គួរឲ្យ​អាណោច​អាធ័មលង់​ទឹក​អណ្តូង​ស្លាប់​ទាំងបង​ទាំងប្អូន

កុមារ​នៅកម្ពុជា នៅតែ​បន្តភាព​ប្រឈម​ទៅនឹង​ការលង់​ទឹក​ស្លាប់​ជាប្រចាំ មិនថា​កុមារ​នោះរស់​នៅទី​ជនបទ ឬរស់នៅទីប្រជុំជន​នោះទេ។ ការខ្វះ​ភាព​ប្រុងប្រយ័ត្ន​ពីអាណា ព្យាបាល​ចំពោះ​កុមារ​គឺជាអ្វី​ដែល​យើង​តែងតែ​ជួបប្រទះ​ជាញឹកញយ​ទៅលើកុមារ​កម្ពុជា។ ថ្មីៗនេះ កុមារ​ប្រុសស្រី​ចំនួន២នាក់​បងប្អូន បានលង់​ទឹកអណ្តូង​ស្លាប់​យ៉ាង​អាណោចអាធ័ម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ក្មេងប្រុសស្រីតូចៗចំនួន​ពីរ​នាក់​បង​ប្អូន​បាន​លង់​ទឹក​អណ្តូង​ក្បែរផ្ទះ​ស្លាប់​​​យ៉ាង​​អាណោច​​អាធ័ម​ ខណៈ​ពេលដែល​​ឪពុក​ម្តាយ​ទៅ​ចង​ក្របី​ និង​មើល​ស្រែ​មួយ​ស្របក់​ប៉ុណ្ណោះ។ ហេតុ​ការណ៍​​​នេះ ​​កើត​ឡើង​កាល​ពី​ចន្លោះម៉ោង៨​ទៅ​ម៉ោង​៩ព្រឹក​ថ្ងៃទី​៦ មិថុនា នៅ​ក្នុង​ភូមិ​ត្រពាំង​ឫស្សី​ ឃុំ​ក្រាំងស្គា  ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង។ ក្រោយ​ពី​​​ស្រង់​កូន​តូចៗ​ទំាង​ពីរនាក់​​ចេញ​ពីអណ្តូង​ទឹក​ ដោយ​​សារ​តែ​ភាព​អាឡោះ​អាល័យ​​និង​សង្ស័យ​ថានៅ​មានជីវិត​​​​ ឪពុក​ម្តាយ​បាន​​ដឹក​កូន​តាម​ម៉ូតូឌុប​ទៅកាន់​មន្ទីរ​ពេទ្យ​​​​ ដើម្បី​ឱ្យគ្រូ​ពេទ្យ​​​ជួយ​សង្គ្រោះ​ ប៉ុន្តែ​គ្រូ​ពេទ្យ​ប្រាប់ថា ពួកគេ​ស្លាប់​​បាត់​បង់​ជីវិត​ទៅ​ហើយ។ នេះបើ​ការចេញ​ផ្សាយ​របស់គេហទំព័រកោះសន្តិភាព។

អណ្តូងទឹកនោះ​​ មិន​មែន​​ដាក់​លូទេ​ គឺ​ជា​អណ្តូងដែល​គេ​ជីកដី​យក​ទឹក​ដោយ​​គ្មាន​អ្វី​បិទ​មាត់​​ទេ ដូច្នេះ​ហើយ​ទើប​បង្ក​ឱ្យមាន​គ្រោះ​ថ្នាក់​ដល់​ក្មេងៗ។ ​អ្នកជម្ងឺ និង​អ្នក​កំដរ​​នៅមន្ទីពេទ្យបាន​ចោម​រោម​រោម​មើល ​​​ហើយអ្នក​ខ្លះ​ទប់ទឹក​ភ្នែក​មិន​​បាន​ ព្រោះ​តែ​​ឃើញ​​កុមារ​តូច​ៗ​ទាំងពីរនាក់​បង​ប្អូន​ ម្នាក់​អាយុ​២​ឆ្នាំ និង​ម្នាក់​ទៀត អាយុ​៦​ឆ្នាំ​ ដេកស្លាប់​ទន្ទឹម​គ្នា​លើគ្រែ​​ពេទ្យ​ក្រោម​ដើម​ទ្រូង​ម្តាយ​ដែល​ទ្រហោ​យំ​ និងឱប​កូនទាំង​​​ក្តី​អាឡោះ​អាល័យ​ និង​សោក​ស្តាយ​ជាទី​បំផុត។​​ បុរស​ជា​ឪពុក​​​ឈ្មោះ​ ថន​ ធីម​​ អាយុ​៣០ ឆ្នាំ ថ្វី​បើ​ជា មនុស្ស​ប្រុស​ចិត្តរឹង​មិន​ងាយ​​នឹង​យំ​ក៏ដោយ ក៏គង់​មាន​ទឹក​​ភ្នែករលីង​រលោង​។ លោកបានប្រាប់អ្នកសារព័ត៌មាន​ថា នៅ​ថ្ងៃ​កើត​ហេតុ កូន​បងពីរនាក់​​ទៅសាលារៀន និងនៅ​ផ្ទះ​​២នាក់​​​​ព្រោះ​មិនទាន់​​ចូល​សាលា​ទេ​។

ប្រភព​ដដែល​​បន្ត​ថា ​នៅព្រឹក​កើត​ហេតុ​​ម៉ោង​ប្រហែល​ជាង​៨​ លោកយក​​ក្របី​ទៅ​ចង​ឱ្យ​ស៊ី​ស្មៅ ​ចំណែក​ប្រពន្ធ​ទៅ​មើល​ស្រែ​ទុកកូនៗ​​ទាំង​ពីរនាក់​នៅ​ហូប​បាយ​កក​នៅលើ​ផ្ទះ ។ ប្រហែល​​កន្លះម៉ោង​ក្រោយ​មក​ពួកគាត់ក៏​ត្រឡប់​​ទៅផ្ទះ​វិញ ​ស្រាប់​តែ​បាត់កូន​ទាំង​ពីរនាក់​​ ។ លោក​​បាន​រត់​ទៅ​មើលនៅ​ផ្ទះ​អ្នកជិត​ខាង​ និង​រក​ជាច្រើនកន្លែង​​ទៀតមិន​ឃើញ​ទេ។ ដោយ​មាន​ការ​សង្ស័យ​​ ​ប្អូន​ប្រុស​របស់​លោក​បាន​​យក​ដើម​ខ្លុង​ចាក់​មើល​ក្នុង​អណ្តូង​ទឹក​ ហើយ​​​ប៉ះ​វត្ថុ​ទន់​ៗ​។ បន្ទាប់មក​ប្អូន​ប្រុសលោក​ក៏​បាន​ចុះ​មុជ​រាវ​ក្នុង​អណ្តូង​​ទឹក​​ក៏​ឃើញ​កូនស្រី​ប្រុស​របស់​លោក​ទាំង​ពីរ​​នៅ​បាត​អណ្តូងទឹកដែល​មាន​ជម្រៅ​ជាង​២​ម៉ែត្រ​​ ។ ​បុរស​​ជា​ឪពុក​បន្ត​ថា កូន​ទាំង​ពីរ​​នាក់​​​​​​​នេះ​​ ​កូន​​ប្រុស​បង ឈ្មោះ ថាំង វាសនា ​អាយុ៦​ឆ្នាំ​ ចំណែក​កូនស្រី​ប្អូន​ឈ្មោះ​ ថាំង សុខយ៉ាន អាយុ​២​ឆ្នាំ​។ ចំពោះ​អណ្តូង​ទឹកនោះ ជា​អណ្តូង​​គ្មាន​ខ្នោះ​ គ្មាន​លូទេ ​នៅ​ចម្ងាយ​ប្រមាណ​៦​ម៉ែត្រពី​ខាង​ជើង​ផ្ទះ​​ ។

​នៅ​ក្នុង​​មន្ទីរពេទ្យ ​​លោក​ប្រធាន​មន្ទីរ​ពេទ្យ​កំពុង​ជួយ​ចាត់​ចែង​រថយន្ត​ជួយ​ដឹក​សព​ក្មេង​ទាំង ពីរនាក់​​ទៅធ្វើ​បុណ្យ​នៅ​ផ្ទះ​ជីតាក្នុង​ភូមិ​​ស្តុក​កប្បាស ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ តាម​សំណូម​ពរ របស់​ឪពុក​​ម្តាយ​កុមារ​រងគ្រោះ​នោះ ​​មាន​អ្នក​សប្បុរស​​ជួយឧបត្ថម្ភ​ថវិកា​ជា​ហូរ​ហែ​ដល់គ្រួសារ​នេះ។

គួរ​បញ្ជាក់ថា​កាលពី​ពេលថ្មី​កន្លង​មកនេះ​គេហទំព័រ​សុខភាព​កម្ពុជា​បានចេញ​ផ្សាយ​អត្ថបទ​មួយ​ដែលមាន​ចំនងជើង​ថា​’’កុមារកម្ពុជា​ប្រឈម​ទៅនឹង​ការលង់ទឹក​ស្លាប់​ខ្ពស់’’។​ បើ​តាម​របាយ​ការណ៍​របស់​អង្គការ UNICEF​កាលពី​ពេលថ្មីៗ​នេះបាន​ឲ្យដឹងថា​បញ្ហា​កុមារ​ស្លាប់​ដោយ​សារ​ការលង់​​ទឹក ​បាន​ក្លាយ​ជា​បុព្វហេតុ​នាំ​មុខ​នៃ​ការ​ស្លាប់​របស់​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​​​​ចំនួន​ស្មើនឹង​ពាក់​ក​​​​ណ្តាល​នៃ​ការ​ស្លាប់​។របាយ​ការណ៍​បានបន្តថា​ ​ការ​លង់​ទឹក​គឺ​មាន​មួយក្នុង​ចំណោម​ករណី​ស្លាប់​បួន​ករណី សម្រាប់​កុមារ​ដែល​មាន​អាយុ​ពី​១​ឆ្នាំ​ ទៅ​៤​ឆ្នាំ​ ​ដែល​ក្រុម​កុមារ​ក្នុង​រវាង​អាយុ​នេះ​មាន​ការ​ស្លាប់​ភាគ​ច្រើន​ ដោយ​សារ​តែ​ការ​លង់​ទឹក​។ ​ការ​លង់​ទឹក​របស់​កុមារ​មិន​ទទួល​បាន​ការ​រាយ​ការណ៍​​ក្នុង​ចំនួន​ច្រើននោះ​ទេ​​ នៅ​ក្នុង​បណ្តា​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​នៅ​អាស៊ី​ ចំពោះ​បុព្វ​ហេតុ​​នៃ​ការ​ស្លាប់​របស់កុមារ ។

អត្ថបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១២

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *