ខ្លាញ់ជាអាហារមួយមានប្រយោជន៍សម្រាប់ការរស់នៅរបស់មនុស្សសត្វដែលមានជីវិតទាំងអស់ក្នុងលោក។ ការបរិភោគ ខ្លាញ់ច្រើនហួសកម្រិតធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើង។ ចំពោះអ្នកជម្ងឺទឹកនោមផ្អែម ការទទួលទានខ្លាញ់ច្រើនអាច បង្កឱ្យមានការវិវត្ដន៍នៃផលវិបាករបស់ជម្ងឺទឹកនោមផ្អែមកាន់តែលឿនជាងមនុស្សទូទៅធម្មតា ជាពិសេសគឺសំដៅទៅលើជម្ងឺបេះដូង និងសរសៃឈាម។ ដូច្នេះអ្នកជម្ងឺទឹកនោមផ្អែមត្រូវបន្ថយឱ្យបានជាអតិបរមា នូវការទទួលទានខ្លាញ់ប្រភេទនេះ។
លោកវេជ្ជបណ្ឌិត សេង សេរី អ្នកឯកទេសជម្ងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យព្រះកុសុមៈ នឹងជម្រាបជូនលោកអ្នកឱ្យកាន់តែ ច្បាស់អំពីបញ្ហាជាតិខ្លាញ់នេះ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ជាតិខ្លាញ់បង្កជម្ងឺ
សព្វថ្ងៃ អ្នកខ្វះជាតិខ្លាញ់ក្នុងឈាមមានចំនួនតិចតួចបំផុត តែអ្នកលើសជាតិខ្លាញ់ក្នុងឈាមវិញគឺមានច្រើនលើសលប់។ ជម្ងឺបង្កឡើងដោយសារការលើសជាតិខ្លាញ់នេះក៏បានសម្លាប់មនុស្សកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដែរ។ ជាទូទៅយើងនិយាយពីខ្លាញ់ គឺសំដៅទៅលើខ្លាញ់ដែលបានមកពីសត្វមានជីវិតទូទៅ ដូចជាជ្រូក មាន់ ទា គោ ក្របី ត្រី។ល។ មនុស្សទូទៅកាលណាទទួលទានខ្លាញ់ ប្រភេទនេះច្រើនអាចបណ្ដាលឱ្យលើសទម្ងន់ ធាត់ និងអាចបង្កឱ្យមានជម្ងឺផ្សេងៗទៀតជាច្រើន ដូចជាទឹកនោមផ្អែម លើសឈាម បេះដូង សរសៃឈាម សន្លាក់ មហារីក គ្រាប់ក្រួសក្នុងប្រមាត់ជាដើម។ល។
ជ្រូកជាសត្វមួយដែលសាច់របស់វាសម្បូរខ្លាញ់ច្រើន តែចំពោះសាច់សុទ្ធរបស់វាគឺនៅពេលដែលគេពន្លះយកខ្លាញ់នៅជុំវិញ
សាច់របស់វា គឺសាច់ជ្រូកសុទ្ធមានខ្លាញ់តិចជាងសាច់សត្វដទៃ។
- គោ ក្របី ចៀម ពពែ សេះ។ល។ ជាសត្វដែលមានសាច់របស់វាសម្បូរខ្លាញ់ជាងសាច់ជ្រូកសុទ្ធ។
- មាន់ ទា ក្ងាន ឬសត្វស្លាបដទៃទៀត សាច់របស់វាសម្បូរខ្លាញ់ដែរ អ្នកជម្ងឺទឹកនោមផ្អែមគួរជ្រើសរើសយកសាច់ ដើមទ្រូងដែលមិនសម្បូរខ្លាញ់ ហើយគួរចៀសវាងទទួលទានស្បែក ស្លាប និងជើង។
- ត្រី ខ្លាញ់របស់ត្រី មិនថាត្រីទឹកសាប ឬទឹកប្រៃទេ វាមានលក្ខណៈពិសេសមួយខុសពីខ្លាញ់នៃសត្វដទៃ។ ខ្លាញ់របស់ត្រី អាចជួយការពារជម្ងឺបេះដូង សរសៃឈាម និងជម្ងឺផ្សេងៗទៀត។ ដូច្នេះអ្នកជម្ងឺទឹកនោមផ្អែមគួរទទួលទានសាច់ត្រីឱ្យបានច្រើនជាការ ប្រសើរជាងបរិភោគសាច់សត្វដទៃទៀត។
- ពពួកគ្រឿងសមុទ្រ លៀស គ្រំ ខ្ចៅ ខ្យង ក្ដាម ជាពពួកសត្វដែលមានខ្លាញ់តិចជាងគេ។ ខ្លាញ់ជាសារធាតុមួយជួយ បង្កើនភាពឆ្ងាញ់ ភាពឆាប់ឃ្លាន និងផ្ដល់កាឡូរីច្រើនជាងសាច់ និងស្ករ ឬបាយ។
ប្រេងធម្មជាតិល្អជាងខ្លាញ់
ជាទូទៅបើយើងនិយាយពីប្រេងក្នុងអាហារគឺសំដៅទៅលើប្រេងដែលបានមកពីប្រភពធម្មជាតិ ដូចជាបន្លែ ផ្លែឈើ ឬគ្រាប់ធញ្ញជាតិផ្សេងៗ។ ប្រេងទាំងអស់នេះ បើគិតពីបញ្ហាសុខភាពគឺវាល្អប្រសើរជាងខ្លាញ់សត្វទាំងអស់ ដែលបានរៀបរាប់ខាងដើម។ ចំពោះមនុស្សទូទៅក៏ដូចជាអ្នកកើតជម្ងឺទឹកនោមផ្អែមដែរ ការបរិភោគប្រេងគឺវាល្អជាងខ្លាញ់សត្វ។ ប្រេងដែលបានមកពីប្រភពធម្មជាតិមានលក្ខណៈគុណភាពសុខភាពខុសគ្នាទៅតាមប្រភពរបស់វា។ ដូច្នេះមនុស្សទូទៅ ឬអ្នកកើតជម្ងឺទឹកនោមផ្អែម ត្រូវចេះជ្រើសរើសយកប្រេងរុក្ខជាតិដែលមានលក្ខណៈជួយការពារសុខភាពយើងដែលប្រសើរជាងគេ។
ដូច្នេះពេលទិញប្រេងយកមកប្រើប្រាស់យើងត្រូវចេះពិនិត្យ តាមដាន និងស្វែងយល់ពីសារធាតុទាំងឡាយដែលបានរ៉ាយ រ៉ាប់នៅលើស្លាកម៉ាកទំនិញ ដែលគេបិទជាប់នឹងដបនូវប្រភពប្រេងទាំងនោះឱ្យច្បាស់លាស់ បញ្ជាក់ពីគុណភាពល្អសម្រាប់សុខភាព របស់យើងក្នុងការការពារជម្ងឺបេះដូង សរសៃឈាម និងជម្ងឺផ្សេងៗទៀត។
អ្នកជម្ងឺទឹកនោមផ្អែម និងខ្លាញ់
ចំពោះអ្នកជម្ងឺទឹកនោមផ្អែម សាច់សត្វអ្វីក៏ទទួលទានបានដែរ គ្រាន់តែត្រូវចេះជ្រើសរើសយកសាច់សត្វណាដែលមានប្រ យោជន៍សម្រាប់សុខភាព និងជួយទប់ទល់ដល់ការកើនឡើងឆាប់រហ័សនៃផលវិបាករបស់ជម្ងឺទឹកនោមផ្អែម។ បានសេចក្ដីថាសាច់សត្វ ដែលមានខ្លាញ់តិចគឺល្អ មិនត្រឹមតែអ្នកមានជម្ងឺទឹកនោមផ្អែមទេ មនុស្សទូទៅក៏មានប្រយោជន៍ដែរ។ ដើម្បីកាត់បន្ថយការទទួលទាន ខ្លាញ់ច្រើន អ្នកជម្ងឺទឹកនោមផ្អែមត្រូវតែសិក្សាស្វែងយល់អំពីវា។
- សត្វទាំងអស់មានខ្លាញ់តិច ឬច្រើន អាស្រ័យទៅនឹងរបៀបចិញ្ចឹមរបស់វា ការចិញ្ចឹមតាមបែបធម្មជាតិសាច់របស់វាមាន ខ្លាញ់តិចជាងតាមការចិញ្ចឹមជារបៀបវិទ្យាសាស្ដ្រ ឬសិប្បកម្ម។ ដូច្នេះជាការប្រសើរយើងគួរជ្រើសរើសសត្វដែលចិញ្ចឹមតាមបែប ធម្មជាតិដែលមានខ្លាញ់តិច។
- គ្រឿងក្នុងរបស់សត្វទាំងអស់ ពោះវៀន ថ្លើម កោះ ក្រពះ និងក្រលៀន តែងតែមានខ្លាញ់ច្រើនជាងសាច់របស់វា។
- ការចម្អិនសាច់ដោយស្ងោរ ចំហុយ ឬអាំង អាចជួយកាត់បន្ថយជាតិខ្លាញ់របស់សាច់។ តែការចៀន ឆា ឬបំពង អាច បង្កើនខ្លាញ់ឱ្យកាន់តែច្រើនទៅលើសាច់នោះទៀត។ ដូច្នេះគួរចេះជ្រើសរើសយកវិធីចម្អិនដោយស្ងោរ អាំង ឬចំហុយជាការប្រសើរ ក្នុងការកាត់បន្ថយជាតិខ្លាញ់ក្នុងសាច់។
ដំបូន្មានអ្នកជំនាញ
ចំពោះអ្នកជម្ងឺទឹកនោមផ្អែមលោកអ្នកត្រូវតែប្រុងប្រយ័ត្នឱ្យបានច្រើនបំផុតចំពោះការបរិភោគអាហារដែលមានជាតិខ្លាញ់ ព្រោះជាដើមហេតុដែលធ្វើឱ្យជម្ងឺលោកអ្នកកាន់តែធ្ងន់ធ្ងរទៅជាលំដាប់។ សូមព្យាយាមតាមដានសុខភាព និងគ្រប់គ្រងការបរិភោគឱ្យបានល្អ ទើបលោកអ្នកមានឱកាសឈ្នះជម្ងឺបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
Leave a Reply