វិធី​៨​យ៉ាង​ដើម្បី​ចង​ជើង​ភរិយា

ការ​សម្រេច​ចិត្ដ​ជ្រើស​រើស​យក​នារី​ណា​ម្នាក់​មកធ្វើ​ជា​ដៃ​គូ​ជីវិត ជា​រឿង​ពិបាក​ពេក​ទៅ​ហើយ។ ប៉ុន្ដែ​ក្រោយ​ពេល​បាន​ដូច​ប៉ង​ប្រាថ្នា​នោះ ការ​ថែរក្សា​មិនឱ្យ​របូត​បាត់​ទៅ​វិញ វារឹត​តែពិបាក​ទៅ​ទៀត។ បើ​ដូច្នេះ​តើមាន​វិធី​ណា​អាច​ចង​ជើង​នាង​បាន​ឬទេ? ចម្លើយ​ឆ្លើយ​ថា គឺពិត​ជា​មាន។ បើចង់​ជ្រាប​ច្បាស់ សូម​តាម​ដាន​នៅក្នុង​ទំព័រ​នេះ​នោះ​លោក​អ្នក​នឹង​ទទួល​បាន​នូវ​ចំណេះ​ដឹងថ្មី នៃ​ការ​ចង​ជើង​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​យ៉ាង​ច្បាស់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាល​ពីលេខ​០០៩ ខែ​តុលា ឆ្នាំ​២០០៦ ទស្សនា​វដ្ដី សុខភាពយើង ធ្លាប់​បាន​ចេញ​ផ្សាយ​ម្ដងរួច​មក​ហើយ​អំពី​វិធី​សាស្ដ្រ​នៃ ការ​ចង​ជើង​ស្វាមី។ ឥឡូវ​នេះ​យើង​សូម​លើក​យកវិធី​សាស្ដ្រ​ចង​ជើង​ភរិយា​មកធ្វើ​ការ​ផ្សាយ​ជូន​ប្រិយ​មិត្ដ​អ្នក​អាន​ជា​ពិសេស​អស់ លោក​ដែល​ជា​សុភាព​បុរស​វិញ​ម្ដង ទុក​គ្រាន់​ជា​ចំណេះ​ដឹង និង​អនុវត្ដ​នៅ​ក្នុង​គ្រួសា​ ដើម្បី​បង្កើន​នូវ​រសជាតិ​ស្នេហា​យ៉ាង​ផ្អែម​ល្ហែម ប្រកប​ទៅ​ដោយ​សុភ​មង្គល។

មន្ដស្នេហ៍របស់ស្វាមី  

វិធី​សាស្ដ្រ​នៅក្នុង​ការ​ទាក់​ទាញ​ទឹក​ចិត្ដ​ភរិយា​ឱ្យ​បាក់​ចិត្ដ​ស្រឡាញ់​ស្លុង​មកលើ​រូប​បុរស​ដែល​ជា​ស្វាមី​នោះ​គឺវា​ពុំមាន​អ្វីដែល ពិបាក​ធ្វើនោះ​ទេ គ្រាន់​តែ​អនុវត្ដ និង​ប្រកាន់​ខ្ជាប់​នូវ​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​នោះក្ដី​ស្រមៃ​របស់​បុរស​ទាំង​ឡាយ​នឹង​បាន ទទួល​ផ្លែផ្កា​ជាក់ជា​មិន​ខាន​ឡើយ។

1 . ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​លើ​គ្រួសារ

បុគ្គល​ជា​ស្វាមី គឺជា​មនុស្ស​ម្នាក់​ដែល​មាន​តួនាទី​សំខាន់​បំផុត​នៅក្នុង​គ្រួសារ ហើយ​ក៏ជា​ទី​ពំនឹង​មួយ​របស់​ភរិយា​និង​កូនៗ ទាំង​អស់។ ក្នុង​នាម​ជា​បង្គោល​មេ​គ្រួសារ ត្រូវ​ចេះ​ប្រមើល​មើល​ឱ្យគ្រប់​ជ្រុង​ជ្រោយ​អំពី​ស្ថាន​ភាព​គ្រួសារ​និង​សេចក្ដី​ត្រូវការ​របស់ គ្រួសារ ហើយ​ជា​ពិសេស​ត្រូវ​គិត​ថា តើ​ប្រពន្ធ​ត្រូវ​ការ​អ្វី កូន​ត្រូវ​ការ​អ្វី​និង​ថាតើ​ត្រូវធ្វើ​យ៉ាង​ណា​ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​ទាំង​អស់ នោះ។

2 . ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ភរិយា

ធម្មតា​ស្ដ្រី​ជា​ភរិយា​មាន​សេចក្ដី​សុខ​បំផុត នៅ​ពេល​ដែល​បុរស​ជាស្វាមី​យក​ចិត្ដទុក​ដាក់​ថ្នាក់​ថ្នម​និង​ផ្ដល់​ភាព​កក់​ក្ដៅ។ ស្វាមី ត្រូវ​ចេះ​យក​ចិត្ដ​ភរិយា ព្រោះ​ស្ដ្រី​ជា​ភរិយា​នាង​មាន​ភារកិច្ច​ជាច្រើន​ដើម្បី​បំពេញ​ចំពោះ​គ្រួសារ។ ភរិយា​មាន​ការពេញ​ចិត្ដ និង​រឹតតែ ស្រឡាញ់​ប្ដីខ្លួន​ទ្វេ​ដង កាល​​ណា​បើប្ដី​ចេះ​ដឹងពី​ទុក្ខ​ធុរៈ យល់​ពី​អារម្មណ៍ ចេះដឹង​ពីអ្វី​គួរ​ធ្វើ​និងអ្វី​ដែល​មិនគួរ​ធ្វើ​ចំពោះ​ភរិយា ព្រម ទាំង​គ្រួសារ។ ការ​ព្រួយ​បារម្ភ​ចំពោះ​ភរិយា​ក៏ជា​កត្ដា​មួយ​សំខាន់​ផង​ដែរ។ នៅ​ពេល​ដែល​ភរិយា​មាន​រឿង​អ្វី​មួយ ស្រាប់​តែ​បុរស​ជាប្ដី មិន​សួរ​នាំអ្វី​ទាំង​អស់​អំពី​សុខ​ទុក្ខ​ប្រពន្ធ​​នេះជា​ទង្វើ​មួយ​ដែល​ធ្វើឱ្យ​ប្រពន្ធ​មាន​ការ​អាក់​អន់​ចិត្ដ និង​មាន​អារម្មណ៍​ថាប្ដី​មិន​ស្រឡាញ់ ខ្លួន​ជា​ដើម។ ភាព​អាក់​អន់​ចិត្ដ​នេះ​ចេះតែ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ហើយ​ចេះតែ​រក្សា​ទុក​នូវ​ទង្វើ​ខុស​របស់​ស្វាមី​រហូត ដល់​ថ្ងៃ​ណា​មួយ នឹង​ធ្វើឱ្យ​អ្នក​ទាំងពីរ​អាច​មាន​ការ​រកាំ​រកូស​ដាក់​គ្នា ឈ្លោះ​ប្រកែក​គ្នា​ឬអាច​ឈាន​ទៅរក​ការ​លែង​លះគ្នា​ក៏ថា​បាន។

3 . ត្រូវ​មាន​ភាព​ស្មោះ​ត្រង់

ស្វា​មី និង​ភរិយា​ត្រូវ​រួម​រស់ រួម​ទុក្ខ​លំបាក​ជាមួយ​គ្នា​អស់​មួយ​ជីវិត។ ដើម្បី​ឱ្យ​ភរិយា​យល់​ចិត្ដ ស្រឡាញ់​និង​មាន​ភក្ដី​ភាព លុះ​ត្រាតែ​បុរស​ជា​ស្វាមី​មាន​ភក្ដី​ភាព និង​ភាព​ស្មោះ​ត្រង់​ចំពោះ​ភរិយា​ជា​មុន។ មិន​ត្រូវ​មាន​ចិត្ដ​ផិត​ក្បត់​ប្រពន្ធ​ទៅធ្វើ​រឿង​អ្វីមួយ​ដែល មិន​គប្បី​ចំពោះ​ប្រពន្ធ​នោះ​ទេ។ ជា​ពិសេស​មិន​ត្រូវ​មាន​លាក់​លៀម ភូត​កុហក​សូម្បី​តែ​រឿង​តូច​តាច​យ៉ាង​ណាក៏​ដោយ។ មាន​រឿង​អ្វី មួយ ត្រូវ​ចេះ​ពិភាក្សា​គ្នារក​ចំណុច​មួយ​ដែល​ត្រឹម​ត្រូវ​បំផុត​រក​មធ្យោ​បាយ​មួយ​ដែល​អាច​ដោះ​ស្រាយ​ទៅបាន​ដោយ​សន្ដិ​វិធី ដោយ​មិន មាន​ជម្លោះ​កើត​ឡើង។

4 . ត្រូវ​មាន​ភាព​អធ្យា​ស្រ័យ

គ្រួសារ​ដែល​មាន​សុភ​មង្គល​ទៅ​បាន​លុះ​ត្រា​តែ​ចេះ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​និង​ចេះ​អធ្យា​ស្រ័យ​ចំពោះ​គ្នាទៅ​វិញ​ទៅ​មក។ ភាព​អធ្យា​ស្រ័យ​របស់​ស្វាមី​ចំពោះ​ភរិយា​គឺជា​និន្នា​ការ​មួយ​ដែល​ប្រកប​ទៅដោយ​សុច្ឆន្ទៈ​ដ៏​ប្រសើរ​បំផុត​នៅក្នុង​ជីវិត​ជា​ភរិយា​ស្វាមី។ ធម្មតា​អណ្ដាត​និង​ធ្មេញ​នៅជា​មួយ​គ្នា​រាល់​ថ្ងៃ​នៅ​មាន​ប៉ះ​ទង្គិច​គ្នា​ដូច​គ្នានឹង​ការ​រស់នៅ​ជាមួយ​គ្នាជា​ប្ដី​ប្រពន្ធ​តែង​តែមាន​ទាស់​សម្ដី​គ្នា ចៀស​មិន​ផុត។ ប៉ុន្ដែ​ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​ចុះ​បុគ្គល​ជា​ស្វាមី​មិន​ត្រូវ​សម្ដែង​ចេញ​នូវ​កំហឹង​ទាំង​កំរោល​ដាក់​ភរិយា​នោះ​ទេ។ មិន​ត្រូវ​គិត​ថា​ខ្លួន​ជាអ្នក​ត្រូវ​ជានិច្ច​នោះ​ទេ ការ​ស្គាល់​ពី​កំហុស​ខ្លួន​និង​រក​ដំណោះ​ស្រាយ​ដើម្បី​សុភ​មង្គល​គ្រួសារ​គឺ​ប្រសើរ​បំផុត។ បែប នេះ​ភរិយា​ច្បាស់​ជា​ស្រឡាញ់​លោក​អ្នក​ទ្វេ​ដង បាត់​មុខ​មិន​បាន​ជា​មិន​ខាន​ឡើយ។

5 . ត្រូវ​ផ្ដល់​សិទ្ធិ​សេរី​ភាព​ឱ្យ​ភរិយា

ទោះបី​លោក​អ្នក​ជា​បង្គោល​ដ៏រឹង​មាំ ជា​អ្នក​ទ្រទ្រង់​គ្រួសារ ជា​អ្នក​ទទួល​បន្ទុក​ក្នុង​គ្រួសារ​យ៉ាង​ណាក៏​ដោយ​ដាច់​ខាត់​មិន​ត្រូវ មាន​ភាព​ផ្ដាច់​ការ​ចំពោះ​ភរិយា​នោះ​ឡើយ។ លើស​ពីនេះ​ទៅ​ទៀត​ត្រូវ​ផ្ដល់​នូវ​សិទ្ធិ​សេរី​ភាព​ដល់​ភរិយា​ខ្លះ​ទើប​ប្រសើរ​ព្រោះ​ភរិយា របស់​លោក​អ្នកគឺ​ជា​មនុស្ស​ម្នាក់​ដែល​ជាដៃ​គូ​មួយ​រួម​សាង​អនាគត​ជាមួយ​លោក​អ្នក​អស់​មួយ​ជីវិត។ ដូច្នេះ​គប្បី​ត្រូវ​ឱ្យ​តម្លៃ និង​គោរព សិទ្ធិ​គ្នា​ទៅវិញ​ទៅ​មក និង​ត្រូវ​សំយោគ​រាល់​មតិ​គំនិត​របស់​ភរិយា​ដែល​បាន​ផ្ដល់​យក​មក​គិត​ពិចារ​ណា។ ជាការ​ពិត​ណាស់ ជា​ទូទៅ​បុរស ជា​ស្វាមី​មិន​ដែល​ចង់ឱ្យ​ភរិយា​របស់​ខ្លួន​មាន​សិទ្ធិ​សេរី​ភាព​ស្មើ​ខ្លួន​ឡើយ។ ប៉ុន្ដែ​យើង​ត្រូវ​តែដឹង​ថា ធម្មតា​សេរី​ភាព​របស់​បុរស​វា​ច្រើន ហួស​ពីស្ដ្រី​ពេក​ទៅ​ហើយ។ បើ​ដូច្នោះ​ត្រូវ​ឱ្យ​សេរីភាព​ទៅលើ​ភរិយា​ខ្លះក៏​មិន​ថ្វី​ដែរ។

6 . ត្រូវ​រៀប​ចំ​ខ្លួន​ឱ្យ​បាន​សម​រម្យ

ក្នុង​នាម​ខ្លួន​ជាអ្នក​ដឹក​នាំ ទ្រទ្រង់​គ្រួសារ គប្បី​ត្រូវ​ចេះ​រៀប​ចំ​ខ្លួន​ឱ្យបាន​ត្រឹម​ត្រូវ ទោះបី​នៅ​ចំពោះ​មុខ​គេ​ឯង​ឬភរិយា​របស់​ខ្លួន​ក៏​ដោយ ទាំង​សម្លៀក​បំពាក់ ទាំង​កាយ​វិការ។ មិន​ត្រូវ​ធ្វើ​ខ្លួន​ដូច​ជា​ស្ដេច​ឬអ្នក​បម្រើ​ចំពោះ​ភរិយា​ជ្រុល​ពេក​នោះ​ទេ។ ទោះ បីជា​លោក​អ្នក​មាន​ភាព​មមា​ញឹក​ជាមួយ​ការ​ងារ​យ៉ាង​ណា​ក្ដី ក៏ត្រូវ​មាន​ពេល​វេលា​ខ្លះ​ក្នុង​ការ​ថែ​រក្សា​រូប​រាង​របស់​ខ្លួន​ដែរ។ ស្ដ្រី​ក៏​មិន ខុស​ពី​បុរស​ដែរ។ នៅ​ពេល​ចេញ​ដំណើរ​ទៅ​ណា​មក​ណា តែង​តែ​ចង់​បាន​នូវ​ការ​សរ​សើរ​ពី​សំណាក់​ខាង​ក្រៅ​ថា​ដៃគូ​របស់​ខ្លួន​ស្រស់​ស្អាត សម​សួន។

7 . ត្រូវ​ឈ្លាស​វៃក្នុង​ការ​ទំនាក់​ទំនង

គ្រប់​ស្ដ្រី​ទាំង​អស់ គឺចង់​បាន​ណាស់​នូវ​បុរស​ដែល​មាន​ភាព​ក្លាហាន ឈ្លាស​វៃមក​ធ្វើជា​គូ​អនា​គត។ ដូច្នេះ​នៅ​ពេល​លោក​អ្នក ក្លាយ​ខ្លួន​ទៅជា​ស្វាមី​របស់​គេ បើចង់​ឱ្យ​ភរិយា​គោរព​ស្រឡាញ់ ត្រូវ​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ចេះ​បត់​បែន​តាម​កាលៈ​ទេសៈ។ មិន​ត្រូវ​ធ្វើ ជា​បុរស​ដែល​ចាំតែ​ស្ដ្រី ជា​ប្រពន្ធ​ដឹក​មុខ​ដើរ​នោះ​ទេ។ ប្ដីត្រូវ​តែ​ជា​មេគំនិត​មួយ​យ៉ាង​សំខាន់​សម្រាប់​ដោះ​ស្រាយ​ហេតុ​ការណ៍​អ្វីមួយ​ជាក់ ស្ដែង។ ស្ដ្រី​គ្រប់​រូប​មិន​ចូល​ចិត្ដ​ស្វាមី​ណា​ដែល​ល្ងង់​ជាង​ខ្លួន មិន​ចេះ​ធ្វើ​អ្វី​ទាំង​អស់​ចេះតែ​អឺអើ​តាម​ភរិយា ដោយ​គ្មាន​ការ​គិត​ពិចារណា អ្វី​បន្ដិច​សោះ​នោះ​ទេ។ បុរស​ជា​ស្វាមី​ដាច់​ខាត​ត្រូវតែ​មាន​ភាព​វៃ​ឆ្លាត​ប៉ិន​ប្រសព្វ​ចំពោះ​កិច្ច​ការ​ផ្សេងៗ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ទំនាក់ ទំនង​ជាមួយ​សង្គម​ខាង​ក្រៅ​ជា​ចាំ​បាច់។

8 . ត្រូវ​មាន​សមត្ថ​ភាព​ទ្រទ្រង់​សេដ្ឋ​កិច្ច​គ្រួសារ

ចំណុច​នេះ គឺជា​ប្រការ​មួយ​យ៉ាង​សំខាន់​បំផុត ដែល​បុរស​ជាប្ដី​ចាំបាច់​ត្រូវ​តែ​មាន​ដែល​ខាន​ពុំ​បាន។ ស្វាមី​ត្រូវ​មាន​សមត្ថ​ភាព គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ផ្គត់​ផ្គង់​ស្ថាន​ភាព​គ្រួសារ​ទាំង​ស្រុង។ ទោះ​បីជា​ភរិយា​មាន​ចំណូល​ហើយ​ក្ដី​ក៏​បុរស​ជា​ស្វាមី​ត្រូវ​មាន​កាតព្វ​កិច្ច ទំនុក​បម្រុង​រាល់​ចំណូល​ចំណាយ​របស់​គ្រួសារ។ ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​សេចក្ដី​ត្រូវ​ការ​និង​សេចក្ដី​ចង់​បាន​របស់​គ្រួសារ រួម​មាន តម្រូវ​ការ​របស់​ភរិយា និង​តម្រូវ​ការ​របស់​កូន។

បណ្ដាំ​ផ្ញើ    

ប្រសិន​បើ​លោក​អ្នក​អនុវត្ដ​ទៅ​តាម​ចំណុច​ដូច​ដែល​បាន​ជម្រាប​ជូន​ខាង​លើ​នេះ​នោះ​ភរិយា​របស់​លោក​អ្នក​ពិតជា​មិន​អាច ឃ្លាត​ចាក​ចេញ​ឆ្ងាយ​បាន​ឡើយ។ លើស​ពីនេះ​ទៅ​ទៀត​រឹតតែ​មាន​ចិត្ដ​គោរព​ស្រឡាញ់​លោក​អ្នក​ជាប្ដី​ខ្លាំង​ឡើង​ទ្វេដង​ថែម​ទៀត​ជា មិន​ខាន​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *