ដើមទ្រូងគឺជាសម្រស់មួយផ្នែកដែលធ្វើឱ្យនារីទាំងឡាយមានភាពស្រស់ស្អាតគួរជាទីគយគន់ នៅពេលដើមទ្រូងរបស់ខ្លួន មានសភាពធំឡើងណែនក្បំ។ ដើម្បីទទួលបានដើមទ្រូងគួរជាទីស្រឡាញ់នោះ ស្ដ្រីមួយចំនួនសម្រេចចិត្ដធ្វើការកែដើមទ្រូងរបស់ខ្លួន ដោយវិធីផ្សេងៗជាច្រើន ក្នុងនោះក៏មានការពេញនិយមចំពោះការកែដើមទ្រូងដោយការវះកាត់ផងដែរ។ ការវះកាត់កែដើមទ្រូង ទោះបីជាបានផ្ដល់អត្ថប្រយោជន៍ក៏ពិតមែន តែវាក៏មានផលប៉ះពាល់មួយចំនួនដែលត្រូវមានការព្រួយបារម្ភផងដែរ។
សូមលោកអ្នកធ្វើការស្វែងយល់ជាមួយទស្សនាវដ្ដី សុខភាពយើង តាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងលោក ធឿង ច័ន្ទ សីហា អ្នកជំនាញខាងវះកាត់កែសម្ផស្សនៅមន្ទីរសម្រាកព្យាបាលសុខហុកជាបន្ដទៅទៀតជាមួយការវះកាត់កែដើមទ្រូង។
ដើមទ្រូងជាភាពស្រស់ស្អាត
ទោះបីជាមានដើមទ្រូងតូចឬធំគឺជារឿងធម្មជាតិ តែបើស្ដ្រីទាំងឡាយមានភព្វសំណាងទទួលនូវដើមទ្រូងដែលតឹងណែនក្បំ ល្អហើយនោះគឺ កាន់តែផ្ដល់ភាពទាក់ទាញ និងជាទីពេញចិត្ដមួយផ្នែកទៀតនៃសម្រស់របស់ពួកគេ។ ដើម្បីបំពេញបំណងប្រាថ្នាដែលចង់បាននូវដើមទ្រូងដ៏ស្រស់ស្អាត ស្ដ្រីមួយចំនួនដែលមានបញ្ហាដើមទ្រូងតូចយារធ្លាក់គ្មានក្រពេញសុដន់ បានជ្រើសរើសយកវិធីកែដើមទ្រូងរបស់ខ្លួនដោយការវះកាត់។ ស្ដ្រីទាំងឡាយតែងទទួលបានដើមទ្រូងគួរជាទីពេញចិត្ដបន្ទាប់ពីទទួលការវះកាត់ តែទន្ទឹមនឹងនោះការវះកាត់កែដើមទ្រូង ក៏អាចមានផលប៉ះពាល់មួយចំនួនផងដែរ។
ផលប៉ះពាល់នៃការវះកាត់ដើមទ្រូង
ដើម្បីចៀសវាងនូវបញ្ហាមួយចំនួន មុននឹងធ្វើការវះកាត់ ក្រុមគ្រូពេទ្យជំនាញត្រូវដឹងអំពីអ្នកជម្ងឺថាស្បែកមានប្រតិកម្មជា មួយអ្វីទេ មានបញ្ហាឈាមក្រកកឬទេ ត្រូវថតសុដន់មើលថាមានដុំអ្វីនៅក្នុងនោះទេ ដើម្បីឱ្យដឹងថាជាដុំមហារីកឬមិនមែន។ បើមិនជាដុំមហារីក យើងអាចធ្វើការវះកាត់បាន តែបើជាដុំមហារីកវិញនោះ ប្រការល្អកុំវះកាត់ចៀសវាងមានបញ្ហា ចំពោះការតាមដានមហារីកនេះដែលអាចបាំងដោយសារស៊ីលីកូន។ ជាបញ្ហាមួយដែលត្រូវព្រួយបារម្ភខ្លាំងបំផុតចំពោះស្ដ្រីដែលមានវ័យជាង៤០ឆ្នាំ គឺមានការលំបាកនៅពេលដែលចង់ទៅឆ្លុះពិនិត្យរកដុំក្នុងសុដន់គឺអាចច្រឡំជាមួយនឹងដុំស៊ីលីកូន ធ្វើឱ្យយើងមិនអាចដឹងច្បាស់។ ដូច នេះជាប្រការមួយដែលត្រូវប្រុងប្រយ័ត្នចំពោះស្ដ្រីដែលមានវ័យជាង៤០ឆ្នាំនេះ បន្ទាប់ពីការវះកាត់ដើមទ្រូងរួច។
ដំបូន្មានអ្នកជំនាញ
បន្ទាប់ពីការព្យាបាលរួច យើងត្រូវមកពិនិត្យតាមការណាត់ជួបរបស់វេជ្ជបណ្ឌិតដើម្បីធ្វើការតាមដាន។ នៅពេលមានផ្ទៃ ពោះបើសិនជាអាចមិនត្រូវបំបៅដោះកូននោះទេ ព្រោះអាចធ្វើឱ្យដោះរីក និងមានការប្រែប្រួលឡើងវិញ។ តែភាគច្រើនស្ដ្រីដែលមក ធ្វើការវះកាត់នេះគឺមិនសូវចង់បានកូនប៉ុន្មានទេ។ ប្រការដែលគួរធ្វើមួយទៀត គឺនៅពេលដែលងូតទឹកឧស្សាហ៍ស្ទាបដោយលើកដៃ ឡើងហើយស្ទាបថាមានដុំពកកន្លែងណាទេ បើសិនជាមានពកត្រូវរួសរាន់មកធ្វើការពិនិត្យមើលឱ្យទាន់ពេលវេលា ដើមី្បដឹងថាជាដុំស៊ីលីកូន ឬជាដុំអ្វីផ្សេងពីនេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
Leave a Reply