នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែមានការរីកចម្រើនយ៉ាងខ្លាំងនូវការអភិវឌ្ឍន៍ប្រទេសជាតិសង្គមទាំងមូលបានផ្លាស់ប្ដូរមុខមាត់ទាំងស្រុង។ ទន្ទឹមនឹងការរីកចម្រើននេះក៏នៅមានផលប៉ះពាល់មួយចំនួនដែលបានកើតមាន ជាពិសេសចំពោះយុវវ័យដែលជាវ័យដ៏ស្រស់ស្អាត ហើយជាក្ដីរំពឹងរបស់ប្រទេសជាតិទៅថ្ងៃអនាគត។ បច្ចុប្បន្ននេះកិរិយាមារយាទរបស់យុវវ័យខ្មែរបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង ជាពិសេសយុវតីខ្មែរដែលតាំងពីដើមរៀងមក មានតួនាទីយ៉ាងខ្លាំងក្នុងការរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ខ្មែរយើង។សូមធ្វើការសង្កេតជាមួយទស្សនាវដ្ដី សុខភាពយើង អំពីការផ្លាស់ប្ដូយ៉ាងគំហុករបស់យុវតីខ្មែរយើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ប្រពៃណីខ្មែរដ៏ផូរផង់សម្រាប់សម្រស់ស្ដ្រី
ដោយសារតែនៅពេលនេះបុរសស្ដ្រីមានសិទ្ធិសេរីភាពស្មើគ្នា ហេតុនេះហើយទើបយុវតីខ្មែរមានឱកាសក្រៅដើម្បីប្រកបការងារផ្សេងទៅតាមសមត្ថភាពដែលខ្លួនមាន។ ខុសកាលពីមុនស្ដ្រីត្រូវបានរឹតបន្ដឹងដោយកាន់កាប់ប្រពៃណីយ៉ាងខ្ជាប់ខ្ជួនមិនមានសិទ្ធិក្នុងការដើរហើរ ប្រាស្រ័យទាក់ទងជាមួយនរណាផ្ដេសផ្ដាសបានឡើយ។ កាលពីមុនស្ដ្រីខ្មែរទន់ភ្លន់ ថ្លៃថ្នូរមានអំណត់ និងភាពផូរផង់ដូចសំពត់ក្នុងផ្នត់ សុភាពរាបសា សក្ដិសមជាមាតាពិភពលោក។ ហេតុនេះហើយបានជានៅតាមជញ្ជាំងនៃប្រាសាទនានាបានបង្ហាញគ្រប់កាយវិការទាំងអស់របស់ស្ដ្រីខ្មែរ តាមការរាំនូវរបាំនានាសុទ្ធតែបញ្ជាក់ពីភាពរឹងមាំ ការប្រកាន់យកទំនៀមទម្លាប់ប្រពៃណីរបស់ស្ដ្រី ដែលមានដូចជាការចូលម្លប់ ការប្រតិបត្ដិចំពោះឪពុកម្ដាយញាតិមិត្ដ ការគោរពចំពោះស្វាមីជាដើម តាំងពីពេលទើបនឹងកើតរហូតដល់ថ្ងៃស្លាប់ទៅវិញក៏នាំទៅជាមួយភាពល្អឥតខ្ចោះនេះដែរ។
យុវតីខ្មែរបច្ចុប្បន្នភ្លើតភ្លើនភ្លេចខ្លួន
នៅសម័យកាលដ៏ទំនើបនេះ ភាពផូរផង់របស់យុវតីខ្មែរដែលបានរៀបរាប់ខាងលើត្រូវបានយុវតីមួយចំនួនបង្កឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្ដិយស សេចក្ដីថ្លៃថ្នូរ និងភាពឥតខ្ចោះរបស់យុវតីទាំងអស់ហើយ។ ការហក់លោតទៅតាមភាពជឿនលឿននៃសម័យកាលបានធ្វើស្ដ្រីខ្មែរពុលនឹងបរិយាកាសសង្គម និងទទួលយកវប្បធម៌ដែលហូរចូលមកពីក្រៅដោយមិនដឹងខ្លួនភ្លេចគិតពីភាពថ្លៃថ្នូរប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរពីដើមរៀងមក។ ការភ្លើនភ្លើនទាំងនេះបានស្ដែងចេញយ៉ាងព្រហើននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈចំណុចអសកម្មមួយចំនួនដូចជាការស្លៀកពាក់ ការមានកំណាន់ចិត្ដ ឬសង្សារជាដើម។
1. ការប្រើប្រាស់សម្លៀកបំពាក់ ៖ សេរីភាពហៀរកែងកំពុងឆ្លុះបញ្ចាំងបង្អាប់មុខមាត់ប្រទេសជាតិនៅពេលដែលគេក្រឡេកឃើញក្មេងស្រីបានប្រើប្រាស់សម្លៀកបំពាក់ខើចលើ ខើចក្រោម បញ្ចេញសាច់ទ្រូង គល់ភ្លៅ ខោគូទខ្លីចេញច្រវែបកំប៉េះគូទ។ ជាពិសេសអ្វីដែលកាន់តែយ៉ាប់នោះ ក្មេងស្រីដែលស្ថិតក្នុងសម្លៀកបំពាក់ជាសិស្សសាលាបែរជានាំគ្នាកែសំពត់ខៀវឱ្យទៅសំពត់ដែលខ្លីខើចលេចចេញគល់ភ្លៅ ដើរចូលសាលារៀនដោយគ្មាននរណាចាំតម្រង់ផ្លូវនោះទេ សូម្បីតែឪពុកម្ដាយ ឬគ្រូបង្រៀនក៏ហាក់ដូចជាពុំយកចិត្ដទុកដាក់គិតគូរដល់ផលវិបាកនៃការបង្កើតទម្លាប់ខុសក្បួនដូច្នេះទេ។
2. ការសេពគប់សង្សារ ឬកំណាន់ចិត្ដ ៖ អ្វីដែលនៅពេលបច្ចុប្បន្ននេះដែលយុវវ័យខ្មែរហៅថាជាការទាន់សម័យនោះគឺ ការមានសង្សារ។ ព្រោះនរណាម្នាក់ដែលមិនមានសង្សារត្រូវតែស្វែងរកឱ្យមានដូចគេ ទើបបានដើរលេងជាមួយគ្នាទៅវាទាន់សម័យ។ ជាក់ស្ដែងក្មេងស្រីខ្លះមិនទាន់រៀនចប់បឋមសិក្សានៅឡើយទេ តែមានសង្សារទៅហើយ ដោយពួកគេមិនយល់ថាសង្សារជាអ្វី? មូលហេតុចាំបាច់ត្រូវមានសង្សារ? តាមសង្កេតមើលទៅពួកគេគ្រាន់តែដឹងថាពួកគេត្រូវការមនុស្សម្នាក់មកបណ្ដើរគ្នាលេងដូចគេឯងតែប៉ុណ្ណោះ។ នេះហើយជាចំណុចគ្រោះថ្នាក់ដែលធ្វើឱ្យយុវតីខ្លះត្រូវរងគ្រោះដោយសារតែភាពភ្លើតភ្លើននិងការត្រាប់តាមគ្នា មិនគិតមុខក្រោយរបស់ពួកគេដែលទីបំផុតអ្វីដែលពួកគេទទួលបាននោះគឺការបាត់ព្រហ្មចារី ព្រោះជួបប្រុសព្រាន ការមានផ្ទៃពោះដោយចៃដន្យ ការឆ្លងជម្ងឺផ្សេងៗតាមផ្លូវភេទ ការខូចចិត្ដ ខូចអនាគតជាដើម។ ក្រៅពីនេះមាននារីជាច្រើនជ្រើសរើសការរស់នៅជាមួយគ្នាមុនពេលរៀបការ ឬដោយមិនរៀបការតែម្ដង ដែលចំណុចនេះជាការដែលស្ដែងចេញយ៉ាងច្បាស់លាស់នូវគំនិតមើលងាយ មើលថោកដល់ វប្បធម៌ប្រពៃណីខ្មែរ ដែលបានឱ្យតម្លៃយ៉ាងខ្លាំងទៅលើការរៀបការ ដោយចាត់ទុកថាកូនស្រីរូបណាដែលបានរៀបការក្រាបក្បាលដល់កន្ទេលជាការសងគុណមួយយ៉ាងធំធេងដល់មាតាបិតាដែលចិញ្ចឹមបីបាច់តាំងពីតូចមក។ វប្បធម៌ទាំងនេះបើនៅក្នុងសង្គមបរទេសមិនថ្វីទេ ព្រោះពួកគេមានទំនៀមទម្លាប់ប្រពៃណីរបស់ពួកគេ។ ម្យ៉ាងពួកគេក៏មិនដែលចង់អនុវត្ដអ្វីដែលជាប្រពៃណីរបស់ខ្មែរយើងទេ ហេតុអ្វីខ្មែរយើងចង់ធ្វើតាមគេ? ហេតុផលមួយទៀតដែលពួកគេអាចធ្វើបែបនេះបាន ក៏ព្រោះតែពួកគេមានលទ្ធភាព មានតុល្យភាព ផ្នែកសេដ្ឋកិច្ច ហេតុនេះនៅពេលដែលគេរស់នៅជាមួយគ្នាមួយរយៈពេល បើមិនចុះសម្រុងគ្នាគេបែកគ្នាដោយគ្មានបញ្ហាអ្វីទេ។ ផ្ទុយមកវិញស្ដ្រីខ្មែរមួយភាគធំរស់នៅដោយសារពឹងផ្អែកលើប្ដីឬបុរស ហេតុនេះហើយបើមានរឿងអ្វីប្រាកដជាមិនអាចទ្រាំទ្របានបញ្ហាវានៅត្រង់នេះទើបយើងមិនគួរនឹងទៅយកតម្រាប់តាមអ្វីដែលមិនមែនជារបស់យើងធ្វើអ្វី។
3. កិរិយាមារយាទត្រូវបានផ្លាស់ប្ដូរ ៖ ចំពោះពាក្យថា ស្ដ្រីខ្មែរសុភាពរាបសាដូចសំពត់ក្នុងផ្នត់លែងមានទៀតហើយចំពោះនារីមួយចំនួនព្រោះគេបានកែប្រែស្ទើរតែទាំងស្រុង។ ពួកគេហ៊ានគេចសាលា បង្ហោះម៉ូតូ វ៉ៃគ្នាតាមទីសាធារណៈដណ្ដើម សង្សារគ្នា សេពគ្រឿងញៀន មានសង្សារមិនរើសមុខ រួមភេទដោយសេរី ជេរប្រមាទឪពុកម្ដាយគ្រូបង្រៀន គ្មានភាពខ្មាសអៀន ឱបថើបគ្នានៅតាមទីសាធារណៈ រហូតខ្លះទៀតបានប្រព្រឹត្ដលើសពីអ្វីដែលមនុស្សធ្វើរហូតដល់ថ្នាក់ប្រឡងដោះអាវ រាំស្រាត ប្រឡង ថើបគ្នាជាដើម។ ខ្លះទៀតជ្រុលខ្លួនដកមិនរួចបានក្លាយជានារីលក់ភេទ ញៀនថ្នាំយ៉ាងពាលាអាវាសែជាទីបំផុត។ អ្វីដែលលើកមកជម្រាបជូនខាងលើនេះគ្រាន់តែមានបំណងចង់ពញ្ញាក់អារម្មណ៍ឱ្យលោកអ្នកជាឪពុកម្ដាយនិងក្រុមគ្រួសារ មានការប្រុងប្រយ័ត្នចំពោះកូនស្រី និងយុវតីទាំងឡាយសូមកុំខ្លាចមិនទាន់សម័យឱ្យសោះព្រោះបើនាងនៅក្រោយសម័យបន្ដិចក៏មិនអីដែរ សំខាន់ឱ្យតែមានភាពថ្លៃថ្នូរ គោរពប្រពៃណីជារឿងមួយដែលនាងបានធ្វើយ៉ាងប្រសើរបំផុត។ សូមឱ្យតម្លៃខ្លួនឯងឱ្យខ្ពស់នោះនាងនឹងមិនអាចប្រព្រឹត្ដអ្វីឱ្យអាប់ឱនបានទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩
Leave a Reply