លោកអ្នកគ្រប់គ្នាតែងតែប្រាថ្នាចង់បានរាងកាយស្រស់ស្អាត។ ហេតុនេះហើយទើបលោកអ្នកមួយចំនួនបានព្យាយាមសម្រក ទម្ងន់ដើម្បីឱ្យបានស្អាត ជាពិសេសចំពោះលោកអ្នកដែលមានរូបរាងធាត់។ ការសម្រកទម្ងន់ ឬសម្រករាងទាមទារឱ្យលោកអ្នក ដែលអនុវត្ដមានការព្យាយាមជាខ្លាំង ទើបបានសម្រេច។ ក្រៅពីការព្យាយាមក៏នៅមានការយល់ដឹងវិធីដើម្បីសម្រកទម្ងន់ទៀត ទើបទទួលបានជោគជ័យ បើមិនដូច្នោះទេលោកអ្នកនឹងមានបញ្ហាដល់សុខភាព ឬក៏អាយុជីវិតថែមទៀតផង។
នៅពេលនេះសូមលោកអ្នកតាមដានអំពីគុណវិបត្ដិទាំងឡាយដែលបានមកពីការសម្រកទម្ងន់មិនបានត្រឹមត្រូវ តាមរយៈការបកស្រាយរបស់លោក ងួន សុភៈ អ្នកឯកទេសព្យាបាលស្បែកនៅហាងប្រីធីសាឡនខូសម៉ិកទិក ជាមួយទស្សនាវដ្ដី សុខភាពយើង។
ការសម្រកទម្ងន់មិនត្រឹមត្រូវ
កត្ដាមួយចំនួនដែលប៉ះពាល់ដល់ការសម្រេចចិត្ដបញ្ចុះទម្ងន់ ឬសម្រកខ្លាញ់របស់លោកអ្នកនាងដែលគេឱ្យឈ្មោះថា ការបញ្ចុះទម្ងន់ដែលគ្មានក្បួនខ្នាតត្រឹមត្រូវ អាចឈានទៅរកការទ្រុឌទ្រោមដល់សុខភាពទាំងចំពោះមុខ និងទៅថ្ងៃអនាគត។ បញ្ហា បញ្ចុះទម្ងន់ភាគច្រើនដែលនាំឱ្យប៉ះពាល់ដល់សុខភាព យើងតែងតែជួបប្រទះចំពោះមនុស្សដែលជ្រើសរើសយកឱសថមិនត្រឹមត្រូវ ហើយមិនបានពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញពិតប្រាកដ។ ដូច្នេះពួកគាត់ទទួលគុណវិបត្ដិជាច្រើនដែលបណ្ដាលមកពីការ សម្រេចចិត្ដខុស។ ទង្វើខុសឆ្គងមួយចំនួននៃការបញ្ចុះទម្ងន់ដែលប៉ះពាល់សុខភាពមានដូចជា
- ការប្រើឱសថដែលធ្វើឱ្យមិនងងុយគេង
- ប្រភេទឱសថធ្វើមិនឱ្យឃ្លានអាហារ
- ប្រភេទឱសថបញ្ចុះជាតិទឹក
- ប្រភេទតែ ឬក៏កាហ្វេដែលធ្វើឱ្យរាករូស។
គុណវិបត្ដិខ្លះៗបន្ទាប់ពីការបញ្ចុះទម្ងន់គ្មានក្បួនខ្នាតត្រឹមត្រូវ ក៏មានជាច្រើនសន្ធឹកមិនខ្វះដែរ គឺ
- ធ្វើឱ្យបាត់បង់ទម្លាប់ធម្មជាតិរបស់សរីរាង្គកាយ
- ធ្វើឱ្យបាត់បង់សុខភាពស្បែក និងសក់
- ឬអាចមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
ប្រការគួរប្រតិបត្ដិដើម្បីសម្រករាង
លោកអ្នកដែលចង់បានទម្ងន់ត្រឹមត្រូវតាមក្បួនខ្នាតនោះ ពុំចាំបាច់ទៅចំណាយប្រាក់ឥតប្រយោជន៍ទៅលើការទិញឱសថ ដែលមិនមានទំនុកចិត្ដគ្រប់គ្រាន់ ឬតាមរយៈការនិយាយតគ្នានោះទេ។ សូមលោកអ្នកអនុវត្ដតាមវិធីមួយចំនួនដែលទស្សនាវដ្ដី សុខភាពយើង បានជម្រាបជូនលោកអ្នកកាលពីលេខមុនស្ដីអំពីវិធីគ្រប់គ្រងទម្ងន់ នោះលោកអ្នកនឹងបានរាងកាយសមសួនតាម ដែលលោកអ្នកចង់បាន។ ប៉ុន្ដែអ្វីៗទាំងអស់ក៏អាស្រ័យលើការព្យាយាមរបស់លោកអ្នកផងដែរ។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកអ្នកចង់សម្រកទម្ងន់ ឬសម្រករាង ហើយលោកអ្នកពុំមានចំណេះដឹង និងចំណេះធ្វើលើបញ្ហានេះ សូមលោកអ្នកទៅរកអ្នកឯកទេស ដើម្បីជួយលោកអ្នកបានសម្រេចមិនខានឡើយ។ ម្យ៉ាងវិញទៀតសូមលោកអ្នកព្យាយាមជួយខ្លួនឯងឱ្យបានច្រើនបំផុត ដើម្បីទទួលបានជោគជ័យ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩
Leave a Reply