សាន សុម៉ាលី តារាវ័យក្មេងក្នុងរឿងកាកី បានក្លាយជាតារាមួយរូបក្នុងចំណោមតារាដែលល្បីៗនៅក្នុងប្រទេសកម្ពុជា។ ថ្វីត្បិតតែនៅក្នុងវ័យក្មេងត្រឹមតែប៉ុណ្ណេះ ប៉ុន្ដែទេពកោសល្យសម្ដែងរបស់នាងពិតជាសក្ដិសមគ្មានទាស់តែម្ដង។ ព្រោះតែដូច្នេះហើយ ទើបនាងមមាញឹកក្នុងការងារខ្លាំងណាស់។ ទោះបីជាយ៉ាងណានាងនៅតែរក្សាបាននូវសម្រស់ដ៏ផូរផង់របស់នាងដដែល ដោយមិនឱ្យ ស្រកស្រុតទេ។
ដើម្បីបើកកកាយអាថ៌កំបាំងក្នុងការថែរក្សាសម្រស់ និងសុខភាពរបស់តារាដ៏ស្រស់ស្អាត សាន សុម៉ាលី ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយនាងផ្ទាល់។
ប្រវត្ដិមុនចូលសិល្បៈ
ដោយគ្មានឈាមជ័រជាអ្នកសិល្បៈ សាន សុម៉ាលី មានស្រុកកំណើតនៅខេត្ដបាត់ដំបងមិនដែលនឹកស្មានថានាងអាចមាន ថ្ងៃនេះឡើយ។ ការចាប់ផ្ដើមចូលសិល្បៈតាមរយៈការចាប់អារម្មណ៍របស់អ្នកដឹកនាំរឿងម្នាក់ នៅពេលដែលនាងមកភ្នំពេញចូលរួម ក្នុងពិធីបុណ្យអុំទូកនៅឆ្នាំ២០០៣។ ដោយទេពកោសល្យពីកំណើតគួបផ្សំនឹងបង្ហាត់បង្ហាញពីអ្នកដឹកនាំរឿង ទើបសាន សុម៉ាលី អាចមានឱកាសក្លាយជាតួឯកក្នុងរឿងភាគដំបូងគឺរឿងកាកី។ រហូតមកដល់ពេលនេះ សុម៉ាលីបានចូលរួមសម្ដែងខ្សែភាពយន្ដបាន ប្រមាណជាង២០រឿង ហើយដោយឡែកចម្រៀងខារ៉ាអូខេបានសម្ដែងបានជាច្រើនស្ទើរតែរាប់មិនអស់។
ការថែរក្សាសក់
ស្រីស្រស់សុម៉ាលីស្រឡាញ់សក់របស់នាងណាស់។ នាងថែរក្សាសក់យ៉ាងម៉ត់ចត់ជាទីបំផុត ដោយកក់សក់ជារៀងរាល់ថ្ងៃ និងប្រើផលិតផលសម្រាប់ថែបំប៉នសក់ជាពិសេសទៀតផង។ សុម៉ាលីតែងតែអប់សក់ដោយខ្លួនឯងនៅរៀងរាល់ពេលដែលនាងកក់សក់ ហើយជាទៀងទាត់សុម៉ាលីអប់សក់ដោយម៉ាស៊ីនរៀងរាល់មួយសប្ដាហ៍ម្ដង។
ការថែរក្សាស្បែកមុខ
នៅពេលចេញសម្ដែង ស្បែកមុខរបស់សុម៉ាលីត្រូវទទួលរងនូវកម្ដៅថ្ងៃ និងគ្រឿងសម្អាងគ្រប់ប្រភេទ។ ក្រោយចប់ការ សម្ដែងសុម៉ាលីលុបលាងមុខឱ្យស្អាត រួចទើបប្រើក្រែមសម្រាប់ថែរក្សាស្បែកមុខ ដើម្បីកុំឱ្យជ្រីវជ្រួញ និងឱ្យស្បែកមានសំណើម ជានិច្ច។ ជារៀងរាល់យប់សុម៉ាលីប្រើក្រែមសម្រាប់បំប៉នស្បែកមុខដែលជ្រើសរើសជាពិសេសសម្រាប់ស្បែកមុខរបស់នាង។ ជាងនេះ ទៅទៀតនាងប្រើវិធីបែបធម្មជាតិសម្រាប់ការថែរក្សាស្បែកមុខ គឺនាងប្រើផ្លែប័រយកមកចិត្ដជាចំណិតស្ដើងលាយជាមួយទឹកដោះគោ ឆៅ រួចយកមកបំពោកលើផ្ទៃមុខ ទុករយៈពេល២០នាទី ទើបលាងសម្អាតចេញ។ វិធីនេះបានជួយឱ្យស្បែកមុខរបស់នាងតឹង បំបាត់ស្នាមនៅលើមុខ ហើយស្រស់ផូរផង់ថែមទៀតផង។
ការថែរក្សាស្បែកខ្លួន
នៅពេលចេញសម្ដែងក្រោមកម្ដៅថ្ងៃ តារាម្នាក់ៗតែងតែជ្រើសរើសក្រែមការពារកម្ដៅថ្ងៃសម្រាប់ការពារស្បែករបស់ខ្ល្លួន សុម៉ាលីក៏ដូចគ្នាដែរ។ សុម៉ាលីនាងព្យាយាមថែរក្សាស្បែករបស់នាងណាស់ ដោយនាងឧស្សាហ៍ក្នុងការស្ទីមស្បែកជាប្រចាំ ហើយតែង តែប្រើប្រាស់វិធីធម្មជាតិមួយចំនួន ដូចជាប្រើម្សៅរមៀតដើម្បីខាត់ស្បែក រក្សាសំណើមដល់ស្បែកទៀតផង។
ការថែរក្សាបបូរមាត់ ក្រចក និងប្រអប់ដៃ
សុម៉ាលីចូលចិត្ដលាបបបូរមាត់ពណ៌ស្រាលៗ លើកលែងតែការសម្ដែងដែលតម្រូវឱ្យលាបពណ៌ក្រហម ឬពណ៌ដិតនោះ។
សុម៉ាលីមិនចូលចិត្ដលាបពណ៌ក្រចក និងទុកក្រចកវែងទេ។ ចំពោះប្រអប់ដៃជើងសុម៉ាលីមានការថែទាំជាពិសេស ដោយនាងបាន ទៅហាងដើម្បីឱ្យអ្នកជំនាញខាត់ស្បែកប្រើក្រែមដោយម៉ាស្សាប្រអប់ដៃជើងជាដើម។ ហើយនាងក៏គ្មានក្រែមពិសេសដាច់ដោយ ឡែកណាដែរ គឺប្រើរួមជាមួយក្រែមសម្រាប់បំប៉នស្បែកខ្លួនតែម្ដង។
ការថែរក្សារោមចិញ្ចើម និងរោមភ្នែក
សុម៉ាលីចូលចិត្ដកោរតម្រឹមចិញ្ចើមតិចៗមួយសប្ដាហ៍ម្ដង ដើម្បីឱ្យមានរាងចិញ្ចើមស្អាតបន្ដិច។ សុម៉ាលីច្រើនពាក់រោមភ្នែក នៅពេលសម្ដែង ដើម្បីឱ្យមើលទៅឃើញភ្នែកនាងធំជាងធម្មតាបន្ដិច។
វិធីសម្រកទម្ងន់ និងការថែរក្សាសុខភាព
សុម៉ាលីចូលចិត្ដទទួលទានបន្លែ និងផ្លែឈើណាស់ ដើម្បីសម្រស់ និងសុខភាព។ រីឯទឹកក៏សំខាន់ណាស់ដែរសម្រាប់នាង។ ដោយឡែកចំពោះការបរិភោគអាហារ សុម៉ាលីចូលចិត្ដសាច់ត្រីច្រើនជាងសាច់សត្វនានា ព្រោះត្រីមិនធ្វើឱ្យឡើងទម្ងន់។ កាលពីមុន សុម៉ាលីរាងធាត់បន្ដិច ប៉ុន្ដែដោយនាងបានព្យាយាមសម្រកទម្ងន់ដោយខ្លួនឯង ដោយប្រើវិធីស្ទីមដើម្បីបំបាត់ខ្លាញ់ រក្សាទម្ងន់រាង កាយឱ្យល្អដូចដើមវិញ។ ចំពោះការហាត់ប្រាណ សុម៉ាលីចូលចិត្ដកាយវិការបែបដេកផ្ទាល់នឹងផ្ទៃរាបជាងកីឡាផ្សេងៗទៀត។
ការទទួលទានដំណេក
ដោយសារតែនាងរវល់ជាមួយអាជីពជាអ្នកសម្ដែង សុម៉ាលីមិនសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់ទទួលទានដំណេក ទេ។ ហេតុនេះហើយនាងតែងតែគេងពេលណាដែលនាងអាចគេងបានដើម្បីសងបង្គ្រប់គ្រប់ពេលវេលា ជាប្រយោជន៍កុំឱ្យឆាប់ចាស់ មុនអាយុ។
បំណងទៅអនាគត
សុម៉ាលីបានអះអាងថា បើទស្សនិកជននៅតែគាំទ្រ នាងនៅតែបម្រើខាងផ្នែកសិល្បៈនេះរហូតដល់ចាស់សក់ស្កូវ។ នៅថ្ងៃ អនាគតសុម៉ាលីមានបំណងបើកហាងលក់គ្រឿងទេសមួយកន្លែង ព្រោះនាងគិតថា លក់របស់អស់នេះវាមិនធ្វើឱ្យនាងប្រឈមមុខ នឹងការកប់ម៉ូតដូចជាលក់សម្លៀកបំពាក់ឡើយ។
បណ្ដាំផ្ញើរបស់ សាន សុម៉ាលី
សុភាពនារីទាំងឡាយសម្រស់ជាទ្រព្យសម្បត្ដិដ៏មានតម្លៃរបស់ស្ដ្រី សូមថែរក្សាវាឱ្យនៅជាមួយយើងឱ្យបានយូរតាមតែអាច ធ្វើបាន។ របបទទួលទានអាហារ ការទទួលទានដំណេក ការថែរក្សាសម្រស់ និងការហាត់ប្រាណសុទ្ធតែអាចជួយលោកស្រីអ្នកនាង កញ្ញានៅក្នុងរឿងនេះ។ សូមចាប់ផ្ដើមអនុវត្ដពីថ្ងៃនេះទៅ!
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងជាការអនុវត្ដរបស់កញ្ញា សាន សុម៉ាលី តែប៉ុណ្ណោះ។ សូមលោកស្រីអ្នក នាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ សាន សុម៉ាលី
- អាយុ ៖ ២៤ឆ្នាំ
- កម្ពស់ ៖ ១,៦០ម៉ែត្រ
- ទម្ងន់ ៖ ៤៨គីឡូក្រាម
- ទំហំទាំងបី ៖ ៣៤, ២៧, ៣៦
- បងប្អូន ៖ ៣នាក់(ជាកូនទី១)
- ស្ថានភាពគ្រួសារ ៖ រស់នៅជាមួយឪពុកម្ដាយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩
Leave a Reply