សព្វថ្ងៃ មានជម្ងឺមួយចំនួននៅតែបន្តក្តៅបារម្ភចំពោះប្រជាពលរដ្ឋនៅទូទាំងពិភពលោក មិនថាតែ ប្រទេស កំពុងអភិវឌ្ឍ ឬអភិវឌ្ឍនោះទេ។ ក្នុងនោះការបារម្ភអំពីជម្ងឺរលាកថ្លើមប្រភេទ បេ និងសេ ក៏ជាបញ្ហាចោទ មួយសម្រាប់ ការយក ចិត្ត ទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យផងដែរ។ តើប្រជាពលរដ្ឋកម្ពុជា មានអ្នក កើត ជម្ងឺរលាកថ្លើមប្រភេទ បេ និង សេនេះ ចំនួនប៉ុន្មាននាក់?
កាលពីថ្ងៃទី១៦ មិថុនា
សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារបានប្រារព្ធធ្វើសិក្ខាសាលាមួយនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការចូលរួមពីក្រុមគ្រូពេទ្យមកពីខេត្តចំនួន៨គឺ ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម កំពង់ធំ ព្រះសីហនុ កំពត និងខេត្តកណ្តាល ដែលសរុបប្រមាណ១៥០នាក់ ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានកោះសន្តិភាព។
លោកសាស្ត្រាចារ្យ តាន់ តឹកស្រេង ប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ បានមានប្រសាសន៍ថា ជម្ងឺរលាកថ្លើមរ៉ាំរ៉ៃ ដែលបង្កឡើងដោយវីរុស BនិងC មានការឆ្លងវិវឌ្ឍន៍ច្រើនពីស្ត្រីជាម្តាយទៅកូន ដែលនេះជាការ ប្រឈមមុខរួមរបស់ពិភពលោក ។ រីឯការព្យាបាលជម្ងឺនេះឱ្យបានជាសះស្បើយ នៅតែជាបញ្ហាស្មុគស្មាញនៅឡើយ។ ដូច្នេះលោកគ្រូពេទ្យត្រូវប្រើថ្នាំឱ្យត្រូវទិសដៅ ។
ចំណែកវេជ្ជបណ្ឌិត ឱម សេរីវិចិត្រ អ្នកឯកទេសជម្ងឺរលាកថ្លើមវិញ បានមានប្រសាសន៍ថា ចាប់តាំង ពីឆ្នាំ១៩៩០ រហូត ដល់បច្ចុប្បន្ននេះ ឱសថព្យាបាលជម្ងឺរលាកថ្លើម ត្រូវបាន អភិវឌ្ឍ យ៉ាងលឿន ក្នុងទិសដៅ លើកកម្ពស់ គុណភាព ជីវិត របស់អ្នកជម្ងឺ និងលុបបំបាត់ជម្ងឺនេះទាំងស្រុងចេញពីខ្លួនអ្នកជម្ងឺ។ លោកវេជ្ជបណ្ឌិតបន្តថា ឱសថថ្មី និងវិធី ព្យាបាល ជម្ងឺរលាកថ្លើមរុំារ៉ៃ ដែលបង្កឡើងដោយវីរុស BនិងC ត្រូវបានសមាគមអន្តរជាតិសិក្សាពីជម្ងឺថ្លើមនេះដូចជា AASLD (សមាគមសិក្សាពីជម្ងឺថ្លើមសហរដ្ឋអាមេរិក) និងEASL (សមាគមសិក្សាពីជម្ងឺថ្លើមសហគមន៍អឺរ៉ុប) APASL (សមាគមសិក្សាជម្ងឺថ្លើមអាស៊ីប៉ាស៊ីហ្វិក) ។
លោកវេជ្ជបណ្ឌិតឱម សេរីវិចិត្រ បានបន្តថា Unipeg គឺជាឱសថដែលត្រូវបានអភិវឌ្ឍឡើងតាមបច្ចេកវិទ្យាថ្មីនោះ ឥឡូវ កំពុងមានវត្តមាននៅកម្ពុជា ហើយប្រជាជនក៏ដូចជាក្រុមវេជ្ជបណ្ឌិតឯកទេសជម្ងឺថ្លើម បានអនុវត្ត ការព្យាបាល ជម្ងឺរលាកថ្លើមរុំារ៉ៃ ដែលបង្កឡើងដោយវីរុស BនិងC ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្រោយពីបញ្ចប់សិក្ខាសាលានេះអ្នកយកព័ត៌មានយើងបានសួរសំណួរចំនួន៤សំណួរ ទៅកាន់លោកសាស្ត្រាចារ្យ តាន់ តឹកស្រេង ដូចខាងក្រោមគឺ៖
សំណួរទី១៖ តើនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងមានអ្នកផ្ទុកមេរោគរលាកថ្លើមប្រភេទ B និងC ប៉ុន្មាន នាក់?
ចម្លើយ ៖ បើតាមការស្រាវជ្រាវត្រួសៗមិនទូទាំងប្រទេសទេ គឺអ្នកផ្ទុកមេរោគរលាកថ្លើមប្រភេទB មានប្រមាណ ជាង ១២ភាគរយ រីឯប្រភេទCមានប្រហែលជា៥ភាគរយប៉ុណ្ណោះ។
សំណួរទី២ ៖ តើក្នុងមួយឆ្នាំអ្នកស្លាប់ដោយរោគរលាកថ្លើមប៉ុន្មាននាក់ដែរ?
ចម្លើយ ៖ យើងមិនអាចដឹងបាននោះទេ ព្រោះយើងមិនបានស្រាវជ្រាវ ។
សំណួរទី៣ ៖ តើមានវិធីសាស្ត្រអ្វីដើម្បីទប់ស្កាត់ការពារកុំឱ្យមេរោគរលាកថ្លើមវីរុស BឬC ឆ្លងរាល ដាលពី មនុស្ស ម្នាក់ ទៅ មនុស្សម្នាក់ទៀត?
ចម្លើយ ៖ ដើម្បីទប់ស្កាត់ការពារមេរោគរលាកថ្លើមនេះ យើងត្រូវធ្វើឱ្យបរិស្ថានជុំវិញកន្លែងរស់នៅឱ្យបានស្អាត និងការ ហូបចុកត្រូវមានអនាម័យ។ នៅពេលដែលយើងដឹងថាមនុស្សណាម្នាក់មានផ្ទុករោគរលាកថ្លើម យើងត្រូវ ការពារ ទប់ ស្កាត់ ព្រោះមេរោគរលាកថ្លើមប្រភេទ BឬC ងាយស្រួលឆ្លងតាមការរួមរ័ក ហូបចុក ភាពគ្មានអនាម័យ និងឆ្លង តាមការ រស់នៅជាមួយគ្នាដោយមិនចេះអនាម័យ។ ការឆ្លងងាយបំផុតនោះ គឺស្ត្រីជា ម្តាយផ្ទុក មេរោគ រលាក ថ្លើមងាយ នឹង ចម្លងទៅកូនតាំងពីនៅក្នុងផ្ទៃពោះមកម៉្លេះ ដូច្នេះយើងគួរតែការពារតាមការណែនាំរបស់គ្រូពេទ្យ និងជា ពិសេស ប្រើ ប្រាស់ថ្នាំឱ្យត្រូវទៅតាមទិសដៅនោះយើងនឹងការពារបាន ។
សំណួរទី៤. តើមេរោគរលាកថ្លើមកើតឡើងទៅលើមនុស្សចាស់ចាប់ពីអាយុប៉ុន្មាន? ហើយឱ្យសញ្ញាបែបណាដែរ?
ចម្លើយ៖ «ដូចខ្ញុំបានជម្រាបហើយថា ជម្ងឺរលាកថ្លើម មានការឆ្លងតាំងពីកុមារនៅក្នុងពោះ និង ចាប់ ពីកុមារ អាយុ៥ឆ្នាំ ឡើងទៅម្លេះ។ ក្មេងមានផ្ទុកមេរោគរលាកថ្លើមងាយស្រួលមើលណាស់គឺមានសាច់ ភ្នែក ស្បែក ពណ៌លឿង ស្លេក ស្លាំង។ តែបើមនុស្សចាស់ពិបាកនឹងមើលឃើញសញ្ញាណាស់ តែមនុស្សខ្លះ អាចដឹងតាម ភ្នែកពណ៌ លឿងនិង ឈឺ សន្លាក់ដៃជើងជាដើម។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រុមគ្រូពេទ្យឯកទេសជម្ងឺថ្លើមរបស់កម្ពុជា វៀតណាម ថៃ ត្រូវបាន អញ្ជើញ ចូលរួមក្នុង កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមខាងលើផងដែរ ។
អត្ថបទដោយ ៖ សេង វីរះ
ចេញផ្សាយ ៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២
Leave a Reply