នាង​ខ្ញុំ​មាន​ផ្ទៃ​ពោះ​ឬ?

នៅ​ពេល​មាន​ផ្ទៃពោះ ស្ដ្រី​ទាំង​ឡាយ​តែងតែ​មាន​ស្ថាន​ភាព​សុខ​ភាព​ប្រែ​ប្រួល និង​អាការ​ខុស​ប្រក្រតី​ឬខុស​ធម្មតា​ដែល ចាស់ៗ​តែង​ហៅថា​ចាញ់​កូន។ ចំពោះ​ស្ដ្រី​ដែល​ធ្លាប់​មាន​គភ៌​ច្រើន​ដង​ហើយ​នោះ មានភាព​ងាយ​ស្រួល​ក្នុងការ​សង្កេត​ឬដឹង​ថាខ្លួន​ឯង មាន​គភ៌​ឬ​ក៏​អត់។ ដោយ​ឡែក​ស្ដ្រី​ដែល​ទើប​តែ​មាន​គភ៌​ដំបូង មាន​ការ​លំបាក​បន្ដិច ហើយ​ជួន​កាល​មិន​ដឹង​ថា​ខ្លួន​មាន​គភ៌​ថែម​ទៀត ផង។ តើ​មាន​វិធី​អ្វីខ្លះ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ស្ដ្រី ក្នុង​ការ​ចំណាំ​នូវ​អាការ​បញ្ជាក់​ថា​មាន​គភ៌?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ស្ដ្រី​ដែល​ជា​អនា​គត​មាតា​អាច​ស្វែង​យល់​ពី​អាការ​រោគ​របស់​ស្ដ្រី​នៅ​ដំណាក់​កាល​ដំបូង​នៃការ​ចាប់​ផ្ដើម​មាន​គភ៌ តាម​រយៈ ការ​បក​ស្រាយ​របស់​លោក​សាស្ដ្រា​ចារ្យ លៀង ច័ន្ទ​រិទ្ធ អនុ​ប្រធាន​មន្ទីរ​ពេទ្យ​មិត្ដ​ភាព​ខ្មែរ​សូវៀត ជា​មួយ​ទស្សនា​វដ្ដី​សុខភាពយើង។

អាការ​ដែល​បញ្ជាក់​ថាមាន​គភ៌

មាន​រោគ​សញ្ញា​មួយ​ចំនួន ដែល​សុភាព​ស្ដ្រី​ទាំង​ឡាយ​អាច​ចំណាំ​ដោយ​ខ្លួន​ឯង ដោយ​មិនចាំ​បាច់​ទៅជួប​ជាមួយ​គ្រូពេទ្យ ជំនាញ។ ប៉ុន្ដែ​វិធី​ដែល​ប្រសើរ​បំផុត​ដើម្បី​ឱ្យ​ប្រាកដ​ថាពិត​ជាមាន​គភ៌​មែន គឺទៅ​ពិនិត្យ​នៅឯ​មន្ទីរ​ពេទ្យ។ វាមិន​ត្រឹមតែ​ជួយ​ឱ្យ​ស្ដ្រី ដឹងថា​មាន​គភ៌​ប៉ុណ្ណោះ​ទេ គ្រូពេទ្យ​ថែម​ទាំង​ប្រាប់​ពីវិធី​ការ​ពារ និង​ថែទាំ​សុខ​ភាព​ដល់​ស្ដ្រី​នៅ​ពេល​មាន​គភ៌​ទៀត​ផង។

1 . អាការ​ដែល​ស្ដ្រី​ចំណាំ​ដោយ​ខ្លួន​ឯង ៖ រដូវ​គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពីបញ្ហា​សុខភាព​ស្ដ្រី ប្រសិន​បើស្ដ្រី​មាន​រដូវ​ទៀង​ទាត់​ទៀត ហើយ​ស្រាប់​តែ​បាត់​រដូវ​នោះ បញ្ជាក់​ថាស្ដ្រី​នោះ​អាច​មាន​គភ៌។ ជា​មួយ​គ្នានេះ​ដែរ ស្ដ្រី​ភាគ​ច្រើន​អាច​មាន​អាការ​ខុស​ពី​ធម្មតា ឬ​ចាញ់ កូន ដូចជា​ការ​ក្អួត​ចង្អោរ ហៀរទឹក​មាត់​នៅពេល​ព្រឹក មាន​អារម្មណ៍​នឿយ​ហត់ អស់​កម្លាំង វិល​មុខ​ឆាប់​មួម៉ៅ​ជា​ដើម។ ជា​ពិសេស សុដន់​ទាំង​គូ​របស់​ស្ដ្រី មាន​សភាព​តឹង​ណែន រីឯ​ការទទួល​ទានចំណី​អាហារ​ក៏មាន​ការប្រែ​ប្រួល​ផង​ដែរ ដូច​ជាធ្វើ​ឱ្យ​ស្ដ្រី​ធុំក្លិន​អាហារ មិន ចង់ហូប​អាហារ​ដែល​ធ្លាប់​ហូប​រាល់​ដង តែបែរ​ជាងាក​មកចង់​ហូបម្ជូរ​ជំនួស​វិញ។

2 . ការ​ពិនិត្យ​ដោយ​គ្រូពេទ្យ​ជំនាញ ៖ ស្ដ្រី​ដែល​មាន​អាការ​ដូច​រៀប​រាប់​ខាង​លើ​នេះ គួរតែ​ទៅ​ពិនិត្យ​ជាមួយ​គ្រូ​ពេទ្យ ជំនាញ ដើម្បី​បញ្ជាក់​ឱ្យកាន់​តែច្បាស់​ថា មាន​គភ៌ឬ​មួយ​មកពី​ការ​បង្ក​ជម្ងឺ​ផ្សេងៗ។ គ្រូ​ពេទ្យ​សាក​សួរ​អំពី​សុខ​ភាព​ទូទៅ​និង​ប្រវត្ដិ​ជម្ងឺ ផ្សេងៗ ដើម្បី​រក​កត្ដា​ដែល​នាំឱ្យ​មាន​គ្រោះ​ថ្ន្មាក់​ដល់ការ​វិវត្ដ​ទារក និង​ម្ដាយ ព្រម​ទាំងផ្ដល់​ដំ​បូន្មាន​ដល់​ស្ដ្រី​ជា​ម្ដាយ។ ចំពោះ​ការ​ពិនិត្យ មាត់​ស្បូន​ឃើញ​មាន​ពណ៌​ស្វាយ ហើយ​មាន​រាង​ទន់​នៅ​ពេល​ដែល​ស្ទាប​មាត់​ស្បូន។ ការ​វិវត្ដ​នៃទារក​ក្នុង​ផ្ទៃអាច​កំណត់​ទៅបាន​ដោយ ការ​ពិនិត្យ​ឆ្លុះ​អេកូ។

ដំ​បូ​ន្មាន​អ្នក​ប្រឹ​ក្សា

ចំពោះ​ស្ដ្រី​ដែល​មាន​គភ៌​ទាំង​អស់ គួរ​តែ​ទៅ​រក​ការ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ ដើម្បី​កំណត់​ទីតាំង​របស់​គភ៌​ដែល​កំពុង កកើត​នោះ ស្ថិត​នៅ​ក្រៅ​ស្បូន​ឬក្នុង​ស្បូន ឬកូន​ជា​ពង ដើម្បី​ការពារ​កុំឱ្យ​មាន​គ្រោះ​ថ្នាក់ដល់​ស្ដ្រី​ជា​ម្ដាយ។ ការ​ពិនិត្យ​ផ្ទៃពោះ​មាន សារៈ​សំខាន់​ណាស់ ព្រោះ​អាច​រកកត្ដា​គ្រោះ​ថ្នាក់ ការ​លូត​លាស់​ចំពោះ​ទារក និង​ការ​តាម​ដាន​ចំពោះ​សុខ​ភាព​របស់​ស្ដ្រី​ជា​ម្ដាយ​ឱ្យ មាន​សុវត្ថិ​ភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *