កញ្ញា ទូច ស្រីលក្ខណ៍ ជាតារាចម្រៀងមួយដួងដែលមានឈ្មោះបោះសម្លេងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ស្រីលក្ខណ៍ ចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈតាំងតែពីឆ្នាំ២០០៣មកម្ល៉េះ ដោយភាពវៃឆ្លាត រូបសម្រស់ស្រស់ស្អាត និងទេពកោសល្យដ៏ប៉ិន ប្រសប់របស់កញ្ញា ទើបធ្វើឱ្យកញ្ញាទទួលបានជោគជ័យគួរជាទីពេញចិត្ដយ៉ាងខ្លាំងនៅក្នុងពេលបច្ចុប្បន្ននេះ។ ទស្សនិកជនជាច្រើនបាន ស្គាល់កញ្ញា ស្រីលក្ខណ៍ ទាំងនៅក្នុង ទាំងក្រៅប្រទេស។
ទស្សនាវដ្ដី សុខភាពយើង បានធ្វើការសម្ភាសន៍ជាមួយកញ្ញា ទូច ស្រីលក្ខណ៍ ដែលជាតារាចម្រៀងមួយដួងកំពុងរះយ៉ាង ភ្លឺចិញ្ចែងចិញ្ចាចនោះ អំពីការថែរក្សាសម្រស់ក៏ដូចជាសុខភាពរបស់កញ្ញាផ្ទាល់ ថាតើកញ្ញាមានវិធីសាស្ដ្រអ្វីខ្លះបានជារូបសម្ផស្ស និងរូបរាងដ៏តូចច្រឡឹងរបស់កញ្ញាស្រស់ស្អាតបែបនេះ។
ប្រវត្ដិមុនពេលចូលសិល្បៈ
មុនពេលចូលប្រឡូកចូលក្នុងពិភពសិល្បៈ កញ្ញា ទូច ស្រីលក្ខណ៍ គឺជាសិស្សរៀននៅក្នុងវិទ្យាល័យឥន្ទ្រទេវី ហើយក៏ជាបេក្ខ នារីដែលទទួលបានជ័យលាភីលេខមួយផ្នែកចម្រៀងបុរាណ ប្រចាំរាជធានីភ្នំពេញកាលពីឆ្នាំ២០០១។ នៅឆ្នាំ២០០២ ដោយហេតុតែ មានចិត្ដស្រឡាញ់ និងមាននិស្ស័យផ្នែកសិល្បៈតាំងពីកុមារ កញ្ញា ទូច ស្រីលក្ខណ៍ បានសម្រេចចិត្ដចូលប្រឡូកនៅក្នុងពិភពសិល្បៈ បន្ទាប់ពីកញ្ញា ទូច ស្រីនាង ដែលត្រូវជាបងស្រីបង្កើតសម្រេចចិត្ដបោះបង់អាជីពជាអ្នកសិល្បៈ។ ដំណើរឈានចូលក្នុងពិភពសិល្បៈ ដំបូងនៅក្នុងផលិតកម្ម KH Promotion តាមរយៈការថតសម្ដែងត្រឹមតែពីរបទប៉ុណ្ណោះ គួបផ្សំជាមួយទេពកោសល្យពីកំណើត ផងនោះ កញ្ញា ទូច ស្រីលក្ខណ៍ ត្រូវបានទស្សនិកជនជាច្រើនពេញចិត្ដស្រឡាញ់ និងសរសើរថាពិតជាមានទេពកោសល្យមែន ទាំង ក្បាច់រាំ និងសម្លេង ហើយក៏ទទួលបាននូវភាពល្បីឈ្មោះបោះសម្លេង រហូតមកដល់ពេលបច្ចុប្បន្ននេះ។
វិធីថែរក្សាសម្រស់
កញ្ញាជាតារាចម្រៀងមួយរូបដែលមានការមមាញឹកច្រើន ដូចនេះហើយកញ្ញាមិនសូវជាមានពេលវេលាសម្រាប់ថែរក្សា សម្រស់ប៉ុន្មានទេ។ ស្រីលក្ខណ៍ជាអ្នកសិល្បៈត្រូវការតុបតែងខ្លួនច្រើននៅពេលដែលឡើងឆាក ក៏ដូចជាពេលដែលត្រូវថតម្ដងៗ ដូច្នេះ កញ្ញាត្រូវតែតុបតែងខ្លួនឱ្យចូលទៅនឹងកម្មវិធីនីមួយៗ។ នៅពេលនេះយើងមកមើលពីអាថ៌កំបាំងក្នុងការថែរក្សាសម្រស់របស់ស្រី លក្ខណ៍វិញម្ដង។
- ការថែរក្សាសក់ ៖ ស្រីលក្ខណ៍មានការថែរក្សាសក់ដូចជាគេឯងដែរទេ គឺកញ្ញាតែងតែកក់សក់ពីរថ្ងៃម្ដង ឬមួយ សប្ដាហ៍៣ដង។ ពេលដែលកញ្ញាកក់សក់ កញ្ញាតែងតែអប់សក់ជាមួយនឹងថ្នាំអប់សក់ជាប្រចាំ ដើម្បីឱ្យសក់មានភាពទន់រលោងភ្លឺ និងមានទម្ងន់។ លើសពីនេះទៅទៀតគឺវាធ្វើឱ្យសក់ស្រីលក្ខណ៍មិនជំពាក់ រលាស់ដូចធម្មជាតិ។ កញ្ញាមិនសូវជាគាបវាជាញឹកញាប់ ប៉ុន្មានទេ លើកលែងតែពេលចេញទៅសម្ដែង។
- ការថែរក្សាភ្នែក ៖ ស្រីលក្ខណ៍គិតថា ភ្នែកគឺសំខាន់ខ្លាំងណាស់ចំពោះការសម្លឹងមើលអ្វីៗដែលនៅជុំវិញខ្លួន។ កញ្ញាតែង តែទៅកាន់មន្ទីរពេទ្យជារៀងរាល់ខែ ដើម្បីឱ្យពេទ្យពិនិត្យមើលស្ថានភាពកែវភ្នែក ព្រោះភ្នែកកញ្ញាភាគច្រើនត្រូវនឹងពន្លឺ នៅពេល ដែលឡើងទៅសម្ដែងនៅលើឆាក និងពេលដែលកញ្ញាចេញថត។ ដូចនេះការទៅពិនិត្យភ្នែកជាប្រការសំខាន់បំផុតក្នុងការថែរក្សា ភ្នែក។
- ការថែរក្សារោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ពេលឡើងកម្មវិធីម្ដងៗ ស្រីលក្ខណ៍តែងតែប្រើរោមភ្នែកជំនួយដោយសារ តែកញ្ញាគិតថា ការប្រើប្រាស់រោមភ្នែករបស់យើងញឹកញាប់ពេកនោះ អាចធ្វើឱ្យវាជ្រុះច្រើន ហើយម្យ៉ាងទៀតរោមភ្នែកមិនងាយ នឹងដុះមកវិញដូចដើមទេ។ ចំពោះចិញ្ចើមវិញនោះ កញ្ញាមិនសូវចូលចិត្ដកោរទេ ដោយសារតែរោមចិញ្ចើមរបស់កញ្ញាមានរាងល្មម ទៅហើយ ដូច្នេះពេលដែលកញ្ញាឡើងឆាកម្ដងៗកញ្ញាគ្រាន់តែគូសពីលើចិញ្ចើមនោះជាការស្រេចទៅហើយ។ មួយទៀតនោះ គឺបបូរ មាត់កញ្ញាជាទូទៅចូលចិត្ដលាបក្រែមរលោងៗ ដើម្បីកុំឱ្យបបូរមាត់ស្ងួតក្រៀម ដែលមើលទៅវាមិនសូវស្អាត។
- ការថែរក្សាធ្មេញ ៖ ជាទូទៅការថែរក្សាធ្មេញគឺវាសំខាន់ណាស់ចំពោះអ្នកសិល្បៈគ្រប់ៗរូប។ ចំពោះស្រីលក្ខណ៍វិញ ជា ញឹកញាប់នាងតែងតែទៅឱ្យពេទ្យពិនិត្យមើលធ្មេញនៅពេលដែលនាងទំនេរពីការងារ ជួនកាលអាចមួយសប្ដាហ៍ម្ដង ពេលខ្លះក៏អាច មួយខែពីរដង ទៅតាមពេលវេលាទំនេររបស់នាង។
- ការថែរក្សាស្បែកមុខ ៖ ចំណែកឯខាងផ្ទៃមុខវិញនោះ ជានិច្ចជាកាលកញ្ញាតែងប្រើផលិតផលការពារស្បែកមុខ។ ជាធម្មតានៅពេលមុនចូលដំណេក កញ្ញាប្រើទឹកក្ដៅឧណ្ហៗដើម្បីសម្អាតផ្ទៃមុខ ហើយទុករយៈពេលប្រហែលជា៥នាទី។ បន្ទាប់មកទៀតកញ្ញាយកផ្លែត្រសក់មកបិទពីលើមុខទុកប្រមាណជា១៥នាទី ទើបធ្វើការលាងមុខនឹងសាប៊ូជាការស្រេច។ នៅពេលដែលកញ្ញា ឡើងទៅកម្មវិធីអ្វីមួយនោះភាគច្រើននាងមិនសូវតុបតែងមុខប៉ុន្មានទេ កញ្ញាចូលចិត្ដលេងភ្នែកច្រើនជាង។
- ការថែរក្សាស្បែកខ្លួន ៖ ជាទូទៅស្រីលក្ខណ៍ប្រើផលិតផលការពារស្បែកទាំងយប់ទាំងថ្ងៃ ក្នុងការថែសម្រស់ស្បែកដង ខ្លួននាង។ នៅពេលដែលកញ្ញាធ្វើការសម្អាតខ្លួនហើយ កញ្ញាតែងតែប្រើផលិតផលការពារស្បែកលាបខ្លួនជានិច្ច។ ចំណែកឯនៅពេល ដែលកញ្ញាចេញថតវិញនោះកញ្ញាក៏ប្រើប្រាស់ឡេសម្រាប់ការពារកម្ដៅថ្ងៃផងដែរ។
- ការថែរក្សាក្រចកដៃជើង៖ ស្រីលក្ខណ៍ជានិច្ចកាលមិនសូវចូលចិត្ដលាបថ្នាំក្រចកប៉ុន្មានទេ។ នៅពេលដែលនាងចេញទៅ សម្ដែងឬពេលដែលឡើងឆាក ទើបនាងតុបតែងក្រចក ជាពិសេសនោះពេលដែលកញ្ញាចេញថត។
ការថែទាំសុខភាពផ្លូវកាយ
ជារៀងរាល់ថ្ងៃ ស្រីលក្ខណ៍មិនដែលភ្លេចធ្វើលំហាត់ប្រាណឡើយ បើកញ្ញាមិនបានចេញទៅហាត់នៅខាងក្រៅទេនោះ គឺកញ្ញាតែងតែចាក់ជាបទភ្លេងហើយធ្វើការរាំ បើមានពេលវេលាគ្រប់គ្រាន់នោះគឺមួយថ្ងៃកញ្ញាហាត់១ម៉ោងកន្លះក្នុងមួយថ្ងៃ។ ការហាត់ប្រាណនោះធ្វើឱ្យកញ្ញាមានសុខភាពល្អ និងរក្សារាងនាងស្អាតរហូត។ ចំពោះចំណីអាហារវិញ កញ្ញាមិនចោលអាហារពេលព្រឹក ទេភាគច្រើននៅពេលអាហារពេលថ្ងៃនាងមិនសូវជាញ៉ាំបាយច្រើនទេ ប៉ុន្ដែញ៉ាំជាបន្លែច្រើនជាង។
បំណងសម្រាប់ថ្ងៃអនាគត
បំណងរបស់ស្រីលក្ខណ៍នៅពេលអនាគតនោះ គឺនាងចង់ប្រកបរបររកស៊ីមួយកន្លែង ដោយបើកជាភោជនីយដ្ឋានមួយដែលកញ្ញានឹងរៀបចំវានៅពេលដែលកញ្ញាមានលទ្ធភាពគ្រប់គ្រាន់។
បណ្ដាំផ្ញើ
ស្ដ្រីតាំងឡាយក៏ដូចជាបុរសផងដែរ ត្រូវចេះថែរក្សាសម្រស់ និងសុខភាពជាចម្បង ព្រោះបើយើងមានសុខភាពល្អនោះយើងនឹងមានអ្វីៗទាំងអស់ក្នុងជីវិតរបស់យើង។ ដូច្នេះទោះជាមមាញឹកនឹងការងារយ៉ាងណាក៏ដោយ គួរគប្បីរំលែកពេលវេលាដើម្បី សុខភាពនិងសម្រស់ស្រស់ស្អាតរបស់យើង លោកអ្នកត្រូវតែយកចិត្ដទុកដាក់ខ្លាំងចំពោះរឿងសសនេះ។
ការរៀបរាប់ខាងលើនេះ ជាការអនុវត្ដន៍មួយរបស់កញ្ញា ទូច ស្រីល័ក្ខណ៍ផ្ទាល់។ ដូច្នេះបើលោកអ្នកគិតថា ចំណុចណាមួយដែលលោកអ្នកអាចទទួលយកបាន ឬអាចអនុវត្ដបាននោះ លោកអ្នកគួរតែធ្វើដើម្បីផលប្រយោជន៍សុខភាព និងសម្រស់ស្រស់ស្អាតជា រៀងរហូតរបស់លោកអ្នក។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ទូច ស្រីលក្ខណ៍
- អាយុ ៖ ២៤ឆ្នាំ
- កម្ពស់ ៖ ១,៦០ម៉ែត្រ
- ទម្ងន់ ៖ ៤៥គីឡូក្រាម
- ទំហំទាំងបី ៖ ៣៤ ២៦ ៣៤
- បងប្អូន ៖ ៥នាក់(ជាកូនទី៤)
- កម្រិតវប្បធម៌ ៖ ចប់ថ្នាក់ទី៩
- អាជីពបច្ចុប្បន្ន ៖ ជាតារាចម្រៀង និងសម្ដែង
- ទីកន្លែងកំណើត ៖ ទីក្រុងភ្នំពេញ
- ស្ថានភាពគ្រួសារ ៖ រស់នៅជាមួយឪពុកម្ដាយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨
Leave a Reply