វិបត្ដិស្ដ្រី​ក្រោយ​ពេល​សម្រាល

នៅពេល​សម្រាល​កូនរួច សុខភាព​ស្ដ្រីច្រើន​ចុះខ្សោយ ដែល​ទាមទារ​ឱ្យអ្នក​ជុំវិញ​យកចិត្ដ​ទុកដាក់ និង​ថែទាំ។ ប្រសិន​បើ មានការ​ធ្វេស​ប្រហែស​ដោយ​ប្រការ​ណាមួយ ស្ដ្រីដែល​ទើប​សម្រាល​កូនរួច​ងាយរង​វិបត្ដិ ជាពិសេស​ផ្នែកសតិ​អារម្មណ៍។ ការ​ប៉ះពាល់ ផ្នែកសតិ​អារម្មណ៍​នេះអាច​បង្កបញ្ហា​ជាច្រើន​ដែលធ្វើ​ឱ្យមាន​ជម្ងឺ​ផ្លូវចិត្ដ​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី​វេជ្ជ​បណ្ឌិត ចក ធីតា អនុ​ប្រធាន​កម្មវិធី​ជាតិ​សម្រាប់​សុខភាព​ផ្លូវចិត្ដ​នៃ​ក្រសួង​សុខាភិបាល ចូលរួម​បកស្រាយ​ពី បញ្ហា​វិបត្ដិ​ស្ដ្រីក្រោយ​ពេល​សម្រាល​កូន តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

សញ្ញាណ​នៃការ​ប៉ះទង្គិច​ផ្លូវចិត្ដ

បញ្ហា​ផ្លូវចិត្ដ​អាចបង្ក​ឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ស្ដ្រី​ដោយ​ធ្វើឱ្យ​ស្ដ្រីចុះ​ស្គម ស្លេកស្លាំង ឈឺក្បាល ក្ដៅខ្លួន ក្អកស្ងួត គេងមិន​លក់​ជាដើម។ បើ​ព្យាបាល​មិនទាន់​ពេលវេលា ជួនកាល​អាច​បណ្ដាលឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិតបាន។ ទំនៀម​ទម្លាប់ខ្មែរយើង តែងយល់​ថានេះ​ជាការ​ទាស់ ហើយអាច​បណ្ដាល​ឱ្យមាន​សភាព​ធ្ងន់ធ្ងរ ប្រសិន​បើស្ដ្រី​មានការ​ប៉ះទង្គិច​ផ្លូវចិត្ដ​ខ្លាំងក្លា។ ហេតុដូច​នេះ ហើយ ទើបស្ដ្រី​ក្រោយពេល​សម្រាល​តែងតែ​ត្រូវបាន​យកចិត្ដ​ទុកដាក់​បំផុតពី​សំណាក់​ក្រុមគ្រួសារ។

មូលហេតុ​ដែលធ្វើ​ឱ្យស្ដ្រី​មាន​វិបត្ដិ​ក្រោយពេល​សម្រាល

មូលហេតុ​ដែលនាំ​ឱ្យស្ដ្រី​មានវិបត្ដិ​ក្រោយពេល​សម្រាល​កូនមាន​ច្រើនយ៉ាង​ទៅតាម​ការប៉ះ​ទង្គិចក្នុង​ជីវភាព​ប្រចាំថ្ងៃ។

1 . បញ្ហា​ក្នុងគ្រួសារ ៖ គ្មានអ្នក​ណាម្នាក់​ចង់មាន​បញ្ហា​នោះទេ ព្រោះកង្វល់​អាចធ្វើ​ឱ្យប៉ះពាល់​ច្រើនដល់​ការ​រស់នៅ​ប្រចាំ ថ្ងៃ។ ពេល​ភរិយា​កំពុង​ពពោះ​រហូត​ដល់់ពេល​សម្រាល ស្វាមីមួយ​ចំនួន​ដើរចោល​ផ្ទះមិន​រវីរវល់​ជាមួយ​ភរិយា​ឡើយ។ ហេតុនេះ​ហើយ ទើបធ្វើ​ឱ្យស្ដ្រី​ពិបាក​ចិត្ដ ព្រោះគិត​ថាខ្លួន​មិនស្អាត រូបរាង​ផ្លាស់ប្ដូរ និងមិន​អាច​រួមភេទ​បាន ទើប​ស្វាមី​ដើរចោល​ខ្លួន​បែបនេះ។ ទន្ទឹមនឹង នោះក៏​អាច​បណ្ដាលមក​ពីរឿង​រ៉ាវផ្សេងៗ ដែល​កើតមាន​ចំពោះ​ឪពុកម្ដាយ​បងប្អូន​ផងដែរ។

2 . មានកូន​មិនតាម​ប្រាថ្នា ៖ ការ​ពពោះ​មិនទាន់​រៀបការ ការចាប់​រំលោភ ឬការ​មានកូន​ដែល​មិនចង់​បាន​ជាដើម ទាំងនេះ​គឺជា​កត្ដា​ជំរុញ​ឱ្យ​ស្ថានភាព​ផ្លូវចិត្ដ​របស់ស្ដ្រី​រងការ​ប៉ះទង្គិច​ដែលអាច​ក្លាយជា​វិបត្ដិបាន។

3 . បញ្ហា​មកពី​ផ្លូវចិត្ដ​ដែលមាន​ស្រាប់ ៖ រឿងរ៉ាវ​ដែលពី​មុនបាន​ជួប​ប្រទះ​ដោយ​មិនអាច​ទទួល​យកបាន ទើបស្ដ្រី​ក្រោយ​ពេល​សម្រាល​មាន​កង្វល់​អាចកើត​ជាទាស់។ ទាស់​អាចធ្វើ​ឱ្យស្ដ្រី​មានជម្ងឺ​ថប់​អារម្មណ៍ ជម្ងឺធ្លាក់​ទឹកចិត្ដ ឬ​វិកលចរិត​ជាដើម។ បញ្ហា​ទាំងនេះ​ចាប់ផ្ដើម​ពីការ​គេង​មិនលក់ ញ័រទ្រូង ត្រជាក់ដៃ​ត្រជាក់ជើង បែកញើស​ខុសពី​ធម្មតា ទទួលទាន​បាយ​មិនបាន មិនសូវ​និយាយ​ស្ដី ឬនិយាយ​មិនចេញ ទទួលទាន​ដំណេក​មិនលក់​ជាដើម។ ក្នុង​ករណី​ធ្ងន់ធ្ងរ អាច​បណ្ដាល​ទៅជា​ជម្ងឺ​វិកលចរិត​ទៀត​ផង។

វិធី​ព្យាបាល​ស្ដ្រីមាន​វិបត្ដិ​ក្រោយពេល​សម្រាល

បញ្ហា​ផ្លូវចិត្ដ​ទាមទារ​ការព្យាបាល​ជាការ​ចាំបាច់ ដើម្បី​បង្ការ​កុំឱ្យ​ឈានទៅ​រកភាព​ធ្ងន់ធ្ងរ។ ការ​ព្យាបាល​ជម្ងឺ​ផ្លូវចិត្ដ​មាន លក្ខណៈ​ប្លែកពី​ការ​ព្យាបាលជម្ងឺផ្សេងៗ ហើយ​ទាមទារ​នូវអ្នក​ជំនាញ​ច្បាស់លាស់។

1 . ការ​ព្យាបាល​ដោយការ​ផ្ដល់​ប្រឹក្សា ៖ ក្នុងគោល​បំណង​ចង់ឱ្យ​ស្ដ្រី​ដែលមាន​បញ្ហា​ផ្លូវចិត្ដ​ចេះ​ស្វែងយល់​បញ្ហា​ទាំងឡាយ ដែល​កំពុង​ជួបប្រទះ និងជួយ​ឱ្យស្ដ្រី​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង។ គ្រួសារ​មាន​តួនាទី​សំខាន់​ក្នុងការ​ជួយ​គាំទ្រ​ស្ដ្រីឱ្យ​ធូរស្រាល​បញ្ហាផ្លូវចិត្ដ​ទាំងឡាយ​កំពុង​កើតមាន។ ស្វាមី​គ្រប់រូប​មាន​តួនាទី​ថែទាំ​ភរិយា​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ដ ជាពិសេស​ធ្វើឱ្យ​ស្ដ្រីមាន​អារម្មណ៍ល្អ ប្រកប​ដោយ​សេចក្ដីសុខ និង​សុវត្ថិភាព។

2 . ការ​ព្យាបាល​ដោយថ្នាំ ៖ ទាមទារ​ឱ្យអ្នក​ជម្ងឺ​ទៅជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិភាក្សា និងការ​ប្រើថ្នាំ​ឱ្យបាន​ត្រឹមត្រូវ។ ចំពោះ ការ​ប្រើថ្នាំ​អាចធ្វើ​ឱ្យស្ដ្រី​ក្រោយពេល​សម្រាល​មានសាច់​ឈាម​ស្រស់ថ្លា​ដូច​ប្រក្រតី​វិញបាន។

វិធី​ការពារ​មិនឱ្យ​ស្ដ្រីមាន​វិបត្ដិ​ក្រោយ​ពេលសម្រាល

បន្ទាប់ពី​សម្រាល​កូនរួច ស្ដ្រី​តែងមាន​សុខភាព​ចុះខ្សោយ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ដ។ នៅក្នុង​ដំណាក់​កាលនេះ ស្ដ្រី​ត្រូវការ ចាំបាច់​នូវការ​យកចិត្ដ​ទុកដាក់​ពី​ក្រុមគ្រួសារ ជាពិសេស​ស្វាមី​របស់ខ្លួន។ សូមអាន​អត្ថបទ​តួនាទី​ស្វាមី ពេល​ភរិយា​មាន​ផ្ទៃពោះ ដែល មាន​ចេញផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្ដី សុខភាពយើង​លេខ០០៨ ប្រចាំខែ​កញ្ញា ឆ្នាំ២០០៦។ ដូច្នេះ​សមាជិក​ក្នុងផ្ទះ​គួរតែ​ឧស្សាហ៍​នាំ រឿងរ៉ាវ​សប្បាយៗ​និយាយ​ប្រាប់ ចៀសវាង​ទុកឱ្យ​ស្ដ្រីដែល​ទើប​សម្រាល​កូនរួច​នៅ​ម្នាក់ឯង ជាហេតុ​នាំឱ្យ​គិតច្រើន។

ដំបូន្មាន​អ្នក​ប្រឹក្សា

ក្រុមគ្រួសារ​មាន​សុភមង្គល​បាន​អាស្រ័យ​លើការ​យោគយល់​គ្នាទៅ​វិញទៅ​មក។ ស្វាមី​គប្បី​យកចិត្ដ​ទុដាក់​ជាមួយ​ភរិយា​នៅ ពេល​សម្រាល ឬក្រោយ​ពេលសម្រាល ព្រោះពេល​នោះ​ជាពេល​ដែលស្ដ្រី​ត្រូវការ​ថ្នាក់ថ្នម ការយក​ចិត្ដទុដាក់​ពីសំំណាក់​ស្វាមី និង​ក្រុម គ្រួសារ។ ស្ដ្រីក៏​គួរតែ​យកចិត្ដ​ទុកដាក់​ចំពោះ​ខ្លួនឯង​ផងដែរ ទៅលើ​ការ​ថែរក្សា​សុខភាព និង​អនាម័យ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨

Categories: , , ,