ឆ្ពុង វិធី​ថែរក្សា​សម្ផស្ស​បែប​បុរាណ​ខ្មែរ

ការ​ថែរក្សា​សម្ផស្ស​គឺជា​រឿងមួយ​ដ៏សំខាន់​សម្រាប់​លោកអ្នក ពិសេស​សម្រាប់​នារី​ទាំងឡាយ។ សុភាព​បុរស និង​សុភាព​នារី តែងតែ​ជ្រើសរើស​យកវិធី​ថែរក្សា​សម្ផស្ស ដោយការ​ប្រើប្រាស់​ជាមួយ​ផលិតផល​គ្រឿង​សម្អាង​ផ្សេងៗ ដែល​សមស្រប​ទៅនឹង​ប្រភេទ ស្បែក។ ប៉ុន្ដែ​ឥឡូវនេះ ការឆ្ពុង​ក៏បាន​ក្លាយទៅ​ជាវិធី​ថែរក្សា​សម្ផស្ស​មួយពេញ​និយម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ។ តើការ​ឆ្ពុង នេះ​មានសារៈ​ប្រយោជន៍​អ្វីខ្លះ ក្នុងការ​ថែរក្សា​សម្ផស្ស​របស់​លោកអ្នក?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ធ្វើការ​បកស្រាយ​អំពី​សារៈ​ប្រយោជន៍​នៃការ​ឆ្ពុងជូន​ប្រិយមិត្ដ​អ្នកអាន ទស្សនាវដ្ដី សុខភាពយើង បានជួប​ធ្វើបទ សម្ភាសន៍​ជាមួយ​អ្នកនាង លីលី ម្ចាស់ហាង​លីលី​២៧៨​អ៊ុតសក់ និងឆ្ពុង​បែបបុរាណ​ខ្មែរ។

ការឆ្ពុង​ជាអ្វី?

ការឆ្ពុង​គឺជា​វិធី​តាមបែប​សម័យ​បុរាណ​មួយ​ចំពោះស្ដ្រី​ដែល​ទើបតែ​សម្រាល​កូនរួច ដែល​ចាំបាច់​ត្រូវការ​ឆ្ពុង​ដើម្បី​ឱ្យសាច់​ចាំ និងស្បែក​ស្រស់ថ្លា នេះគឺជា​ទំនៀម​ទម្លាប់​មួយ​តាំងពី​សម័យ​ដូនតា​មកម្ល៉េះ។ នាសម័យ​នោះការ​ឆ្ពុងគឺ​ជាភាព​ពេញ​និយម​មួយ​សម្រាប់ ស្ដ្រីដែល​ទើបតែ​សម្រាល​កូនរួច។ ដោយមាន​ភាព​ជឿនលឿន និងការ​យល់ដឹង​ច្រើនពី​សារៈ​ប្រយោជន៍​នៃការ​ឆ្ពុង បច្ចុប្បន្ន​នេះឆ្ពុង ធ្វើឱ្យ​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​មនុស្ស​ទូទៅ​ទាំងបុរស និងនារី​ក្នុងការ​ថែរក្សា​សម្ផស្ស។ ការឆ្ពុង​នាពេល​បច្ចុប្បន្ន​នេះ គឺមានការ​លាយឡំ​ប្រើប្រាស់​ទាំងថ្នាំ​បុរាណ​ខ្មែរ និងចិន ដែលអាច​ធ្វើការ​ឆ្ពុងបាន​ទាំងស្ដ្រី​កូនខ្ចី និង​មនុស្ស​ទូទៅ។ ក្នុងការ​ឆ្ពុងមាន ដាក់​បញ្ចូល​ថ្នាំបុរាណ​ទាំងអស់​ជាងដប់​មុខ មាន​ដូចជា​ស្លឹក​ពោរយំ ស្លឹក​ពុំសែន ពន្លៃ ស្លឹកគ្រៃ ក្រូចសើច និងថ្នាំ​បុរាណ​ចិន ជាច្រើន​មុខទៀត។ មុននឹង​ឆ្ពុង មានការ​ខាត់ស្បែក​ជាមួយ​នឹងអំបិល ទឹកដោះគោ ទឹកឃ្មុំ និង​ក្រូចពោធិ៍សាត់​រួចទើប​ចូលទៅ​ឆ្ពុង។

ឆ្ពុង​ផ្ដល់​សារៈ​ប្រយោជន៍​ចំពោះ​សម្ផស្ស

ឥឡូវនេះ​ការឆ្ពុង​បានក្លាយ​ទៅជា​សារៈ​ប្រយោជន៍​មួយក្នុង​ការជួយ​ថែរក្សា​សម្ផស្ស​របស់​លោកអ្នក។ ការឆ្ពុង​បែប​កែច្នៃ​ថ្មី ដោយ​មានការ​ដាក់បញ្ចូល​ថ្នាំបុរាណ​ថ្មីបន្ថែម​នាពេល​បច្ចុប្បន្ននេះ ក៏នៅតែ​មានសារៈ​ប្រយោជន៍​ទាំងស្ដ្រី​ទើប​សម្រាល​កូនរួច និង​ចំពោះ មនុស្ស​ទូទៅ​ផងដែរ។ ឆ្ពុងជួយ​ព្យាបាល និង​ថែរក្សា​សម្ផស្ស​ផ្ទៃមុខ​គឺ​ព្យាបាល​ចំពោះ​ស្បែកមុខ​ខ្មៅ និងជាំ​ជាដើម និង​ថែរក្សា​សម្រស់ ដងខ្លួន និង​ជាពិសេស​នោះគឺ​ជួយ​ថែរក្សា​សុខភាព​រាងកាយ​ផងដែរ។ ក្នុងការ​ឆ្ពុង​គេប្រើ​ជាមួយ​ទឹកដោះ​គោ ដើម្បី​ធ្វើការ​ខាត់ស្បែក​មាន​លក្ខណៈ​ភ្លឺម៉ដ្ដ​រលោង និងប្រើ​អំបិល​ខាត់​ដើម្បី​ឱ្យ​ស្បែកស​ផងដែរ។ ក្នុងមួយ​អាទិត្យ​យើង​គប្បី​ឆ្ពុងពី​២ទៅ​៣ដង ហើយ​ក្នុងរយៈពេល​ដែលយើង​ឧស្សាហ៍​ទៅធ្វើ​ការឆ្ពុង​នោះ គប្បី​ទទួល ទាន​ទឹកឱ្យ​បានច្រើន​សម្រាប់​ជួយឱ្យ​ស្បែកមាន​សំណើម​ល្អ។ រយៈពេលដែល​មាន​សារៈ​ប្រយោជន៍​នៅពេល​ឆ្ពុងនោះ គឺពី​១៥ទៅ​២០នាទី។

ប្រការ​គួរ​ចៀសវាង​ចំពោះ​ការឆ្ពុង

ទោះបីជា​ការឆ្ពុង​មានសារៈ​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព និង​សម្ផស្សក៏​ពិតមែន តែមាន​ប្រការ​ចៀសវាង​មួយ​ចំនួនតូច ដែល​យើង​គប្បីគួរ​ចៀសវាង គឺមិន​ត្រូវធ្វើ​ការឆ្ពុង​ឱ្យលើស​ពី៤ដង​ក្នុងមួយ​សប្ដាហ៍ទេ។ ចំពោះ​លោកអ្នក​ដែលទៅ​ឆ្ពុង​ញឹកញាប់​ពេក អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ចំពោះ​សុខភាព ធ្វើឱ្យ​ខ្សោះ​ជាតិទឹក​នៅក្នុង​ខ្លួន។ សូម​ចៀសវាង​ចំពោះ​ស្ដ្រីមាន​ផ្ទៃពោះ ព្រោះ​ឆ្ពុងធ្វើ​ឱ្យប៉ះ ពាល់​ដល់ដង្ហើម​ទារក​ក្នុងផ្ទៃ។

ដំបូន្មាន​អ្នក​ជំនាញ

ការឆ្ពុង​ពិតជា​មានសារៈ​ប្រយោជន៍​ចំពោះ​សុខភាព និង​សម្រស់។ បច្ចុប្បន្ននេះ​ឆ្ពុងបាន​ទទួលការ​គាំទ្រ​ច្រើន​ទាំង​សំណាក់ មនុស្ស​ទូទៅ ដោយសារ​សារប្រយោជន៍​របស់វា។ សូមកុំ​ឱ្យពេល​វេលា​កន្លង​ផុតទៅ ធ្វើឱ្យ​វ័យ​កាន់តែ​ច្រើន និង​សម្រស់​ធ្លាក់ចុះ​ឱ្យសោះ គប្បី​ថែរក្សា​សម្រស់​ឱ្យបាន​ស្រស់ស្អាត​ជានិច្ច ដើម្បី​ភាព​ទាក់ទាញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤២ ខែកក្កដា ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *