ជាទូទៅស្ដ្រី និងបុរសក្រោយពេលរៀបអាពាហ៍ពិពាហ៍រួចតែងតែប្រាថ្នាចង់បានបុត្រធីតាដើម្បីក្លាយទៅជាក្រុមគ្រួសារមួយយ៉ាងពិតប្រាកដដែលប្រកបទៅដោយសុភមង្គលនៅក្នុងសង្គម។ ប៉ុន្ដែបំណងប្រាថ្នាទាំងនេះមិនអាចក្លាយទៅជាការពិតទាំងអស់បាននោះទេ។ ការដែលមិនមានកូន ឬអានេះអាចបណ្ដាលមកពីស្ដ្រីជាភរិយា ហើយក៏អាចបណ្ដាលមកពីបុរសជាស្វាមីផងដែរ។ មានស្ដ្រីមួយចំនួនទៀតក៏មានបញ្ហាគ្មានកូនតាំងតែពីកំណើតមកផងដែរ។ដើម្បីឱ្យជ្រាបច្បាស់អំពីមូលហេតុនៃស្ដ្រីអា ទស្សនាវដ្ដី សុខភាពយើង បានធ្វើការសម្ភាសន៍ជាមួយលោកសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ ឯកទេសរោគស្ដ្រី និងសម្ភពនៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។
អត្ថន័យរបស់ស្ដ្រីអា
ពាក្យថា <<ស្ដ្រីអា>> គឺចង់សំដៅទៅលើស្ដ្រីដែលគ្មានលទ្ធភាពក្នុងការបង្កើតកូនបាន។ ស្ដ្រីអាមានជាពីរប្រភេទគឺស្ដ្រីដែលមិនអាចមានកូនពីកំណើត និងមួយទៀតគឺស្ដ្រីដែលអាចមានកូនបានតែកូននោះចេះតែមិននៅ ចេះតែរលូតជាដើម។ ម្យ៉ាងវិញទៀតនោះអាចបណ្ដាលមកពីភាពមិនប្រក្រតីរបស់ស្ដ្រីតាំងតែពីកំណើតដែលធ្វើឱ្យស្ដ្រីមិនអាចធ្វើការបន្ដពូជបាន មិនអាចទម្លាក់ស៊ុតបាន ដែលជាកត្ដាធ្វើឱ្យស្ដ្រីឈានទៅរកភាពមិនអាចពពោះ និងគ្មានកូនបាន។ មានស្ដ្រីមួយចំនួនទៀតគ្មានកូនអស់រយៈពេលជាច្រើនឆ្នាំដែលធ្វើឱ្យស្ដ្រីគិតថាខ្លួនមិនអាចមានកូនបានទេ ស្រាប់តែពេលមួយនោះស្ដ្រីអាចមានកូនបានដែលបណ្ដាលមកពីកត្ដាជាច្រើនដែលធ្វើឱ្យស្ដ្រីក្លាយជាបែបនេះ។
មូលហេតុដែលធ្វើឱ្យស្ដ្រីគ្មានកូន
មូលហេតុដែលធ្វើឱ្យស្ដ្រីមួយចំនួនមិនអាចមានកូនបាននោះគឺមានច្រើនកត្ដា។ កាលណាស្ដ្រីមិនមានកូនយើងត្រូវពិនិត្យទៅលើស្ដ្រីផ្ទាល់តែម្ដង មើលថាតើស្ដ្រីនោះមានជម្ងឺអ្វីមួយដែលបង្កមិនឱ្យមានកូនដែរឬទេ។ ជួនកាលស្ដ្រីនោះមានជម្ងឺរលាកមាត់ស្បូន រលាកទ្វារមាស ដែលជាកត្ដាមួយធ្វើឱ្យមេជីវិតរបស់មនុស្សប្រុសមិនអាចចូលទៅបាន។ ម្យ៉ាងវិញទៀតនោះអាចមកពីស្ដ្រីមួយចំនួនមានការរអាក់រអួលក្នុងការទម្លាក់ស៊ុត។ ចំពោះស្ដ្រីម្នាក់ដែលមិនអាចមានកូនបានមានលក្ខណៈស្មុគស្មាញខ្លាំងណាស់ក្នុងការពិនិត្យមើលអំពីអាការរោគរបស់ស្ដ្រី។ នៅពេលខ្លះត្រូវទាមទារឱ្យពិនិត្យមើលទាំងស្ដ្រី និងទាំងបុរសជាស្វាមីថែមទៀតផង។ មួយវិញ ទៀតនោះ ដោយសារមានការរអាក់រអួលក្នុងការបង្កកំណើតដែលមកពីមេជីវិតរបស់មនុស្សស្រីពិបាកក្នុងការទៅជួបជាមួយមេជីវិត ឈ្មោលរបស់មនុស្សប្រុសបាន។ ជួនកាលស្ដ្រីមិនអាចមានកូនដោយសារតែពងស្វាសរបស់បុរសមិនអាចផលិតមេជីវិតឈ្មោល(ស្ពែម៉ាតូសូអ៊ីត)បានតាមប្រក្រតី។ ដំណើរការនៃការផលិតមេជីវិតឈ្មោល ស្ពែម៉ាតូសូអ៊ីត បានដូចប្រក្រតីប៉ុន្ដែនៅតែមិនអាចមានឱកាសមានកូនបានទៀតនេះគឺបណ្ដាលមកពីមានការស្ទះដៃស្បូនរបស់ស្ដ្រី។ ចំពោះស្ដ្រីមួយចំនួនទៀតមិនអាចមានកូនបានដោយសារតែស្ដ្រីមានបញ្ហាដូចជាស្ដ្រីនោះមិនមានរដូវ រដូវរអាក់រអួល រដូវមិនទៀងទាត់ជាដើម ក៏អាចធ្វើឱ្យស្ដ្រីមានការលំបាកក្នុងការមានផ្ទៃពោះផងដែរ។
វិធីព្យាបាលស្ដ្រីដែលមិនអាចមានកូនបាន
វិធីព្យាបាលអាចប្រព្រឹត្ដទៅបានទៅតាមមូលហេតុដែលស្ដ្រីកើតមាន។ ឧទាហរណ៍ថាស្ដ្រីស្ទះដៃស្បូនដែលបង្កឱ្យគ្មានកូននោះការព្យាបាលគឺត្រូវវះកាត់ដៃស្បូនដែលស្ទះនោះចេញ ហើយតវាឡើងវិញក៏អាចធ្វើឱ្យស្ដ្រីមានកូនបាន។ ប៉ុន្ដែវិធីនេះអាចនឹងទទួលបរាជ័យបានទៅថ្ងៃក្រោយ ដោយអាចនឹងស្ទះម្ដងទៀតនៅពេលក្រោយ និងអាចបង្កឱ្យស្ដ្រីមានបញ្ហាកូនក្រៅស្បូនបានទៀតផង។ នៅពេលបច្ចុប្បន្ននេះគេមានវិធីសាស្ដ្រមួយដែលធ្វើឱ្យមានកូនបានដោយមិនចាំបាច់ឆ្លងកាត់ដៃស្បូនដោយធ្វើការភ្ញាស់កូននោះនៅខាងក្រៅហើយទើបយកកូននោះទៅដាក់ក្នុងស្បូនតែម្ដង។ ប្រសិនបើស្ដ្រីមានការរលាកមាត់ស្បូន ឬរលាកទ្វារមាសគេធ្វើការព្យាបាលការរលាកនោះ ពេលដែលព្យាបាលជាសះស្បើយស្ដ្រីនឹងអាចមានផ្ទៃពោះបានជាធម្មតាវិញបាន។
ផលវិបាកចំពោះស្ដ្រីអា
ស្ដ្រីកាលណាតែគ្មានកូនឱ្យគ្រួសារទេ ធ្វើឱ្យមានការថមថយនូវសុភមង្គលរបស់គ្រួសារជាក់ជាមិនខានឡើយ។ ស្ដ្រីមួយចំនួនអាចជួបនឹងបញ្ហាគ្មានកូន ហើយវាធ្វើឱ្យគ្រួសារគ្មានសុភមង្គលបែកបាក់គ្រួសារ។ បុរសពេលខ្លះអាចមានការលះលែងជាមួយភរិយាដោយសារតែប្រពន្ធខ្លួនមិនអាចបង្កើតកូនបាន។
ដំបូន្មានអ្នកឯកទេស
ចំពោះអ្នកដែលមានបញ្ហាអំពីជម្ងឺនានា ទោះបីជាឈឺតិចតួចយ៉ាងណាក្ដី មិនត្រូវទុកឱ្យការឈឺនោះកាន់តែមានសភាពធ្ងន់ធ្ងរទេ គប្បីគួរប្រញាប់ទៅពិគ្រោះជាមួយអ្នកជំនាញដើម្បីទទួលបានដំណោះស្រាយមួយដែលអាចទុកចិត្ដបាន។ ចៀសវាងមានអាការអ្វីមួយមិនទៅពិគ្រោះជាមួយអ្នកជំនាញ ឬគ្រូពេទ្យចេះតែប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវនឹងអាចធ្វើឱ្យអ្នកខាតបង់ពេលវេលា ថវិកា ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺធ្វើឱ្យជម្ងឺដែលអ្នកឈឺនោះមិនទទួលបានប្រសិទ្ធភាពទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩
Leave a Reply