កញ្ញា សារ៉ាយ សក្ខណា គឺជាតារាមួយដួងដែលទើបតែរះ បញ្ចេញពន្លឺនៅដើមឆ្នាំ២០០៧។ តាមរយៈកាយវិការ ទឹកមុខ ស្រស់ថ្លារបស់នាងបានធ្វើឱ្យទស្សនិកជនជាច្រើនសរសើរមិនដាច់ពីមាត់ថា នាងពិតជាមានប្រជាប្រិយមែន។ លើសពីនេះទៅទៀត អ្វីដែលធ្វើឱ្យមជ្ឈដ្ឋានទូទៅមានភាពងឿងឆ្ងល់នោះ គឺរូបសម្រស់ដ៏ផូរផង់គួរជាទីគយគន់របស់នាង ដែលធ្វើឱ្យបុរសៗមួយចំនួនផ្អើល ភ្លូកទឹកភ្លូកដីតាមសុំស្នេហ៍ពីនាង។ តើនាងមានអាថ៌កំបាំងយ៉ាងណាខ្លះ ទើបធ្វើឱ្យសម្រស់របស់នាងស្រស់ស្អាតបែបនេះ?
នៅលើទំព័រទស្សនាវដ្ដី សុខភាពយើង ប្រិយមិត្ដអ្នកអានទាំងអស់ពិតជាបានយល់ដឹងពីវិធីថែរក្សាសម្រស់របស់តារា សម្ដែងរូបស្រស់ សារ៉ាយ សក្ខណា ជាមិនខាន។
ប្រវត្ដិមុនចូលសិល្បៈ
មុនចូលចាប់អាជីពជាអ្នកសិល្បៈ កញ្ញា សារ៉ាយ សក្ខណា គឺជាសិស្សសិក្សានៅវិទ្យាល័យឥន្ទ្រទេវី។ ជំហានដំបូងដែល កញ្ញាចូលប្រឡូកនៅក្នុងពិភពសិល្បៈគឺនៅក្នុងឆ្នាំ២០០៦។ តាមរយៈការចូលរួមប្រឡងប្រេស៊ីរបស់ស្ថានីយទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្ដិ៍លេខ៣ ដោយក្នុងនោះកញ្ញាជាប់ចំណាត់ថ្នាក់លេខរៀងទី៤ និងជាប់ជាតារារូបស្រស់ស៊ីកាមេរ៉ា។ ក្រោយមកកញ្ញាបានជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងការប្រឡងនៃកម្មវិធីប៉ាឡាហ្សូ នៅឆ្នាំ២០០៦ដដែល។ លុះក្រោយមកដោយមានទេពកោសល្យ គួបផ្សំជាមួយរូបសម្រស់ដ៏គួរឱ្យខ្នាញ់ កញ្ញា សារ៉ាយ សក្ខណា ត្រូវបានម្ចាស់ផលិតកម្មក្នុងស្រុកជាច្រើនអញ្ជើញនាងឱ្យចូលរួមសម្ដែង។ ជាក់ស្ដែងដូចជានៅក្នុងរឿងសមុទ្របេះដូងជាដើម។ ក្រៅពីនោះកញ្ញាធ្លាប់បានថតសម្ដែងចម្រៀងកាយវិការឱ្យបណ្ដា ផលិតកម្មមួយចំនួនទៀតដែរ ដូចជាផលិតកម្មរស្មីហង្សមាស ណាយស្ដារ និងផលិតកម្មតោមាសរៃមាសជាដើម។
ការថែរក្សាសម្រស់
ការថែរក្សាសម្រស់ឱ្យមានសភាពស្រស់ស្អាតរហូតក្មេងជាងវ័យ គឺជាបំណងប្រាថ្នារបស់ស្ដ្រីគ្រប់រូប ជាពិសេសអ្នកដែល មានអាជីពសិល្បៈ ដូចជាកញ្ញា សារ៉ាយ សក្ខណា។ ខាងក្រោមនេះគឺជាទម្លាប់ និងវិធីសាស្ដ្រខ្លះៗរបស់តារារូបស្រស់ សក្ខណា នៅក្នុងការថែរក្សាសម្ផស្ស។
- ការថែរក្សាស្បែកមុខ ៖ ជាទូទៅកញ្ញាតែងតែលុបលាងមុខនៅពេលដែលត្រឡប់មកពីខាងក្រៅ និងមុនពេលចូលគេង។ រៀងរាល់ថ្ងៃ ទោះជាមានភាពមមាញឹកជាប់រវល់ជាមួយការងារយ៉ាងណាក្ដី សក្ខណាតែងតែឆ្លៀតពេលសម្អាតផ្ទៃមុខជានិច្ច។ ពេលយប់កញ្ញាបានជ្រើសរើសយកផលិតផលមួយជាទឹកជូតសម្អាតមុខ បន្ទាប់មកទើបប្រើប្រាស់ក្រែមរក្សាស្បែកមុខជាក្រោយ។ ចំណែកឯពេលថ្ងៃវិញ កញ្ញាក៏បានប្រើប្រភេទក្រែមលាបការពារស្បែកផងដែរ ជាពិសេសនៅពេលដែលធ្វើដំណើរចេញទៅខាងក្រៅ និងពេលចេញទៅសម្ដែង។
- ការថែរក្សាស្បែកដងខ្លួន ៖ ស្បែកម៉ដ្ឋសរលោង គឺជាបំណងប្រាថ្នារបស់ស្ដ្រីគ្រប់រូប។ ចំពោះបញ្ហានៃការថែរក្សាស្បែកដងខ្លួនរបស់សក្ខណា គ្រប់ពេលដែលកញ្ញាងូតទឹកជម្រះកាយ នាងតែងតែប្រើសាប៊ូដែលមានសារធាតុចិញ្ចឹមស្បែក។ ក្រោយមក នាងប្រើផលិតផលជំនួយស្បែកលាបបន្ថែម ជាពិសេសមុនពេលចេញដំណើរចេញទៅក្រៅ ដើម្បីឱ្យស្បែកមានសំណើម និងម៉ដ្ឋ រលោង។
- ការថែរក្សាសក់ ៖ ការគាបសក់ និងតុបតែងច្នៃម៉ូដសក់ គឺជាកត្ដាដែលធ្វើឱ្យសក់ងាយខូច។ ជាទូទៅកញ្ញាតែងតែ កក់សក់ជារៀងរាល់២ថ្ងៃម្ដង ហើយមានប្រើក្រែមបន្ទន់សក់រៀងរាល់ពេលដែលធ្វើការកក់សក់រួច។ ជាធម្មតា កញ្ញាសក្ខណា ជ្រើសរើសយកថ្នាំអប់សក់ណាដែលតម្រូវទៅតាមសរសៃសក់របស់នាង ហើយកញ្ញាតែងតែធ្វើការអប់ក្នុងមួយសប្ដាហ៍ម្ដង ដើម្បីកុំឱ្យ សក់ខូច ស្ងួត បែកចុង និងធ្វើឱ្យសក់មានទម្ងន់ភ្លឺរលោងដូចជាធម្មជាតិ។
- ការថែរក្សារោមភ្នែក រោមចិញ្ចើម និងបបូរមាត់ ៖ ចំពោះរោមភ្នែកវិញ ភាគច្រើនកញ្ញាតែងតែប្រើជារោមភ្នែក សិប្បនិម្មិត ដើម្បីកុំឱ្យរោមភ្នែកដែលមានពីធម្មជាតិនោះដាច់ ឬអាចជ្រុះ។ ចំណែកឯរោមចិញ្ចើមវិញ សក្ខណាគ្រាន់តែគូសបន្ដិចបន្ដួច ពីលើនៅពេលដែលចេញទៅខាងក្រៅតែប៉ុណ្ណោះ។ ប៉ុន្ដែបើពេលចេញទៅចូលរួមនៅក្នុងកម្មវិធីអ្វីមួយ ឬថតសម្ដែង គឺកញ្ញាចូលចិត្ដ គូសស្ដើងៗ ដើម្បីឱ្យសក្ដិសមនឹងមុខរបស់នាង។
ចំណែកឯបបូរមាត់ក្រហមព្រឿងៗរបស់នាងវិញ គឺមិនមានអ្វីដែលជាអាថ៌កំបាំងនោះទេ។ រាល់ថ្ងៃនាងបានជ្រើសរើសនូវ ក្រែមដែលមានសំណើម ហើយរលោង ដើម្បីធ្វើឱ្យបបូរមាត់មានភាពភ្លឺ និងមិនបែកប្រេះស្ងួត។
- ការថែរក្សាភ្នែក ៖ ចំពោះបញ្ហាភ្នែករបស់កញ្ញាវិញ គឺមិនសូវជាមានបញ្ហាអ្វី ធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើកញ្ចក់ភ្នែកនោះទេ។ ដោយសារតែកញ្ញាមិនសូវធ្វើការថតផ្ទាល់ត្រូវនឹងពន្លឺព្រះអាទិត្យ។ ជាទូទៅអ្នកនាងតែងតែថតនៅក្នុងទីកន្លែងដែលត្រជាក់ និងប្រើប្រាស់ពន្លឺភ្លើងអគ្គិសនីច្រើនជាងការថតនៅហាលវាលកណ្ដាលថ្ងៃ។ ដូច្នេះទើបធ្វើឱ្យភ្នែករបស់កញ្ញានៅល្អស្អាត មើលទៅស្រស់ពិតៗពីធម្មជាតិ។
- ការថែទាំសុខភាពមាត់ធ្មេញ ៖ ការធ្វើការប្រាស្រ័យទាក់ទងគ្នា គឺជារឿងដែលសំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ចំពោះបញ្ហាសុខភាពមាត់ធ្មេញ កញ្ញាសក្ខណាបានយកចិត្ដទុកដាក់បំផុត។ ក្នុងមួយថ្ងៃ កញ្ញាតែងតែធ្វើការសម្អាតយ៉ាងតិច៣ដង។ ហើយក្នុងរយៈពេលមួយខែ កញ្ញាទៅគ្លីនិកពិនិត្យសុខភាពមាត់ធ្មេញមួយដងជាប្រចាំ។
ការថែរក្សាសុខភាពរាងកាយ
កញ្ញាសក្ខណាពុំមានពេលវេលាគ្រប់គ្រាន់សម្រាប់ការធ្វើលំហាត់ប្រាណនោះទេ។ មានពេលខ្លះទៀតកញ្ញាស្ទើរតែគ្មានពេលគេងផង ដោយការងារមមាញឹកច្រើន។ ប៉ុន្ដែភាគច្រើនគឺកញ្ញាចូលចិត្ដញ៉ាំផ្លែឈើ និងបន្លែច្រើន ដែលវាអាចជួយឱ្យមានសុខភាពល្អបានមួយកម្រិតដែរ ក្រៅអំពីការហាត់ប្រាណ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏កញ្ញាបានខិតខំឆ្លៀតពេលវេលាខ្លះសម្រាប់ ហាត់ប្រាណដែរ ជាពិសេសជាងនេះទៅទៀតនោះគឺ កញ្ញាតែងតែទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាពជាប្រចាំ។ នៅពេលដែលមានការអត់ងងុយដោយការថតនៅពេលយប់ជ្រៅ គឺកញ្ញាគ្រាន់តែដេកបង្គ្រប់ជាការស្រេច។
បណ្ដាំផ្ញើរបស់ សារ៉ាយ សក្ខណា
ការយកចិត្ដទុកដាក់ចំពោះសុខភាព និងការថែរក្សាសម្រស់ គឺជាកាតព្វកិច្ចមួយយ៉ាងសំខាន់នៅក្នុងជីវិត។ កាលណាមាន សុខភាពល្អ រាងកាយមាំមួន និងសម្រស់ស្រស់ថ្លា នោះការរស់នៅប្រាកដជាមានសេចក្ដីសុខ និងមានសុភមង្គលនៅក្នុងក្រុមគ្រួសារជាមិនខានឡើយ។ ទាំងនេះគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងជាការអនុវត្ដផ្ទាល់របស់កញ្ញា សារ៉ាយ សក្ខណា តែប៉ុណ្ណោះ។ សូម លោកស្រីអ្នកនាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ សារ៉ាយ សក្ខណា
- អាយុ ៖ ១៨ឆ្នាំ
- កម្ពស់ ៖ ១,៦៦ម៉ែត្រ
- ទម្ងន់ ៖ ៤៦គីឡូក្រាម
- ទំហំទាំងបី ៖ ៣២ ២៧ ៣២
- បងប្អូន ៖ ៤នាក់ ប្រុស៣នាក់ ជាកូនច្បងក្នុងគ្រួសារ
- កម្រិតវប្បធម៌ ៖ បញ្ចប់ត្រឹមថ្នាក់ទី១១
- អាជីពបច្ចុប្បន្ន ៖ តារាចម្រៀង និងសម្ដែង
- ស្រុកកំណើត ៖ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
- បំណងថ្ងៃអនាគត ៖ បង្កើតមុខរបរ
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩
Leave a Reply