ការធាត់ជាសត្រូវដ៏ចម្បងរបស់លោកអ្នកទាំងឡាយនាសម័យកាលដ៏ទំនើបនេះ។ ការធាត់មិនត្រឹមតែធ្វើឱ្យលោកអ្នកបាត់បង់នូវរូបសម្រស់ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្ដែវាបានធ្វើឱ្យលោកអ្នកត្រូវប្រឈមមុខនឹងបញ្ហាសុខភាពមួយចំនួនដែរ។ លោកអ្នកជាច្រើនចង់បានរាងកាយឱ្យសមសួនដូចគេឯង ប៉ុន្ដែមិនដឹងត្រូវធ្វើដូចម្ដេចព្រោះរាងកាយកាន់តែធាត់ទៅៗជាលំដាប់់ដោយគ្មានមូលហេតុ។ នៅពេលនេះលោកអ្នកនឹងបានជ្រាបអំពីមូលហេតុទាំងឡាយបណ្ដាលឱ្យធាត់ តាមរយៈការបកស្រាយរបស់លោកងួន សុភៈ អ្នកឯកទេសព្យាបាលស្បែកនៅហាងប្រីធីសាឡនខូសម៉ិកទិក ជាមួយទស្សនាវដ្ដី សុខភាពយើង។
មូលហេតុធ្វើឱ្យធាត់
ធាត់បណ្ដាលមកពីមូលហេតុជាច្រើន ដូចជាការបរិភោគចំណីអាហារផ្ដល់ថាមពលច្រើនហួសហេតុពូជ ឬក្រុមគ្រួសារធាត់ កត្ដាផ្លូវចិត្ដ ឬជម្ងឺស្ដ្រេស្ស ជាតិអ័រម៉ូន ឬការប្រើប្រាស់ថ្នាំជាដើម។ ខ្លួនប្រាណមនុស្សត្រូវការសារធាតុចិញ្ចឹម និងថាមពលក្នុងកម្រិតមួយសមស្រប(ជាមធ្យម២៥០០គីឡូកាឡូរីក្នុងមួយថ្ងៃ)។ ថាមពលចំណាយ និងចំណូល ត្រូវមានតុល្យភាព ឬស្មើគ្នា។ ពេលណាថាមពលដែលប្រើប្រាស់តិចជាងថាមពលដែលបរិភោគចូល ជាវិបត្ដិនៃដំណើរការប្រើប្រាស់ថាមពលដែលបង្កជាការលើសទម្ងន់និង ធាត់បាន។ ចំណីអាហារដែលផ្ដល់ថាមពលរួមមានជាតិខ្លាញ់ ជាតិស្ករ និងជាតិប្រូតេអ៊ីន។ ដូច្នេះជាតិស្ករ និងជាតិខ្លាញ់ជាប្រភពបង្កដល់ការធាត់ និងលើសទម្ងន់។ ប៉ុន្ដែអ្នកធាត់ខ្លះមិនបរិភោគច្រើនជាងអ្នកមានទម្ងន់ត្រឹមត្រូវប៉ុន្មានទេ តែខ្លួនពួកគាត់ងាយធ្វើការ ស្ដុក ឬបម្រុងទុកថាមពល ឬកាឡូរីដែលពួកគាត់បរិភោគខ្លាំងណាស់។ មានមូលហេតុជាច្រើនទាក់ទងនឹងការឡើងទម្ងន់ មានជាអាទិការជាប់តពីសែស្រឡាយ គ្រួសារ(ពូជធាត់) ទម្លាប់ទទួលទានច្រើន ការផ្លាស់ប្ដូរស្ថានភាពរស់នៅ ការនិយមចូលចិត្ដអាហារសម្បូរកាឡូរីការបំពេញមុខងារមិនប្រក្រតីរបស់ក្រពេញអង់ដូគ្រីនមួយចំនួនដែលមានអំពើទៅលើទឹក និងខ្លាញ់ជាដើម។ល។
បុគ្គលម្នាក់ៗដែលមានទម្ងន់ខ្លួនលើសកម្រិតអាចជាប់ទាក់ទងមូលហេតុច្រើនមុខលាយឡំគ្នាមិនទៀងទាត់។ ប៉ុន្ដែមូលហេតុដែលទៀងទាត់នោះគឺដូចដែលរៀបរាប់ជូនខាងលើគឺសំដៅដល់ការបាត់តុល្យភាពរវាងការហូបចុក និងការបញ្ចេញថាមពល។ មួយចំណែកទៀតដោយសារតែការពាក់ព័ន្ធនឹងសកម្មភាពរអាក់រអួលរបស់ប្រព័ន្ធសរសៃប្រសាទដែលជះឥទ្ធិពលទៅលើមុខងាររបស់ក្រពេញអង់ដូគ្រីននានា។ល។ ម្យ៉ាងទៀតកត្ដាផ្លូវចិត្ដ ឬជម្ងឺស្ដ្រេស្សក៏អាចនាំឱ្យធាត់បានដែរ។ យ៉ាងណាម៉ិញ ការពិបាកចិត្ដ ឬសប្បាយចិត្ដខ្លាំងអាចបង្កជាការឃ្លានមិនឈប់មាត់ វិបត្ដិនៃការបរិភោគមិនចេះឈប់នេះអាចបង្កជាការឡើងគីឡូដូចដែលយើងនាំគ្នានិយាយលេងថាកាន់តែពិបាកចិត្ដកាន់តែធាត់។ តែអ្នកខ្លះកាន់តែពិបាកចិត្ដក៏កាន់តែស្គមដែរ ដោយសារបាយមិនបានសម្រាន្ដមិនលក់។ ដោយឡែកមានការធាត់ដែលបង្កពីជាតិអ័រម៉ូន ឬក៏បង្កពីការប្រើប្រាស់ថ្នាំយូរអង្វែង ឬផ្ដេសផ្ដាសផងដែរ។
ដំបូន្មានអ្នកជំនាញ
លោកអ្នកមិនគួរគប្បីបណ្ដោយឱ្យរាងកាយធាត់ទ្រលុកទ្រលន់ហួសហេតុពេក ដោយសារការយល់ច្រឡំថា ការធាត់បញ្ជាក់នូវភាពមានបុណ្យសក្ដិ ឬមាសប្រាក់នោះទេ។ ការធាត់ពេកមិនល្អ ឯស្គមពេកក៏មិនល្អដែរ។ សូមរក្សាទម្ងន់ឱ្យបានត្រឹមត្រូវ សមរម្យជាមួយនឹងកម្ពស់លោកអ្នកគឺជាការប្រសើរជាទីបំផុត ប្រៀបដូចជាលោកអ្នកកំពុងផ្ដល់រង្វាន់ដល់ខ្លួនឯងដូច្នេះដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩
Leave a Reply