ពលករឆ្លងដែន កុមារអនាថា កម្មករ នៅក្នុងទីក្រុង និងមួយចំនួននៃភាគពាយ័ព្យប្រទេសបានធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀន ព្រោះតែពួកគេមិនបានយល់ដឹង ហើយធ្លាក់ខ្លួនជាជនរងគ្រោះ។ នេះយោងតាមប្រសាសន៍របស់ឯកឧត្តម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា ដែលបានថ្លែងនៅក្នុងឱកាសប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី២៦ ខែមិថុនាឆ្នាំ ២០១២ នាពហុកីឡាដ្ឋានជាតិអូឡាំពិក។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមគ្រួសាររបស់អ្នកញៀនគ្រឿងញៀនទាំងនោះ ក៏ត្រូវរងគ្រោះផងដែរដោយអំពើហិង្សា ភាពក្រីក្រ រងភាពអាម៉ាស់ ព្រមទាំងធ្វើឲ្យបាត់បង់កិត្តិយសក្នុងសង្គមផងដែរ។
យ៉ាងណាមិញនាពេលបច្ចុប្បន្នគេសង្កេតឃើញថា សកម្មភាពបង្រ្កាបនិងទប់ស្កាត់នៅមានកម្រិតនៅឡើយ ដែលជាហេតុធ្វើឱ្យពលរដ្ឋខ្មែរ ប្រើប្រាស់គ្រឿងញៀន រួមជានឹងមួយការយល់ដឹងអំពីឥទ្ធិពលនិងគ្រោះថ្នាក់នៃគ្រឿងនៅមិនទាន់មានភាពទូលំទូលាយនៅឡើយផងដែរ។
មិនថាតែនៅកម្ពុជាតែម្នាក់ឯងប៉ុណ្ណោះទេ ដែលត្រូវរងគ្រោះដោយសារគ្រឿងញៀន ប្រទេសជិតខាងកម្ពុជា រួមទាំងពិភពលោកនាពេលបច្ចុប្បន្នក៏រងគ្រោះផងដែរពីឥទ្ធិពលរបស់គ្រឿងញៀន។ ដោយសារតែពិភពលោកមើលឃើញពីឥទ្ធិពលអាក្រក់នៃគ្រឿងញៀននេះ ទើបបានជានៅពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវមួយនៅក្នុងទីក្រុងញ៉ូយ៉ក (New York) បានប្រកាសពីការរកឃើញវ៉ាក់សាំងបង្ការគ្រឿងញៀនស្របពេលនៃការប្រារព្ធយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទូទាំងពិភពលោក។
ក្រុមអ្នកស្រាវជ្រាវឈ្មោះ Weill Cornell Medical College ដែលជាក្រុមស្រាវជ្រាវដំបូងបង្អស់ ដែលបានសាកល្បងពិសោធន៍វិធីព្យាបាលថ្មី ប្រឆាំងនឹងការញៀនគ្រឿងញៀននេះ បានឲ្យដឹងថា ការប្រើប្រាស់គ្រឿងញៀន គឺជាអំពើអបាយមុខ មួយនៅក្នុងសង្គម ហើយវាពិតជាពិបាកនឹងទប់ទល់។ ប្រសិនជាយើងអាចបង្កើតបានជោគជ័យនូវ វ៉ាកសាំងបង្ការគ្រឿងញៀន នោះសង្គមដ៏ល្អមួយ នឹងប្រាកដជាមានសកម្មប្រសើរបំផុត។ ក្រុមអ្នកវិទ្យាសាស្ត្រ បានសាកល្បងពិសោធន៍ទៅលើសត្វកណ្តុរ និងសត្វស្វា ហើយលទ្ធផល ពួកគេទទួលបានជោគជ័យទៅលើការពិសោធន៍នេះ។
ការស្រាវជ្រាវនោះបានឲ្យដឹងបន្តថា ក្រុមអ្នកវិទ្យាសាស្ត្រ បានចាក់ថ្នាំវីរ៉ុសមួយប្រភេទចូលទៅក្នុងកោសិកាថ្លើមរបស់សត្វកណ្តុរ។ ពេលនោះ បណ្តាកោសិកាថ្លើមរបស់សត្វកណ្តុរ បានចាប់ផ្តើមផលិតចេញនូវអង្គបដិបក្ខ ឬសារធាតុ ដែលប្រឆាំងនឹងមេរោគ ដែលធ្វើឲ្យប្រតិកម្មត្រឡប់មកប្រឆាំង។
ការសិក្សានេះ ត្រូវបានប្រកាសឡើងកាលពីថ្ងៃទី ១៨ ខែមិថុនា នៅលើទស្សនាវដ្តី Human Gene Therapy ដែល បានបង្ហាញលទ្ធផលឲ្យឃើញថា ប្រសិទ្ធិភាពរបស់ថ្នាំវ៉ាក់សាំងនេះមានរយះពេលយ៉ាងតិច១៧សប្តាហ៍។ ក្នុងនោះទៀតសោត រាល់វិធីសាស្រ្តព្យាបាល គឺអង្គបដិបក្ខ ឬសារធាតុដែលប្រឆាំងនឹងមេរោគ នឹងបង្កើតចេញមកដោយប្រភេទវ៉ាក់សាំងដែលធ្វើឲ្យប្រសិទ្ធិភាពរបស់វ៉ាក់សាំង មានសម្ថភាពគ្រប់គ្រាន់ដើម្បីអាចរកឃើញថ្នាំញៀន ហើយវាបានជ្រួតជ្រាបចូលក្នុងប្រព័ន្ធខ្លួន ក្នុងសភាពលឿនបំផុត។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកវិទ្យាសាស្ត្រ ក៏បានសម្តែងការព្រួយបារម្ភចំពោះក្រុមមនុស្ស ដែលញៀនថ្នាំផងដែរថា ពួកគេនឹងទិញថ្នាំវ៉ាក់សាំងក្នុងចំនួនច្រើនលើសលប់ ដើម្បីកំចាត់ជាតិគ្រឿងញៀនឲ្យបានឆាប់អស់ពីខ្លួនប្រាណរបស់ពួកគេ ដែលការណ៍នេះ វាបានបង្កជាហេតុធ្វើ ឲ្យវ៉ាក់សាំងបាត់បង់នូវប្រសិទ្ធិភាពវិញ។ នាពេលបច្ចុប្បន្ននេះ ក្រុមអ្នកស្រាវជ្រាវកំពុងបន្តពិនិត្យជាតិពុលរបស់វ៉ាក់សាំង ដែលពិសោធន៍ទៅលើសត្វមុន នឹងយកវ៉ាកសាំងទាំងនោះ ទៅពិសោធន៍លើមនុស្សវិញ។ ក្រុមស្រាវជ្រាវម្នាក់រំពឹងថា ពួកគេនឹងយកវ៉ាក់សាំងទាំងនោះ ទៅសាកល្បងពិសោធន៍លើមនុស្សនាដើមឆ្នាំខាងមុខនេះ។
អ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យវេជ្ជសាស្រ្ត បេឡឺ (Baylor) លោក Thomas Kosten ដែលមិនបាន ចូលរួមក្នុងការស្រាវជ្រាវនេះ បានមានប្រាសាសន៍ថា ទោះជាមិនមានសង្ឃឹមច្រើនលើការសាកល្បងពិសោធន៍ទៅលើមនុស្សក្តី ក៏ប៉ុន្តែលោករំពឹងថា ការពិសោធន៍របស់អ្នកវិទ្យសាស្រ្តទាំងនោះនឹងទទួលបានជោគជ័យនាថ្ងៃអនាគត។
អត្ថបទដោយ ៖ សេង វិរ:
ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២
Leave a Reply