លំពែងមានតួនាទីសំខាន់ ជាយន្ដការមួយដើម្បីសម្របសម្រួលសំណើការទាំងឡាយនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួន មនុស្សយើង។ បើលំពែងមានបញ្ហានោះ លោកអ្នកក៏មានបញ្ហាសុខភាពដូចគ្នាដែរ។ ក្នុងនោះជម្ងឺមហារីកលំពែងអាចធ្វើឱ្យលោក អ្នកបាត់បង់ជីវិតបាន។ មានវិធីមួយចំនួនអាចធ្វើឱ្យលោកអ្នកមិនប្រឈមមុខនឹងជម្ងឺនេះ។
ទស្សនាវដ្ដី សុខភាពយើង និងបកស្រាយជម្រាបជូនលោកអ្នកយ៉ាងលម្អិតអំពីជម្ងឺមហារីកលំពែងនេះតាមរយៈការចូលរួមសហការណ៍ពីលោកវេជ្ជបណ្ឌិត គួយ សំណាង អ្នកឯកទេសជម្ងឺមហារីក និងវេជ្ជសាស្ដ្រទូទៅនៅមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត និង សាស្ដ្រាចារ្យបង្រៀននៅសកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល។
មហារីកលំពែង ជាអ្វី?
មុននិងឈានទៅដល់ការរៀបរាប់អំពីមហារីកលំពែង លោកអ្នកចាំបាច់ត្រូវតែជ្រាបអំពីព័ត៌មានលម្អិតមួយចំនួនដែលទាក់ ទងនឹងលំពែង។ លំពែងជាសរីរាង្គដែលមានតែមួយគត់សម្រាប់មនុស្សម្នាក់ៗដែលស្ថិតនៅក្នុងពោះផ្នែកខាងក្រោយជាប់នឹងឆ្អឹងខ្នង។ ចំណែកមហារីកលំពែងគឺជាដុំសាច់កាចដែលដុះនៅលើលំពែងដែលអាចមានលទ្ធភាពអណ្ដែតតាមទឹករងៃឱ្យមានកូនកណ្ដុរ ឬសាយភាយទៅតាមឈាមឱ្យមានកន្លែងទីពីរ ដូចជាក្នុងសួត ឆ្អឹង ថ្លើម ជាពិសេសស្រោមពោះ។ តាមរយៈការ សិក្សាពីជម្ងឺមហារីកនៅ ឆ្នាំ២០០០ គេសង្កេតឃើញជម្ងឺមហារីកលំពែងស្ថិតនៅក្នុងលំដាប់ថ្នាក់ទី៨ក្នុងចំណោមជម្ងឺមហារីកទាំងអស់ដែលអាចសម្លាប់ជីវិត មនុស្សនៅទូទាំងពិភពលោក។ ដោយឡែកនៅប្រទេសកម្ពុជាយើងមិនទាន់មានការសិក្សាណាមួយដែលបញ្ជាក់ពីចំណាត់ថ្នាក់នៅ ឡើយទេ ប៉ុន្ដែបើតាមរបាយការណ៍របស់ផ្នែកជម្ងឺមហារីកនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ សូវៀតបានឱ្យដឹងថា ចាប់ពីពេលដំណើរការផ្នែក មហារីកនេះចាប់ពីឆ្នាំ២០០៣មក អ្នកជម្ងឺមហារីកលំពែងមានប្រហែលពី៥ទៅ១០នាក់ក្នុងមួយឆ្នាំ។
មូលហេតុបង្កជម្ងឺមហារីកលំពែង
រហូតមកដល់ពេលនេះ គេមិនទាន់មានការសិក្សាណាមួយដែលបង្ហាញពីមូលហេតុបង្កជម្ងឺមហារីកនៅឡើយទេ។ ប៉ុន្ដែ មានការសង្កេតជាទូទៅមួយទៅលើ ៖
- អ្នកដែលជក់បារីគឺប្រឈមមុខនឹងជម្ងឺមហារីកលំពែងចំនួន៥ដង លើសអ្នកដែលមិនជក់បារី
- អ្នកដែលមានជម្ងឺរលាកលំពែងរ៉ាំរ៉ៃ ងាយប្រឈមមុខនឹងជម្ងឺមហារីកលំពែង២០ច្រើនជាងអ្នកដែលមិនឈឺ
- លើសពីនេះទៅទៀតអ្នកដែលមានទម្លាប់មិនទទួលទានបន្លែ ផ្លែឈើ ចូលចិត្ដទទួលទានសាច់ច្រើនក៏ងាយប្រឈមមុខ នឹងជម្ងឺនេះដែរ
- ក្រៅពីនេះបើឪពុកម្ដាយមានជម្ងឺមហារីកលំពែង កូនៗអាចមានការប្រឈមមុខនឹងជម្ងឺនេះប្រមាណជា៧ទៅ១០ភាគ រយ។
រោគសញ្ញាជម្ងឺមហារីកលំពែង
ជាទូទៅចំពោះរោគសញ្ញាជម្ងឺមហារីកលំពែងនេះនៅពេលដែលវាលេចចេញច្រើនតែយឺតយ៉ាវទៅហើយ ព្រោះសរីរាង្គ លំពែងស្ថិតនៅផ្នែកខាងក្រោយនៃពោះ ដូចនេះទម្រាំតែស្ដែងចេញជារោគសញ្ញា វាត្រូវការពេលវេលាយូរគួរសមដែរ។ ដោយហេតុនេះហើយ ទើបមានការសិក្សាមួយបង្ហាញថា អ្នកជម្ងឺមហារីកលំពែងដែលគេរកឃើញនៅដំណាក់កាល់ដំបូង ដែលអាចព្យាបាល មានចំនួនតែ១០ទៅ១៥ភាគរយប៉ុណ្ណោះ។ ដោយឡែកចំពាះអ្នកជម្ងឺដែលត្រូវបានរកឃើញនៅដំណាក់កាលធ្ងន់ធ្ងរ ដែលដុំសាច់នោះ ធំហើយរាលដាលជុំវិញលំពែង ប៉ះពាល់ទៅដល់សរីរាង្គផ្សេងៗដែលមិនអាចធ្វើការវះកាត់ មានរហូតដល់៥០ភាគរយឯណោះ។ ដូចគ្នា នេះដែរក្នុងដំណាក់កាលដែលដុំសាច់នេះមាននៅកន្លែងផ្សេងទៀតហើយនោះ មានចំនួន៣៥ភាគរយ។ ចំពោះរោគសញ្ញាដែលបង្កឱ្យមានការសង្ស័យថាអ្នកជម្ងឺណាម្នាក់មានជម្ងឺមហារីកលំពែងនោះ គឺអ្នកជម្ងឺមានការឈឺពោះស្ទំៗផ្នែកខាងក្រោយនៃចុងដង្ហើម ពី៧០ ទៅ៧៥ភាគរយ។ ម្យ៉ាងទៀតនៅពេលដែលយើងសង្កត់ទៅលើទីតាំងដុំដែលវាកើត ដោយសារតែដុំនេះសង្កត់ទៅលើផ្លូវទឹកប្រមាត់ ដែលធ្វើឱ្យភ្នែកអ្នកជម្ងឺប្រែទៅជាមានពណ៌លឿង ហើយ បើវាសង្កត់ទៅលើសរសៃវ៉ែននាំឱ្យរលាកសរសៃវ៉ែន។ ម្យ៉ាងវិញទៀតអ្នក ជម្ងឺមហារីកលំពែងភាគច្រើនទទួលទានបាយមិនបាន គេងមិនលក់ រាងកាយស្គមស្គាំង ក្រៅពីនេះក៏មានការចុកចាប់ដែលបណ្ដាលមកពីការរលាកលំពែងដែរ។
ការធ្វើរោគវិនិច្ឆ័យជម្ងឺមហារីកលំពែង
ដើម្បីបញ្ជាក់ថានរណាម្នាក់មានជម្ងឺមហារីកលំពែងនេះ គ្រូពេទ្យជំនាញទាមទារការពិនិត្យដោយអេកូសាស្ដ្រ ព្រោះអេកូ នេះមានលទ្ធភាពបង្ហាញពីសរីរាង្គណាមួយនៅក្នុងខ្លួនមនុស្ស ដែលមានលក្ខណៈជាដុំ មិនមែនជាខ្យល់ឡើយ។ ដោយឡែកចំពោះការពិនិត្យឈាមដើម្បីបញ្ជាក់ពីជម្ងឺមហារីកនោះគឺមិនមានទេ ពោលគឺមិនមានការពិនិត្យឈាមណាមួយដែលអាចរកឃើញពីជម្ងឺមហារីក បាននោះទេ។
ការព្យាបាលជម្ងឺមហារីកលំពែង
ជម្ងឺមហារីកលំពែងត្រូវបានគេធ្វើការព្យាករណ៍សម្រាប់អ្នកជម្ងឺក្នុងស្ថានភាពមិនល្អទេ ព្រោះមានវិធីតែមួយគត់ដែលអាច សង្គ្រោះអ្នកជម្ងឺប្រភេទនេះបាន គឺការវះកាត់ក្នុងពេលដែលដុំសាច់មហារីកនៅតូចនៅឡើយ។ ករណីដែលដុំសាច់មហារីកឡើងធំទៅ ហើយនោះ មិនមានវិធីព្យាបាលដោយកាំរស្មី ឬចាក់ថ្នាំគីមីសម្លាប់មេរោគនោះបានទេ។ ចំពោះជម្ងឺមហារីកទាំងអស់ ការព្យាបាល មួយដែលអាចសន្មតថាជាបានដរាបណាក្រោយការព្យាបាលរយៈពេល៥ឆ្នាំ ហើយជម្ងឺមហារីកនោះមិនរើឡើងវិញ។ ដោយឡែក ចំពោះជម្ងឺមហារីកលំពែងថ្វីត្បិតតែឱកាសនៃការសះស្បើយមានតិចក៏ពិតមែន តែបើអ្នកពន្យារមកទទួលការព្យាបាលពីសំណាក់ គ្រូពេទ្យជំនាញនោះ អ្នកជម្ងឺអាចកាត់បន្ថយបានយ៉ាងច្រើនពីការឈឺចាប់ មានអារម្មណ៍ធម្មតា ហើយអាចបន្ដការរស់បានរយៈពេល យូរ។ ប៉ុន្ដែក្នុងករណីដែលដុំសាច់ជម្ងឺមហារីកធំ ហើយអ្នកជម្ងឺធ្វេសប្រហែសមិនមកទទួលការព្យាបាលនោះ ក៏ធ្វើឱ្យរយៈពេលនៅការពន្យារជីវិតកាន់តែឆាប់ទៅទៀត។
វិធីការពារជម្ងឺមហារីកលំពែង
ទាក់ទងនឹងវិធីការពានេះ មិនមានអ្វីដែលមានផលលំបាកទេ ព្រោះលោកអ្នកបានជ្រាបអំពីមូលហេតុបង្ក។ ដូចនេះលោកអ្នកការពារខ្លួនកុំឱ្យប្រឈមមុខទៅនឹងកត្ដាទាំងនេះទៅ ជាការស្រេចបាត់ទៅហីយ។ កត្ដាប្រឈមមុខទាំងនោះរួមមាន ៖
- បើលោកអ្នកជក់បារីនោះ លោកអ្នកត្រូវឈប់
- លោកអ្នកត្រូវព្យាបាលជម្ងឺរលាកលំពែងឱ្យជា
- លោកអ្នកត្រូវទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើនជាងសាច់
- បើលោកអ្នកមានឪពុកម្ដាយមានជម្ងឺនេះ លោកអ្នកត្រូវឧស្សាហ៍ពិនិត្យសុខភាពជាប្រចាំ។
ដំបូន្មានអ្នកជំនាញ
លោកអ្នកគប្បីត្រូវពិនិត្យសុខភាពជាប្រចាំ ដើម្បីតាមដានឱ្យបានជាប់លាប់ ព្រោះថាមិនចំពោះតែជម្ងឺមហារីកលំពែង នោះទេ មានជម្ងឺផ្សេងទៀតជាច្រើនដែលជាជម្ងឺលាក់មុខ ទម្រាំតែដឹងគឺហួសពេលទៅហើយ។ មួយវិញទៀតលោកអ្នកត្រូវតែទៅ រកគ្រូពេទ្យជំនាញ ដើម្បីបាញ់ឱ្យចំគោលដៅ មិនមែនចេះតែទៅផ្សំថ្នាំតាមចិត្ដនោះទេ ជាការពិតលោកអ្នកធ្វើបែបនេះអាចសន្សំ ប្រាក់បាន តែលោកអ្នកមិនអាចសន្សំសុខភាពបានទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩
Leave a Reply