អណ្ដាតជាអ្នកស្រង់នូវរសជាតិទាំងឡាយដែលឆ្លងកាត់ អាចឱ្យអ្នកបរិភោគមានអារម្មណ៍ថាឆ្ងាញ់ ឬមិនឆ្ងាញ់ ផ្អែមល្វីង ចត់ជាដើម។ ប៉ុន្ដែនៅពេលដែលមាត់ អណ្ដាតមានជម្ងឺ លោកអ្នកប្រាកដជាពិបាកទាំងគ្រលៀសអាហារដើម្បីទំពានិងពិបាកទាំងដឹង រសជាតិអាហារថែមទៀត។ នេះស្របនឹងពាក្យមួយឃ្លាថា“ឈឺដៃជើងអាចធាត់ ឈឺមាត់ប្រាកដជាស្គម”។ ជាទូទៅគេសង្កេតឃើញ ថា នៅលើអណ្ដាតកុមារតូចឬទារកច្រើនជាជម្ងឺជ្រាំង។ ជម្ងឺជ្រាំងធ្វើឱ្យទារកបៅមិនកើតឬញ៉ាំមិនបាន។
ទស្សនាវដ្ដី សុខភាពយើង បានសុំការប្រឹក្សាពីលោកស្រីវេជ្ជបណ្ឌិត ជី កាំហូយអ្នកជំនាញផ្នែកជម្ងឺកុមារប្រចាំមន្ទីរពេទ្យ កុមារជាតិបកស្រាយពីជម្ងឺជ្រាំងអណ្ដាតនេះ។
ជម្ងឺជ្រាំងអណ្ដាតជាអ្វី?
ជ្រាំងអណ្ដាតជាជម្ងឺមួយប្រភេទដែលបណ្ដាលមកពីការរលាកផ្នែកស្រទាប់ស្ដើងនៅលើអណ្ដាតឬក្នុងមាត់ទៅលើភ្នាស ស្ដើងតាមអញ្ចាញធ្មេញ ក្រអូមមាត់ បបូរមាត់ និងផ្នែកផ្សេងទៀតក្នុងមាត់ ទោះមានមេរោគក្ដី គ្មានមេរោគក្ដី។ ប៉ុន្ដែករណីបង្កដោយ មេរោគនឹងធ្វើឱ្យក្មេងក្តៅខ្លួនខ្លាំង។ ជម្ងឺជ្រាំងអណ្ដាតអាចបណ្ដាលមកពីជម្ងឺផ្សិតផ្សេងៗនិងដែលអាចបង្កដោយមេរោគឱកាសនិយម មួយចំនួន។ ប្រសិនបើមានការរលាកខ្លាំងធ្វើឱ្យក្មេងញ៉ាំអាហារមិនបាន បៅមិនកើត។ ករណីនេះអាចធ្វើឱ្យក្មេងឈានទៅរកជម្ងឺមួយ ប្រភេទទៀត គឺជម្ងឺខ្វះអាហារូបត្ថម្ភ។ ជាទូទៅជម្ងឺជ្រាំងអណ្ដាតច្រើនកើតលើកុមារអាយុក្រោមប្រាំឆ្នាំ។
រោគសញ្ញាជម្ងឺជ្រាំងអណ្ដាត
ជម្ងឺជ្រាំងអណ្ដាតអាចចាប់ផ្ដើមឱ្យអាណាព្យាបាលឃើញតាមរយៈការកើតឡើងនូវសភាពក្រហមនិងមានលេចឡើងលក្ខណៈក្ដាំងសៗលើអណ្ដ្កាតធ្វើឱ្យឈឺផ្សាខ្លាំងលើអណ្ដ្កាត ហៀរទឹកមាត់ ក្ដៅខ្លួន យំច្រើន មិនចង់ញ៉ាំអាហារមិនចង់បៅជាដើម។ ក្នុងករណីធ្ងន់ធ្ងរ ក្មេងអាចមានអាការក្អួតចង្អោរ ប្រេះអណ្ដាត និងចេញឈាមលើបបូរមាត់តិចៗផង។ បើការរីករាលដាលលឿន ជម្ងឺជ្រាំងអណ្ដាតអាចធ្វើឱ្យមាត់កុមាររលួយ ធុំក្លិនស្អុយទៀតផង។
មូលហេតុជម្ងឺជ្រាំងអណ្ដាត
ការកើតមានជម្ងឺជ្រាំងអណ្ដាតគឺអាចបណ្ដាលមកពីកត្ដាផ្សេងៗដូចជា ៖
- កុមារខ្វះវីតាមីន ពិសេសវីតាមីនសេ វីតាមីនបេ ជាតិស័ង្កសី ជាតិដែក អាស៊ីតហ្វូលីកជាដើម
- មានអាការក្តៅក្នុងខ្លាំង លេចចេញជាពងបែក មានការរលាកក្នុងមាត់ និងលើអណ្ដាត
- ការប្រើប្រាស់ថ្នាំផ្សះពពួកអង់ទីប៊ីយ៉ូទិកញឹកញាប់រយៈពេលយូរនឹងអាចបង្កើតជាជម្ងឺផ្សិតមួយចំនួនដុះសៗតាមបបូរ មាត់
- ការចាប់ផ្ដើមរលាកបន្ដិចបន្ដួចដោយមូលហេតុផ្សេងៗអាចនឹងក្លាយជាជម្ងឺជ្រាំងអណ្ដាតបានប្រសិនបើមានមេរោគជ្រៀតចូល ហើយអាណាព្យាបាលមិនយកចិត្ដទុកដាក់ ឬប្រញាប់ព្យាបាលទាន់ពេល។
ផលវិបាកជម្ងឺជ្រាំងអណ្ដាត
កុមារដែលកើតមានជម្ងឺជ្រាំងអណ្ដាតគឺមានផលវិបាកជាច្រើនដែលនឹងកើតឡើងមួយចំនួន ៖
- ក្មេងក្ដៅខ្លួន គ្រុន យំច្រើន ដែលរំខានដល់ពេលវេលាប្រកបអាជីវកម្ម ការងារផ្សេងៗរបស់អាណាព្យាបាលនិងសមាជិក ដទៃទៀតក្នុងគ្រួសារ
- ក្មេងបៅមិនកើតឬបៅបានតិចតួច ជាហេតុធ្វើឱ្យកុមារមានសុខភាពមិនល្អ ស្រកទម្ងន់
- កុមារនឹងមានក្អួត បើសិនជាមិនបានព្យាបាលត្រឹមត្រូវទេនោះ
- កុមារនឹងញ៉ាំអាហារមិនបានដោយសារឈឺអណ្ដាត និងមាត់របស់វា
- នៅទីបំផុតកុមារអាចមានជម្ងឺកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ហើយអាចស្លាប់បានដោយសារជម្ងឺកង្វះអាហារូបត្ថម្ភ
- ជម្ងឺជ្រាំងអណ្ដាតមិនអាចឆ្លង និងធ្វើឱ្យដំបៅក្បាលសុដន់របស់ម្ដាយទេ។ ប៉ុន្ដែបើសិនជាមានការបំបៅក្មេងដទៃទៀត តាមក្រោយ ក្មេងដែលមានជម្ងឺជ្រាំងអណ្ដាតដោយមិនបានលាងសម្អាតក្បាលដោះជាមុននោះក្មេងទីពីរអាចឆ្លងជម្ងឺជ្រាំងអណ្ដាត បាន។
ការព្យាបាលជម្ងឺជ្រាំងអណ្ដាត
1 . វិធីព្យាបាលសាមញ្ញដែលអាណាព្យាបាលអាចធ្វើបាន ៖ ការព្យាបាលគឺអាចចាប់ផ្ដើមពីអាណាព្យាបាលផ្ទាល់ដោយ ម្ដាយត្រូវសម្អាតមាត់កូនដែលមានជម្ងឺតាមវិធីដូចខាងក្រោម ៖
- ដាំទឹកឱ្យពុះហើយទុកឱ្យនៅក្ដៅឧណ្ហៗ
- បង់អំបិលស្អាតទៅក្នុងទឹកក្ដៅឧណ្ហៗនោះឱ្យប្រៃល្មម
- យកក្រណាត់ទន់ៗស្អាត ដែលបានស្ងោរសម្លាប់មេរោគហើយមកជ្រលក់ទឹកអំបិលក្ដៅឧណ្ហៗនោះជូតសម្អាតក្នុងមាត់ លើអណ្ដាតឱ្យបានញឹកញាប់អាចពីបួនទៅប្រាំមួយដងក្នុងមួយថ្ងៃ ប៉ុន្ដែមិនអាចជូតខ្លាំងពេកទេព្រោះធ្វើឱ្យអណ្ដាតកុមារឈឺឬចេញ ឈាមបាន។ ផ្ទុយទៅវិញបើលោកអ្នកយកក្រណាត់មិនស្អាត ឬមិនបានសម្លាប់មេរោគជាមុនទេនោះការសម្អាតនោះនឹងក្លាយជាការ ចម្លងមេរោគ និងធ្វើឱ្យជម្ងឺជ្រាំងលើទារកកាន់តែធ្ងន់ធ្ងរថែមទៀត។
2 . វិធីព្យាបាលតាមបែបវេជ្ជសាស្ដ្រ ៖ ការព្យាបាលតាមបែបវេជ្ជសាស្ដ្រ ជាសមត្ថកិច្ចរបស់គ្រូពេទ្យជំនាញ។ ក្នុងនោះការ ព្យាបាលមានទាំងប្រើថ្នាំជូតសម្អាតក្នុងមាត់ លើអណ្ដាត ពិសេសកន្លែងមានដំបៅជ្រាំង និងមានទាំងថ្នាំលេបតាមកម្រិតជម្ងឺធ្ងន់ធ្ងរ ឬក៏ស្រាល។ ការព្យាបាលនេះអាចជាសះស្បើយក្នុងអំឡុងពេលមួយសប្ដាហ៍។
វិធីបង្ការជម្ងឺជ្រាំងអណ្ដាត
ករណីបំបៅកូនដោយទឹកដោះ ម្ដាយត្រូវទទួលទានអាហារឱ្យបានគ្រប់គ្រាន់និងមានវីតាមីនច្រើនប្រភេទដើម្បីការពារ ការកើតមានជម្ងឺពងបែក ឬរលាក ដែលបណ្ដាលឱ្យកើតជ្រាំងអណ្ដាត។ កុមារដែលអាចញ៉ាំអាហារបានគួរឱ្យចំណីអាហារដែលមាន ជីវជាតិគ្រប់គ្រាន់ ដូចជាជាតិសាច់ ត្រី បន្លែពណ៌បៃតងចាស់ និងផ្លែឈើពណ៌លឿងទុំនិងចំណីអាហារមានជាតិវីតាមីនច្រើនប្រភេទ។ លើសពីនេះត្រូវមានអនាម័យល្អផងដែរ។
ដំបូន្មានអ្នកជំនាញ
ម្ដាយតែងមានការងារក្នុងផ្ទះច្រើនជាងសមាជិកដទៃទៀតក្នុងគ្រួសារ។ ដូច្នេះការមើលថែទាំកូនត្រូវតែមានការចូលរួម ទទួលខុសត្រូវទាំងអស់គ្នាដើម្បីសុខភាពកូនៗរបស់លោកអ្នក។ ជាពិសេសការធ្វើអនាម័យឱ្យបានស្អាតបាតដើម្បីចៀសផុតពីជម្ងឺ ផ្សេងៗ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨
Leave a Reply