កាច និង​ហិង្សា​ជា​រោគចិត្ត?

កាច​និង​ហិង្សា​ជា​អាក្បកិរិយា​ដែលធ្វើ​ឲអ្នក​ដែល​នៅជុំវិញ​មិន​ពេញចិត្ត ដូចជា​កាច​ដោយ​ពាក្យ​សម្ដី ការស្រែក​គំហក​ឬដោយ​សម្ដី​គំរោះ​គំរើយ។ លក្ខណៈ​កាច​ក៏ជា​ទង្វើ​មួយដែល​ស្ដែងចេញ​ដោយការ​បំពាន​ផ្នែក​រាងកាយ​ទៅលើ​នរណា​ម្នាក់​មាន​ដូចជា ការក្ដិច វាយដំ ទះកំផ្លៀង ទាត់ទះ និង​អាចមាន​ការ​បំពារ​បំពាន​ធ្ងន់ធ្ងរ។ ជាងនេះ​ទៅទៀត​ដូចជា​ការប្រើ​អាវុធ​ជាដំបង កាំបិត ឬ​កាំភ្លើង​ជាដើម។ លក្ខណៈ​កាច ​និង​ហិង្សា​ទាំងអស់​នេះហើយ​ដែល​លោកអ្នក​គួរតែ​ត្រួតពិនិត្យ​មើលថា តើអាច​នឹងមាន​ការ​តាំងចិត្ត និង​ស្ងប់​អារម្មណ៍​បាន​ឬទេ នៅពេល​ដែលវា​សឹងតែ​ក្លាយទៅ​ជាទម្លាប់​សម្រាប់​បុគ្គល​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត សិន ប៉ូលី អ្នក​ឯកទេស​ផ្នែក​សុខភាព​ផ្លូវចិត្ត​បៃមន្ទីពេទ្យ​មិត្តភាព​ខ្មែរសូវៀត បាន​សហការណ៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​បកស្រាយ​ពីបញ្ហា​កាច និង​ហិង្សា​នេះ។

ហេតុអ្វី​បានជា​មនុស្ស​មាន​លក្ខណៈ​កាច?

លក្ខណៈ​កាច​មិនមែន​មានតែ​ចំពោះ​អ្នក​ដែលមាន​ជម្ងឺ​ផ្លូវចិត្ត​នោះទេ សូម្បី​តែអ្នក​សុខភាព​ភ្លូវចិត្ត​ធម្មតា​ក៏មាន​លក្ខណៈ​កាចដែរ​ ដោយសារ​តែ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ដែល​បណ្ដាល​ឲមាន​បញ្ហា​បែបនេះ។ មួលហេតុ​ធ្វើឲ​មនុស្ស​មាន​លក្ខណៈ​អាច​ទាកើទង​ទៅនឹង​កក្តា​ជា​ច្រើនទៀត ដូចជា​គ្រួសារ សង្គម វប្បធម៌ វិបត្តិសេដ្ឋកិច្ច​គ្រួសារ ភាពអត់​ការងារ​ធ្វើ ភាព​ក្រីក្រ បរិយាកាស​ជុំវិញ​ការប្រទះ​ឃើញ​សកម្មភាព​ហិង្សា ធ្លាប់ឃើញ​អំពី​ឃាតកម្ម ធ្លប់​ត្រូវគេ​រំលោភ​ធ្វើបាប ឬការ​ដែរ​ចូលចិត្ត​នៅតែ​ម្នាក់ឯង និង​តូចចិត្ត​ខ្លួនឯង​ជាដើម។

លក្ខណៈ​កាចក៏​ទាក់ទង​ទៅនិង​សន្ទុះ​ចិត្ត និងការ​គ្រប់គ្រង​ចិត្ត​របស់​មនុ្ស​ម្នាក់ៗ​ផងដែរ។ សន្ទុះចិត្ត​បានធ្វើ​ឲ​លោកអ្នក​ចេះ​បែងចែក​អារម្មណ៍ និងការ​សម្រេចចិត្ត​បានយ៉ាង​ត្រឹមត្រូវ នៅពេល​ដែលមាន​អារម្មណ៍​ឆេវឆាវ ឬខឹង​ជាដើម។ បើ​លោកអ្នក​មានការ​គ្រប់គ្រង​ចិត្ត ទប់ចិត្ត​ដោយ​មិនបញ្ចេញ​តាម​អាកប្ប​កិរិយា​ពេលខឹង។ នៅពេល​ដែលសន្ទុះ​ចិត្តមាន​ការកើន​ឡើង និងការ​គ្រប់គ្រង​ចិត្ត​ធ្លាក់ចុះ​ងាយ​នាំឲ​លោកអ្នក​ក្លាយទៅ​ជាមនុស្ស​កាច​បំផុត។ ដូចនេះ​លោកអ្នក​ដែលមាន​លក្ខណៈ​កាចគឺ​បណ្ដាល​មកពី​ចំណុច​ពីរយ៉ាង​គឺសន្ទុះ​ចិត្ត​កើនឡើង និងការ​គ្រប់គ្រង​ចិត្ត​ធ្លាក់ចុះ។

មូលហេតុ​បណ្ដាល​ឲសន្ទុះ​ចិត្ត​កើនឡើង

សន្ទុះចិត្ត​របស់​មនុស្ស​ម្នាក់ៗ​អាច​កើនឡើង​ដោយសារ​តែ​មជ្ឈដ្ឋាន​នៅជុំវិញ ដូចជា​មាន​ជម្លោះ​ផ្ទាល់ខ្លួន ការមិន​ពេញចិត្ត​នឹងអ្វីមួយ​ដែល​នាំឲ​មា​នអារម្មណ៍​មូម៉ៅ និង​ខឹង។ ចំពោះអ្នក​ដែល​ធ្លាប់មាន​បញ្ហា​ផ្នែក​ខួរក្បាល​ក៏បណ្ដាល​ឲងាយ​មាន​លក្ខណៈ​កាច​ផងដែរ ដោយ​អ្នក​ទាំងអស់​នោះ​សុទ្ធតែ​ធ្លាប់មាន​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវក្បាល ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន ឬ​ប្រើប្រាស់​សារជាតិ​ណាមួយ​ដែលធ្វើ​ឲខូច​ខួរក្បាល។ ដូចនេះ​ងាយធ្វើ​ឲមាន​សន្ទុះ​ចិត្ត​កើនឡើង​ដែលជា​ហេតុ​ងាយបង្ក​ឲមាន​លក្ខណៈ​កាច។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ដើមហេតុ​នៃការ​គ្រប់គ្រង​ចិត្ត​ធ្លាក់ចុះ

មួលហេតុ​ដែលធ្វើ​ឲការ​គ្រប់គ្រង​ចិត្ត​ធ្លាក់ចុះ​ដោយសារ​តែការ​ប្រើប្រាស់​សារធាតុ​គីមី ដូចជា​ការ​ពិសារស្រា ជក់បារី ឬសេព​គ្រឿង​ញៀន។ នៅពេល​ដែលមាន​សារជាតិ​ទាំងអាស់​នោះ​ជ្រាបចូល​ទៅក្នុង​ខ្លួន ធ្វើឲ​ការ​គ្រប់គ្រង​ចិត្តមាន​ការ​ធ្លាក់ចុះ។ លោកអ្នក​មួយចំនួន​ទៀត​ដែលមាន​សុខភាព​ផ្លូចិត្ត​មិនសូវ​រឹងមាំ ងាយ​ខឹង ងាយមាន​អារម្មណ៍​ឆេវឆាវ និងខ្វះ​ការគិត​ពិចារណា​បែងចែក​ខុសត្រូវ ដោយ​សារតែ​ការ​គ្រប់គ្រង​ចិត្តមាន​ការ​ធ្លាក់ចុះ ក៏ងាយ​បណ្ដាល​ឲមាន​លក្ខណៈ​កាច​ផងដែឬ។

ផល​ប៉ះពាល់​នៃ​លក្ខណៈ​កាច

កាច​អាចធ្វើ​ឲមាន​ផល​ប៉ះពាល់​ចំពោះ​ខ្លួនឯង និង​អ្នកដទៃ​ផងដែរ ព្រោះ​អាច​បញ្ចេញ​ដោយការ​ប្រើប្រាស់​ពាក្យ​សម្ដី កាយវិការ ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​រូបភាព​ផ្សេងៗ​គ្នា ការបង្ក​ឲ​របួសស្នាម ឬអាច​ឈានទៅ​ដល់ការ​ស្លាប់​ទៀតផង។ កម្រិត​នៃ​លក្ខណៈ​កាច​អាចឈាន​ឡើង​ដោយសារ​បុគ្គលខ្វះ​ការ​គ្រប់គ្រង​ចិត្ត និង​សន្ទុះចិត្ត​មានការ​ប្រែប្រួល។ ការ​យកចិត្ត​ទុកដាក់​ចំពោះ​អ្នក​ដែលមាន​លក្ខណៈ​កាចខ្លាំង​រហូត​ស្វែងរក​ឃើញថា​ជាជម្ងឺ​ផ្លូវចិត្ត គឹជា​កិច្ចការ​មួយសំខាន់​បំផុត​ដែលអាច​ជួយឲ​គេនោះ​ឲ​រួចផុត​ពីបញ្ហា​ជាច្រើន។

ដំណោះ​ស្រាយ និង​វិធី​ការពារ​ចំពោះ​លក្ខណៈ​កាច

បើសិន​ជា​លោកអ្នក​មិនចង់​ឲសន្ទុះ​ចិត្តមាន​ការកើន​ឡើង​គប្បី​ត្រូវ​បំបាត់​ការប៉ះ​ពាល់ដល់​ខួរក្បាល បញ្ឍប់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង គ្រឿង​ញៀន ឬ​សារជាតិ​ពុល​ផ្សេងៗ ហើយ​ចៀសវាង​ការ​បង្ក​គ្រោះថ្នាក់​ទៅលើ​ខួរក្បាល។ ជាពិសេស​រាល់ពេល​ការធ្វើ​ដំណើរ គប្បី​ប្រើប្រាស់​មួកសុវត្តិភាព​ដើន្បី​ការពារ​គ្រោះថ្នាក់​ជាយ​ថាហេតុ។ ការ​គ្រប់គ្រង​សន្ទុះចិត្ត​គឺត្រូវ​ធ្វើយ៉ាង​ណា​កុំឲមាន​ទំនាស់​ដោយការ​អាក់​អន់ចិត្ត និងមិន​ពេញចិត្ត​រាល់ទង្វើ​ធ្វើអ្វី​មួយ។ លោកអ្នក​ត្រូវស្វែង​យល់​អារម្មណ៍ និងការ​គិតគូរ​របស់អ្នក​ដែលនៅ​ជុះវិញ​ខ្លួន ជាពិសេស​គឺ​អារម្មណ៍​​ឯងផ្ទាល់។ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក៏ជា​ទំនាក់​ទំនង​ធ្វើឲមាន​លក្ខណៈ​កាច​ទៅដល់​កូន​ផងដែរ គឺធ្វើ​ឲអារម្មណ៍​ក្មេង​ដិតជាប់​នូវអំពើ​ឃោរឃៅ​ហើយ​គូបផ្សំ​និងការ​លូតលាស់​ផ្នែក​សុខភាព​ផ្លូវចិត្ត​មិនបាន​ល្អ អាចធ្វើ​ឲក្មេង​ងាយ​ក្លាយជា​មនុស្សម្នាក់​កាច​នៅពេល​ដែលគេ​ធំ​ពេញវ័យ។

កាច និង​ហិង្សា​ជា​រោគចិត្ត?

ជាទូទៅ​គេជឿថា​អ្នក​ដែលមាន​ជម្ងឺ​ផ្លូវចិត្ត​ជាមនុស្ស​មាន​គ្រោះថ្នាក់ ព្រោះគេ​អាចធ្វើ​ឲមាន​រឿងរ៉ាវ​និងការ​បំពារ​បំពាន​ភ្លាមៗ។ តាម​ការពិត អ្នក​ដែលមាន​ជម្ងឺ​ផ្លូវចិត្ត​មិនបង្ក​គ្រោះថ្នាក់​ជាងមនុស្ស​ដ៏ទៃ​នោះឡើយ តែក្នុង​ករណីខ្លះ​រោះគ​សញ្ញា​នៃជម្ងឺ​ផ្លូវចិត្ត​ក៏អាច​បណ្ដាល​ឲមាន​អាកប្បកិរិយា​កាចដែរ ប៉ុន្ដែ​កម្រនិង​ជូប​ប្រទះ​ណាស់។ លក្ខណៈ​កាច​ស្ថិតក្នុង​ប្រភេទ​ជម្ងឺជាង​២០មុខ​ក្នុង​ជម្ងឺ​ផ្លូវចិត្ត ដូចជា​ជម្ងឺ​អាប់បញ្ញា​វិបត្តិបុគ្គលិក​លក្ខណៈ​ដែលធ្វើ​តែអំពើ​អគតិ​មិនគិត​ពីលទ្ធផល​ទៅថ្ងៃ​មុខនិង​ជម្ងឺ​វិកលចរិត​ជាដើម។

ដំបូន្មាន​អ្នក​ជំនាញ

លក្ខណៈ​កាច​អាច​ព្យាបាល​បាន តែមិន​ត្រូវ​បណ្ដែត​បណ្ដោយ​ឲបុគ្គល​នោះមាន​លក្ខណៈកាច​ហួសហេតុ​ពេកនោះ​ទេ។ មិន​ដូច្នោះ​គឺអាច​ធ្វើឲ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ផ្លូវចិត្ត​របស់អ្នក​ជម្ងឺ​នោះ។ លោកអ្នក​គប្បី​យកចិត្ត​ទុកដាក់ និង​ស្វែងយល់​ពីអារម្មណ៍​អ្នក​ដែលនៅ​ជុំវិញ​ខ្លូន ក៏ដូចជា​អារម្មណ៍​ខ្លួនឯង​ឲបាន​ល្អ ដើម្បី​ចៀសផុត​ពីបញ្ហា​សុខភាព​ផ្លូវចិត្ត​ទាំងឡាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Categories: , , ,