ជម្ងឺ​បូសសួត

មេរោគ​ជាខ្មាំង​សត្រូវ​ដ៏ចម្បង​ដែល​ចាំតែ​សម្រុក​ចូលរុករាន ដើម្បី​បំផ្លាញ​សុខភាព។ លោកអ្នក​គប្បី​ការពារ​ខ្លួន ឱ្យបានត្រឹម​ត្រូវ ដើម្បី​ចៀសផុត​នូវ​បញ្ហា​ធ្ងន់ធ្ងរ​ទាំងឡាយ​ដែល​បណ្ដាល​មកពី​មេរោគ​ទាំងឡាយ​មកលើ​ខ្លួន។ បញ្ហា​តិចតួច​ដែលបង្កឡើង ដោយ​មេរោគ​អាច​វិវឌ្ឍន៍​ទៅជា​បញ្ហា​ធ្ងន់ធ្ងរ នេះជា​ការធ្វេស​ប្រហែស​របស់យើង​ក្នុងការ​បង្ការ​ជាមុន។ ភាពកាច​សាហាវ​របស់ មេរោគ​ដែលចូល​ទៅតាម​ផ្លូវដង្ហើម​បំផ្លាញ​សួត​ឱ្យមាន​ការ​រលាក​រលួយ និងមាន​ខ្ទុះដែល​បង្កឱ្យ​ក្លាយជា​បូសក្នុង​សួត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ធ្វើការ​បកស្រាយ​ពីជម្ងឺ​នេះជូន​ប្រិយមិត្ដ​អ្នកអាន​ឱ្យបាន​ស្វែងយល់ ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​នឹង សាស្ដ្រាចារ្យ​មហា​បរិញ្ញា កាំង ស៊ ឯកទេស​ផ្នែក​ជម្ងឺ​សួតនៃ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត។

ជម្ងឺ​បូសសួត​ជាអ្វី?

ជម្ងឺ​បូសសួត​ជាជម្ងឺ​ដែលបង្ក​ឡើង​ដោយសារ​មេរោគ​មួយ​ប្រភេទ​ដែលធ្វើ​ឱ្យ​កោសិកា​សួតវិវឌ្ឍន៍​ពីការ​រលាក​រហូត​ដល់រលួយ​សាច់សួត ហើយ​បណ្ដាល​ឱ្យមាន​ការ​កកើត​ជាខ្ទុះ​នៅក្នុង​សាច់សួត។

រោគ​សញ្ញា​ជម្ងឺបូស​ក្នុងសួត

ជម្ងឺបូសក្នុង​សួតមាន​រោគសញ្ញា​ចែកចេញ​ជាពីរ​ដំណាក់​កាល។ នៅ​ដំណាក់​កាលដំបូង មេរោគ​នេះធ្វើ​ឱ្យ​រលាក​សាច់សួត ដែល​បង្ហាញ​ជាក្ដៅ​ខ្លួន ក្អក ហើយ​ឈឺទ្រូង។ ប្រភេទ​មេរោគ​ដែល​បណ្ដាលឱ្យ​មាន​បូសនេះ​នឹងធ្វើ​ឱ្យសាច់​សួតរលួយ។ នៅ​ដំណាក់កាល បន្ទាប់មក​កម្ដៅអាច​នឹង​ថយចុះ​បន្ដិច តែអ្នក​ជម្ងឺ​មាន​អាការ​ក្អក​ញឹកញាប់​ដូចនៅ​ដំណាក់​កាល​ដំបូង​ដែរ ហើយ​នៅពេល​ដែលក្អក​មក មាន​ស្លេស្ម​ច្រើននិង​ប្រែជា​ខ្ទុះតែ​ម្ដង។ ក្នុង​ដំណាក់​កាលទី​ពីរនេះ នៅពេល​ដែល​ថតឆ្លុះ​មើល​យើងនឹង​ឃើញ​សួតមាន​ប្រហោង​ធ្លុះធ្លាយ សាច់សួត។

ការធ្វើ​រោគ​វិនិច្ឆ័យ​ជម្ងឺ​បូសក្នុង​សួត

ជម្ងឺ​បូសសួត​អាចធ្វើ​រោគ​វិនិច្ឆ័យ​បានដោយ​ការយក​ឈាមទៅ​ធ្វើការ​ពិនិត្យ​ដោយ​ឃើញ​មាន​គោលិកា​ឈាម​សឡើង​ខ្ពស់។ មួយវិញ​ទៀតគេ​អាចថត​មើលថា សួតវា​ជាកា​វែន(ធ្លុះធ្លាយ​សាច់សួត)មានទឹក​ដក់ ដែលជា​លក្ខណៈ​ពិសេស​បង្ហាញពី​ជម្ងឺ​បូសក្នុង សួត។ រីឯការ​ធ្វើរោគ​វិនិច្ឆ័យ​មួយទៀត​នោះ គឺការ​យក​កំហាក​ខ្ទុះនោះ​ទៅពិនិត្យ​នៅមន្ទីរ​ពិសោធន៍។ ជា​លទ្ធផល​អាចដឹង​បានថា មេរោគ​នេះមាន​ប្រភេទ​បែបណា។

មូល​ហេតុ​បង្កឱ្យ​មាន​ជម្ងឺ​បូសសួត

មូលហេតុ​បង្កឱ្យ​ក្លាយទៅ​ជាជម្ងឺ​បូស​ក្នុងសួត គឺ​បណ្ដាល​មកពី​ការធ្វេស​ប្រហែស​ដោយ​មិនយក​ចិត្ដទុក​ដាក់នៅ​ពេល​ដែល មាន​ជម្ងឺ​តូចតាច ដូចជា​ឈឺធ្មេញ ឈឺ​បំពង់ក ឈឺ​ត្រចៀក បូសស្បែក​ជាដើម ដែល​បង្កដោយ​មេរោគ​នៅកន្លែង​ទាំងអស់​នោះ ហើយ​បានចូល​តាមផ្លូវ​ដង្ហើម​វាអាច​បណ្ដាល​ឱ្យ​រលាក​សាច់សួត។ បើមិន​យកចិត្ដ​ទុកដាក់ វានឹង​បណ្ដាលឱ្យ​មេរោគ​នោះ វិវឌ្ឍន៍​​កាន់តែ ធ្ងន់ធ្ងរ។ ជាពិសេស​ចំពោះ​អ្នកដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ ដូចជា​អ្នកជម្ងឺ​ទឹកនោម​ផ្អែម អ្នក​ពិសាបារី ស្រា ឬអ្នក​មានជម្ងឺរ៉ាំរ៉ៃ ហើយ​មានការ​ធ្វេស​ប្រហែស មេរោគ​នឹងងាយ​បណ្ដាលឱ្យ​រលាក​សាច់សួត ហើយ​អាច​រលួយ​មានខ្ទុះ​រហូត​ក្លាយជា​បូស ក្នុងសួត​បាន។

ផល​លំបាក​នៃជម្ងឺ​បូសសួត

ជម្ងឺ​បូសក្នុង​សួតនេះ​គឺបង្ក​ឡើង​មេរោគ​ម្យ៉ាង ដែលនៅ​ក្នុងសួត​បណ្ដាល​ឱ្យមាន​ខ្ទុះ ហើយអាច​ផ្ដល់ការ​រាតត្បាត​ទៅដល់ ឈាម ធ្វើឱ្យ​ក្លាយទៅ​ជាមាន​ជម្ងឺ​មួយដែល​រត់នៅ​ក្នុងឈាម បណ្ដាល​ឱ្យមាន​សភាព​ធ្ងន់ធ្ងរ​អាចមាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិតបាន។ មួយ​វិញទៀត​មេរោគ​នៅក្នុង​សួតនោះ​អាច​រាតត្បាត​ទៅដល់​សរីរាង្គ​ផ្សេងៗ​ទៀត ដូចជា​តម្រង​នោម ឬថ្លើម​ជាដើម។ នៅពេល​ដែល មាន​ជម្ងឺ​បូសសួត ហើយ​មិនបាន​ព្យាបាល​ឱ្យបាន​ដិតដល់ អាច​បណ្ដាល​ឱ្យ​ខូចសួត សាច់សួត​មាន​ប្រហោង និង​ចន្លោះ ធ្វើឱ្យ​មាន​ការ បាត់បង់​នូវ​តួនាទី​របស់​សួតដោយ​សារការ​រលួយ​របស់​សាច់សួត។ ជួនកាល​អាចមាន​ធ្លាក់ឈាម ព្រោះ​ការក្អក​មានខ្ទុះ​អាច​បណ្ដាល ឱ្យដាច់​សរសៃ​ឈាម​ធ្វើឱ្យ​ហូរឈាម​កាន់តែ​ខ្លាំង ពិបាក​ក្នុងការ​ព្យាបាល ជួនកាល​ត្រូវធ្វើ​ការ​វះកាត់​ចង​សរសៃ​ឈាម បើមិន​ដូច្នោះ​ទេ នឹងអាច​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ទៀតផង។

ការ​ព្យាបាល​ជម្ងឺ​បូសសួត

ក្រោយពី​ធ្វើរោគ​វិនិច្ឆ័យ​បូសសួត គ្រូពេទ្យ​នឹងអាច​ធ្វើការ​ព្យាបាល​បានទាន់​ពេលវេលា ដើម្បី​កុំឱ្យ​មេរោគ​នោះធ្វើ​ឱ្យសាច់ សួត​រលាក​ឈានទៅ​ដល់​ដំណាក់​កាល​ក្លាយជា​បូសសួត​បាន។ ការ​ព្យាបាល​ជម្ងឺនេះ​គឺត្រូវ​ការ​ព្យាបាល​ដោយថ្នាំ​អង់ទីប៊ីយូទិក ឬហៅថា ថ្នាំផ្សះ ដែលត្រូវ​នឹង​មេរោគ​ធ្វើឱ្យ​សាច់សួត​នោះ​រលួយ។ ដូចនេះ​ចាំបាច់​ត្រូវការ​មាន​វេជ្ជបញ្ជា​ប្រើប្រាស់​ថ្នាំឱ្យ​បាន​ត្រឹមត្រូវ​ពីគ្រូពេទ្យ ជំនាញ។ ការ​ព្យាបាល​ត្រូវប្រើ​រយៈពេល​យូរ ទីមួយ​ត្រូវ​ព្យាបាល​ឱ្យអស់​មេរោគ និង​ទីពីរ​ត្រូវ​ព្យាបាល​ឱ្យសាច់​សួតជិត​មកវិញ និងឱ្យ អស់ខ្ទុះ​ត្រូវ​ចំណាយ​ពេល​ព្យាបាល​យ៉ាងតិច​បួនសប្ដាហ៍។ រយៈពេល​ដែល​កំពុង​ព្យាបាល​ក៏ត្រូវ​ធ្វើការ​តាមដាន​ថតនិង​ពិនិត្យមើលរោគ សញ្ញា​ផងដែរ។ បើសិន​ជាស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​ត្រឹមតែ​រលាក​សួតមិន​ទាន់ជា​រលួយ និង​មិនមាន​ខ្ទុះ​នោះទេ គឺ​គ្រូពេទ្យ​ព្យាបាល ប្រើ​រយៈពេល​ព្យាបាល​ពីរទៅ​បី​សប្ដាហ៍​អាចជា​សះស្បើយ​បាន។

វិធី​ការពារ​ជម្ងឺ​បូស​ក្នុង​សួត

ការពារ​គឺ​ទាក់ទង​ទៅនឹង​អនាម័យ​រស់នៅ​ប្រចាំថ្ងៃ។ លោកអ្នក​ត្រូវ​ប្រញាប់​រូតរះ​ទៅ​ព្យាបាល​ឱ្យ​ទាន់ពេល​វេលា​នៅពេល ដែលមាន​មេរោគ​តូចតាច ដែលអាច​បង្កជា​ជម្ងឺធ្មេញ ភ្នែក ឬមាន​ដំបៅ ដើម្បី​កុំឱ្យ​មេរោគ​រាតត្បាត​ទៅដល់​ឈាមបាន និង​ចូលតាម​ផ្លូវ ដង្ហើម។ ដើម្បី​ធ្វើ​អនាម័យ​នៅលើ​ស្បែក យើងអាច​ប្រើ​សាប៊ូ​កម្ចាត់​មេរោគ​ជា​រៀងរាល់​ថ្ងៃ ប៉ុន្ដែ​បើស្បែក​មានខ្ទុះ​យើងត្រូវ​ប្រើថ្នាំ សម្លាប់​វាភ្លាម។ ដូចនេះ​លោកអ្នក​គប្បី​កម្ចាត់​នូវ​មេរោគ​ទាំងអស់​នោះកុំ​ឱ្យវា​មក​បំផ្លាញ​សុខភាព​បាន។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​ត្រូវ​ការពារ​សុខភាព​របស់ខ្លួន​ឱ្យបាន​ល្អបំផុត ជាពិសេស​រាល់​បញ្ហា​តូចតាច​របស់​មេរោគ​លើ​សារពាង្គកាយ ព្រោះ មេរោគ​ទាំងឡាយ​ងាយនឹង​មក​បំផ្លាញ​សុខភាព​របស់​លោកអ្នក​គ្រប់ពេល​វេលា នៅពេល​ដែល​ធ្វេស​ប្រហែស។ នៅពេល​ដឹងថា​មាន ជម្ងឺ​បូសក្នុង​សួតនេះ គប្បី​ត្រូវ​ប្រញាប់​មក​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ឱ្យទាន់​ពេលវេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *