សេរីភាពហៀរកែងកំពុងឆ្លុះបញ្ចាំងបង្អាប់មុខមាត់ប្រទេសជាតិ ពេលគេក្រឡេកមើលយុវវ័យជាសិស្សសាលាប្រព្រឹត្ដិខ្លួនមិនថ្លៃថ្នូរ ហក់លោតទៅតាមជំនោរដែលកំពុងតែបក់បោក ដែលជាឥទ្ធិពលបន្ទាប់បន្សំនៃការរីកចម្រើនរបស់ប្រទេសជាតិ។ វប្បធម៌ ដែលពួកគេកំពុងទទួលយកបានរួមចំណែកធ្វើឱ្យប្រទេសជាតិប្រែប្រួលហួសពីការស្មាន ហើយក៏បាននិងកំពុងជីករណ្ដៅកប់ខ្លួនឯងដែរ ជាពិសេសចំពោះក្មេងស្រី។
ការធ្វេសប្រហែសនៃការអប់រំ
មិនត្រឹមតែក្មេងដែលមានការអភិវឌ្ឍន៍ខួរក្បាលនោះទេ សូម្បីតែអស់លោកជាឪពុកម្ដាយក៏ពួកគាត់មានការរីកចម្រើនក្នុងការរួមចំណែកផ្ដល់សិទ្ធិសេរីភាពហួសហេតុដល់ពួកគេ តាមរយៈការពុំយកចិត្ដទុកដាក់គិតគូរអំពីផលវិបាកនៃការបង្កើនទម្លាប់មិនល្អ ជាពិសេសសម្រាប់ពួកក្មេងសិស្សសាលាស្រីៗនេះ។ គ្រូបង្រៀនក៏មិនគួរឱ្យបន្ទោសបាននោះទេ អំពីបញ្ហានេះ។ ហើយសាលារៀនក៏គួរតែបានការស្ដីបន្ទោសនៅក្រោយឪពុកម្ដាយរបស់សិស្សទាំងឡាយផងដែរ។
ឯស្ថានីយទូរទស្សន៍ទាំងឡាយដែលបង្ហាញកង្វល់របស់ខ្លួនដូចគ្មានកោតនរណា ព្រោះពួកគេគិតតែផលប្រយោជន៍ ដែលត្រូវបានពីការធ្វើយ៉ាងណាប្រើប្រាស់ស្ដ្រីក្មេងៗស្រស់ៗជាសិល្បការិនី អ្នកចម្រៀង របាំ ឱ្យបញ្ចេញសាច់ភ្លៅ ចំហទ្រូង ទាំងលេចគល់សុដន់ផង ដើម្បីប្រាថ្នាអន្ទងយុវជនទាំងឡាយឱ្យងប់ងល់មើលការផ្សាយរបស់ខ្លួន។
មិនតែប៉ុណ្ណោះកម្មវិធីនៃរបស់ដែលហៅថា របាំសម័យក៏ត្រូវគេបំភ្លៃឱ្យឃើញជាឆាកគួរញាក់សាច់ព្រឺរោម ទាំងការហក់លោត ដើម្បីបញ្ឆោតភ្នែក និងអារម្មណ៍របស់ក្មេងៗទាំងប្រុសទាំងស្រី។ គេដូចជាមិនខ្ចីគិតដល់ទាល់តែសោះថា ការធ្វើបែបនេះគឺជា ការរួមចំណែកបង្កើតអារម្មណ៍ភ្លើតភ្លើនរបស់ក្មេងៗទាំងនោះ។ ហើយលើសពីនេះទៅទៀត វាក៏ជាធាតុផ្សំនៃការសណ្ដំចិត្ដក្មេងខ្មែរ ប្រុសស្រីឱ្យស្រមៃតែរឿងរាំ ច្រៀងហក់លោត និងសប្បាយលែងខ្វល់ខ្វាយនឹងករណីយកិច្ចសិក្សាទាន់នៅក្មេង។
របាំអប្សរាហក់លោត ឃើញគេផ្សាយតាមកញ្ចក់ទូរទស្សន៍ខ្លះ ដែលឃើញមានការចោមមើលរបស់ក្មេងៗតាំងពីតូចៗ។ នេះជាការបង្កើតទម្លាប់មួយដែលធ្វើឱ្យក្មេងលែងចង់គិត និងរៀនអ្វីសម្រាប់ជីវិតថ្ងៃក្រោយរបស់ខ្លួនទេ។ បែបនេះ តើអាចឱ្យហៅថាជាការជួយអ្វីដល់ប្រទេសជាតិឬទេ? បើក្មេងៗត្រូវបានការផ្សាយអូសទាញឱ្យធ្លាក់ចូលជាប់ផុងក្នុងវប្បធម៌លែងគិតការរៀនសូត្រនោះ?
សូមចូលរួមដើម្បីយើងទាំងអស់គ្នា
ការផ្សព្វផ្សាយរបស់ទូរទស្សន៍ខ្លះពិតជាបានទាក់ទាញអារម្មណ៍យុវវ័យឱ្យរីករាយទទួលយកនូវអ្វីដែលគេបានផ្សព្វផ្សាយនោះមែន។ ប៉ុន្ដែផលវិបាកដែលបង្កឡើងដោយការផ្សព្វផ្សាយអំពីសម្លៀកបំពាក់ខុសបែបបទប្រពៃណីទំនៀមទម្លាប់នោះ មិនគួរបើអនុញ្ញាតឱ្យផ្សាយឡើយ។ ជាទូទៅគេមិនហាមប្រាមចំពោះការស្លៀកពាក់ខើចក្រោមនោះទេ ប៉ុន្ដែសម្លៀកបំពាក់បែបនេះមិនគួរបើត្រូវបានយកទៅឡង់សេបន្ថែមតាមកញ្ចក់ទូរទស្សន៍នោះឡើយ។
សម័យនេះពួកអ្នកឱកាសនិយមខ្លះត្រូវគេនាំគ្នាហៅថា ជាឱកាសរកលុយ មានការប្រកួតប្រជែងគ្នាយ៉ាងសេរី មិនមែនបែបសេរីក្នុងក្របខ័ណ្ឌសីលធម៌សង្គមរបស់មនុស្សខ្មែរទេ ប៉ុន្ដែក្នុងវប្បធម៌សម្ភារៈនិយម។ សូម្បីតែទស្សនាវដ្ដីក៏ដណ្ដើមជើងគ្នាបង្ហាញ រូបថតបម្រើក្មេងៗ ស្លៀកខើចកំប៉ិតឡិតចេញគល់សុដន់ ដើមទ្រូង រន្ធផ្ចិត គល់ភ្លៅ ហើយរូបខ្លះមានទាំងឥរិយាបថចំតិតគូទទៀតផង។
យ៉ាងហ្នឹងៗរឿងអ្វីមិនឱ្យក្មេងៗដូចជាសិស្សស្រីៗនាំគ្នាភ្លើតភ្លើនដល់ភ្លេចខ្លួន ហ៊ានស្លៀកសំពត់ខើច លេចគល់ភ្លៅទៅអង្គុយ ក្នុងថ្នាក់ឱ្យសិស្សប្រុសៗម្នាក់ៗលួចដៀងកន្ទុយភ្នែកភ្លេចស្ដាប់គ្រូ ភ្លេចការរៀនសូត្រ។ ដើម្បីអនាគតល្អរបស់ប្រទេសជាតិគេត្រូវមាន កុមារ និងក្មេងៗដែលបានទទួលការអប់រំចំណេះវិជ្ជាល្អទាំងជាមួយសីលធម៌ត្រូវផ្លូវឱ្យយល់ស្គាល់នូវអ្វីជាក្របខ័ណ្ឌថ្លៃថ្នូរជាចាំបាច់។
កម្ពុជាមានអត្ដសញ្ញាណមួយជាខ្មែរប្រកាន់ទំនៀមទម្លាប់ប្រពៃណីខ្មែររបស់ខ្លួន ដូចតែប្រទេសនានាមានអត្ដសញ្ញាណរបស់គេ តាមទំនៀមទម្លាប់ប្រពៃណីរបស់គេនោះដែរ។ ទាំងនេះត្រូវតែគ្រប់គ្នាជួយរដ្ឋាភិបាល ដើម្បីរួមគ្នាជំរុញប្រទេសជាតិឱ្យវិវឌ្ឍន៍តាមផ្លូវ ត្រឹមត្រូវ។ ការលូតលាស់សេដ្ឋកិច្ចតែមួយមិនគ្រប់គ្រាន់ទេ។ គេត្រូវតែមានការអភិវឌ្ឍន៍ដួងព្រលឹង ជាមនុស្សរស់នៅលើទឹកដីនឹងគេ ដែរ។ ពិភពលោកជាសម្បត្ដិរួមរបស់មនុស្សលោកគ្រប់ជាតិសាសន៍ បូករួមទាំងទំនៀមទម្លាប់ប្រពៃណីទៀតផងដែរ។
បណ្ដាំផ្ញើ
បើខ្មែរមិនយល់ ហើយមិនព្រមរៀនយល់អំពីអ្វីជាករណីយកិច្ចរបស់ខ្លួន និងមិនបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋរបស់សង្គមមួយនៅលើទឹកដីដែលធ្លាប់មានប្រវត្ដិជាទីកំណើតអរិយធម៌រុងរឿងកំពូលមួយនៅលើពិភពលោកនេះទេ នោះខ្មែរគ្រប់គ្នានឹងរងការស្ដីបន្ទោសរបស់មនុស្សជំនាន់ក្រោយ។ ខ្មែរមិនមែនខ្សោយគ្មានសមត្ថភាពនោះទេ ហើយនេះមិនខុសពីប្រសាសន៍របស់សម្ដេច នាយករដ្ឋមន្ដ្រីកម្ពុជា ហ៊ុន សែន ដែលថាខ្មែរបានកសាងមហាប្រាសាទអង្គរវត្ដដោយខ្លួនឯង មិនចាំបាច់ពឹងជំនួយពីប្រទេសណាឡើយ។ ប៉ុន្ដែខ្មែរសម័យនេះត្រូវភ្ញាក់រលឹកស្រុះគ្នា និងរួមគ្នាតម្រង់ផ្លូវសីលធម៌ ចាប់តាំងពីការធ្វើឱ្យកូនខ្មែរ ជាពិសេសសិស្សស្រីៗកុំស្លៀកខ្លីខើចលើខើចក្រោមចូលសាលា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩
Leave a Reply