ទឹកដោះម្ដាយជាអាហារមួយដ៏ប្រណិត និងមានសារៈសំខាន់បំផុតសម្រាប់ទារកតាំងតែពីប្រសូតមកភ្លាម រហូតទៅដល់ អាយុ៦ខែដំបូង។ ម្ដាយតែងតែផ្ដល់ទឹកដោះរបស់ខ្លួនទៅឱ្យកូន ក្នុងគោលបំណងចង់ឱ្យកូនមានការលូតលាស់ ធំធាត់ និងមានសុខភាពល្អ។ ទឹកដោះម្ដាយពោរពេញទៅដោយសារធាតុចិញ្ចឹមប្រូតេអ៊ីនជាច្រើនប្រភេទ ដើម្បីផ្ដល់ទៅឱ្យកូន។ មិនតែប៉ុណ្ណោះទេ ទឹកដោះម្ដាយថែមទាំងជួយការពារជម្ងឺមួយចំនួនដល់កូនទៀតផង។
ទស្សនាវដ្ដី សុខភាពយើង បានធ្វើការសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ហ៊យ គឹមហេង ឯកទេសរោគកុមារនៃមន្ទីរពេទ្យកុមារជាតិ ទាក់ទងនឹងសារៈសំខាន់នៃទឹកដោះម្ដាយ។
ទឹកដោះម្ដាយមានសារៈសំខាន់អ្វីខ្លះដល់កូន?
ម្ដាយចាប់ផ្ដើមមានទឹកដោះតាំងតែពីកូននៅក្នុងផ្ទៃមកម្ល៉េះ ដើម្បីត្រៀមបំបៅទារកពេលដែលសម្រាលមក។ ពេលដែល ម្ដាយសម្រាលភ្លាម រយៈពេលមួយម៉ោងក្រោយមកគ្រូពេទ្យតែងតែយកទារកឱ្យទៅបៅដោះម្ដាយ ដែលគេហៅថាជាទឹកដោះដំបូង នោះឯង។ ទារកដែលកើតមកភ្លាម មិនអាចទទួលទានអ្វីក្រៅអំពីទឹកដោះម្ដាយតែមួយមុខគត់បានទេ។ ដូច្នេះទឹកដោះជាសារជាតិ ចិញ្ចឹមសំខាន់បំផុតសម្រាប់ទ្រទ្រង់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្ដរបស់ទារកដ៏មានប្រសិទ្ធភាពបំផុត ថែមទាំងអាចជួយការ ពារជម្ងឺជាច្រើនយ៉ាងដល់កូនបានទៀតផង។
ទឹកដោះម្ដាយជួយជម្ងឺអ្វីខ្លះដល់កូន?
នៅក្នុងទឹកដោះម្ដាយពោរពេញទៅដោយសារជាតិចិញ្ចឹមគ្រប់គ្រាន់ ដែលអាចធ្វើឱ្យទារករស់រានមានជីវិតបានយ៉ាងល្អ ប្រសើរជាងអាហារបំប៉នផ្សេងៗដែលគេយកមកផ្សំឱ្យទារកបៅ។ ទឹកដោះម្ដាយមានសារជាតិច្រើនយ៉ាងដែលចាំបាច់សម្រាប់ទារក ក្នុងការធ្វើឱ្យខ្លួនគេវិវឌ្ឍន៍កាន់តែឆាប់រហ័ស ជាមួយនឹងការចម្រើននៃប្រព័ន្ធប្រសាទ ការលូតលាស់មានការរីកចម្រើនទៅមុខបាន យ៉ាងមានប្រសិទ្ធភាព។ ពិសេសជាងនេះទៅទៀត ទឹកដោះម្ដាយអាចការពារទារកពីជម្ងឺរាករូសបានទៀតផង។ ទារកណាដែលបាន បំបៅដោយទឹកដោះម្ដាយតែមួយមុខគត់ នោះទារកមិនសូវជាមានជម្ងឺរាករូសប៉ុន្មានទេ។ ភាគច្រើនទារកដែលបំបៅដោយទឹកដោះ ម្ដាយនឹងមានការលូតលាស់ឆាប់រហ័ស ប្រព័ន្ធខួរក្បាលមានការរីកចម្រើនប្រសើរឡើងជាងទារកដែលបំបៅដោយទឹកដោះគោ ឬសារជាតិផ្សំផ្សេងៗ ដូចជាទឹកបបរ បន្លែផ្លែឈើជាដើមដែលយកទៅឱ្យទារកបៅ។
មូលហេតុដែលទឹកដោះម្ដាយការពារជម្ងឺដល់កូន
ទឹកដោះម្ដាយសម្បូរទៅដោយជាតិប្រូតេអ៊ីនជាច្រើនមុខ ដែលជាតម្រូវការចាំបាច់សម្រាប់ការលូតលាស់ តាំងពីវ័យដំបូង រហូតដល់ពេលធំឡើង។ សារជាតិទាំងនោះមានដូចជាប្រូតេអ៊ីនចម្រុះសាច់ ស្ករ ខ្លាញ់ ជាតិទឹក និងបន្លែផ្សេងៗ ដែលម្ដាយបរិភោគ ជារៀងរាល់ថ្ងៃ។ ចំណីអាហារទាំងនោះបានបំប្លែងជាសារធាតុមួយចំនួនដែលសំខាន់បំផុតសម្រាប់ទារកក្នុងការលូតលាស់ និងប្រាជ្ញា ឆ្លាតវៃរបស់ទារក ហើយសារធាតុទាំងនោះសម្បូរបំផុតគឺនៅក្នុងទឹកដោះម្ដាយ។ តាមពាក្យស្លោកមួយបានពោលថា “ទឹកដោះម្ដាយ គឺជាឈាម” ពាក្យនេះគឺចង់សំដៅទៅលើទឹកដោះម្ដាយគ្រប់ដំណក់ គឺជាឈាមម្ដាយគ្រប់ដំណក់ដូចគ្នាដែលម្ដាយបានផ្ដល់ទៅឱ្យកូន ទាំងក្ដីព្រួយបារម្ភ ទាំងក្ដីស្រឡាញ់ អាណិត និងភាពយកចិត្ដទុកដាក់ថែរក្សាខ្ពស់បំផុតចំពោះកូន។
ស្ដ្រីគួរធ្វើបែបណាពេលបំបៅកូន
គ្រប់ស្ដ្រីដែលជាម្ដាយទាំងអស់គួរផ្ដល់ទឹកដោះរបស់ខ្លួនទៅឱ្យកូនបៅទើបជាការល្អ។ កូនចាំបាច់ត្រូវទទួលទឹកដោះម្ដាយ តាំងតែកើតមករហូតដល់ពេលគេមានអាយុ៦ខែ ទើបម្ដាយអាចផ្ដល់អាហារូបត្ថម្ភផ្សេងទៀតដល់កូនបានក្រៅអំពីទឹកដោះម្ដាយ។ តែ មិនមែនមានន័យថាផ្ដាច់ដោះទារកនោះទេ ទឹកដោះម្ដាយនៅតែផ្ដល់ដដែលទាល់តែទារកមានអាយុ២ខួប គ្រាន់តែផ្ដល់អាហារបន្ថែម ឱ្យទារកតែប៉ុណ្ណោះ។ អាហារទាំងនោះមានដូចជាបបរកិនឱ្យម៉ត់ អាចដាំលាយជាមួយបន្លែ សាច់ ជាតិខ្លាញ់បន្ដិច និងអំបិលបន្ដិច ហើយយកទៅឱ្យទារកបរិភោគឱ្យបានមួយថ្ងៃ៣ទៅ៤ដង ឬអាចយកចេកណាំវ៉ាទុំកោសឱ្យម៉ត់ឱ្យទារកបរិភោគក៏បានដែរ។ នេះជាអាហារមួយប្រភេទដែលជួយទារកក្នុងការលូតលាស់ និងអាចជួយឱ្យទារកបន្ទោរបង់បានងាយស្រួល មិនធ្វើឱ្យលាមកទារករឹងទៀតផង។ ស្ដ្រីទាំងឡាយត្រូវបំបៅដោះកូនឱ្យបានត្រឹមត្រូវ គឺត្រូវឱ្យទារកបៅឱ្យអស់ទឹកដោះមួយចំហៀងសិន ទើបប្ដូរឱ្យគេបៅមួយចំហៀងទៀត(បើសិនកូនបៅមិនទាន់ឆ្អែត)។
ផលវិបាកចំពោះការមិនឱ្យកូនបៅដោះ
ស្ដ្រីមួយចំនួនទៀតនោះមិនព្រមឱ្យកូនបៅដោះរបស់ខ្លួនទេ ដោយសារពួកគាត់យល់ថាទឹកដោះគោល្អជាងទឹកដោះម្ដាយ។ ហើយម្យ៉ាងវិញទៀតនោះគាត់មិនមានពេលវេលាគ្រប់គ្រាន់ ដោយគាត់ត្រូវទៅបំពេញធ្វើការងារជាដើម។ ស្ដ្រីមួយចំនួនទៀត យល់ថា ទឹកដោះគោ និងទឹកដោះម្ដាយមានគុណប្រយោជន៍ដូចគ្នា មានសារជាតិចិញ្ចឹមដូចគ្នា នេះជាការគិតខុស។ គេមិនអាច យកទឹកដោះម្ដាយទៅប្រៀបធៀបជាមួយទឹកដោះគោបានទេ។ ចំណែកឯស្ដ្រីមួយចំនួនទៀតនោះមិនអនុញ្ញាតឱ្យកូនបៅទេ ដោយ គាត់ស្រឡាញ់ដើមទ្រូងរបស់គាត់ជាងស្រឡាញ់កូន គាត់ខ្លាចដើមទ្រូងគាត់ធ្លាក់យារ ប្រែជាមិនស្អាតនៅពេលកូនបៅជាដើម។ ដូច្នេះហើយទើបគាត់សម្រេចចិត្ដឱ្យកូនគាត់បៅទឹកដោះគោជំនួសវិញ។ ទង្វើបែបនេះជាការគិតខុសមួយចំពោះស្ដ្រីជាម្ដាយ។ ទឹកដោះម្ដាយអាចប្រៀបដូចជាឱសថមួយដ៏ស័ក្ដិសិទ្ធិ ដែលគ្មានអ្វីមកជំនួសបានឡើយ ហើយវាថែមទាំងធ្វើឱ្យកូនលោកអ្នកមានសុខភាពល្អ។
ដំបូន្មានអ្នកជំនាញ
ស្ដ្រីជាម្ដាយគ្រប់រូបទាំងអស់ចាំបាច់ត្រូវតែផ្ដល់ទឹកដោះដល់កូន ព្រោះវាជាអាហារមួយសំខាន់បំផុតសម្រាប់ការលូតលាស់ ដល់សុខភាពទារក និងអាចឱ្យទារកចៀសផុតពីជម្ងឺបានមួយភាគធំទៀតផង។ អាហារូបត្ថម្ភក្រៅក៏ជាចំណីអាហារមួយប្រភេទប្រសើរ សម្រាប់ទារកផងដែរក្នុងការបន្ថែមពីលើទឹកដោះម្ដាយ។ ទឹកដោះម្ដាយមានគុណប្រយោជន៍ទ្វេចំពោះបុត្រធីតារបស់លោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply