ជាមួយនឹងរូបរាងសង្ហា និងប្រកបដោយទឹកមុខរីករាយ លោក មួន មារ៉ា ជាតារាមួយដួងដែលនៅតែស្ថិតក្នុងបេះដូង របស់យុវវ័យគ្រប់ស្រទាប់ ដោយសារតែទឹកដមសំនៀងដ៏ពីរោះ ទើបធ្វើឱ្យលោកនៅតែអាចរក្សាកេរ្ដិ៍ឈ្មោះនេះរហូតដល់សព្វថ្ងៃ និងមានទស្សនិកជនគាំទ្ររូបលោកយ៉ាងច្រើន។ ទោះបីជាមានការមមាញឹកយ៉ាងណាក៏ដោយ រូបលោកនៅតែមានភាពស្រស់ស្អាត និងមានស្ទីលស្លៀកពាក់ទាក់ទាញជាច្រើន។
ប្រវត្ដិមុនពេលចូលសិល្បៈ
លោក មួន មារ៉ា ជាតារាចម្រៀងដែលទទួលបានការជោគជ័យក្នុងអាជីព ពិសេសទទួលការពេញនិយមពីប្រិយមិត្ដក្នុង អាជីពរបស់លោកជិតមួយទសវត្សរ៍មកហើយ។ ដោយសារតែទឹកដមចម្រៀងដ៏ក្រអួនក្រអៅរបស់លោក ទើបធ្វើឱ្យតារាមួយដួង នេះមានសមត្ថភាពចូលច្រៀងសម្រាប់ផលិតកម្មគះ និងបានសាងនូវស្នាដៃជាច្រើនជាមួយនឹងបទភ្លេងរបស់លោក។ ដោយសារតែ ការស្រឡាញ់នូវវិស័យសិល្បៈ និងការគាំទ្ររបស់ទស្សនិកជនជាខ្លាំង បានបណ្ដាលឱ្យតារារូបនេះក្លាយជាម្ចាស់ផលិតកម្មផ្កាយដ៏វ័យ ក្មេងម្នាក់។
ការថែរក្សាសម្រស់
សព្វថ្ងៃនេះទោះបីជាមមាញឹកក្នុងកិច្ចការសិល្បៈយ៉ាងណាក៏ដោយ ក៏លោក មួន មារ៉ា មិនធ្វេសប្រហែសពីការថែរក្សា សម្រស់ និងសុខភាពម្ដងណានោះទេ។ លោក មួន មារ៉ា ជាតារាសាមញ្ញមួយរូប ប៉ុន្ដែប្រកបដោយភាពទាក់ទាញបំផុត ដោយសារតែរាងកាយដ៏ស្រស់សង្ហា និងអាថ៌កំបាំងថែរក្សាខ្លួនប្រាណរបស់លោក។
ការថែរក្សាមុខ ៖ ក្នុងអាជីពជាអ្នកសម្ដែងផង និងជាអ្នកចម្រៀងផង លោក មួន មារ៉ា ត្រូវប្រឈមមុខជាមួយកម្ដៅ ស្ទើររៀងរាល់ថ្ងៃ។ ទោះបីជាមានភាពមមាញឹកក្នុងការសម្ដែងនូវបទចម្រៀងថ្មីៗរបស់លោកយ៉ាងណាក្ដី លោក មួន មារ៉ា នៅតែយកចិត្ដទុកដាក់ចំពោះបញ្ហាផ្ទៃមុខជានិច្ច ដោយគ្រាន់តែជ្រើសយកវិធីសាស្ដ្រធម្មតាមកប្រើប្រាស់សម្រាប់ការពារផ្ទៃមុខ។ ពេលត្រូវសម្ដែង និងពេលត្រូវកម្ដៅថ្ងៃ លោកជ្រើសរើសក្រែមការពារកម្ដៅមកលាបមុនពេលចេញទៅសម្ដែង ព្រោះពេលខ្លះលោកត្រូវទ្រាំទ្រ នឹងកម្ដៅថ្ងៃពេញមួយថ្ងៃ។ សម្រាប់ពេលយប់វិញ លោកប្រើក្រែម ឬឡេចិញ្ចឹមកោសិកាមុខ លាបនៅលើមុខជាប្រចាំ។ ជាពិសេស ជាងនោះទៀត លោកតែងតែធ្វើការលាងសម្អាតមុខមិនដែលខានជាមួយនឹងសាប៊ូកម្ចាត់មេរោគ ក្រោយពីចប់ពីការងារ។
ការថែរក្សាស្បែកខ្លួន ៖ សម្រាប់ការថែរក្សាអនាម័យ និងភាពស្រស់ស្អាតរបស់រាងកាយ លោក មួន មារ៉ា ពុំសូវមាន អ្វីពិសេសប៉ុន្មានទេ ដោយគ្រាន់តែពេលខ្លះលោកប្រើក្រែម ឬឡូសិនសម្រាប់ថែរក្សានៅពេលត្រូវចេញទៅក្រៅ។ ក្រៅពីនេះលោក ងូតទឹកឱ្យបានច្រើនដងក្នុងមួយថ្ងៃ ដោយប្រើប្រាស់ជាមួយសាប៊ូដុំធម្មតាដែលមានសារធាតុជំនួយ និងមិនប្រតិកម្មជាមួយស្បែក ខ្លួនឱ្យបានស្អាត។
ការថែរក្សាសក់ ៖ តាមធម្មតា លោក មួន មារ៉ា ចូលចិត្ដប្រើសាប៊ូកក់សក់ណាដែលត្រូវជាមួយសរសៃសក់របស់លោក ជាពិសេសសាប៊ូដែលជួយផ្ដល់ក្លិនក្រអូប និងអាចកម្ចាត់ចោលនូវភាពកខ្វក់របស់ស្បែកក្បាលបាន។ ហេតុនេះទើបធ្វើឱ្យសក់មានភាព រលោង និងងាយស្រួលក្នុងការធ្វើម៉ូតសក់ផ្សេងៗ តាមទម្រង់មុខរបស់លោក។
ការថែរក្សាភ្នែក ៖ នៅពេលសម្ដែង និងចេញមកក្រៅ ដោយសារតែកម្ដៅ និងពន្លឺខ្លាំងដែលចាំងចូលភ្នែក ពេលថត លោកតែងតែប្រើវ៉ែនតាជំនួយជានិច្ច។ ពិសេសលោកតែងសម្អាតភ្នែកជាមួយទឹកស្អាត និងប្រើបន្ដក់ថ្នាំជំនួយដល់ភ្នែក ម្យ៉ាងទៀត លោកតែងតែឆ្លៀតពេលវេលាខ្លះសម្រាប់ការសម្រាករបស់ភ្នែក ដោយប្រើក្រណាត់ស្អាតជ្រលក់ជាមួយទឹកមកស្អំលើភ្នែកឱ្យបានបួន ទៅប្រាំនាទី នៅពេលដែលមានអារម្មណ៍ថាផ្សា ឬក៏រួយភ្នែក។
ការថែរក្សាសុខភាពមាត់ធ្មេញ ៖ ភាពប្រហើរនៃក្លិនមាត់ជារឿងដែលចាំបាច់ក្នុងការយកចិត្ដទុកដាក់បំផុត ព្រោះថា ភាពក្រអូបដែលចេញពីការនិយាយស្ដីរបស់យើងអាចទាក់ទាញអ្នកនៅជុំវិញខ្លួនយើងបាន។ លោក មារ៉ា មិនដែលធ្វេសប្រហែស ចំពោះរឿងសុខភាពមាត់ធ្មេញម្ដងណាឡើយ។ លោកបានបង្ហើបប្រាប់ថា ទោះបីជារវល់យ៉ាងណាក៏ដោយក៏លោកឆ្លៀតពេលសម្អាត ធ្មេញយ៉ាងតិចឱ្យបានពីរទៅបីដងក្នុងមួយថ្ងៃ ជាពិសេសក្រៅពីការដុសសម្អាតហើយ ក្នុងនោះលោកក៏បានប្រើទឹកខ្ពុរមាត់ជាប្រចាំ ផងដែរ។ រៀងរាល់៣ ឬ៦ខែម្ដង លោកតែងតែសម្អាត និងពិនិត្យមើលសុខភាពធ្មេញជាទៀងទាត់។
ការថែរក្សាសុខភាពរាងកាយ
ការហាត់ប្រាណ ៖ ដើម្បីសុខភាពល្អ និងមានរាងកាយមាំមួនសក្ដិសមជាបុរសខ្មែរពេញលក្ខណៈ លោក មារ៉ា តែង តែហាត់ប្រាណជាប្រចាំ ដោយលោកចំណាយពេលត្រឹមតែ១៥ទៅ២០នាទីប៉ុណ្ណោះ។ ក្រៅពីនោះបើមានពេលទំនេរ លោកតែងតែ ទៅហាត់កីឡាលើកដុំដែក និងកីឡាផ្សេងៗគ្រប់ចលនា ដែលអាចធ្វើឱ្យលោកអាចបង្កើននូវសាច់ដុំ កម្ពស់ ក៏ដូចជារាងរៅស្រស់ ស្អាតផងដែរ។
ការទទួលទានអាហារ ៖ មានអាហារជាច្រើនដែលមើលទៅមានរសជាតិឆ្ងាញ់ និងគួរឱ្យចង់ទទួលទាន ប៉ុន្ដែសម្រាប់រូប លោកផ្ទាល់បានបង្កើតទម្លាប់ក្នុងការបរិភោគសម្រាប់ខ្លួនឯង ដោយជ្រើសរើសតែអាហារណាដែលផ្ដល់សារៈប្រយោជន៍ដល់រាងកាយ និងមិនប៉ះពាល់ដល់សុខភាព ដូចជាការទទួលទានបន្លែឱ្យបានច្រើនជាងសាច់ និងចៀសវាងឱ្យបានច្រើនក្នុងការទទួលគ្រឿងស្រវឹង។ លោកចូលចិត្ដបរិភោគអាហារនៅផ្ទះឱ្យបានច្រើន ព្រោះវាមានអនាម័យ និងសុវត្ថិភាព។
ការទទួលទានដំណេក ៖ ទោះជាមានការជាប់រវល់យ៉ាងណាក៏ដោយ ក៏ការគេងបានគ្រប់គ្រាន់នៅតែជារឿងសំខាន់ សម្រាប់លោក ដើម្បីឱ្យរូបលោកមានកម្លាំងកំហែងក្នុងការបំពេញភារកិច្ចផ្សេងៗ។ ពិសេសដំណេកធ្វើឱ្យមានសុខភាពល្អ និងចៀស ផុតពីជម្ងឺផ្សេងៗ ហើយស្បែកក៏ស្រស់ស្អាតផងដែរ។ ពេលខ្លះក៏មានការសម្ដែងរវល់ខ្លាំងពេក ក៏ធ្វើឱ្យលោកបាត់បង់ដំណេកខ្លះដែរ តែ លោកក៏បានគេងដើម្បីសងបង្គ្រប់ទៅតាមតម្រូវការរបស់រាងកាយផងដែរ។
បណ្ដាំផ្ញើលោក មួន មារ៉ា
លោក មួន មារ៉ា សូមជម្រាបដល់សុភាពបុរសទាំងឡាយ គួរតែយកចិត្ដទុកដាក់ឱ្យបានច្រើនបន្ដិចចំពោះបញ្ហាសុខភាព និងសម្រស់រូបរាងកាយ ដោយគ្រាន់តែអនុវត្ដន៍នូវទម្លាប់ងាយៗក្នុងការរស់នៅ ដូចជាការហូបចុក អនាម័យខ្លួនប្រាណ និងការហាត់ ប្រាណជាប្រចាំ នោះនឹងធ្វើឱ្យយើងមានរាងកាយ និងសុខភាពមាំមួនជាមិនខាន។ សម្រស់ និងសុខភាពក៏ជាផ្នែកមួយដែលធ្វើឱ្យ ការងារទទួលបានជោគជ័យផងដែរ។
ប្រវត្ដិរូបសង្ខេប
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩
Leave a Reply