លោក ស៊ីសុវត្ថិ ត្រូវបានទស្សនិកជនទូទៅស្គាល់ថា ជាតារាចម្រៀងប្រុសមួយរូបមានរូបសង្ហានៅក្នុងផលិតកម្ម KH។ ដោយសារតែមានកេរ្ដិ៍ឈ្មោះល្បី សម្ដីផ្អែម ថែមទាំងសម្រស់ស្រស់សង្ហាទៀតនោះ បានធ្វើឱ្យនារីជាច្រើនបាក់ចិត្ដស្រឡាញ់ និងចង់ បានរូបលោកមកធ្វើជាម្ចាស់ឃុំគ្រងបេះដូង។ ប្រជាប្រិយភាពរបស់លោកមិនត្រឹមតែទាក់ទាញអារម្មណ៍របស់មិត្ដទស្សនិកជននោះ ទេ សូម្បីតែតារាចម្រៀងស្រីនៅក្នុងផលិតកម្មមួយចំនួនក៏បានចាប់ចិត្ដលួចស្រឡាញ់រូបលោកដែរ។ តើចង់ដឹងទេថា លោក ស៊ីសុវត្ថិ មានគន្លឹះ និងវិធីសាស្ដ្រអ្វីខ្លះនៅក្នុងការទាក់ទាញសុភាពនារីដ៏ច្រើនបែបនេះ?
ដើម្បីឱ្យអស់ភាពមន្ទិលសង្ស័យ លោក ស៊ីសុវត្ថិ បានទម្លាយនូវអាថ៌កំបាំងនៃការថែរក្សាសម្ផស្ស ដែលជាគន្លឹះនៃការទាក់ ទាញអារម្មណ៍មួយ ហើយថែមទាំងបានលាតត្រដាងពីប្រវត្ដិជីវិតមុនចូលសិល្បៈរបស់លោកជម្រាបជូនដល់ប្រិយមិត្ដអ្នកអានទាំង អស់ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនចូលសិល្បៈ
ស្របពេលដែលទម្លាយអាថ៌កំបាំងនៃការថែរក្សាសម្រស់ និងសុខភាព លោក ផុង ស៊ីសុវត្ថិ ដែលជាតារាចម្រៀងល្បីឈ្មោះ បោះសម្លេងមួយរូបប្រចាំនៅក្នុងផលិតកម្ម KH Promotion បានលាតត្រដាងពីប្រវត្ដិជីវិតពិតឱ្យដឹងថា ៖ មុនពេលឈានចូលប្រឡូក នៅក្នុងវិស័យសិល្បៈ លោកគឺជាយុវសិស្សម្នាក់ដែលសិក្សានៅក្នុងខេត្ដបន្ទាយមានជ័យ។ បើនិយាយពីជីវភាពអាចនិយាយបានថាស្ថិត នៅក្នុងកម្រិតមួយមធ្យម ដោយលោកឪពុក និងអ្នកម្ដាយមានមុខរបរជាអ្នកជំនួញ និងមានបើកភោជនីយដ្ឋានតូចមួយ។ ដំបូងឡើយ លោកគ្រាន់តែជាយុវជនម្នាក់ដែលចូលចិត្ដវិស័យសិល្បៈតែប៉ុណ្ណោះ។ ក្រោយពីបានបញ្ចប់ថ្នាក់ទី១២ លោកបានមកបន្ដការសិក្សានៅ ក្រុងភ្នំពេញ។ សំណាងល្អលោកមានឱកាសបញ្ចេញសម្លេងដ៏ក្រអួនរបស់លោក បានធ្វើឱ្យម្ចាស់ផលិតកម្មពេញចិត្ដ ហើយបានអនុញ្ញាត ឱ្យច្រៀងថតដាក់ស៊ីឌី។ កេរ្ដិ៍ឈ្មោះរបស់តារាចម្រៀងសម្បូរស្នេហ៍ស៊ីសុវត្ថិ ត្រូវបានល្បីខ្ចរខ្ចាយតាមរយៈបទចម្រៀងចង្វាក់កន្ដ្រាក់ អារម្មណ៍មួយដែលមានចំណងជើងថា “ខ្លាចកម្មដូចពូ” និងមានបទចម្រៀងជាបន្ដបន្ទាប់ជាច្រើនទៀត។ រហូតមកដល់ពេលបច្ចុប្បន្ន នេះ បទចម្រៀងរបស់លោកបានចេញលក់សរុបប្រមាណជាង៦០បទហើយ។
- ការថែរក្សាស្បែក ៖ មិនថាចំពោះតែស្ដ្រី ឬបុរសនោះទេ បញ្ហាថែរក្សាស្បែកផ្ទៃមុខ និងដងខ្លួន គឺជារឿងសំខាន់បំផុត ដែលត្រូវតែយកចិត្ដទុកដាក់ ជាពិសេសអ្នកដែលមានអាជីពជាអ្នកសិល្បៈ។ ទម្លាប់មួយដែលស៊ីសុវត្ថិតែងតែអនុវត្ដន៍ គឺមុនចូល ដំណេក លោកតែងតែប្រើផលិតផលជំនួយស្បែកមុខ។ លុះដល់ពេលព្រឹកក្រោយពីក្រោកពីដំណេក លោកតែងតែប្រើនូវផលិតផល លាងសម្អាតផ្ទៃមុខម្យ៉ាង(ហ្វម) ដែលអាចជួយផ្ដល់នូវភាពសំណើមដល់ស្បែក និងកាត់បន្ថយជាតិខ្លាញ់។ ម្យ៉ាងវិញទៀតមុន ពេលផាត់មុខចេញសម្ដែង លោកតែងតែប្រើនូវឡេ ឬម្សៅទ្រនាប់ស្បែក ហើយក្រោយពេលថត ឬសម្ដែងចប់គឺត្រូវប្រញាប់ទៅលាង សម្អាតមុខជាមួយសាប៊ូ ឬទឹកក្ដៅឧណ្ហៗជានិច្ច។
ដោយឡែកចំពោះការថែរក្សាស្បែកដងខ្លួន បុរសសង្ហារូបនេះមានវិធីសាស្ដ្រសាមញ្ញមួយ គឺនៅពេលដែលធ្វើដំណើរចេញ ទៅក្រៅ ទោះបីអង្គុយនៅក្នុងរថយន្ដក្ដី ភាគច្រើនលោកតែងតែពាក់អាវដៃវែងដើម្បីការពារកម្ដៅថ្ងៃ។ ចំពោះបញ្ហាសាប៊ូដុសខ្លួនវិញ លោកមិនសូវយកចិត្ដទុកដាក់ប៉ុន្មាននោះទេ គឺគ្រាន់តែប្រើសាប៊ូដុំធម្មតាដុសលាងជម្រះកាយនៅពេលងូតទឹកតែប៉ុណ្ណោះ។ - ការថែរក្សាសក់ ៖ ជាការពិតណាស់នៅក្នុងអាជីពជាអ្នកសិល្បៈដូចជារូបលោក ការតុបតែងម៉ូតសក់គឺជារឿងមួយដែល មិនអាចចៀសផុត ទាមទារការថែទាំជាចាំបាច់។ លោក ស៊ីសុវត្ថិ បញ្ជាក់ប្រាប់ថា លោកមិនសូវគាប ឬផ្លុំនោះទេ ព្រោះជាហេតុនាំ ឱ្យសរសៃសក់ងាយនឹងខូច។ លើសពីនេះទៅទៀត ដើម្បីឱ្យសរសៃសក់មានសុខភាពល្អ លោកបានជ្រើសរើសនូវផលិតផលជំនួយ សរសៃសក់មួយចំនួន ដូចជាសាប៊ូកក់សក់ ប្រេងបន្ទន់ ឬប្រេងអប់សក់ដើម្បីជំនួយបន្ថែម។
- ការថែរក្សាភ្នែក ៖ មិនថាចំពោះតារាសម្ដែង តារាចម្រៀង ឬមានអាជីពអ្វីនោះទេ បញ្ហាភ្នែកគឺជារឿងមួយដែលត្រូវតែ យកចិត្ដទុកដាក់បំផុត។ នៅពេលដែលធ្វើដំណើរចេញទៅក្រៅ ស្ទើរគ្រប់ពេលស៊ីសុវត្ថិនិយមប្រើវ៉ែនតាការពារពន្លឺព្រះអាទិត្យ ជាពិសេសលោកតែងតែឧស្សាហ៍ជួបអ្នកជំនាញ ដើម្បីទទួលយកនូវការណែនាំ និងធ្វើការពិនិត្យកែវភ្នែក។
- ការថែទាំសុខភាពមាត់ធ្មេញ ៖ មនុស្សគ្រប់រូបអាចមានស្នាមញញឹមប្រកបទៅដោយភាពទាក់ទាញ គឺអាស្រ័យ ដោយសារធ្មេញ។ ប៉ុន្ដែបើកាលណាធ្មេញមានបញ្ហា ឬមាត់មានក្លិនមិនល្អ នោះសម្រស់ពិតជាធ្លាក់ចុះមួយកម្រិតជាមិនខាន។ ដូច្នេះ ហើយទើបតារាចម្រៀងនេះតែងតែយកចិត្ដទុកដាក់យ៉ាងខ្លាំង យ៉ាងហោចណាស់ការសម្អាតមាត់ធ្មេញត្រូវបានធ្វើឡើងចំនួន៣ដង យ៉ាងតិចក្នុងមួយថ្ងៃក្រោយពេលបរិភោគអាហារ។ លើសពីនេះទៅទៀត លោកបានប្រើទឹកថ្នាំខ្ពុរមាត់ដើម្បីការពារកុំឱ្យមានក្លិនមិន ល្អ ដែលជាបច្ច័យមួយរំខានដល់ការទំនាក់ទំនងគ្នាប្រចាំថ្ងៃ។
ការថែរក្សាសម្រស់
នៅក្នុងអាជីពជាតារាចម្រៀង និងតារាសម្ដែង ការតុបតែងរាងកាយ និងការថែរក្សាសម្ផស្សឱ្យមានភាពស្រស់ស្អាត ដើម្បី ទាក់ទាញអារម្មណ៍គួរជាទីគយគន់នោះ មិនអាចធ្វេសប្រហែសបានឡើយ។ ចំពោះលោក ស៊ីសុវត្ថិ បានជ្រើសរើសនូវវិធីសាស្ដ្រ ថែរក្សាសម្រស់ និងរាងកាយងាយៗសាមញ្ញមួយចំនួនដូចដែលបានរៀបរាប់ខាងក្រោមនេះ ៖
ការថែរក្សាសុខភាពរាងកាយ
- ការទទួលទានចំណីអាហារ ៖ ការបរិភោគចំណីអាហារប្រកបទៅដោយអនាម័យគឺនាំមកនូវសុខភាពល្អ។ ជាចំណូលចិត្ដ របស់លោកចំពោះម្ហូបអាហារគឺលោកចូលចិត្ដទទួលទានបន្លែជាងសាច់ ព្រោះសាច់អាចមានសម្បូរទៅដោយជាតិខ្លាញ់ ដែលជាហេតុ អាចធ្វើឱ្យមានការប៉ះពាល់ដល់សម្លេងរបស់លោក។
- ការទទួលទានដំណេក ៖ នៅក្នុងអាជីពជាតារាចម្រៀង និងសម្ដែង គឺតម្រូវឱ្យលោកមានភាពមមាញឹកជាមួយការងារជា ខ្លាំង មានពេលខ្លះត្រូវថតសម្ដែងកាយវិការនៅពេលយប់ ដែលជាហេតុធ្វើឱ្យការទទួលទានដំណេកមិនគ្រប់គ្រាន់។ ប៉ុន្ដែទោះបីជា យ៉ាងណាក៏ដោយ លោកតែងតែមានទម្លាប់មួយគឺគេងបង្គ្រប់នៅពេលសម្រាកពីការងារ ឬពេលទំនេរ។
ម្យ៉ាងវិញទៀតលោកតែងតែឆ្លៀតពេលយ៉ាងហោចណាស់មួយថ្ងៃត្រូវចំណាយពេល៣០នាទីក្នុងការធ្វើលំហាត់ប្រាណដែរ ព្រោះលោកយល់ថាសុខភាពល្អទើបធ្វើឱ្យជីវិតប្រសើរ។
ដំបូន្មានរបស់ស៊ីសុវត្ថិ
សូមបងប្អូនគ្រប់គ្នាព្យាយាមធ្វើលំហាត់ប្រាណខ្លះទើបជាការប្រសើរ។ ព្រោះកីឡានាំមកនូវសុខភាព កីឡានាំមកនូវ សម្រស់ ហើយកីឡាគឺជាដៃគូនៃសម្រស់។ មានសុខភាពល្អ មានសម្រស់ស្រស់ថ្លា គឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ផុង ស៊ីសុវត្ថិ
- អាយុ ៖ ២៥ឆ្នាំ
- កម្ពស់ ៖ ១,៧៥ម៉ែត្រ
- ទម្ងន់ ៖ ៧៥គីឡូក្រាម
- បងប្អូន ៖ ០២នាក់ ប្រុស០២នាក់(ជាកូនច្បងក្នុងគ្រួសារ)
- អាជីព ៖ តារាចម្រៀង និងសម្ដែង
- កម្រិតវប្បធម៌ ៖ និស្សិតមហាវិទ្យាល័យឆ្នាំទី២ ជំនាញគ្រប់គ្រង
- ស្ថានភាពគ្រួសារ ៖ នៅលីវ
- បំណងទៅថ្ងៃអនាគត ៖ ធ្វើជាអ្នកជំនួញ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩
Leave a Reply