នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ គេសង្កេតឃើញថា យុវវ័យកម្ពុជា កំពុងតែមានភាពលេចធ្លោនូវរឿងរ៉ាវគ្រោះថ្នាក់ចម្លែកៗ ដែលបានបង្ហាញឲ្យឃើញពីភាពស្រុតចុះនៃសីលធម៌សង្គម និងកិត្តិយសរបស់ប្រទេសជាតិ។ បញ្ហាទាំងនោះមានដូចជា អំពើកាប់ចាក់បាញ់ប្រហារ ចាប់ចង កាប់សម្លាប់គ្នាដោយសាររឿងស្នហា អំពើផិតក្បត់ អំពើលួចប្លន់ ការធ្វើអត្តឃាតខ្លួនឯង និងអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងញៀន គ្រឿងស្រវឹងដែលបង្កគ្រោះថ្នាក់ដល់ជីវិតខ្លួនឯងនិងអ្នកដទៃជាដើម។
អំពើ និងសកម្មភាពទាំងឡាយដែលបានបង្ហាញជូនលោកអ្នកខាងលើនេះ សុទ្ធសឹងតែជាសកម្មភាពដែលគេបានឃើញ និងបានឮជារៀងរាល់ថ្ងៃ តាមរយៈទំព័រកាសែតក្នុងស្រុក គេហទំព័រសារព័ត៌មាន និងជាពិសេសតាមបណ្តាញសង្គម ហ្វេសប៊ុក(Facebook)ផងដែរ។ បញ្ហាអស់ទាំងនេះ បានបង្ហាញពីការស្រុតចុះនៃសីលធម៌សង្គមយ៉ាងធ្ងន់ធ្ងរដែលទាមទារឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា ចូលរួមកែប្រែស្ថានការណ៍ជាបន្ទាន់ដើម្បីបញ្ចៀសសង្គមចេញពីគ្រោះថ្នាក់។
ពីមួយថ្ងៃទៅមួយថ្ងៃ នៅពេលដែលគេបើកទំព័រកាសែតឡើង គ្រប់កាសែតក្នុងស្រុក និងបណ្តាញផ្សាយព័ត៌មានផ្សេងៗតែងតែលើកយកបញ្ហាដែលគេឃើញញឹកញាប់និងមុនគេនោះគឺ បញ្ហាសន្តិសុខសង្គមនេះតែម្តង។ មានរឿងចម្លែកៗជាច្រើនប្រភេទ ដែលរឿងខ្លះមិនគួរឲ្យជឿបានកើតឡើងជារៀងរាល់ថ្ងៃ។ ឪពុករំលោភកូន បងសម្លាប់ប្អូន កូនវាយឳពុកម្តាយ ប្តីវាយធ្វើបាបឬសម្លាប់ប្រពន្ធ ការលោតទឹកសម្លាប់ខ្លួនដោយសារស្នេហាស្មោះស្ម័គ្រ ឬដោយសារស្នេហាត្រីកោណ គ្រោះថ្នាក់ចរាចរណ៍ ការស្លៀកបំពាក់ខ្លីនិយមតាមស្តាយអរិយប្រទេស ឬដែលគេស្គាល់និងល្បីក្នុងស្រុកខ្មែរជាងគេ គឺយកស្តាយកូរ៉េជាដើម ដែលបញ្ហាទាំងនេះសុទ្ធតែជារឿង លែងចម្លែកទៀតហើយនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ។
ក្រៅពីនេះ ការអួតអាងអំណាច ដោយវាយធ្វើបាបអ្នកទុនខ្សោយពីសំណាក់មន្ត្រីមានបុណ្យស័ក្តិមួយចំនួន ក៏កំពុងតែបន្ថែមទម្ងន់ទៅលើបញ្ហារាប់រយជំពូក ដូចជាអំពើលួចប្លន់ កាប់សម្លាប់គ្នាតាមផ្លូវ និងការបើកបរមិនទទួលខុសត្រូវក្រោមឥទ្ធិពលជាតិស្រវឹងដែលសម្លាប់មនុស្សជារៀងរាល់ថ្ងៃ កំពុងតែធ្វើឲ្យបរិយាកាសសង្គមបាត់ភាពផូរផង់ និងសីលធម៌សង្គមរស់នៅរបស់ប្រជាជននៅក្នុងប្រទេសមួយនេះ កាន់តែធ្លាក់ចុះដុនដាបទៅៗផងដែរ។
ស្របពេលប្រទេសកម្ពុជាលូតលាស់សេដ្ឋកិច្ចសន្សឹមៗទៅមុខនោះ គេសង្កេតឃើញថា យុវវ័យខ្មែរមួយចំនួនបានបោះបង់ពេលវេលាសិក្សាដ៏មានតម្លៃរបស់ខ្លួន ដោយយកម៉ោងសិក្សាទាំងនោះទៅដើរលេងកម្សាន្តជាមួយភក្តិ ឬសង្សារជាដើមទៅវិញ តួយ៉ាងដូចករណីនៃការស្លាប់របស់យុវតី សោម ចាន់រស្មី វ័យ១៧ឆ្នាំ ដែលគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិតកាលពីថ្ងៃ២៨មិថុនាថ្មីៗនេះជាដើម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ ដែលបានធ្វើឲ្យមហាជនគ្រប់ស្រទាប់ មានការភ្ញាក់ផ្អើល និងសម្តែងអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំងនៅពេលបានឃើញរូបភាព និងឮដំណឹងនេះនៅតាមបណ្តាញសារព័ត៌មានផ្សេងៗ និងជាពិសេសតាមបណ្តាញសង្គមហ្វេសប៊ុឃជាដើម។ ជាមួយគ្នានេះ មានយុវនារី និងស្ត្រីខ្មែរមួយចំនួន ប្រព្រឹត្តខ្លួនដូចជាមនុស្សប្រុស ដើរលេងដល់យប់ជ្រៅ ឬជួនកាលមិនចូលដេកផ្ទះក៏មាន។
ស្ថិតក្នុងស្ថានភាពបែបនេះ គេមិនគួរឱបដៃមើលនោះទេ។ ក្រុមអ្នកវិភាគស្ថានការណ៍សង្គមកម្ពុជាបានមើលឃើញថា ការលើកកម្ពស់តម្លៃសីលធម៌សង្គមគឺជាការងារចាំបាច់មួយដែលមិនអាចមើលរំលងបានឡើយនៅក្នុងប្រទេសកម្ពុជា។ នៅពេលនេះ គឺត្រូវដល់ពេល ដែលយើងជាជនជាតិខ្មែរនាំគ្នា តម្រង់ទិសសង្គមរួមគ្នា និងត្រូវចាប់ផ្តើមធ្វើសកម្មភាពឡើងហើយ។ ការបង្ហាញគំរូល្អៗពីសំណាក់អ្នកមានឥទ្ធិពលក្នុងសង្គម រាប់ទាំងអ្នកមានអំណាច និងមានប្រាក់ គឺជាប្រការទី១ដែលត្រូវធ្វើ តាមរយៈការគោរពច្បាប់ និងការអនុវត្តច្បាប់ និងការបង្ហាញសីលធម៌ ឥរិយាបទថ្លៃថ្នូរដល់ប្រជាពលរដ្ឋសាមញ្ញ។ ក្រៅពីនោះ អ្នកមានឥទ្ធិពល និងមានលទ្ធភាពទាំងឡាយគួររួមសហការគ្នាបង្កើតយុទ្ធនាការលើកស្ទួយសីលធម៌សង្គមតាមគ្រប់រូបភាពដែលអាចធ្វើបាន ដូចជាតាមរយៈប្រពន្ធ័ផ្សព្វផ្សាយ ឬតាមរយៈសិល្បៈជាដើម។ មិនត្រឹមតែអ្នកមានឥទ្ធិពលនោះទេ ប្រជាជនទូទៅក៏ត្រូវនាំគ្នាចូលរួមឲ្យបានសកម្មខ្លាំងផងដែរក្នុងបញ្ហាដូចគ្នាខាងលើនេះ។ ការសាបព្រោះវប្បធម៌អហិង្សា និងសន្តិភាពក្នុងចំណោមអ្នកមានអំណាចនៅក្នុងសង្គម រាប់ដល់ប្រជាពលរដ្ឋសាមញ្ញ ក៏ជារឿងសំខាន់មួយទៀតផងដែរ ក្នុងការបណ្តុះផ្តត់ផ្នត់គំនិតសន្តិភាពសង្គម និងសន្តិភាពផ្លូវចិត្តជូនចំពោះគ្នាទៅវិញទៅមក។ ចូរចងចាំថា មនុស្សកើតមកគ្មានយកអ្វីមកជាមួយទេ ហើយពេលស្លាប់ទៅវិញ ក៏ពុំអាចយកអ្វីទៅបានផងដែរ។
ដូច្នេះ មនុស្សមិនចាំបាច់ត្រូវការធ្វើសកម្មភាពអសកម្ម អមនុស្សធម៌ទាំងអស់នោះទេ។ ដើម្បីចូលរួមចំណែកអប់រំសីលធម៌សង្គមនៅកម្ពុជា គេហទំព័រសុខភាពកម្ពុជា នឹងចូលរួមផ្សាយមតិយោបល់និងព័ត៌មានស្ថាបនានានា។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១២
Leave a Reply