ទំនិញ​ខុស​ច្បាប់ និង​ទំនិញ​ខូច​គុណភាព​នៅ​កម្ពុជា​សម្បូ​រគ្រប់​មុខ គ្រប់​ទិស​ទី​

បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា ការ​នាំ​ចូល​ទំនិញ​ខូច​គុណ​ភាព និង​ខុស​ច្បាប់​ កំពុង​តែ​មាន​សកម្ម​ភាព​យ៉ាង​មមា​ញឹក​តាម​ទីផ្សារ​ងងឹត​ស្ទើរ​សព្វ​មុខ​ទំនិញ និង​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ប្រទេស មិន​ថា​ឱសថ ម្ហូប​អាហារ​ គ្រឿង​សម្អាង និង​សារ​ធាតុ​គីមី​ខុស​ច្បាប់​ជា​ដើម។ ទំនិញ​ខុស​ច្បាប់ និង​ខូច​គុណ​ភាព​ទាំង​នោះ បាន​បង្ក​ក្តី​បារម្ភ​ និង​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព និង​សុខ​មាល​ភាព​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

រូបភាពគេហទំព័រសុខភាពយើង

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១២​កន្លង​ទៅ​ថ្មីៗ​នេះ​ នាយក​ដ្ឋាន​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ក្រសួង​មហា​ផ្ទៃ​បាន​យក​ទំនិញ​ខុស​ច្បាប់ និង​ខូច​គុណ​ភាព​ទៅ​ធ្វើ​ពិធី​ដុត​ និង​កម្ទេច​ចោល​ដោយ​គ្រឿង​ចក្រ។ ទំនិញ​ខុស​ច្បាប់​ទាំង​នោះ មាន​ចំនួន​៣​មុខ ដែល​មាន​ទម្ងន់​រាប់​តោន។ ពិធី​ដុត​ និង​កម្ទេច​ចោល​​នេះ ធ្វើ​ឡើង នៅ​ភូមិ​ចំលង​ ឃុំ​ចំ​លង​ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ស្ថិត​នៅ​ក្បែរ​ស្ពាន​កំពង់​អំពិល ស្រុក​ពារាំង​ ព្រំ​ប្រទល់​ខេត្ត​ព្រៃ​វែង និង​ខេត្ត​កណ្តាល ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ក្រសួង​មហា​ផ្ទៃ តំណាង​មក​ពី​ក្រសួង​សុខា​ភិបាល​ តំណាង​មក​ពី​អគ្គ​នាយក​ដ្ឋាន​កាំ​កុង​ត្រូល តំណាង​មក​ពី​ក្រសួង​កសិកម្ម​ ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន​ផង​ដែរ។​ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ កោះស​ន្តិភាព។​

នៅ​ចំពោះ​មុខ​អ្នក​យក​ព័ត៌​មាន​ជាតិ លោក​ឧត្តម​សេនីយ៍​ទោ ជា សុមេធិ៍ បាន​ថ្លែង​ថា ថ្ងៃ​នេះ​យើង​មាន​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ ក្នុង​នាម​ឱ្យ​លោក​នាយ​ឧត្តម​សេនីយ៍ផ្កាយ​មាស៤ នេត សា​វឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ដែល​មាន​តំណាង​អយ្យការ​ចូល​រួម​ លោក​នាយ​ឧត្តម​សេនីយ៍​ឱ្យ​មាន​ការ​សហការ​ជា​មួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ខាង​លើ​នាំ​យក​ទំនិញ​ខូច​គុណ​ភាព​រាប់​តោន​ទៅ​ដុត​ និងកម្ទេច​ចោល ដែល​យើង​បាន​ចាប់​ពី​ឈ្មួញ​រក​ស៊ី​ទុច្ចរិត​កន្លង​មក ។ លោក​ឧត្តម​សេនីយ៍​ទោ ប្រធាន​នាយក​ដ្ឋាន​បាន​បន្ត​ថា​ កន្លង​មក​យើង​ធ្លាប់​បាន​ធ្វើ​ការ​ដុត​បំផ្លាញ​ទំនិ​ញខូច​គុណភាព​របៀប​នេះ​ចំនួន​៩​លើក​ហើយ ដូច​ជា​សាច់​បក្សី​ខូច​គុណភាព​ចំនួន​៤លើក ​មាន​ទម្ងន់​៣៧​តោន​៥០០​គីឡូ​ក្រាម ឱសថ​បុរាណ​ចិន​ខូច​គុណ​ភាព​១លើក​មាន​ទម្ងន់​១៩​តោន​២៨០​គីឡូ​ក្រាម​ ប្រេង​ម្រេះ​ព្រៅ១​លើក​មាន​ចំនួន​៤៧​ធុង​ស្មើ​១.៥៩៨​លីត្រ និង​CD-VCDក្លែង​ក្លាយ​១​លើក មាន​ចំនួន​៧៩.៨១២ បន្ទះ​សាប៊ូ​ ទឹក​ដោះ​គោ​ជូរ គ្រឿង​សំអាង ស្រា​ក្លែងក្លាយ​ សារ​ធាតុ​គីមី BO​RAK ១លើក​ ទម្ងន់​១៣តោន​៩០​គីឡូ​ក្រាម ។ លោក​ថ្លែង​ទៀត​ថា​ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១១ យើង​បាន​ធ្វើ​ពិធីដុត​កម្ទេច​បំផ្លាញ​ចោល​នូ​វឱសថ​បុរាណ​ចិន​ទម្ងន់​២០​តោន​១១៥​គីឡូ​ក្រាម​ សម្បក​វេច​ខ្ចប់​១.០០០គីឡូ​ក្រាម និង​មេស្រា​ចំនួន​១១០​កាន ស្មើ​៣.៣០០លីត្រ ។​

លោក​ឧត្តម​សេនីយ៍ទោ​ ជា សុមេធិ៍ បន្ត​ថា​ ថ្ងៃនេះ​ជា​លើក​ទី​១០​ហើយដែ​លនាយកដ្ឋាន​នគរ​បាល​ប្រឆាំង​បទ​ល្មើសសេដ្ឋកិច្ច​ធ្វើពិ​ធីដុត​បំផ្លាញ​នូវ​មុខ​ទំនិញ​ពាក់​ព័ន្ធ​ខុស​ច្បាប់​ដូច​បាន​រៀប​រាប់​ខាង​លើ ដោយ​អនុវត្ត​តាម​អំណាច​សាល​ក្រម​ព្រហ្ម​ទណ្ឌ​លេខ​៦៣ន ចុះ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១១ លេខ​១២៧​ឃ ចុះ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០​ លេខ៦២​ឈ ចុះ​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ២​០១១ របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ និងចំណារ​ឯកភាព​ពី​លោក​នាយ​ឧត្តម​សេនីយ៍​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ ដែល​នគរបាល​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​បាន​ធ្វើ​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១០​ និង​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០១០ និង​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១១ កន្លង​មក ។ លោក​ថ្លែង​ថា៖ «ជាក់​ស្តែង​ថ្ងៃ​នេះ ​យើង​បាន​នាំ​មក​នូវ​ទំនិ​ញខូច​គុណ​ភាព​ចំនួន​៣មុខ​ទៀ​តយក​មក​ដុត និង​កម្ទេច​ចោល​ដូច​ជា ស្រា​បៀរAUSTRALIAN​ ហួស​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​ចំនួន​២.៦៤១កេស ឱសថ​ព្យាបាល​ចំនួ​ន១៨មុខ​ស្មើ​៥១៦​កេស គ្រឿង​សំអាង​ចំនួន​១២​មុខ​ ស្មើ១៣​តោន​២១៨​គីឡូ​ក្រាម»។​

លោក​វរ​សេនីយ៍​ឯក ឡុង​ ស្រេង អនុ​ប្រធាន​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​បាន​អំពាវ​នាវ​ដល់​ឈ្មួញ​ទាំង​ឡាយ​កុំ​រក​ស៊ី​នាំ​ទំនិញ​ដោយ​ខុស​ច្បាប់​ និង​ទំនិញ​ដែល​ខូច​គុណ​ភាព ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខ​ភាព​ជន​រួម​ជាតិយក​ទៅ​ប្រើប្រា​ស់។ លោក​វរសេ​នីយ៍ឯក ឡុង ស្រេង​ បាន​សំណូមពរ​ទៀត​ថា សុំ​ឱ្យ​បង​ប្អូន​រួម​សហការ​ជាមួយ​សមត្ថ​កិច្ច បើ​ឃើញ​មាន​បទ​ល្មើស​ដែល​ឈ្មួញ​រក​ស៊ី​ទុច្ច​រឹត​នៅ​កន្លែង​ណា​មួយ។​ បើ​បង​ប្អូន​ធ្វើ​បាន​បែប​នេះ គឺ​យើង​ទាំង​អស់​គ្នា​ពិត​ជា​បាន​រួម​ចំណែក​ជាមួយ​សង្គម​ជាតិ​ទាំង​មូល។​

ជា​ចុង​បញ្ចប់​នៃ​ពិធី លោក ជា សុមេធិ៍ ក៏​បាន​អំពាវ​នាវ​ដល់​ប្រជាពល​រដ្ឋ​ទាំងអស់​ មេត្តា​ចូល​រួម​ជួយ​សហការ​ជាមួយកម្លាំង​នាយ​កដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច ដើម្បីទប់​ស្កា​ត់​ និង​បង្ក្រា​បបទ​ល្មើស​សេដ្ឋកិច្ច​ឱ្យ​បាន​ទាន់ពេល​វេលាដូច​ជាបទ​ល្មើស​ជល​ផល ទំនិញ​ក្លែង​ក្លាយ សារ​ធាតុ​គីមី​ហាម​ឃាត់ ឱសថក្លែងក្លាយ ឈើដឹកជញ្ជូនដោយខុសច្បាប់ផងដែរ។ ជាពិសេស​សូម​បង​ប្អូន​ប្រជាពលរ​ដ្ឋ​ទាំង​អស់​កុំ​ប្រើ​ប្រាស់​ផលិត​ផល​ក្លែង​ក្លាយ​ ទំនិញ​ខូច​គុណ​ភាព​គ្រប់ប្រភេទ និង​កុំ​បរិភោគសាច់​បក្សី​ខូច​គុណ​ភាព​ឱ្យ​សោះ ​។

អត្ថបទដោយ‍‍ ៖​ សៀង វិរៈ
ចេញផ្សាយ​ ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២​

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *