សម្តេច​ហ៊ុន​សែន : សន្តិ​សុខ​ស្បៀង និង​សន្តិ​ថាម​ពល​តម្លៃ​កើន​ឡើង​ដែល​ត្រូវ​ដោះ​ស្រាយ​នៅ​ G20​

បន្ទាប់​ពី​បាន​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស ដែល​មាន​សេដ្ឋ​កិច្ច​លូត​លាស់​ទំាង​២០ លើ​ពិភព​លោក​ (G20)​ នៅ​ទីក្រុង​ឡូស​កាបូស​ ប្រទេស​ម៉ិក​ស៊ិក​នោះ​រួច​មក សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាល​ពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២១​ មិថុនា​ ២០១២​នេះ​ ហើយ​នៅ​ប៉ុន្មាន​នាទី​ក្រោយ​មក​ ក៏​មាន​ការ​ធ្វើ​សន្និ​សីទ​កាសែត​ស្តី​ពី​លទ្ធផល​ជុំវិញ​ការ​ចូល​រួម​កិច្ច​ប្រជុំG20នេះ​ផង​ដែរ នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ។​

រូបភាពគេហទំព៧រសុខភាពកម្ពុជា

ខណៈ​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ស្វាគមន៍​ដល់​មន្ត្រី​រដ្ឋា​ភិបាល​ និង​អ្នក​កាសែត​តិច​តួច​ប៉ុណ្ណោះ ហើយ​ក៏​បាន​ចាក​ចេញ​ទៅ​កាន់​ភូមិ​គ្រឹះ​ដោយ​បន្សល់​ទុក​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ហោ ណាំ​ហុង​ ជំនួស​មុខ​សម្តេច​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​លទ្ធ​ផល​កិច្ច​ប្រជុំ​កំពូល​G20ដល់​អ្នក​កាសែត ។ លោក​ឧបនា​យក​រដ្ឋ​មន្ត្រី ​ហោ ណាំ ហុង​ បាន​មាន​ប្រសាសន៍​ប្រាប់​ដល់​អ្នក​កាសែត​ថា សម្តេច​តេជោ​ ហ៊ុន សែន ក៏​បាន​ជំរាប​ជូន​លោក​ប្រធានាធិបតី​ម៉ិក​ស៊ិក​ ហ្វី លីព កាល់​ដឺ​រ៉ុន​ ពី​បំណង​ប្រាថ្នា​របស់​កម្ពុជា គឺ​ជម្រុញ​បន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ខាង​នយោ​បាយ និង​សេដ្ឋ​កិច្ច​ឲ្យ​កាន់​តែ​រីក​ធំ​ធាត់​ឡើង​ ហើយ​កម្ពុជា​នឹង​តែង​តាំង​ឯក​អគ្គរាជ​ទូត​កម្ពុជា​ ដែល​មាន​និវេសនដ្ឋាន​នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន​សហរដ្ឋ​អាមេរិក​ឲ្យ​ទទួល​បន្ទុក​បន្ថែម​នៅ​ម៉ិក​ស៊ីក និង​បាន​ស្នើ​ឲ្យ​ភាគី​ម៉ិក​ស៊ិក​ បើក​ទូលាយ​ទី​ថែម​ទៀត​សម្រាប់​ទំនិញ និង​ផលិត​ផល​របស់​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​កោះ​សន្តិ​ភាព។​

គួរ​កត់​សម្គាល់​ថា កាល​ពីឆ្នាំ​១៩៩២ កម្ពុជា និង​ម៉ិកស៊ីក​បាន​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​គ្នា ប៉ុន្តែរ​ហូតមក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ប្រទេស​ទាំង​ពីរ​ពុំ​ទាន់​មាន​ការ​ផ្លាស់​ប្តូរ​ផ្នែក​សេដ្ឋកិច្ច​អ្វី​ជា​ធំ​ដុំនៅ​ឡើយ​ទេ។ សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ បាន​មាន​ជំនឿ​យ៉ាង​មុត​មាំថា​ ទៅ​អនាគត​ដោយ​អាច​នឹង​ជម្រុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​សេដ្ឋ​កិច្ច​ពាណិជ្ជកម្ម​ច្រើន​ឡើង​សំរាប់​ប្រទេស​ទាំង​​ពីរ។ លោក​​ឧបនាយក​​រដ្ឋ​មន្ត្រី​​ហោ​ ណាំហុង បាន​បញ្ជាក់​ថា រាល់​ប្រទេស​ដែល​មាន​វត្ត​មាន​ក្នុង​កិច្ច​ប្រជុំ​កំពូល​G20 បាន​គាំ​ទ្រ​សុន្ទរកថា​សម្តេច​នាយ​ករដ្ឋ​មន្រ្តី ហ៊ុន​ សែន ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ដែល​បាន​លើក​ឡើង​ពី​កញ្ចប់​សន្តិ​សុខ​ស្បៀង និង​សន្តិសុខ​ថាមពល​រវាង​តម្លៃ​ប្រេង​ ដែល​ចេះ​តែ​ឡើង​ថ្លៃ​ឥត​ឈប់​ឈរ និង​កាន់​តែ​ខ្សត់​ខ្សោយ​ជាមួយ​តម្លៃ​ស្បៀង​អាហារ ការ​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​ និង​ការ​ផលិត​ស្បៀង​ដែល​បណ្តាល​មក​ពី​ការ​ឡើង​ថ្លៃ​ប្រេង​នោះ​ជា​ដើម​។
ម្យ៉ាង​ទៀត​រាល់​បណ្តា​ប្រទេស G20 បាន​សង្កេត​ឃើញ​ជាក់​ស្តែង​រួច​ហើយ​ថា រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បណ្តា​សេដ្ឋកិច្ច​នៅ​សភាព​អឺរ៉ុប-អាមេរិក​ហាក់​ស្រុត​ចុះ​ស្រឺតៗ​ ប៉ុន្តែ​អាស៊ាន​បាន​ខំប្រឹង​ប្រែង​រហូត​មាន​កំណើន​ទៅ​វិញ​ គឺ​កើន​៥,២% ហើយ​ កម្ពុជា​កើន​ ៧,១% ។ គួរ​បញ្ជាក់​ថា តាម​ការ​អញ្ជើញ​របស់ លោក ហ្វី​លីព កាល់​ដឺ​រ៉ុន ប្រធានា​ធិបតី ប្រទេស​ម៉ិក​ស៊ិក​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន ក្នុង​នាម​ជា​ប្រធាន​អាស៊ាន បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ G20​ ម៉ិក​ស៊ិក ដែល​បាន​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃ​ទី​១៨​ ដល់​ថ្ងៃ​ទី​១៩​ មិថុនា​ ២០១២ កន្លង​ទៅ​នេះ ។​

នៅ​ក្នុង​ឱកាស​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​G20 នេះ​ផង​ដែរ សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ បាន​ជួប​ធ្វើ​សវនា​ការ​និង​ពិភាក្សា​ការងារ​ទ្វេ​ភាគី​ជាមួយ​លោក​ប្រធា​នា​ធិបតី​ម៉ិក​ស៊ិក ហ្វីលីព កាល់​ដឺ​រ៉ុន​ ដែល​ក្នុង​ជំនួប​គ្នា​កាល​ពី​ថ្ងៃទី​១៧ មិថុនា​នោះ ភាគី​ទំាង​ពីរ​ក៏​បាន​ប្រកាស​ពី​ការ​បង្កើន​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​គ្នា​ឡើង​វិញ ។​ ជាមួយ​គ្នា​នោះ​ដែរ​នៅ​ចំពោះ​មុខ​សម្តេច​តេជោ លោក​ប្រធានា​ធិប​តីម៉ិក​ស៊ិក បាន​សន្យា​គំា​ទ្របេក្ខ​ភាព​កម្ពុជា​ ជា​សមាជិក​មិនអចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហ​ប្រជា​ជាតិ សម្រាប់​អាណត្តិ​ឆ្នាំ​២០១៣-១០១៤​នាពេល​ខាង​មុខ ​៕

អត្ថបទដោយ ៖ សេង វីរះ
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *