មូលហេតុ​ចិត្ដ​ទន់ជ្រាយ

លោកអ្នក​ប្រាកដ​ជាបាន​ឮពាក្យ​ថា“បើចិត្ដ​មនុស្ស​ដូចគ្នា គឺ​មិនមាន​សង្គ្រាម​ឡើយ”។ នេះ​បញ្ជាក់​ថា អ្នកខ្លះ​មានចិត្ដ​ទន់ អ្នកខ្លះ​ទៀតមាន​ចិត្ដរឹង​មានៈ។ ជួនកាល​អ្នកខ្លះ​ចូលចិត្ដ​ប្រើពាក្យ​សម្ដី​គំរោះ​គំរើយ​មិន​ពីរោះ តែបើ​និយាយ​ពីចិត្ដ​វិញ អាចជា​មនុស្ស​មានចិត្ដ​ល្អ ឆាប់ទន់ជ្រាយ​អាណិត​អាសូរ​គេ។ មនុស្ស​មួយចំនួន​ទៀត​ចូលចិត្ដ​ប្រើពាក្យ​សម្ដី​ពីរោះ​ផ្អែម សម្ដែង​អាកប្បកិរិយា​ស្លូតបូត តែធាតុ​ពិតនៃ​ចិត្ដ​អាចជា​មនុស្ស​មានចិត្ដ​អាក្រក់ ដូច​សុភាសិត​ខ្មែរ​បានពោល​ថា “ក្ដៅ​ស៊ីរាក់ ត្រជាក់​ស៊ីជ្រៅ”។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​ការ​ណាត់ជួប​សម្ភាសន៍​ជាមួយ​លោក​សាស្ដ្រាចារ្យ សោមច័ន្ទ សុវណ្ណតារា ជា​អនុប្រធាន ដេប៉ាតឺម៉ង់​ចិត្ដ​វិទ្យា នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ធ្វើការ​បកស្រាយ​ជូន​ប្រិយមិត្ដ​អ្នកអាន​ឱ្យបាន​ស្វែងយល់។

ចិត្ដទន់​ជ្រាយ ជា​អ្វី?

ចិត្ដ​ទន់ជ្រាយ​គឺជា​បាតុភូត​ចិត្ដ​របស់​មនុស្ស​ម្យ៉ាង​ដែលមាន​អារម្មណ៍ និង​សណ្ដាន​ចិត្ដល្អ ហើយ​ប្រទាន​ផ្ដល់ឱ្យ​អ្នកដែល​ខ្លួនអាណិត​ស្រឡាញ់ មិន​ចេះចប់​មិនចេះ​ហើយ ធ្វើឱ្យ​ចិត្ដនៅ​ជាប់​ជំពាក់​ទៅនឹង​អ្វីដែល​ខ្លួន​ស្រឡាញ់។

លក្ខណៈ​ទូទៅ​នៃចិត្ដ

មនុស្ស​កើតមក​ធម្មជាតិ​បានផ្ដល់​ពណ៌​សម្បុរ​ស្បែក​មិនដូច​គ្នាទេ អ្នកខ្លះ​មាន​សម្បុរស ខ្មៅ លឿង​ជាដើម។ ដូចនេះ​ចិត្ដ របស់​មនុស្ស​គ្រប់រូប ធម្មជាតិ​បានផ្ដល់​ឱ្យ​ក៏មិន​ដូចគ្នា​ដែរ។ អ្នកខ្លះ​មានចិត្ដ​រឹងរូស មានៈ​ ឬមាន​ចិត្ដទន់ ស្រាល​ធ្ងន់ និងមាន​ចិត្ដឆាប់​ខឹង ឆេវឆាវ​ជាដើម។ មិនថា​ក្មេងចាស់ ជាតិ​សាសន៍​ណាទេ សុទ្ធតែ​មានចិត្ដ​បែបនេះ​ទាំងអស់។ គ្រាន់តែ​អ្នកមាន​ចិត្ដទន់ជ្រាយ​នោះ ទៅតាម​កាលៈទេសៈ ​និង​ទំហំ ឬ​សណ្ឋាន​ខុសៗ​គ្នាតែ​ប៉ុណ្ណោះ។

អ្នកណា​ដែលមាន​ចិត្ដ​ទន់ជ្រាយ​ច្រើនជាង?

ធាតុពិត​នៃមនុស្ស​គ្រប់រូប​សុទ្ធតែ​មានចិត្ដ​ទន់ជ្រាយ មិនថា​ប្រុសឬ​ស្រី ក្មេង​ឬចាស់​ឡើយ។ តាមការ​សិក្សា​ស្រាវជ្រាវ​អំពី ចិត្ដ​របស់​មនុស្ស​នៅក្នុង​សង្គមខ្មែរ ជា​លទ្ធផល​បាន​បង្ហាញ​ថា មនុស្ស​ប្រុស​មានចិត្ដ​៤៩​ប្រភេទ​ដែល​ស្ដែងចេញ​ទៅតាម​អត្ដចរិត គឺ​សកម្ម ចូលចិត្ដ​ផ្សង​ព្រេង គឃ្លើន​(កោងកាច) មាន​មហិច្ឆតា ក្រអឺត​ក្រទម ប្រាកដ​ប្រជា ឬហ៊ាន​បញ្ចេញ​មតិ​អារម្មណ៍ អត្ដធិបតេយ្យ​តាំងខ្លួន ឯងធំ​លើសគេ អួតអាង គិត​ច្បាស់លាស់ គំរោះ​គំរើយ ជឿជាក់ ក្លាហាន ឃោរឃៅ ហ៊ាន មានការ​ប្ដេជ្ញា​ចិត្ដ គ្មាន​របៀប​រៀបរយ ចូលចិត្ដ​ត្រួតលើ​គេ អត្ដទត្ថបុគ្គល ស្វាហាប់ មាន​គំនិតថ្មីៗ​ច្រើន ចូលចិត្ដ​បង្ខំគេ មានៈ​ចចេស គ្មាន​ចិត្ដ​អាសូរ ចូលចិត្ដ​កំប្លែង ឯករាជ្យ មាន​គំនិត​ឆ្លាតថ្មីៗ​ច្រើន មាន​គំនិត​ផ្ដួចផ្ដើម ចេះ​ច្នៃប្រឌិត ខ្ជិល មាន​ហេតុផល​ជាក់ស្ដែង និយាយ​ក្ដុងក្ដាំង មាន​លក្ខណៈ​ជាបុរស គួរឱ្យ​សែនស្អប់ ឱកាស​និយម គំនិត​ជឿនលឿន មាន​ហេតុផល ប្រាកដ​និយម មិនចេះ​គួរសម មុតមាំ ឈ្លើយ ជឿជាក់​លើ​ខ្លួនឯង មិនលេង​សើច ម៉ឺងម៉ាត់​ខ្លាំង មុខមាំ​(ចូលចិត្ដ​ឱ្យគេ​ស្ដាប់​បង្គាប់) ស្មើ​(មិនសូវ​បញ្ចេញ​អារម្មណ៍) រឹងប៉ឹង គ្មាន​មនោ​សញ្ចេតនា ចិត្ដ​អាក្រក់ និង​ឆ្លាតវៃ។

ចំណែក​ឯមនុស្ស​ស្រីវិញ មានចិត្ដ​២៥​ប្រភេទ​ដែល​លេចចេញ​តាម​អត្ដចរិត​ដូចគ្នា​គឺ​ប្រកប​ទៅដោយ​មហច្ឆិតា ចរិយា បញ្ចេញ​សេចក្ដី​ស្រឡាញ់ អន្ទះ​អន្ទែង ទាក់ទាញ​ចិត្ដ មាន​មន្ដ​ស្នេហ៍ ចង់​ចេះចង់​ដឹង ពឹងពាក់​អ្នកដទៃ ស្រមើ​ស្រមៃ មាន​មនោ​សញ្ចេតនា ខ្លាច មាន​លក្ខណៈសម​ជាស្ដ្រី​ទន់ភ្លន់ ចិត្ដល្អ ញបៗ ខ្លាចគេ ចិត្ដស្រាល ឬ​មិនងាយ​ខឹង រួសរាយ ឆាប់​រំភើប ចូលចិត្ដមនោ​សញ្ចេតនា សិចស៊ី អៀន​ប្រៀន ចិត្ដទន់ (ចិត្ដធម៌) ចូលចិត្ដ​ស្ដាប់​បង្គាប់ ឬ​ធ្វើតាម​គេ មានអបិយ​ជំនឿ ឬមាន​ជំនឿ​ធ្វេង និយាយ​ច្រើន និង​ទន់ខ្សោយ។ នៅក្នុង​លទ្ធផល​នេះ​បញ្ជាក់​ថា មនុស្ស​ស្រីមាន​ចិត្ដទន់​ជ្រាយ រីឯ​មនុស្ស​ប្រុសគ្មាន​ចិត្ដទន់​ជ្រាយ​ដូច មនុស្ស​ស្រី​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

មូលហេតុ​ចិត្ដ​ទន់ជ្រាយ

ការ​ពេញចិត្ដ ឬ​ជាប់ចិត្ដ​ទៅលើ​របស់​អ្វីមួយ​ដែលធ្វើ​ឱ្យចិត្ដ​និង​គំនិត​គិតឃើញ​ថាល្អ ហើយ​ស្រឡាញ់​ដក់ជាប់​នៅក្នុង​ដួងចិត្ដ ដោយ​មិនចង់​ឱ្យ​របស់​ដែលខ្លួន​ស្រឡាញ់​នោះបាត់បង់​ឡើយ។ តែការ​ស្រឡាញ់​ប៉ុនប៉ង​នូវអ្វី​ដែលខ្លួន​ស្រឡាញ់ គឺ​អ្នកខ្លះ​បាន​ទទួល លទ្ធផល​សមតាម​សេចក្ដី​ប្រាថ្នា។ អ្នកខ្លះ​ត្រូវ​ទទួល​បរាជ័យ​ដូចជា​នៅក្នុង​ន័យ​រឿង​ស្នេហា ដោយ​មាន​សង្សារ​ក្បត់ចិត្ដ​បោះបង់​ចោល រីឯ​អ្នកខ្លះ​ទៀត​ត្រូវមាន​ស្វាមី​មិនសម​ប្រកប វាយ​ដំធ្វើ​បាបស្ទើរ​រាល់ថ្ងៃ។ ប៉ុន្ដែការ​ខូចចិត្ដ​ទាំងនោះ មិនបាន​ធ្វើឱ្យ​អ្នក​ទទួល​នូវការ ឈឺចាប់ ចាត់ទុក​ជាមេរៀន​ជូរចត់​ហើយ​រាងចាល​ទេ បែរជា​សិក្សា​មេរៀន​ដ៏ជូរ​ចត់នេះ​ម្ដងហើយ​ម្ដងទៀត​ទៅវិញ។ នៅពេល​ដែលត្រូវ បានគេ​លួងលោម បណ្ដាល​ឱ្យចិត្ដ​ខ្លួនឯង​មិន​រឹងប៉ឹង​ទៅជា​អាណិត​អាសូរ​គេ។ ដូចនេះ​កត្ដាដែល​ធ្វើឱ្យ​មានចិត្ដ​ទន់ជ្រាយ​គឺ​បណ្ដាល​មក​ពី​កត្ដា​ដូចត​ទៅ។

1 . អបិយ​ជំនឿ ៖ ខ្មែរយើង​តែងតែ​ចំណាំ​បែប​ជំនឿ​សាសនា​ថា មនុស្ស​ប្រុស​ស្រី​ទាំងឡាយ​ដែល​កើតនៅ​ថ្ងៃច័ន្ទ និង​ថ្ងៃពុធ គឺមាន​ចិត្ដទន់។

2 . ផ្លូវ​ចិត្ដ ៖ នារី​ម្នាក់​ចេះតែ​គិតថា ខ្លួនឯង​កើតមក​ជាកូន​អ្នកក្រ រៀនក៏​មិនបាន​ខ្ពស់ ហើយ​ឪពុកម្ដាយ​មានជម្ងឺ​ជា​ទម្ងន់​ទៀត តើធ្វើ​ម្ដេចនឹង​មានប្រាក់​មក​ព្យាបាល​ជម្ងឺ​ឪពុកម្ដាយ និង​ជួយ​ជីវភាព​គ្រួសារ​ឱ្យបាន​ធូរធារ។ ការគិត​ទាំងអស់​នេះ​ត្រូវបាន​ជន​ដែលមាន​គំនិត​ខូចឆ្លៀត​ឱកាស​មក​លួងលោម​ចង់យក​ទៅលក់។ ដោយជន​អាក្រក់​នោះ​ពូកែ​និយាយ​ថា នឹង​រកការងារ​ឱ្យធ្វើ​ហើយ ទទួល​បាន​ប្រាក់ច្រើន​អាចមក​ជួយ​គ្រួសារ រហូត​ដល់​ពង្វក់​ចិត្ដនារី​ម្នាក់នេះដល់​ទន់ចិត្ដ ជឿលើ​សម្ដី​បោកប្រាស់​គេ។

3 . លួង​លោម ៖ គេសង្កេត​ឃើញថា នៅក្នុង​គ្រួសារ​ដែលមាន​អំពើ​ហិង្សា ប្ដីវ៉ៃ​ប្រពន្ធស្ទើរ​រៀងរាល់​ថ្ងៃ បែរជា​មានកូន ច្រើន​ទៅវិញ។ នេះ​ដោយតែ​ប្ដីវ៉ៃ​ប្រពន្ធ​ហើយ មក​លួងលោម​ប្រពន្ធ​វិញ​រាល់ពេល​ដែល​វ៉ៃហើយ រួច​ប្រពន្ធ​ចិត្ដទន់​លើកលែង​ទោស​ឱ្យប្ដី ក៏បង្កើត​បានជា​កូនច្រើន​(ខ្មែរយើង​ច្រើន​ហៅថា កូនមួយ​កន្ទេល)។

4 . គ្មានការ​ពិចារណា ៖ កុមារ​អាច​ក្លាយជា​ឃាតករ​ដោយ​មិនដឹង​ខ្លួន នៅពេល​ដែលមនុស្ស​ធំមក​លួងលោម​ឱ្យធ្វើ​អំពើ​មិន​គប្បី ដោយ​សន្យាថា​នឹងឱ្យ​របស់អ្វី​មួយដែល​កុមារ​ពេញចិត្ដ។ ភាព​លួងលោម​នេះធ្វើ​ឱ្យកុមារ​មិនបាន​គិតវែង​ឆ្ងាយ​ដូចមនុស្ស​ធំទេ បណ្ដាល​ឱ្យកុមារ​ចិត្ដ​ទន់ប្រព្រឹត្ដ​តាម​បញ្ជាគេ។

5 . ការ​បង្ខិតបង្ខំ ៖ អ្នកខ្លះ​ចិត្ដទន់​ដោយ​សារការ​បង្ខិត​បង្ខំ ជា​ឧទាហរណ៍ ដូចជា​ចៅហ្វាយ​នាយ និង​កូនចៅ។ ការងារ លំបាក​ខ្លាំង​ដែល​កូនចៅ​មិនចង់​ធ្វើ បើសិន​ចៅហ្វាយ​ប្រើឱ្យធ្វើ​កូនចៅ​ត្រូវតែ​ធ្វើ​ទាំងមិន​ពេញចិត្ដ។

ផល​វិបាក​នៃចិត្ដ​ទន់ជ្រាយ

ចិត្ដ​ទន់ជ្រាយ​អាចបង្ក​ឱ្យមាន​ផលវិបាក​ជាច្រើន។

  • ងាយ​រងគ្រោះ​ក្លាយជា​ឃាតករ
  • រស់នៅ​ដោយគ្មាន​សេរីភាព
  • ធ្វើឱ្យ​ការ​រស់នៅ​មានការ​លំបាក
  • ធ្វើឱ្យ​បាត់បង់​ជីវិត​ជាដើម។

ដំបូន្មាន​អ្នក​ឯកទេស

តាមការ​ស្រាវជ្រាវ​គេឃើញ​ថា អ្នកដែល​មានចិត្ដ​ទន់ជ្រាយ​ច្រើនគឺ​ជាស្ដ្រី។ ដូចនេះ ដើម្បី​ចៀសវាង​ផលវិបាក​ទៅថ្ងៃ ក្រោយ​ដោយសារ​មានចិត្ដ​ទន់ជ្រាយ ស្ដ្រីត្រូវ​យល់ដឹង​ពីអត្ដចរិត និងចិត្ដ​ខ្លួនឯង​ឱ្យបាន​ច្បាស់ជា​មុនសិន ទើបយល់​ច្បាស់ពី​អត្ដចរិត និង​ចិត្ដអ្នក​ដទៃ​ជាក្រោយ។ ការធ្វើ​ដូចនេះ​អាចជួយ​កាត់​បន្ថយ​ចិត្ដ​ទន់ជ្រាយ​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *