សូលីដូ ជាតារាមួយដួងដែលតែងតែបំពេបេះដូងរបស់យុវវ័យគ្រប់ស្រទាប់។ ដោយសារតែទឹកដមសំនៀងដ៏ពីរោះរបស់ លោក ជាមួយរូបរាងដ៏ស្រស់សង្ហា សម្បុរស្រអែម និងទឹកមុខមាំបែបខ្មែរអង្គរ បានធ្វើឱ្យតារារូបនេះទទួលការពេញនិយមមិនចាញ់ តារាល្បីផ្សេងៗទៀតនោះទេ។ ពិសេសរូបរាងដ៏រឹងប៉ឹង និងខ្ពស់ស្រឡះបែបនេះ បានបង្កើតជាចម្ងល់ជាច្រើនដល់មិត្ដបុរសទាំង អស់ដែលចូលចិត្ដនូវរាងកាយដែលពោរពេញទៅដោយសាច់ដុំរឹងមាំ ដែលចង់ដឹងនូវវិធីសាស្ដ្រដែលធ្វើឱ្យលោកមានរាងសង្ហា និង សុខភាពល្អបែបនេះ។
ប្រវត្ដិមុនពេលចូលសិល្បៈ
លោក សូលីដូ ជាតារាចម្រៀងដែលទទួលបានការជោគជ័យគួរសមក្នុងពិភពចម្រៀង។ កាលពីឈានជើងចូលក្នុងពិភព សិល្បៈដំបូង លោកគ្រាន់តែជាអ្នកចម្រៀងនៅតាមរង្គសាលតែប៉ុណ្ណោះ តែក្រោយមកដោយសារតែមានការជ្រោមជ្រែងពីសំណាក់ មិត្ដភក្ដិ និងអ្ន្នកគាំទ្រសម្លេងរបស់លោក ធ្វើឱ្យលោកអាចមានឱកាសឡើងសម្ដែងតាមការប្រគំតន្ដ្រីនានា រហូតដល់ផលិតកម្មសាន់ដេ ចាប់អារម្មណ៍លើសមត្ថភាពរបស់លោក និងបានទំនាក់ទំនងលោកឱ្យចូលច្រៀងក្នុងផលិតកម្ម។
ការថែរក្សាសម្រស់
បច្ចុប្បន្នលោក សូលីដូ កំពុងជាប់រវល់ និងមមាញឹកយ៉ាងខ្លាំងក្នុងការច្រៀងបទថ្មីសម្រាប់យុវវ័យឱ្យផលិតកម្មដែលលោក ទើបតែចុះកុងត្រាជាមួយ។ ប៉ុន្ដែវាមិនដែលធ្វើឱ្យលោក សូលីដូ ធ្វេសប្រហែសពីការថែរក្សាសម្រស់រាងកាយឱ្យមានភាពរឹងប៉ឹង និង មាំមួន សក្ដិសមជាបុរសពិតៗនោះឡើយ។ លោក សូលីដូ ជាតារាប្រកបដោយរសនិយមក្នុងការធ្វើឱ្យរូបរាងកាយ លោកមានរាងមាំ និងសាច់ដុំប្រកបដោយភាពទាក់ទាញបំផុត ដោយសារតែរាងកាយដ៏ស្រស់សង្ហា និងអាថ៌កំបាំងថែរក្សាខ្លួនប្រាណ របស់លោក។
- ការថែរក្សាស្បែកមុខ ៖ សម្រស់ផ្ទៃមុខជាកត្ដាសំខាន់ បើសិនជាពុំសូវយកចិត្ដទុកដាក់ក្នុងការរក្សាឱ្យបានស្អាតនោះទេ វាជាបញ្ហាហើយសម្រាប់រូបលោកដែលត្រូវប្រឈមមុខជាមួយកម្ដៅស្ទើររៀងរាល់ថ្ងៃ។ ទោះជាមានភាពមមាញឹកក្នុងការសម្ដែងនូវ បទចម្រៀងថ្មីៗរបស់លោកយ៉ាងណាក៏ដោយ លោក សូលីដូ នៅតែយកចិត្ដទុកដាក់ ដោយគ្រាន់តែប្រើប្រាស់ឡេ និងពាក់មួក សម្រាប់ការពារផ្ទៃមុខពេលសម្ដែង និងពេលត្រូវកម្ដៅថ្ងៃ។ នៅពេលយប់វិញ លោកប្រើក្រែម ឬឡេចិញ្ចឹមកោសិកាមុខ លាបនៅ លើមុខជាប្រចាំ ជាពិសេសជាងនោះទៀត លោកតែងតែលាងសម្អាតមុខមិនដែលខានជាមួយហ្វូម ដើម្បីលាងសម្អាតធូលីដីដែល តោងជាប់សាច់មុខពេលចេញទៅក្រៅ។
- ការថែរក្សាស្បែកខ្លួន ៖ សម្រាប់ការថែរក្សាអនាម័យ និងភាពស្រស់ស្អាតរបស់រាងកាយ លោក សូលីដូ ពុំសូវជា មានអ្វីពិសេសប៉ុន្មានទេ ដោយគ្រាន់ពេលខ្លះលោកប្រើប្រេង ឬឡូសិនសម្រាប់ថែរក្សានៅពេលដែលមានធុរៈត្រូវចេញទៅក្រៅ ប៉ុណ្ណោះ និងងូតទឹកឱ្យបានច្រើនដងក្នុងមួយថ្ងៃ ដោយប្រើប្រាស់ជាមួយសាប៊ូដុំធម្មតា ដែលផ្ដល់នូវប្រយោជន៍ដល់ស្បែក។
- ការថែរក្សាសក់ ៖ លោក សូលីដូ បានប្រាប់ថា ការលេងម៉ូតសក់ឱ្យត្រូវទម្រង់មុខជាការសំខាន់។ ប៉ុន្ដែត្រូវធ្វើឱ្យសក់មាន សុខភាពល្អជាមុនសិន ទើបជាការប្រសើរ ដោយគ្រាន់តែទម្លាប់កក់សក់ឱ្យបានញឹកញាប់រាល់ពេលងូតទឹក ឬកក់សក់នៅពេលមាន ពេលទំនេរជាប្រចាំ និងឧស្សាហ៍សិតសក់ និងអប់វាជាប្រចាំ។ នោះទើបធ្វើឱ្យសក់មានភាពរលោង និងងាយស្រួលក្នុងការធ្វើម៉ូត សក់ផ្សេងៗ តាមទម្រង់មុខរបស់លោក និងមិនធ្វើឱ្យមានបញ្ហារមាស់នៅតាមស្បែកក្បាល។
- ការថែរក្សាសុខភាពមាត់ធ្មេញ ៖ លោក សូលីដូ យល់ថា ភាពប្រហើរនៃក្លិនមាត់ជារឿងដែលចាំបាច់ក្នុងការយកចិត្ដទុក ដាក់បំផុត។ សម្រាប់លោក សូលីដូ មិនដែលធ្វេសប្រហែសចំពោះរឿងសុខភាពមាត់ធ្មេញម្ដងណាឡើយ។ ទោះបីជារវល់យ៉ាងណា ក៏ដោយក៏លោកឆ្លៀតពេលសម្អាតវាយ៉ាងតិចឱ្យបានពីពីរទៅបីដងដែរក្នុងមួយថ្ងៃ។ ជាពិសេសក្រៅពីការដុសសម្អាត លោកក៏បាន ប្រើប្រាស់ផលិតផលខ្ពុរមាត់ជាប្រចាំ និងចូលចិត្ដទំពាស្ករកៅស៊ូផងដែរ ដើម្បីកម្ចាត់ចោលនូវកាកសំណល់ដែលតោងជាប់ធ្មេញ។ លោកតែងតែទៅគ្លីនិកធ្មេញរៀងរាល់ខែ ដើម្បីធ្វើការសម្អាត ឬខាត់ធ្មេញឱ្យស ជាពិសេសពិនិត្យសុខភាពមាត់ធ្មេញរបស់លោក។
- ការថែរក្សាភ្នែក ៖ នៅពេលសម្ដែង និងចេញមកក្រៅ ដោយសារតែកម្ដៅនិងពន្លឺខ្លាំងដែលចាំងចូលភ្នែក ជាពិសេស ចំពោះការជះពន្លឺនៃម៉ាស៊ីនថតដែលធ្វើឱ្យមានផលវិបាកយ៉ាងខ្លាំងចំពោះភ្នែក ពេលថតលោកតែងតែប្រើវ៉ែនតាជំនួយ បើសិនជា អ្នកដឹកនាំអនុញ្ញាតឱ្យប្រើ។ ពិសេសធ្វើការសម្អាតជាមួយទឹកស្អាត និងឆ្លៀតពេលវេលាខ្លះសម្រាប់ឱ្យភ្នែកសម្រាក ដោយប្រើ ក្រណាត់ស្អាតជ្រលក់ជាមួយទឹកមកស្អំលើភ្នែកឱ្យបានបួនទៅប្រាំនាទី នៅពេលដែលមានអារម្មណ៍ថា ផ្សា ឬក៏រួយភ្នែក។
ការថែរក្សាសុខភាពរាងកាយ
- ការហាត់ប្រាណ ៖ ដើម្បីសុខភាពល្អ និងមានរាងកាយមាំមួនសក្ដិសមជាបុរសខ្មែរពេញលក្ខណៈ លោក សូលីដូ តែងតែ ហាត់ប្រាណជាប្រចាំថ្ងៃ ដោយលោកចំណាយពេលត្រឹមតែ១៥ទៅ២០នាទីប៉ុណ្ណោះ ក្រៅពីនោះបើមានពេលទំនេរពីកិច្ចការ លោក តែងតែទៅលេងកីឡាលើកដុំដែក និងកីឡាផ្សេងៗគ្រប់ចលនាដែលអាចធ្វើឱ្យលោកអាចបង្កើននូវសាច់ដុំ កម្ពស់ ក៏ដូចជារាងរៅ ស្រស់ស្អាតផងដែរ។ លោកបានពោលថា ការលេងកីឡាជាប្រចាំមិនធ្វើឱ្យយើងមានការឈឺចុកចាប់នៅតាមសន្លាក់នោះទេ ប៉ុន្ដែធ្វើឱ្យ ចលនាសាច់ដុំកន្ដ្រាក់ ហើយឡើងធំដូចដែលយើងចង់បាន។
- ការទទួលទានអាហារ ៖ មានអាហារជាច្រើនដែលមើលទៅមានសារជាតិឆ្ងាញ់ និងគួរឱ្យចង់ទទួលទាន ប៉ុន្ដែសម្រាប់រូប លោកផ្ទាល់បានបង្កើតទម្លាប់ក្នុងការបរិភោគសម្រាប់ខ្លួនឯង ដោយជ្រើសរើសតែអាហារណាដែលផ្ដល់សារៈប្រយោជន៍ដល់រាងកាយ និងប៉ះពាល់ដល់សុខភាព ដូចជាការទទួលទានបន្លែឱ្យបានច្រើនជាងសាច់ និងចៀសវាងឱ្យបានច្រើនក្នុងការទទួលគ្រឿងស្រវឹង ដែល បង្កបញ្ហាដល់សុខភាព និងសុវត្ថិភាពក្នុងការបើកបរដោយការធ្វេសប្រហែសនៅពេលស្រវឹង។ ជាពិសេសដើម្បីឱ្យសាច់នៅតែមាន ភាពស្រស់ថ្លា លោកទទួលទានផ្លែឈើ និងបន្លែឱ្យបានច្រើនជាងសាច់។
- ការទទួលទានដំណេក ៖ ទោះជាមានការជាប់រវល់យ៉ាងណាក៏ដោយ ក៏ការទទួលទានបានគ្រប់គ្រាន់នៅតែជារឿង សំខាន់សម្រាប់លោក ដើម្បីឱ្យរូបលោកមានកម្លាំងកំហែងក្នុងការបំពេញភារៈកិច្ចផ្សេងៗ។ ការទទួលទានបានគ្រប់គ្រាន់បានធ្វើឱ្យ យើងមានសុខភាពល្អ និងចៀសផុតពីជម្ងឺផ្សេងៗ ពិសេសធ្វើឱ្យស្បែកមានភាពស្រស់ស្អាត។ ការអត់ងងុយអាចធ្វើឱ្យផ្ទៃមុខប្រែប្រួល ខុសធម្មតា។ ដូច្នេះទោះជារវល់យ៉ាងណាក៏ដោយ លោកមិនដែលបំភ្លេចចោលនូវការសម្រាកម្ដងសោះ ព្រោះការសម្រាកបានគ្រប់ គ្រាន់ជួយបង្កើនថាមពលដល់យើងបានច្រើនជាងការទទួលទានទៅទៀត។
បណ្ដាំផ្ញើរបស់លោក សូលីដូ
សុភាពបុរសទាំងឡាយ គួរតែផ្ដោតសំខាន់ក្នុងការថែរក្សារាងកាយឱ្យមានភាពស្រស់សង្ហា និងមាំមួន មានសុខភាពល្អ។ ការទទួលទាននូវសារធាតុដែលមិនល្អច្រើន ធ្វើឱ្យសភាពនៃរាងកាយទាំងមូលផ្លាស់ប្ដូរ ជួនស្គមពេក ឬក៏ធាត់លើសទម្ងន់ ជាហេតុ បង្កជាជម្ងឺផ្សេងៗ។ ការហាត់ប្រាណទៀងទាត់ និងត្រឹមត្រូវ ធ្វើឱ្យរាងកាយរបស់យើងក្លាយជាបុរសពិតៗ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ សូលីដូ
- អាយុ ៖ ២៩ឆ្នាំ
- កម្ពស់ ៖ ១,៧៧
- ទម្ងន់ ៖ ៦៦គីឡូក្រាម
- ស្ថានភាពគ្រួសារ ៖ រស់នៅជាមួយឪពុកម្ដាយ
- បំណងប្រាថ្នាថ្ងៃអនាគត ៖ អ្នកជំនួញ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
Leave a Reply