ភាពគ្មានអនាម័យចំពោះការបរិភោគ គឺជាភាពប្រឈមមួយដែលតែងតែកើតមានចំពោះមនុស្សគ្រប់រូប។ ប៉ុន្តែប្រសិនបើក្នុងបន្លែ ផ្លែឈើ មានផ្ទុកទៅដោយសារធាតុពុលវិញនោះ នឹងមានអ្វីកើតឡើងធ្ងន់ធ្ងរជាងនេះទៅទៀត។ ថ្មីៗនេះមានអ្នកភូមិជិត១០០នាក់ពុលបន្លែ។ តើការពុលបន្លែនោះបណ្តាលមកពីមូលហេតុអ្វី?
យ៉ាងហោចណាស់មានមនុស្សក្មេង-ចាស់ ប្រុស-ស្រី ប្រមាណ ៩៧នាក់ មានអាការពុលរាកក្អួត និងដួលសន្លប់ជាបន្តបន្ទាប់ស្ទើរអស់មួយភូមិ ធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចថាមានជម្ងឺអាសន្នរោគផ្ទុះឡើង ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូជាបន្តបន្ទាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៥ មិថុនា វេលាម៉ោង១១យប់ នៅភូមិសំឡីខាងត្បូង ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ កោះសន្តិភាព។
គេហទំព័រនេះបន្តថា ទាក់ទិនទៅនឹងមនុស្សពុលអស់មួយភូមិនេះ លោក ម៉ែន សុខា ដែលជាអ្នកភូមិម្នាក់ពុលដែរនោះបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៥ មិថុនា មានពិធីលើកគ្រោងផ្ទះរបស់អ្នកភូមិឈ្មោះ ហ៊ុន ស្រីមុំ អាយុ៣០ឆ្នាំ ហើយស្ត្រីម្ចាស់ផ្ទះបានរកអ្នកភូមិឱ្យមកជួយលើកផ្ទះ និងបានរៀបចំបាយថ្ងៃត្រង់មួយពេលដល់អ្នកដែលបានមកជួយលើកផ្ទះបរិភាគដោយមានម្ហូប២មុខ គឺសម្លចាប់ឆាយ និងញាំស្ពៃក្តោប។ ក្រោយពីហូបបាយថ្ងៃត្រង់រួច ពួកគាត់បានបន្តធ្វើផ្ទះទៀត រហូតដល់ម៉ោង៥ល្ងាចម្ចាស់ផ្ទះបានរៀបចំបាយទឹកឱ្យអ្នកមកចូលរួមហូបមួយពេលទៀត ដែលផ្ទះខ្លះមកទាំងប្រពន្ធកូន។ ម្ហូបបាយពេលល្ងាចនោះមាន២មុខគឺសាច់ឆ្កែ មានទឹកជ្រលក់ជាមួយបន្លែស្លឹកដំឡូងឈើស្រុស ដើមចេក ត្រកៀត និងសាច់មាន់ ប្រើទឹកជ្រលក់ម្ជូរកូនម៉ែ។
លោក ម៉ែន សុខា និយាយរៀបរាប់ថា អ្នកភូមិរាប់រយនាក់បាននាំគ្នាមកហូបបាយផ្ទះនោះទាំងអស់គ្នា លុះដល់ម៉ោង១១យប់ ស្រាប់តែរូបគាត់ ចាប់រាកក្អួតចង្អោរ បន្ទាប់មកកូន២នាក់ និងប្រពន្ធរាកក្អួតដូចគ្នា ក៏នាំគ្នាទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះ។ ចំណែកអ្នកផ្សេងទៀត ក៏មានអាការរាកក្អួតជាបន្តបន្ទាប់ដូចគ្នា ត្រូវសមត្ថកិច្ចយករថយន្តដឹកបន្តកន្ទុយគ្នា ទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិជីភូដើម្បីសង្គ្រោះ។ រហូតដល់ម៉ោង៨ព្រឹកថ្ងៃទី៦ មិថុនា អ្នកពុលមានរហូតដល់៩៧នាក់ និងមានសភាពធ្ងន់ធ្ងរទាំងអស់គ្នាត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត៣នាក់ នៅមន្ទីរ ពេទ្យបង្អែកជីភូ ៩៤នាក់ ។ ទាក់ទិនករណីខាងលើនេះ លោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យស្រុកប្រតិបត្តិជីភូ បានមានប្រសាសន៍ថា ខាងមន្ទីរពេទ្យបានរកឃើញថា អ្នកភូមិពុលបន្លែ ហើយពេលនេះគ្រូពេទ្យបានជួយសង្គ្រោះទាន់ពេលវេលាពុំមានអ្នកណាម្នាក់ស្លាប់ទេ។
ទោះបីជាយ៉ាងណា អ្នកភូមិបែរជាព្រួយបារម្ភដោយសារតែមានមនុស្សពុលក្អួតចង្អោរ និងរាកជាបន្តបន្ទាប់ដោយភ័យខ្លាចផ្ទុះនូវជម្ងឺអាសន្នរោគ។ ករណីខាងលើនេះ មិនទាន់អាចសុំការបំភ្លឺពីលោកវេជ្ជបណ្ឌិត ប៉ែន សុណា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានទេ គិតត្រឹមថ្ងៃទី៦ មិថុនា ។ តាមព័ត៌មានចុងក្រោយបានឱ្យដឹងថា មិនមែនមនុស្សតែ១ភូមិទេដែលមាន អាការពុល គឺមាន៣ភូមិឯណោះ ហើយបើនិយាយឱ្យចំគឺអ្នកដែលបានទិញបន្លែ«ស្ពៃក្តោប» ពីផ្សារ អាចប្រឈមនឹងការពុលនេះ ព្រោះជាបន្លែដែលទើបបាញ់ថ្នាំពុល៕
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២
Leave a Reply