ស្ដ្រីមួយចំនួនអាចមានបញ្ហាសម្រស់ ដូចជាបញ្ហាស្បែកយារធ្លាក់ខ្លាំង និងមានខ្លាញ់ច្រើនដូចជានៅផ្នែកកំភួនជើង ឬកំភួន ដៃជាដើម។ នារីតែងមានការព្រួយបារម្ភចំពោះបញ្ហាស្បែកយារធ្លាក់ទាំងនេះ ពិសេសចំពោះផ្នែកកំភួនដៃ។ បច្ចុប្បន្ននេះគឺមានវិធីបន្ដឹងកំភួនដៃដែលជាប្រភេទមួយនៃការវះកាត់កែសម្ផស្ស ដែលធ្វើឱ្យកំភួនដៃមានសភាពតឹងស្អាតឡើងវិញ។ តើវិធីបន្ដឹងកំភួនដៃនេះធ្វើឡើងដូចម្ដេច?
ទស្សនាវដ្ដី សុខភាពយើង បានជួបធ្វើសម្ភាសន៍មួយជាមួយលោកវេជ្ជបណ្ឌិត ស្រេង រាសី គ្រូពេទ្យជំនាញសើស្បែក នៅមជ្ឈមណ្ឌលព្យាបាលអាមេរិកកាំងអំពីបញ្ហាស្បែកកំភួនដៃយារនេះ។
វិធីបន្ដឹងកំភួនដៃ
ចំពោះស្ដ្រីគ្រប់រូបដែលមានបញ្ហាស្បែកយារធ្លាក់ខ្លាំង និងស្បែកមានខ្លាញ់ច្រើននៅផ្នែកកំភួនដៃនេះ គឺអាចទៅធ្វើការបន្ដឹង កំភួនដៃនេះតាមវិធីពីររបៀបដូចខាងក្រោម ៖
1 . វិធីទី១ ចំពោះស្បែកមានខ្លាញ់ ៖ ចំពោះស្បែកប្រភេទនេះយើងត្រូវធ្វើការបូមខ្លាញ់ចេញ ដោយដំបូងបូមខ្លាញ់ទៅលើ ផ្នែកកំភួនដៃ រួចពាក់ហ្គែនរឹតវាឱ្យតឹង ឬពាក់សម្លៀកបំពាក់ណាដែលរឹបតឹងដើម្បីឱ្យឆាប់ស្រក។ ពេលដែលធ្វើការព្យាបាលដូចនេះ ហើយ យើងនឹងឃើញថាស្បែករបស់យើងនឹងរួមតឹងមកវិញ។
2 . វិធីទី២ ចំពោះស្បែកដែលយារធ្លាក់ខ្លាំង ៖ ក្នុងករណីស្បែកដែលគ្មានខ្លាញ់តែវាធ្លាក់យារខ្លាំង នេះជាករណីមួយដែល ច្រើនតែកើតមានចំពោះមនុស្សវ័យចំណាស់។ យើងត្រូវធ្វើការវះកាត់ស្បែកដែលធ្លាក់យារនោះចោលមួយចំនួន ដែលបន្ទាប់ពីការវះ កាត់នឹងអាចមានស្នាមមួយចំនួន។ បើសិនជាអ្នកជម្ងឺធ្លាប់វះកាត់ពីមុនមក ក្រុមវេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យយ៉ាងម៉ត់ចត់ថា ដើម្បីកុំឱ្យ មានបញ្ហានៅពេលវះកាត់។ មុនធ្វើការវះកាត់ក្រុមគ្រូពេទ្យជំនាញនឹងត្រូវដឹងអំពីផ្នែកសុខភាពរបស់អ្នកជម្ងឺដែលមកធ្វើការវះកាត់ នោះថា មានជម្ងឺធ្ងន់ធ្ងរមួយចំនួនឬទេ ដូចជាមានបញ្ហាឈាមក្រកក ឬមានលេបថ្នាំធ្វើឱ្យឈាមរាវឬទេ ហើយមានជម្ងឺដូចជាពពួក ដែលទាក់ទងជាមួយនឹងសរសៃវ៉ែនឬទេ។ បើសិនជាគ្មានបញ្ហាទាំងអស់នេះទេ យើងអាចធ្វើការវះកាត់បានដោយជោគជ័យ។ ប៉ុន្ដែ ភាគច្រើនអ្នកជម្ងឺដែលមកធ្វើការវះកាត់គឺជាស្ដ្រីដែលមានវ័យក្មេង ដូចនេះមិនសូវចោទជាបញ្ហាផ្នែកសុខភាពប៉ុន្មានទេ។ បើសិនជាការវះកាត់បានល្អត្រឹមត្រូវ គឺមិនមានផលប៉ះពាល់អ្វីទេ។
ប្រការគួរប្រតិបត្ដិបន្ទាប់ពីការវះកាត់
នៅពេលដែលធ្វើការវះកាត់រួចដោយការបូមជាតិខ្លាញ់ចេញ អ្នកជម្ងឺត្រូវពាក់ហ្គែនរឹតឱ្យតឹង ឬក៏សម្លៀកបំពាក់ដែលរឹតតឹង ប្រហែលជាបួនសប្ដាហ៍ទៅប្រាំមួយសប្ដាហ៍។ បន្ទាប់មកអ្នកជម្ងឺត្រូវមកតាមដានពីការវិវឌ្ឍន៍នៃការវះកាត់បន្ដឹងកំភួនដៃនេះ តាមការណាត់ជួបរបស់វេជ្ជបណ្ឌិត។ ចំពោះអាហារគឺមិនចាំបាច់តមនូវចំណីអ្វីទេ តែយើងត្រូវតមការធ្វើកីឡាធ្ងន់ៗមួយចំនួនរយៈពេលដែល វះកាត់នេះសិន។
ដំបូន្មានអ្នកជំនាញ
បន្ទាប់ពីធ្វើការវះកាត់បន្ដឹងកំភួនដៃនេះរួច វានឹងអាចមានសភាពដើមមកវិញ បើសិនជាអ្នកជម្ងឺធ្វើឱ្យខ្លួនឯងមានការ ឡើងទម្ងន់។ ដូចនេះនៅពេលធ្វើការព្យាបាលរួច សំខាន់បំផុតគឺត្រូវចេះថែរក្សារាងឱ្យបានល្អ ដើម្បីការពារកុំឱ្យមានកំភួនដៃដែលយារធ្លាក់ និងមានខ្លាញ់ច្រើនមកវិញ ហើយចៀសវាងមកធ្វើការបន្ដឹងម្ដងទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
Leave a Reply