឬរបួស​ដោយ​សារ​ការ​ប៉ះទង្គិច​ភ្នែក​ដោយ​ប្រការ ណា​មួយ បង្ក​ឱ្យ​រលាក ឬ​ដំបៅ។ កញ្ចក់​ភ្នែក​គឺជា​បង្អួច​របស់​ភ្នែក ប្រសិន​បើ​កញ្ចក់​ភ្នែក​ត្រូវរង​នូវការ​ខូចខាត​នោះ​នឹង​បង្កឱ្យ​មាន​ផល វិបាក​រហូត​ដល់​ពិការ​ភ្នែក​បាន។

រោគ​សញ្ញា​ជម្ងឺ​រលាក​កញ្ចក់​ភ្នែក

ចំពោះ​រោគ​សញ្ញា​មុនពេល​មាន​ជម្ងឺ​រលាក​កញ្ចក់​ភ្នែក គេ​សង្កេត​ឃើញ​មាន​អាការ​មួយ​ចំនួន​ដូច ជា​រកាំភ្នែក​ខ្លាំង​ភ្នាសស​នៃ គ្រាប់​ភ្នែក​ឡើង​ក្រហម ត្របក​ភ្នែក​ហើម កញ្ចក់​ភ្នែក​ឡើង​ប្រផេះ​ហើយ​ស្រអាប់ ឈឺ​ភ្នែក​ខ្លាំង ចាញ់​ពន្លឺថ្ងៃ​ស្រវាំង​ភ្នែក មាន​ពពឹក ភ្នែក និង​អាច​មាន​ខ្ទុះ នៅ​ក្នុង​បន្ទប់​មុខនៃ​ភ្នែក​ទៀត​ផង។ នៅ​ពេល​ដែល​លោក​អ្នកបាន​ជួប​ប្រទះ​នឹង​រោគ​សញ្ញា និង​អាការ​ដូច​ខាង​លើ សូម​ប្រញាប់​ទៅ​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់​ដើម្បី​ធ្វើការ​ព្យាបាល​ពី​ព្រោះ​ជម្ងឺ​រលាក​កញ្ចក់​ភ្នែក​នេះអាច​ធ្វើឱ្យ ភ្នែក​លោកអ្នក​ពិការ​បាន ប្រសិន​បើ​ធ្វើការ​ព្យាបាល​មិន​ទាន់​ពេល។

មូល​ហេតុ​រលាក​កញ្ចក់​ភ្នែក

មូល​ហេតុ​ដែលនាំ​ឱ្យ​រលាក​កញ្ចក់​ភ្នែក​មាន​កត្ដា​ជាច្រើន ដូចជា​ការ​ប៉ះទង្គិច​ភ្នែក​បណ្ដាល​ឱ្យរង​របួស​ដោយ​ចៃដន្យ​ធូលីដី ឬ​សម្រាម​ចូល​ភ្នែក ការ​ប្រើ​ប្រាស់​ថ្នាំ​បន្ដក់​ឬក្រមួន​មិន​បាន​ត្រឹម​ត្រូវ ការ​ប្រើ​ឱសថ​បុរាណ​ដែល​ពុំមាន​អនាម័យ​ល្អ។ ជា​ពិសេស​គឺ​ពពួក មេ​រោគ​ដូចជា​បាក់​តេរី វីរុស ឬមេ​រោគ​ផ្សិត​ផ្សេងៗ ដែល​មាន​នៅ​តាម​ត្របក​ភ្នែក បរិយាកាស​ជុំវិញ​ខ្លួន​និង​នៅតាម​ស្លឹក​រុក្ខ ជាតិ។ ជួន កាល​វាក៏អាច​បណ្ដាល​មកពី​ការញី​ភ្នែក​ដោយ​ដៃ​មិន​ស្អាត​នាំឱ្យ​មេរោគ​មាន​ឱកាស​ឆ្លង​តាមដៃ​ចូល​ភ្នែក។

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជម្ងឺ​រលាក​កញ្ចក់​ភ្នែក

ការ​កំណត់​ប្រភេទ​ជម្ងឺ​រលាក​កញ្ចក់​ភ្នែក​បណ្ដាល​មក​ពីវីរុស បាក់តេរី ឬ​មេរោគ​ផ្សិត​ដែល​នៅ​តាម​ត្របក​ភ្នែក​បាន​គឺមាន​តែ គ្រូពេទ្យ​ជំនាញ​តែ​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​ពិនិត្យ​ឃើញ​ថា នៅ​លើ​កញ្ចក់​ភ្នែក​មាន​ដំបៅ​ស្នាម​រាងជា​ឫស​ឈើ​នោះ​បញ្ជាក់​ថា​ការ រលាក​កញ្ចក់​ភ្នែក​គឺបណ្ដាល​មកពី​វីរុស។ បើ​ពិនិត្យ​ទៅឃើញ​នៅលើ​កញ្ចក់​កែវ​ភ្នែក​មាន​ដំបៅ​រាងដូច​ជា​ហ្វ្រូម៉ា​ហើយ​អាច​មាន​ខ្ទុះនៅពី ក្រោយ​កញ្ចក់​ភ្នែក​ទៀត​នោះ បញ្ជាក់​ថាការ​រលាក​គឺបណ្ដាល​មកពី​មេរោគ​ផ្សិត។ ប៉ុន្ដែ​ប្រសិន​បើ​ពិនិត្យ​ទៅ​ឃើញ​មាន​ដំបៅ​នៅ​លើស្ដ្រូ ម៉ា ហើយ​មានខ្ទុះ​នៅពី​ក្រោយ​កញ្ចក់​ភ្នែក​នោះ​បញ្ជាក់​ថាការ​រលាក​គឺ​បណ្ដាល​មក​ពីពពួក​បាក់​តេរី។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ព្យាបាល​ជម្ងឺ​រលាក​កញ្ចក់​ភ្នែក

ការ​ព្យាបាល​ជម្ងឺ​រលាក​កញ្ចក់​ភ្នែក​អាចធ្វើ​ទៅបាន​គឺ​អាស្រ័យ​ទៅ​នឹង​មូល​ហេតុ​នីមួយៗ​ដែល​បណ្ដាល​ឱ្យកើត​មាន​ឡើង។ ប្រសិន​បើបង្ក​ឡើង​ដោយ​ពពួក​បាក់​តេរី នោះគឺត្រូវ​ប្រើថ្នាំ​សម្លាប់​ពពួក​បាក់​តេរី​(ពពួក​ថ្នាំអង់​ទីប៊ី​យ៉ូទិច)​ដូចជា​ថ្នាំ​ក្រមួន​ថ្នាំបន្ដក់ ជាដើម។ ដោយ​ត្រូវ​អនុវត្ដ​ឱ្យ បាន​ខ្លាំងក្លា មួយ​ម៉ោង​ម្ដងៗ​ជាប្រចាំ​រហូត​បានធូរ​ស្បើយ។ បើ​បង្ក​ឡើង​ដោយ​ពពួក​វីរុស ត្រូវ​ប្រើ ពពួក​ថ្នាំ​សម្លាប់​វីរុស​(ពពួក​ថ្នាំអង់​ទីវីរុស) ដោយ​ត្រូវ​អនុវត្ដ​រៀង​រាល់​២ម៉ោង​ម្ដងៗ​ឬក្នុង​មួយ ថ្ងៃ​ឱ្យបាន​៤ទៅ​៥ដង។ តែបើ​បង្ក​ឡើង ដោយ​មេរោគ​ផ្សិត ត្រូវ​ប្រើថ្នាំ​សម្លាប់​ពពួក​មេរោគ​ផ្សិត ដោយ​ត្រូវ​អនុវត្ដ​រៀងរាល់​មួយ​ម៉ោង​ម្ដងៗ​រហូត​បានធូរ​ស្បើយ​ទើប​បន្ថយ ការអនុវត្ដ និង​ត្រូវ​ឧស្សាហ៍​លាង​សម្អាត​ភ្នែក​ឱ្យបាន​ញឹក​ញាប់​ជាមួយ​នឹង​សំឡី​ឬ​ក្រណាត់​ស្បៃ-សស្អាត។ ប្រការ​សំខាន់​គឺត្រូវ​ទៅ ពិនិត្យ និង​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​រក​ដំណោះ​ស្រាយ​ឱ្យទាន់​ពេល​វេលា ទើប​ជាការ​ប្រសើរ។

ផល​វិបាក​ជម្ងឺ​រលាក​កញ្ចក់​កែវ​ភ្នែក

ជម្ងឺ​រលាក​កញ្ចក់​កែវភ្នែក​អាច​បណ្ដាល​ឱ្យមាន​ផល​ប៉ះពាល់​ជាច្រើន ដូចជា​ធ្វើឱ្យ​មាន​សម្លាក-ស​នៅ​លើកញ្ចក់​ភ្នែក​ករជា ក្រមរ-ស​ក្រាស់​នៅលើ​កញ្ចក់​ភ្នែក ធ្លាយ​កញ្ចក់​ភ្នែក ហើយ​ស្អិត​ជាប់នឹង​ប្រស្រី​ភ្នែក។ មិនតែ​ប៉ុណ្ណោះ​វាអាច​បណ្ដាល​ឱ្យមាន​ការបាត់ បង់នូវ​គំហើញ​អស់​មួយ​ជីវិត ប្រសិន​បើ​ធ្វើការ​ព្យាបាល​មិនទាន់​ពេល​វេលា។

វិធាន​ការ​ការ​ពារ​ជម្ងឺ​រលាក​កញ្ចក់​ភ្នែក

ដើម្បី​ការពារ និង​ចៀស​វាងពី​ជម្ងឺ​រលាក​កញ្ចក់​ភ្នែក វិធី​ដែលល្អ​បំផុត​គឺត្រូវ​ឧស្សាហ៍​ធ្វើការ​សម្អាត​លុបលាង​មុខ​និង​ភ្នែក ជាមួយ​នឹងទឹក​ស្អាត ក្រោយ​ពីធ្វើ​ដំណើរ​នៅទី​សាធារណៈឱ្យបាន​ញឹក​ញាប់​ត្រូវ​ប្រយ័ត្ន​កុំឱ្យ​មានការ​ប៉ះទង្គិច​ភ្នែក​ជាមួយ​នឹងវត្ថុ​ផ្សេងៗ ។ ពេល​ធ្វើ​ដំណើរ​ទៅ ណា​មកណា​ត្រូវពាក់​វ៉ែនតា​ការពារ​ពន្លឺថ្ងៃ ពិសេស​ការពារ​ធូលីកុំ​ឱ្យចូល​ភ្នែក ត្រូវ​ឧស្សាហ៍​ធ្វើ ការ​លាង​សម្អាត ភ្នែក​ជាមួយ​ទឹកថ្នាំ​លាង​ភ្នែក។ ជា​ពិសេស​នៅពេល​ដែល​កើត​មាន​អាការ​ឈឺ​ភ្នែក​មិន​ត្រូវ​ប្រើវិធី​ព្យាបាល​ដោយ​ប្រើឱសថ​បុរាណ​គ្មាន អនាម័យ​ឡើយ វាអាច​ធ្វើឱ្យ​មេរោគ​ងាយ​ស្រួល​បង្កបញ្ហា​ថែម​ទៀត។

ដំបូន្មាន​អ្នក​ជំនាញ

បើ​លោក​អ្នក​មាន​បញ្ហា​ភ្នែក សូម​ប្រញាប់​អញ្ជើញ​មក​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ខាង​ភ្នែក​ដើម្បី​ទទួល យក​នូវការ​ពិនិត្យ និង​ព្យាបាល​ឱ្យទាន់​ពេល​វេលា​នៅតាម​គ្លីនិក ឬ​មណ្ឌល​សុខភាព​ដែល​នៅជិត​លោកអ្នក​បំផុត។ ម្យ៉ាង​វិញ​ទៀត​សូម លោកអ្នក​យកចិត្ដ​ទុក ដាក់​ទៅលើ​សុខភាព​ភ្នែក​ខ្លួន​ឯង​បើមាន​បញ្ហា​ត្រូវ​ប្រញាប់​មក​ទទួល​យកនូវ​ការ​ព្យាបាល​ឱ្យ បាន​ទាន់​ពេល​វេលា ព្រោះ​វាអាច​បណ្ដាល​ឱ្យពិការ​ភ្នែក​បាននិង ប៉ះពាល់ ដល់ ជីវភាព ប្រចាំ ថ្ងៃ។ អ្នក ជំនាញ ឬអ្នក ឯក ទេស ខាង ភ្នែក អាច ជួយ លោកអ្នកបាន តាំងពី ដំណាក់ កាល ដំបូង ពេលដែលទើបតែមានបញ្ហាភ្នែក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *