សព្វថ្ងៃនេះមានស្ដ្រីជាច្រើនដែលកង្វល់ពីបញ្ហាមាត់ស្បូន និងជម្ងឺកាមរោគដែលអាចធ្វើឱ្យស្ដ្រីមួយចំនួនមិនអាចមានកូនចៅបាន។ ពេលខ្លះទៀតនោះក៏អាចធ្វើឱ្យស្ដ្រីប្រឈមមុខនឹងគ្រោះថ្នាក់ផ្សេងៗ ដូចជាជម្ងឺស្វាយប្រមេះ ជាពិសេសអាចនឹងឆ្លងជម្ងឺអេដស៍ បានយ៉ាងងាយទៀតផង។ នេះហើយជាកត្ដាមួយដែលធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំងចំពោះអ្នកដែលមានដៃគូច្រើន ហើយមិនដឹងថាដៃគូរបស់ខ្លួនមានផ្ទុកនូវជម្ងឺកាមរោគដែរឬអត់។
ទស្សនាវដ្ដី សុខភាពយើង បានធ្វើការសម្ភាសន៍ជាមួយលោកស្រីវេជ្ជបណ្ឌិត ជូ ពិន ឯកទេសសម្ភព និងរោគស្ដ្រីនៃមន្ទីរ ពេទ្យកាល់ម៉ែត ធ្វើការបកស្រាយអំពីជម្ងឺកាមរោគដើម្បីឱ្យបងប្អូនមិត្ដអ្នកអានបានយល់ដឹង។
ជម្ងឺកាមរោគ ជាអ្វី?
កាមរោគជាជម្ងឺមួយប្រភេទដែលអាចឆ្លងតាមរយៈការរួមភេទជាមួយអ្នកដែលមានផ្ទុកជម្ងឺកាមរោគ។ បើការរួមភេទ នោះមានដៃគូតែមួយ ហើយគ្មានកើតជម្ងឺកាមរោគទេនោះ ក៏មិនអាចធ្វើឱ្យដៃគូមួយទៀតនោះកើតជម្ងឺកាមរោគបានដែរ។ ជម្ងឺមួយ ចំនួនដែលអាចចាត់ទុកថាជាជម្ងឺកាមរោគបាន មានដូចជាជម្ងឺស្វាយ ជម្ងឺប្រមេះជាដើម។
រោគសញ្ញាជម្ងឺកាមរោគ
ភាគច្រើនជម្ងឺនេះមិនសូវជាលេចរោគសញ្ញាចំពោះបុរសប៉ុន្មានទេ វាច្រើនតែមានរោគសញ្ញាចំពោះតែស្ដ្រីភេទ។ ប៉ុន្ដែរោគ នេះវាបង្ហាញចេញមកច្រើនតែជ្រុលដំណើរទៅហើយ ទើបចេញជារោគសញ្ញាដែលធ្វើឱ្យស្ដ្រីមួយចំនួនមកកាន់មន្ទីរពេទ្យ។ រោគ សញ្ញាភាគច្រើនចេញដូចជាផ្កាស្ពៃ បើមានការរួមភេទតាមទ្វារមាស វាកើតនៅលើទ្វារមាស។ ហើយបើមានការរួមភេទតាមមាត់ នោះ វាកើតចេញនៅជុំវិញមាត់ ឬជាពងបែកនៅលើទ្វារមាស ឬនៅជុំវិញមាត់។
ភាគច្រើនស្ដ្រីដែលកើតជម្ងឺកាមរោគតែងតែមានធ្លាក់ស ដែលមានពណ៌លឿង បៃតង ហើយរាងខាប់ៗដូចជាទឹកដោះគោ មានធុំក្លិនស្អុយ រមាស់ទ្វារមាស ពងបែក ខ្ទុះនៅជុំវិញទ្វារមាស ឬកន្លែងរន្ធនោម ក្ដៅក្នុងទ្វារមាស ក្រហល់ក្រហាយទ្វារមាស រហូត ឡើងកូនកណ្ដុរក្រលៀន។ នៅពេលខ្លះទៀតអាចមានអាការឈឺពោះទាំងសងខាង នោមក្រហាយ មានដុះសាច់ដូចជាសិរមាន់ វាអាស្រ័យទៅតាមប្រភេទមេរោគដែលបង្កនីមួយៗ ដែលវាអាចបង្ហាញឱ្យឃើញរយៈពេលពី២ទៅ៣ថ្ងៃ ឬ១៥ថ្ងៃ ឬអាច៣សប្ដាហ៍ ក្រោយពេលឆ្លង។
មូលហេតុបង្កជម្ងឺកាមរោគ
ជម្ងឺនេះកើតឡើងមកពីការរួមភេទ។ ប្រសិនបើការរួមភេទរបស់ប្ដីប្រពន្ធមួយគូដែលប្ដីមិនមានកើតជម្ងឺកាមរោគនោះ ធ្វើ ឱ្យភរិយាក៏មិនអាចកើតជម្ងឺកាមរោគបានដែរ។ ប៉ុន្ដែបើស្វាមីទៅមានស្រីនៅខាងក្រៅផ្ទះ ហើយស្រីនោះមានផ្ទុកជម្ងឺកាមរោគ ធ្វើឱ្យ ស្វាមីឆ្លងជម្ងឺ។ ពេលដែលធ្វើការរួមភេទជាមួយភរិយា ប្ដីបានចម្លងមេរោគនោះមកកាន់ប្រពន្ធ។ ហើយបើប្រពន្ធទៅរួមភេទជាមួយប្រុសណាម្នាក់វិញនោះ អាចឆ្លងជម្ងឺកាមរោគពីមនុស្សប្រុសនោះ ពេលដែលនាងមករួមភេទជាមួយប្ដីនាង ប្ដីនាងក៏អាចឆ្លងជម្ងឺនេះពីនាងបានដែរ។
ការព្យាបាលជម្ងឺកាមរោគ
ភាគច្រើនពេលដែលមកដល់មន្ទីរពេទ្យ គ្រូពេទ្យធ្វើការពិនិត្យទៅលើស្ដ្រីនោះ ដោយត្រួតពិនិត្យមាត់ស្បូនតាមរយៈការ យកសទៅពិនិត្យ។ ហើយបើមានជម្ងឺកាមរោគពិតមែន គេនឹងធ្វើការព្យាបាលដោយមានការដុត ការប្រើប្រាស់ឱសថ និងយកសាច់ ស្បូននោះទៅវិភាគ ថាតើវាជាមេរោគប្រភេទអ្វី តើអាចបណ្ដាលឱ្យកើតជម្ងឺមហារីកបានដែរឬទេ និងផ្ដល់ថ្នាំជូនដល់អ្នកជម្ងឺទៅតាម ការដែលវិភាគឃើញនោះ។
ជម្ងឺកាមរោគអាចធ្វើឱ្យគ្មានកូន
ការអត់កូនអាចបណ្ដាលមកពីបញ្ហាមួយចំនួន ពេលខ្លះអាចបណ្ដាលមកពីបុរស ហើយពេលខ្លះទៀតក៏អាចបណ្ដាលមកពី ស្ដ្រីផងដែរ។ កត្ដាទាំងនោះមានដូចជា ៖
- មកពីមនុស្សប្រុសនោះឯងគ្មានមេជីវិតឈ្មោល
- មកពីដៃស្បូនមនុស្សស្រីមានការរលាក ឬដៃស្បូនកំពិត
- មកពីតួស្បូនមិនអាចទទួលយកកូនបាន
- មកពីស្បូនមិនអាចទទួលយកកូនបាន
1. ការរលាកដោយមេរោគនៃជម្ងឺកាមរោគ ដែលមិនអាចឱ្យមានកូនបានច្រើនជាងគេគឺ ជម្ងឺប្រមេះទឹកបាយ និងប្រមេះ ទឹកថ្លា។
ការកើតជម្ងឺកាមរោគយូរទៅ ធ្វើឱ្យអ្នកជម្ងឺមានការរលាកនៅដៃស្បូន ហើយវាអាចបង្កឱ្យទៅជាមហារីកបានទៀតផង បើយើងមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេនោះ។ ពេលដែលអ្នកជម្ងឺធ្វើការរួមភេទ មេជីវិតឈ្មោល និងមេជីវិតញីបានបណ្ដើរគ្នាទៅកាន់ស្បូន។ ប៉ុន្ដែបើមានការរលាកនៅដៃស្បូននោះ ធ្វើឱ្យដៃស្បូនតូចចង្អៀត ពិបាកឱ្យមេជីវិតធ្វើដំណើរឆ្លងកាត់ទៅដល់ស្បូន ធ្វើឱ្យអាក់ខានដំណើរបង្កកំណើត រហូតដល់ពេលដែលវាផ្ទុះបែកតែម្ដងដែលយើងហៅថាកូនក្រៅស្បូន។ ស្ដ្រីមានការចុកពោះផ្នែកខាងស្ដាំ ឬនៅខាងឆ្វេងជាខ្លាំង និងពេលខ្លះទៀតអាចធ្លាក់ឈាមមកទៀតផង។ កូនក្រៅស្បូននេះមានរយៈពេលត្រឹមពី១ខែកន្លះ ទៅរយៈពេល២ខែ ឬអាច២ខែកន្លះទៅតាមទំហំនៃកន្លែងដែលទុំ។ បើការបង្កកំណើតពិបាក នាំឱ្យភាគរយនៃការមានកូនត្រូវបាន ថយចុះ។
ផលវិបាកនៃការអត់កូន
មនុស្សយើងបន្ទាប់ពីចាប់ដៃគ្នាជាប្ដីប្រពន្ធរួចមក តែងតែចង់បានកូនជាទីស្រឡាញ់ដើម្បីផ្សាភ្ជាប់ខ្សែចំណងស្នេហ៍ ក៏ដូចជា និស្ស័យរវាងប្ដីប្រពន្ធទាំងពីរនាក់។ ប៉ុន្ដែបើស្ដ្រីមិនមានកូនជូនប្ដីទេ ប្រាកដជាប្ដីរបស់ស្ដ្រីនោះទៅមានស្រីថ្មីជាក់ជាមិនខាន។ បញ្ហាមួយទៀតនោះ បើលោកអ្នកគ្មានកូនធ្វើឱ្យមានការអផ្សុក កណ្ដោចកណ្ដែងតែម្នាក់ឯង គ្មានអ្នកយល់ចិត្ដ និងមានការពិបាកនៅពេល ដែលខ្លួនឯងចាស់ទៅគ្មានអ្នកមើលថែរក្សា។ ជាទូទៅគេតែងតែចង់បានកូនដើម្បីបន្ដពូជពង្សវង្សត្រកូលតទៅទៀត មិនចង់ឱ្យដាច់ ពូជពង្សឡើយ។
ចំពោះសុខភាពវិញនោះ ជម្ងឺកាមរោគផ្ដល់ផលពិបាកដូចជាអាចបណ្ដាលឱ្យកើតជម្ងឺមហារីកមាត់ស្បូន ធ្វើឱ្យស្ដ្រីមានធ្លាក់ ឈាមច្រើន ឬអាចឆ្លងជម្ងឺអេដស៍បានទៀតផង និងអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺធ្វើឱ្យស្ដ្រីនោះពិបាកនឹងមានកូន។
វិធីបង្ការជម្ងឺកាមរោគ
លោកអ្នកត្រូវតែមានដៃគូដែលគ្មានជម្ងឺកាមរោគ។ បើលោកអ្នកមិនទុកចិត្ដគ្នាទៅវិញទៅមកនោះទេ លោកអ្នកអាច ប្រើប្រាស់ស្រោមអនាម័យពេលដែលរួមភេទជាមួយដៃគូ នេះជាវិធីមួយប្រសើរបំផុតសម្រាប់លោកអ្នក។ នារីៗគួរតែមានពេលវេលា សម្រាប់ទៅកាន់មន្ទីរពទ្យ ដើម្បីពិនិត្យសុខភាពមាត់ស្បូនឱ្យទៀងទាត់ជារៀងរាល់ឆ្នាំ(មួយឆ្នាំម្ដង)។
ដំបូន្មានអ្នកជំនាញ
សូមស្ដ្រីគ្រប់រូបព្យាយាមមកកាន់មន្ទីរពេទ្យជារៀងរាល់មួយឆ្នាំម្ដង ដើម្បីពិនិត្យសុខភាពមាត់ស្បូន។ ចៀសវាងការរលាក មាត់ស្បូនដែលជាហេតុធ្វើឱ្យកើតជម្ងឺមហារីក។ សូមធ្វើការព្យាបាលនៅពេលដែលវាស្ថិតនៅភាពធូរស្រាល កុំទុកឱ្យយូរហួសពេល ទើបធ្វើការព្យាបាល ប្រសិទ្ធភាពនៃការជាមានតិច ចំណាយពេលវេលាច្រើន និងថវិកាច្រើនផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
Leave a Reply