នៅពេលដែលស្ដ្រីគ្រប់រូបចាប់ផ្ដើមមានផ្ទៃពោះ សារពាង្គកាយរបស់ស្ដ្រីត្រូវមានអាការផ្លាស់ប្ដូរ ដូចជាមានការចាញ់ ក្អួត ចង្អោរធុំក្លិនអាហារមិនចង់ញ៉ាំ តែបើសិនជាញ៉ាំបានគឺញ៉ាំរើសចំណីជាដើម។ យ៉ាងណាមិញ ក្រៅពីការផ្លាស់ប្ដូរនូវអាការទាំងនេះក៏នៅមានការប្រែប្រួលនៅលើសុដន់ផងដែរ តែពុំបានធ្វើឱ្យស្ដ្រីមានផលវិបាកអ្វីទេ។ សុដន់របស់ស្ដ្រីត្រូវតែមានការប្រែប្រួលនៅ ពេលមានផ្ទៃពោះនេះជាសភាពធម្មតារបស់ស្ដ្រីដែលធម្មជាតិបានផ្ដល់ឱ្យ។
ទស្សនាវដ្ដី សុខភាពយើង សូមលើកយកប្រធានបទស្ដីពីការប្រែប្រួលសុដន់ពេលមានផ្ទៃពោះ មកជូនប្រិយមិត្ដអ្នកអានឱ្យ បានជ្រាបតាមរយៈការជួបសម្ភាសន៍ជាមួយលោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ អនុប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។
សភាពសុដន់ពេលមានផ្ទៃពោះ
ស្ដ្រីគ្រប់រូបមិនថាជាតិសាសន៍ណាទេ នៅពេលដែលចាប់ផ្ដើមមានផ្ទៃពោះ សារពាង្គកាយរបស់ស្ដ្រីត្រូវតែមានការប្រែប្រួលពីលក្ខណៈធម្មជាតិដែលបានផ្ដល់ឱ្យ ដោយសារការបម្រែបម្រួលអ័រម៉ូននៅក្នុងខ្លួន។ នៅពេលនោះដែរ ក៏មានការប្រែប្រួល នៅលើសុដន់របស់ស្ដ្រីបន្ដិចម្ដងៗដែរដែលចេះតែវិវត្ដន៍ទៅតាមអាយុកាលរបស់ទារកនៅក្នុងផ្ទៃ។ កាលដែលស្ដ្រីមិនទាន់មានផ្ទៃពោះ សុដន់របស់ស្ដ្រីពុំមានការរីកសរសៃគ្មានចេញកន្ទួលតូចៗ ឬរង្វង់ក្បាលសុដន់មានពណ៌ក្រហមព្រឿង និងពុំមានអារម្មណ៍សង្កៀរសុដន់ ហើយសុដន់ពុំបានឡើងធំតឹងឡើយ។ ប៉ុន្ដែអំឡុងពេលស្ដ្រីមានផ្ទៃពោះ សុដន់ត្រូវមានការប្រែប្រួលជាខ្លាំង។
- សុដន់ និងចុងសុដន់ មានការរីកធំឡើងបន្ដិចម្ដងៗ ហើយតឹងរហូតខុសពីធម្មតា
- សុដន់មានការសង្កៀរតិចៗ នៅពេលយកដៃច្របាច់សុដន់ ប៉ុន្ដែវាមិនបង្កឱ្យមានការឈឺចុកចាប់អ្វីឡើយ
- ក្បាលសុដន់ និងរង្វង់ជុំវិញក្បាលសុដន់ទៅជាមានពណ៌ខ្មៅ ឬពណ៌ត្នោត
- មានចេញសរសៃពណ៌ខៀវដែលស្ថិតនៅក្រោមស្បែកសុដន់ មានការរីកមាឌ
- មានចេញកន្ទួលតូចៗ នៅជុំវិញរង្វង់ក្បាលសុដន់
- នៅពេលទារកមានអាយុកាលជិតគ្រប់ខែដែលត្រូវកើត សុដន់ស្ដ្រីមានចេញទឹកពណ៌សពីរន្ធក្បាលសុដន់ ដែលហៅថាទឹកដោះដំបូងរបស់ម្ដាយ ដោយសារមានការបម្រែបម្រួលក្រពេញអ័រម៉ូនមួយចំនួន បានបំពេញតួនាទី និងជំរុញសុដន់ឱ្យបញ្ចេញ ទឹកដោះ។
ប្រការគួរប្រតិបត្ដិពេលមានផ្ទៃពោះ
ទោះបីជាមានការប្រែប្រួលនៅលើសារពាង្គកាយ ឬមានអាការបែបណាក៏ដោយ ប្រការដែលល្អប្រសើរស្ដ្រីត្រូវទៅមន្ទីរពេទ្យរៀងរាល់ខែជាប្រចាំ ដើម្បីពិនិត្យផ្ទៃពោះ និងការបម្រែបម្រួលផ្សេងៗទៀតនៅលើរាងកាយ ដូចជាការប្រែប្រួលសុដន់ ជាដើម។ ម្យ៉ាងទៀតស្ដ្រីត្រូវទទួលទានអាហារដែលមានជីវជាតិ និងសម្បូរទៅដោយជាតិប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់ ដើម្បីជួយ ទ្រទ្រង់រាងកាយមាំមួន។ ចៀសវាងមិនត្រូវទទួលទានអាហារដែលមានខ្លាញ់ច្រើន ឬផ្អែមពេក សុរា ឬបារីឡើយ ព្រោះនាំឱ្យមានផល ប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ មិនត្រូវធ្វើកិច្ចការណាដែលធ្ងន់ធ្ងរនិងមិនត្រូវទទួលតែភាពហត់នឿយខ្លាំងពេកទេ។
ដំបូន្មានអ្នកឯកទេស
ការប្រែប្រួលនៅលើសុដន់ដែលបានរៀបរាប់ជួនខាងលើ គឺជាការប្រែប្រួលទូទៅគ្រប់ស្ដ្រីទាំងអស់ នៅពេលមានផ្ទៃពោះ។ ដូចនេះស្ដ្រីកុំបារម្ភចំពោះការបម្រែបម្រួលសុដន់។ ប៉ុន្ដែប្រសិនបើមានអាការណាមួយ ដែលស្ដ្រីគិតថាមានបញ្ហា ព្រោះជាអាការផ្លាស់ប្ដូរចម្លែកខុសពីសភាពធម្មតា ដែលស្ដ្រីទូទៅមិនធ្លាប់កើតមានពេលមានផ្ទៃពោះ សូមរួសរាន់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីជួប គ្រូពេទ្យជំនាញធ្វើការពិនិត្យសុខភាពនិងវិនិច្ឆ័យអាការនោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨
Leave a Reply