ពេលវេលារស់នៅជុំគ្នា ជាធាតុដ៏សំខាន់ក្នុងការសាងសុភមង្គលគ្រួសារ។ ក្រោយពីបំពេញការងារប្រកបអាជីវកម្ម និងកា សិក្សា ការបង្កនូវភាពស្និទ្ធស្នាលរវាងប្ដីប្រពន្ធ និងកូនៗជាចំណែកមួយដ៏ចាំបាច់បំផុត។ ដូច្នេះលំនៅដ្ឋានរបស់លោកអ្នកជាទីកន្លែង ដែលបង្កើត និងចងក្រងអនុស្សាវរីយ៍គ្រប់យ៉ាង ទាំងភាពផ្អែមល្អែម និងភាពរកាំរកូសខ្លះផង។ ផ្ទះបានរួមចំណែកក្នុងការរស់នៅរបស់លោកអ្នកទាំងសេចក្ដីសុខ និងទុក្ខ។ ទោះបីជាយ៉ាងណាផ្ទះស្អាតការរៀបចំមានរបៀបជាបច្ច័យមួយធ្វើឱ្យលោកអ្នកមានអារម្មណ៍ថា គ្មានទីណាមានសេចក្ដីសុខសុវត្ថិភាពជាងផ្ទះរបស់លោកអ្នកឡើយ។
លេខថ្មីនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកនូវចំណុចគួរពិចារណាខ្លះៗនៃសារៈសំខាន់របស់គេហដ្ឋាន ដែលជា ចំណែកមួយក្នុងការទាក់ទាញសមាជិកគ្រួសារ។
លំនៅដ្ឋានសំខាន់យ៉ាងណាខ្លះ?
បច្ចុប្បន្ននេះមានផ្ទះឈើតូចធំ សំណង់ផ្ទះថ្ម ផ្ទះល្វែង ផ្ទះវីឡា និងវិមាន បង្ហាញម៉ូដថ្មីល្អប្លែកៗ ពិសេសនៅតាមទីក្រុង។ ទោះស្ថិតនៅក្នុងលំដាប់ថ្នាក់ណាក៏ដោយ ផ្ទះជាជម្រកដ៏ប្រសើររបស់មនុស្សគ្រប់គ្នា ដើម្បីរស់នៅបានសមរម្យថ្លៃថ្នូរ។ ផ្ទះជាកន្លែងរួមសុខរួមទុក្ខរាល់ថ្ងៃនៃគ្រួសារ ផ្ដល់នូវភាពកក់ក្ដៅ អោបក្រសោបសមាជិកគ្រួសារឱ្យស្ថិតក្រោមដំបូលសុភមង្គល ជួយបិទបាំងរាល់សកម្មភាពទាំងឡាយពីគំហើញរបស់មនុស្សដទៃ រក្សាទុកនូវទ្រព្យសម្បត្ដិ និងអាថ៌កំបាំងក្នុងគ្រួសារ បញ្ចៀសពីធម្មជាតិ ខ្យល់ កម្ដៅ ព្យុះភ្លៀងជាដើម។ ផ្ទុយទៅវិញនៅពេលលោកអ្នកត្រូវការចូលផ្ទះ តែបែរជាមិនចង់ចូល ដោយសារតែផ្ទះគ្មានអនាម័យ គ្មានសណ្ដាប់ធ្នាប់។ ប៉ុន្ដែលោកអ្នកធ្លាប់ចង់ចូលផ្ទះនរណាម្នាក់ ឬផ្ទះខ្លួនឯងផ្ទាល់ដោយសារតែក្នុងផ្ទះនោះមានសោភ័ណភាព មាន បរិយាកាសប្រកបដោយផាសុកភាព។
លំនៅដ្ឋានដែលមានការទាក់ទាញ
ទីលំនៅមានគ្រប់លំដាប់ថ្នាក់ សាងសង់តាមលទ្ធភាព សមត្ថភាពនៃសេដ្ឋកិច្ចរបស់បុគ្គលនីមួយៗ។ មានលំនៅដ្ឋានធំថ្មីល្អ ស្អាតពិតជាសំណាងមួយផ្នែកនៃជីវិត។ អ្នកខ្លះមានលំនៅដ្ឋានមិនធំស្កឹមស្កៃទេ ប៉ុន្ដែក៏គួរឱ្យរស់នៅមានសេចក្ដីសុខ។ ដូចនេះការបំពេញភារៈដើម្បីឱ្យលំនៅដ្ឋានមានសោភ័ណជានិច្ច ជាកត្ដាចាំបាច់យ៉ាងពិសេសក្រៅពីការមានទឹកចិត្ដល្អនៃសមាជិកគ្រួសារ។
1 . លំនៅដ្ឋានដែលមានការតុបតែង ៖ មិនថាផ្ទះតូចឬធំ ចាស់ឬថ្មីនោះទេ បើម្ចាស់គេហដ្ឋានចេះរចនាក្បូរក្បាច់តុបតែងលម្អ មានរបងព័ទ្ធ ធ្វើសួនបែបគ្រួសារដោយមានដាំផ្កា រុក្ខជាតិហូបផ្លែខ្លះតាមទីធ្លាទំនេរឱ្យស្រស់បំព្រង នោះពិតជាមានការទាក់ទាញណាស់។ បើមានផ្ទះធំស្អាត តែដីមានកន្លុកគ្រហិកគ្រហុក សម្រាមស្អេកស្កះ នោះផ្ទះនឹងបាត់បង់នូវសោភ័ណភាព។ ចំពោះផ្ទះល្វែងគេអាចបង្កើនសោភ័ណដោយដាំផ្កា រុក្ខជាតិលម្អដាក់ផើង ឬថូ របៀបជាអចលនវត្ថុ។ យើងអាចផ្លាស់ប្ដូរទីកន្លែង ឬប្ដូរជំនួសនូវរបស់ណា ដែលអាចផ្លាស់ប្ដូរបាន ដូចជាប្ដូរទីតាំងទូសៀវភៅ ទូរទស្សន៍ ផើងផ្កា ទីតាំងគ្រែដេកជាដើម ដើម្បីឱ្យថ្មីប្លែកភ្នែក។ ទីកន្លែង ដែលស្អាត លោកអ្នកប្រាកដជាមិនចង់ចាកចេញ ចង់រស់នៅទីនោះជានិច្ច និងគ្មានអារម្មណ៍ធុញទ្រាន់នោះទេ។
2 . គេហដ្ឋានដែលមានសណ្ដាប់ធ្នាប់ល្អ ៖ ការបោះជំហានចូលផ្ទះស្របពេលដែលកំពុងនឿយហត់ក្រោយមកពីសិក្សា ឬ បំពេញការងារផ្សេងៗនោះ បុគ្គលគ្រប់រូបពិតជាមិនចង់ឃើញនូវភាពគ្មានសណ្ដាប់ធ្នាប់ក្នុងផ្ទះទេ។ បើមានបញ្ហានេះកើតឡើង លោកអ្នកពិតជាចង់ចាកចេញទៅវិញមួយរំពេច។ ដូច្នេះការរៀបចំផ្ទះឱ្យមានរបៀបទៅតាមប្រភេទនៃសម្ភារប្រើប្រាស់ ដូចជាឧបករណ៍ ផ្នែកចង្ក្រានជើងឆ្នាំង សៀវភៅអានជាដើម។ ក្នុងបន្ទប់ដេកស្អាត និងមានសណ្ដាប់ធ្នាប់ ក៏ជាចំណែកដ៏សំខាន់មួយផ្សេងទៀតដើម្បីឱ្យ លោកអ្នកមានអារម្មណ៍ថា ចង់ចូលទៅសម្រាក គួរឱ្យចង់រស់នៅ ចង់អានសៀវភៅនៅទីនោះ និងចង់សាងអនុស្សាវរីយ៍ផ្អែមល្ហែមជាដើម។
3 . លំនៅដ្ឋានដែលមានបរិយាកាស និងអនាម័យល្អ ៖ ការសម្រាកផ្លូវកាយក្ដី ប្រព័ន្ធខួរក្បាលក្ដី ត្រូវការជាចាំបាច់ នូវទីកន្លែងដែលមានផាសុកភាព មានខ្យល់អាកាសចេញចូល ពុំមានក្លិនខារ ក្លិនស្អុយផ្សេងៗ និងមានអារម្មណ៍ថាទើសមុខ ទើស ក្រោយ ពិសេសបន្ទប់ដំណេក។
ថ្វីបើសោភ័ណភាពនៃគេហដ្ឋានជាចំណែកតូចមួយ ប៉ុន្ដែបានរួមចំណែកយ៉ាងសំខាន់ដើម្បីបង្កការជួបជុំនៃសមាជិកគ្រួសារ មានសណ្ដាប់ធ្នាប់ល្អ រស់នៅជាមួយគ្នាយ៉ាងស្និទ្ធស្នាល ស្របនឹងពាក្យមួយឃ្លាទៀតថា“ទេវតានឹងនៅថែរក្សាផ្ទះណាដែលស្អាត ឱ្យ មានសេចក្ដីសុខចម្រុងចម្រើន”។ លើសពីនេះក៏អាចបង្កឱ្យមានការស្រឡាញ់រាប់រកទៅមកនៃញាតិមិត្ដផងដែរ។
ផលប៉ះពាល់នៃលំនៅដ្ឋានកខ្វក់
បើលំនៅដ្ឋានខ្វះសោភ័ណ គ្មានសណ្ដាប់ធ្នាប់ គ្មានអនាម័យ និងមានក្លិនមិនល្អពីរបស់របរប្រើប្រាស់ ដូចជាក្លិនផ្អាប់នៃ ក្រណាត់ ខោអាវ ស្បែកជើង បន្ទប់ទឹក សម្រាម និងកាកសំណល់ផ្សេងៗ ដែលវាងាយបង្កឱ្យមានជម្ងឺឈឺក្បាល និងងាយឆ្លងជម្ងឺផ្សេងទៀត តាមរយៈការចម្លងនៃសត្វល្អិត ដូចជាមូស រុយ កន្លាត កណ្ដុរជាដើម។ ម្យ៉ាងទៀតក៏ងាយធ្វើឱ្យលំនៅដ្ឋានឆាប់ចាស់ឆាប់ ពុកផុយដែរ។ គ្មាននរណាម្នាក់ពេញចិត្ដនឹងរស់នៅជាមួយភាពស្មោកគ្រោក ភាពរញ៉េរញ៉ៃ និងឥតសណ្ដាប់ធ្នាប់នោះទេ។ កត្ដាទាំងនេះ នឹងនាំឱ្យសមាជិកគ្រួសារដើរចេញក្រៅផ្ទះ មានគម្លាតនៃការជួបជុំ ភាពស្និទ្ធស្នាល និងកក់ក្ដៅ។ ការចេញក្រៅផ្ទះច្រើន អាចជាមូលហេតុនៃការប្រព្រឹត្ដអំពើមិនល្អ ងាយធ្លាក់ចូលក្នុងការអូសទាញ និងងាយប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុ។
បណ្ដាំផ្ញើ
“ទឹកត្រជាក់ត្រីកុំ”ន័យធៀបនៅក្នុងឃ្លានេះក្រៅពីកត្ដាបង្កការជួបជុំដោយផ្លូវចិត្ដ ក្ដីស្រឡាញ់ និងមនោសញ្ចេតនា ទីកន្លែង ជួបជុំ ក៏ជាមូលហេតុរួមផ្សំមួយដែរ។ ជាទូទៅគេតែងចង់បង្ករាល់ការជួបជុំនៅទីកន្លែងដែលមានសោភ័ណស្រស់ស្អាត បរិយាកាសល្អ និងមានអនាម័យល្អ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨
Leave a Reply