បន្ទាប់ពីបានចូលប្រឡូកនៅក្នុងពិភពសិល្បៈអស់រយៈកាលប្រមាណជា១០ឆ្នាំកន្លងមកនេះ គេសង្កេតឃើញថា កញ្ញា សុខ ស្រីពេជ្រ ពិធីការិនីរូបស្រស់ប្រចាំនៅស្ថានីយទូរទស្សន៍អប្សរាប៉ុស្ដិ៍លេខ១១ មានភាពលេចធ្លោ និងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើន តាមរយៈកម្មវិធីចំណាប់អារម្មណ៍ស្ដ្រី។ លើសពីនេះទៅទៀត សម្រស់របស់នាងកាន់តែមានភាពស្រស់ស្អាតជាងមុនទៅទៀត។ តើនាងមានវិធីសាស្ដ្រយ៉ាងណាក្នុងការថែរក្សាសម្រស់ដ៏ផូរផង់យ៉ាងដូច្នេះ?ខាងក្រោមនេះគឺជាវិធីសាស្ដ្រមួយចំនួនដែលកញ្ញា សុខ ស្រីពេជ្រ តែងតែជ្រើសរើសយកមកធ្វើការអនុវត្ដ ដើម្បីសុខភាពរាងកាយមាំមួន អារម្មណ៍ជ្រះថ្លា និងសម្រស់កាន់តែស្រស់ស្អាត។
ប្រវត្ដិមុនពេលឈានចូលវិស័យសិល្បៈ
កញ្ញា សុខ ស្រីពេជ្រ បានចូលប្រឡូកនៅក្នុងវិស័យសិល្បៈដំបូងបង្អស់នៅឆ្នាំ១៩៩៩ តាមរយៈការប្រឡងចម្រៀងនៅក្នុងកម្មវិធី ពន្លកតារា នៅស្ថានីយទូរទស្សន៍កងយោធពលខេមរៈភូមិន្ទ ប៉ុស្ដិ៍លេខ៥។ ជាអកុសលការប្រឡងរបស់នាងមិនបានទទួលជ័យលាភីឡើយ ដោយនាងទទួលបានចំណាត់ថ្នាក់លេខ២។ ក្រោយមកដោយមានទឹកចិត្ដស្រឡាញ់ផ្នែកសិល្បៈ ស្រីពេជ្របានព្យាយាមស្វែងរកអាជីពជាអ្នកចម្រៀង។ ដំបូងឡើយនាងច្រៀងនៅក្នុងភោជនីយដ្ឋានហង្សនាគ ហើយក្រោយមកនាងបានចូលច្រៀងនៅក្នុងបណ្ដាភោជនីយដ្ឋានជាច្រើនទៀត។ បន្ទាប់ពីនោះកេរ្ដិ៍ឈ្មោះរបស់នាងចាប់ផ្ដើមល្បីឈ្មោះបោះសម្លេង រហូតបានចេញទៅសម្ដែងនៅ បរទេសថែមទៀតផង ដូចជាប្រទេសអូស្ដ្រាលី កាណាដា បារាំងជាដើម។ ក្រៅពីនោះ ស្រីពេជ្រថែមទាំងបានចូលច្រៀងនៅក្នុង ផលិតកម្មតោមាសរៃមាស។ ហើយរហូតមកដល់បច្ចុប្បន្ននេះ ស្រីពេជ្រក៏ជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍អប្សរាប៉ុស្ដិ៍លេខ១១ ក្នុង កម្មវិធីចំណាប់អារម្មណ៍ស្ដ្រី។
ការថែរក្សាសម្រស់
បើទោះបីជាមានភាពមមាញឹកជាមួយអាជីពជាអ្នកសិល្បៈយ៉ាងណាក៏ដោយ ក៏សម្រស់របស់ស្រីពេជ្រនៅតែស្រស់ថ្លាជានិច្ចជាមួយនឹងវិធីថែរក្សាសម្រស់ដ៏សាមញ្ញរបស់នាង។
ការធ្វើលំហាត់ប្រាណដើម្បីសុខភាព
បើទោះបីជាមានភាពមមាញឹកជាមួយនឹងការងារយ៉ាងណាក៏ដោយ ក៏ស្រីពេជ្រមិនដែលបោះបង់ចោលនូវការធ្វើលំហាត់ប្រាណដែរ។ នៅពេលរសៀលនាងតែងតែចេញទៅធ្វើលំហាត់ប្រាណជានិច្ច ដូចជាការលេងកីឡាវាយសី ឬរត់ជាដើម។ លើសពីនេះទៅទៀត នាងចូលចិត្ដកីឡាហែលទឹក ព្រោះនាងយល់ថាការហែលទឹកអាចធ្វើឱ្យរាងកាយ និងដងខ្លួនរបស់នាងស្រឡូនបានល្អ។ អ្វីដែលគួរឱ្យមានការកត់សម្គាល់នោះ គឺរបបអាហារប្រចាំថ្ងៃ។ បើតាមការរៀបរាប់ប្រាប់របស់នាងបានឱ្យដឹងថា អាហារ៣ពេលក្នុងមួយថ្ងៃភាគច្រើនគឺបន្លែច្រើនជាងសាច់។ មូលហេតុដែលនាងបរិភោគបន្លែ ព្រោះនាងយល់ថាបន្លែអាចជួយឱ្យស្បែកស្អាត ហើយជួយកាត់បន្ថយជាតិខ្លាញ់ដែលធ្វើឱ្យប្រាសចាកពីបញ្ហាធាត់បាន។
បំណងថ្ងៃអនាគត
ទោះជាយ៉ាងណាក្ដី អាជីពនាពេលបច្ចុប្បន្ននេះ នៅមិនទាន់គ្រប់បំណងប្រាថ្នារបស់នាងនៅឡើយនោះទេ។ ទៅថ្ងៃអនាគត ស្រីពេជ្រមានបំណងបើកអាជីវកម្មធុនតូចល្មមនឹងជីវភាពគ្រួសាររបស់នាង ដើម្បីអាចរកកម្រៃបន្ថែមពីការងារអាជីពជាអ្នកសិល្បៈនេះបន្ដិចទៀត។
បណ្ដាំផ្ញើរបស់កញ្ញា សុខ ស្រីពេជ្រ
ការងារគឺជារឿងសំខាន់ ដែលតម្រូវឱ្យយកចិត្ដទុកដាក់យ៉ាងម៉ឺងម៉ាត់បំផុត។ ប៉ុន្ដែសុខភាពរឹតតែសំខាន់ និងត្រូវតែយកចិត្ដទុកដាក់ថែរក្សាជាងកិច្ចការងារទៅទៀត។ បើសុខភាពរាងកាយធ្លាក់ចុះ សម្រស់អន់ថយ ទោះមានទ្រព្យសម្បត្ដិច្រើនយ៉ាងណាក្ដី ក៏មិនអាចបង្កើតនូវសុភមង្គលបានដែរ។ ដូច្នេះអ្វីដែលប្រសើរបំផុតនោះ គឺសុខភាពរឹងមាំបរិបូរណ៍ សម្រស់ស្រស់ថ្លា ទើបជាប្រការមួយដែលសំខាន់បំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗនៅក្នុងសង្គម។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងជាការអនុវត្ដផ្ទាល់របស់កញ្ញា សុខ ស្រីពេជ្រ តែប៉ុណ្ណោះ។ សូមលោកស្រីអ្នកនាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩
Leave a Reply