ស្បែកស្ងួតជាការពិបាកមួយសម្រាប់ស្ដ្រី ព្រោះពួកគេត្រូវប្រឈមមុខនឹងបញ្ហាបាត់សម្រស់ស្បែក។ ស្បែកស្ងួតពិបាក តុបតែងកែបញ្ហា ព្រោះមិនដឹងថាត្រូវបិទបាំងដោយវិធីណា ព្រោះស្បែកមិនអាចគេចចេញពីក្រសែភ្នែករបស់អ្នកដទៃបានទេ។ ស្បែក ស្ងួតកើតឡើងដោយសារហេតុផលជាច្រើន។ ហេតុនេះសុភាពនារីទាំងអស់ត្រូវតែស្វែងយល់ទើបអាចការពារក៏ដូចជាកម្ចាត់ស្បែក ស្ងួតទាំងនេះបាន។ សូមស្វែងយល់ជាមួយទស្សនាវដ្ដី សុខភាពយើង អំពីមូលហេតុ និងវិធីកែបញ្ហាស្បែកស្ងួត។
ដូចម្ដេចដែលហៅថាស្បែកស្ងួត?
តាមប្រសាសន៍របស់លោកស្រី លីរ៉ា នីរ៉ាន់ នាយិកាមជ្ឈមណ្ឌលកែសម្ផស្សសម្រស់ភ្នំពេញបានឱ្យដឹងថា ប្រសិនបើស្បែករបស់លោកអ្នកមានប្រេះស្រកាឬរបក ឬពេលខ្លះមានអាការរមាស់ផងនោះ ស្បែករបស់លោកអ្នកជាប្រភេទស្បែកស្ងួតហើយ ។ លោកអ្នកអាចសាកល្បងសង្កេតមើល បន្ទាប់ពីងូតទឹកសម្អាតកាយរួច ពេលដែលស្បែកចាប់ផ្ដើមស្ងួត តើលោកអ្នកមានអាការ រមាស់ ឬក្រហាយស្បែកដែរឬទេ? បើមាន ចាត់ទុកថាជាប្រភេទស្បែកស្ងួត។ ម្យ៉ាងទៀត បន្ទាប់ពីលុបលាងសម្អាតមុខដោយសាប៊ូ ប្រភេទស្រាល និងទឹកក្ដៅឧណ្ហៗរួចហើយ សូមទុកឱ្យស្ងួតទឹកដោយមិនបាច់លាបក្រែមថែស្បែកអ្វីរយៈពេល៣ម៉ោង។ បន្ទាប់មកសូម យកក្រដាសសម្រាប់ផ្ដិតជាតិខ្លាញ់មកផ្ដិតនៅតាមថ្ងាស ថ្ពាល់ ច្រមុះ និងចង្កា ដើម្បីពិនិត្យមើលថា ស្បែករបស់លោកអ្នកមានលក្ខណៈ យ៉ាងដូចម្ដេច។ ប្រសិនបើលោកអ្នកមានស្បែកខ្លាញ់ក្រដាសគ្រប់សន្លឹក ជោកខ្លាញ់យ៉ាងច្បាស់ ប៉ុន្ដែប្រសិនបើស្បែករបស់លោក អ្នកជាប្រភេទស្បែកលាយផ្សំវិញ ក្រដាសដែលប៉ះច្រមុះ។
មូលហេតុដែលនាំឱ្យស្បែកស្ងួត
មានច្រើនកត្ដារួមផ្សំគ្នា ទាំងការទទួលទាន ដំណើរជីវិតប្រចាំថ្ងៃ និងបរិស្ថានខាងក្រៅ ដែលចៀសវាងមិនបាន។ លោកអ្នក គួរស្វែងយល់ពីប្រភពមូលហេតុដែលបំផ្លាញស្បែកឱ្យបានច្បាស់ ដើម្បីចៀសវាង និងការពារស្បែករបស់លោកអ្នក។
- ពន្លឺថ្ងៃចាត់ទុកជាសត្រូវសំខាន់របស់ស្បែក ប្រសិនបើនៅកណ្ដាលថ្ងៃយូរ ដោយមិនលាបក្រែមការពារកម្ដៅថ្ងៃនោះ ស្បែកនឹងចាប់ផ្ដើមស្ងួតបន្ដិចម្ដងៗ រហូតឃើញស្នាមជ្រីវជ្រួញកាន់តែច្បាស់។
- កង្វះជាតិទឹកក្នុងស្បែកស្រទាប់ក្រៅ ធ្វើឱ្យស្បែកស្ងួត។ ជាធម្មតា យើងគួរតែមានកម្រិតជាតិទឹកនៅក្នុងស្រទាប់ក្រោម ស្បែក១០-២០% ប្រសិនបើកម្រិតជាតិទឹកតិចជាងធម្មតា ស្បែកនឹងចាប់ផ្ដើមស្ងួតជាមិនខាន។
- ក្រពេញផលិតជាតិខ្លាញ់អាចធ្វើការមិនបានល្អដូចមុន ទើបធ្វើឱ្យស្បែកខ្វះសំណើម កើតទៅជាស្នាមជ្រីវជ្រួញតូចៗលើ ស្បែក។
- បរិស្ថានពុលក្នុងទីក្រុងក៏ជាកត្ដាបំផ្លាញស្បែក ធ្វើឱ្យស្បែករបស់ស្ដ្រីបាត់បង់សំណើមនឹងក្លាយទៅជាស្បែកស្ងួត។
- ការធ្វើដំណើរការតាមយន្ដហោះជាប្រចាំដែលមានអាកាសធាតុស្ងួតជាងធម្មតា ក៏អាចធ្វើឱ្យស្បែកស្ងួតបានដែរ។ ដូច្នេះ គួរដាក់ក្រែមថែស្បែកជាប់ខ្លួនជានិច្ច ដើម្បីអាចយកមកប្រើថែស្បែកក្នុងពេលធ្វើដំណើរបាន។
- ការថែស្បែកខុសរបៀប និងមិនសមស្របនឹងសភាពស្បែករបស់អ្នក នឹងធ្វើឱ្យស្បែកកាន់តែស្ងួត ដូចជាប្រើសាប៊ូដែល មានកម្រិតប៉េអាស៍ខ្ពស់ ប្រើម៉ាសបិទមុខ ឬខាត់ស្បែកមុខញឹកញាប់ ប្រើទឹកជូតសម្អាតស្បែកដែលមានលាយជាតិអាល់កុល ជាដើម។
- អាយុកាន់តែច្រើន ធ្វើឱ្យអ័រម៉ូនមានការប្រែប្រួល ការផលិតជាតិខ្លាញ់តាមធម្មជាតិរបស់ស្បែកមានការថយចុះ ធ្វើឱ្យ ស្បែកមានភាពស្ងួត ស្រពោនទៅតាមវ័យ។
- ការជក់បារី ទទួលទានគ្រឿងស្រវឹង ឬកាហ្វេច្រើនពេក ក៏អាចធ្វើឱ្យស្បែកស្ងួតបានដែរ ហើយនឹងធ្វើឱ្យមុខរបស់លោក អ្នកមើលទៅចាស់ជាងអាយុទៀតផង។
វិធីកែខៃបញ្ហាស្បែកស្ងួត
ប្រសិនបើលោកអ្នកជាមនុស្សស្បែកស្ងួត ឬចង់ចៀសវាងបញ្ហាស្បែកស្ងួតដោយប្រការផ្សេងៗ លោកអ្នកគួរសាកល្បង អនុវត្ដតាមការណែនាំខាងក្រោម ៖
- លាបក្រែមផ្ដល់សំណើមដល់ស្បែក និងវីតាមីនែ ជាប្រចាំដើម្បីជួយស្ដុកទឹក និងជួយផ្ដល់សំណើមដល់ស្បែក
- ប្រើក្រែម ឬឡេថែស្បែកដែលមានសមាសធាតុនៃអាស៊ីដផ្លែឈើ AHA(អេអេដ៍អេ)ខ្លះ ដើម្បីឱ្យស្បែក
មានភាពទន់ល្មើយ ថែមទាំងជួយកម្ចាត់កោសិកាដែលសឹករេចរឹលទៀតផង។ - លុបលាងមុខដោយទឹកស្អាតធម្មតានៅពេលព្រឹកជាការគ្រប់គ្រាន់ហើយ លុះពេលល្ងាចសឹមលុបលាងមុខដោយសាប៊ូ សម្អាតមុខ រូបមន្ដស្រាល ដើម្បីឱ្យជាតិទឹកក្នុងរាងកាយងាយនឹងរំហួត។
- ផលប៉ះពាល់នៃក្រែមកែអាការប្រតិកម្ម ឬកមរមាស់ ដែលមានលាយសារធាតុស្ដេរ៉ូអ៊ីដធ្វើឱ្យស្បែកកាន់តែស្ងួត ដូច្នេះ លោកអ្នកគួរប្រើវាចំពោះតែករណីចាំបាច់ប៉ុណ្ណោះ។
- មិនគួរខាត់ស្បែក ឬឆ្ពុងចំហុយខ្លួន ព្រោះវានឹងធ្វើឱ្យស្បែកកាន់តែស្ងួត ប៉ុន្ដែបើគ្រាន់តែចង់សាកល្បងធ្វើនឹងគេសាក មើល គួរត្រៀមក្រែមថែស្បែកទៅជាមួយ និងលាបលើស្បែកភ្លាមៗ បន្ទាប់ពីធ្វើរួច ដើម្បីជួយថ្នមស្បែក។
- ប្រសិនបើចង់ខាត់ស្បែក គួរសាកល្បងខាត់ដោយទឹកដោះគោ ព្រោះអាស៊ីដឡាក់ទិក ឬឡេកទិកក្នុងទឹកដោះគោនឹង ជួយជម្រុះកោសិកាស្បែកដែលសឹករេចរឹល ព្រមទាំងធ្វើឱ្យស្បែករក្សាសំណើមបានល្អ។
- លាបក្រែមការពារកម្ដៅថ្ងៃជានិច្ច ដើម្បីជួយការពារស្បែកមិនឱ្យស្ងួត និងទ្រុឌទ្រោមមុនវ័យ។
- ទទួលទានទឹកឱ្យបានច្រើន ក្នុងមួយថ្ងៃ៨កែវយ៉ាងតិច ស្បែករបស់លោកអ្នកនឹងទទួលបានសំណើមពីខាងក្នុង។
- ប្រសិនបើលោកអ្នកត្រូវនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ គួរដាក់កែវមានទឹកនៅក្បែរខ្លួន ជាការបន្ថយការបាត់បង់ សំណើមចំពោះស្បែក។
- សម្រួលសីតុណ្ហភាពក្នុងបន្ទប់ គឺនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ គួរតែសម្រួលឱ្យមានសីតុណ្ហភាពសមរម្យល្មម មិនត្រូវឱ្យ ត្រជាក់ពេកទេ ព្រោះវានឹងធ្វើឱ្យស្បែកកាន់តែស្ងួត។
- ទទួលទានអាហារប្រភេទសណ្ដែក រួមទាំងថ្លើម ស៊ុត ប័រស្រស់ ត្របែក ល្ហុង ពោត និងត្រួយបន្លែផ្សេងៗ ដែលសុទ្ធតែមានប្រយោជន៍ចំពោះស្បែករបស់លោកអ្នក។
ដំបូន្នានអ្នកជំនាញ
សូមការពារកុំឱ្យស្បែកស្ងួត ដើម្បីសម្រស់ និងសុខភាពរបស់លោកអ្នក។ ប្រសិនបើលោកអ្នកមានបញ្ហាស្បែក ឬចង់កែ សម្រស់ស្បែក សូមរកគ្រូពេទ្យជំនាញដើម្បីឱ្យប្រាកដក្នុងចិត្ដថា ស្បែករបស់លោកអ្នកមិនខូច។ សូមកុំជឿតាមការឃោសនានានា ដែលគ្មានមូលដ្ឋានពិតប្រាកដ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
Leave a Reply