ក្នុងឆ្នាំ២០០៩នេះ តារាចម្រៀងតូចច្រឡឹង ស៊ឹម ថៃណា កាន់តែមានភាពកក្រើកកេរិ៍្ដឈ្មោះនៅពេលដែលបានផ្លាស់ខ្លួន ចូលផលិតកម្មអែម។ មកដល់សព្វថ្ងៃនេះថៃណាក៏បានចេញបទចម្រៀងច្រើនបទមកហើយ ដូចជាបទ ក្បត់ពីពេលណា បងជាមនុស្សដំបូងអូនជាមនុស្សចុងក្រោយ បេះដូងឆ្កួត ក៏ដូចជាបទនឹកអ្នកចាស់ផងដែរ។ ហើយឥឡូវនេះកញ្ញាក៏កំពុងតែត្រៀមចេញនូវបទចម្រៀងថ្មីៗទៀតផងដែរ ដែលធ្វើឱ្យនាងកាន់តែមានភាពមមាញឹកនឹងការងារ។ ទោះបីជារឿងការងារមានការរវល់ម្ដេចក្ដីក៏ ថៃណាឆ្លៀតពេលដើម្បីថែរក្សាសម្រស់ និងការថែទាំសុខភាពផងដែរ ព្រោះនាងគិតថាបញ្ហាទាំងពីរនេះគឺត្រូវតែយកចិត្ដទុកដាក់។
ថៃណាបានចូលខ្លួនមកបកស្រាយពីការថែរក្សាសម្រស់ជាមួយទស្សនាវដ្ដី សុខភាពយើង ដើម្បីប្រាប់ពីវិធីសាស្ដ្រថែរក្សា សម្រស់មួយចំនួន និងការថែទាំសុខភាពរាងកាយរបស់ខ្លួនជូនប្រិយមិត្ដទាំងអស់ ពិសេសមិត្ដនារីទាំងឡាយឱ្យបានជ្រាបផងដែរ។
ប្រវត្ដិមុនឈានចូលសិល្បៈ
ថៃណាមានដើមកំណើតនៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកទីរួមខេត្ដ ខេត្ដបាត់ដំបង។ ថៃណាបានបញ្ចប់បាក់ឌុបកាលពីឆ្នាំ២០០៧នាវិទ្យាល័យបឹងត្របែក។ នៅដើមឆ្នាំ២០០៤ ថៃណាបានចាប់ផ្ដើមសាងកេរ្ដិ៍ឈ្មោះជាមួយក្រុមហាយរ៉ក បន្ទាប់មក ថៃណាក៏បានចូលច្រៀងឱ្យផលិតកម្ម ប្លូដាយមិន ហើយបន្ទាប់មកទៀតក៏បានផ្លាស់ទ្រនំចូលក្នុងផលិតកម្មអែមតែម្ដង។ រយៈពេល ដែលកញ្ញាបានចូលច្រៀងនៅក្នុងផលិតកម្មអែមបានធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់នាងឡើងកូដជាលំដាប់ ជាជាងពេលដែលនាងសាងកេរ្ដិ៍ ឈ្មោះជាមួយក្រុមហាយរ៉កទៅទៀត។ បើរាប់ចាប់ពីដើមឆ្នាំ២០០៤មក ថៃណាបានចូលប្រឡូកក្នុងវិស័យសិល្បៈជិត៦ឆ្នាំមកហើយ ហើយរូបនាងក៏ត្រូវបានមហាជនមួយចំនួនចាប់អារម្មណ៍ពីសម្លេង ពិសេសគឺរូបសម្ផស្សរបស់នាងតាំងពីពេលដែលនាងចាប់ផ្ដើមបង្ហាញមុខជូនទស្សនិកជនបានស្គាល់មកម្ល៉េះ។
អាថ៌កំបាំងក្នុងការថែរក្សាសម្រស់
មកដល់សព្វថ្ងៃនេះថៃណាបានចូលច្រៀងឱ្យផលិតកម្មអែមបានរយៈពេលមួយឆ្នាំមកហើយ។ បទចម្រៀងដែលកញ្ញាបាន ការទទួលស្គាល់ពីសំណាក់មហាជនទូទៅពិសេសពីសំំណាក់មិត្ដយុវវ័យនោះ គឺបទបេះដូងឆ្កួត និងបទនឹកអ្នកចាស់ជាដើម។ សព្វថ្ងៃ ថៃណាមានការមមាញឹកនឹងការងារច្រើន តែទោះបីជាយ៉ាងណាក៏នាងមិនភ្លេចការតុបតែង និងការថែរក្សាសម្រស់របស់នាងដែរ។ ដូចដែលបានជ្រាបហើយថាថៃណាត្រូវបានមហាជនចាប់ចិត្ដទៅលើទេពកោសល្យខាងសិល្បៈគួបផ្សំនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់ នាងផងដែរ។ ថៃណាពិតជាមានអាថ៌កំបាំងក្នុងការថែសម្រស់របស់នាង ដែលឥឡូវនេះមើលទៅនាងមានភាពស្រស់ស្អាតជាងមុន ទៅទៀត។ ខាងក្រោមនេះគឺជាវិធីសាស្ដ្រក្នុងការថែរក្សាសម្រស់របស់កញ្ញា ស៊ឹម ថៃណា។
- ការថែរក្សាសក់ ៖ ជាអ្នកសិល្បៈ ការធ្វើសក់តែងតែមានជាញឹកញាប់ ដូចនេះថៃណាតែងតែកក់សក់ជាញឹកញាប់ដែរ។ ទោះបីជាមានការរវល់យ៉ាងណាក៏ដោយ ថៃណាក៏តែងចំណាយពេលក្នុងការថែទាំសក់ផងដែរ ទាំងការកក់សក់ និងអប់សក់ ដើម្បីចៀសវាងនូវបញ្ហាផ្សេងៗដែលមានចំពោះសក់របស់នាង ជាពិសេសគឺបញ្ហាខូចសរសៃសក់។
- ការថែរក្សាស្បែកមុខ ៖ ទោះបីជាហត់នឿយនឹងការងារយ៉ាងណាក៏ដោយ ថៃណាក៏ឆ្លៀតពេលថែរក្សាស្បែកមុខជានិច្ច។ ជារៀងរាល់ពេលទំនេរ នាងតែងតែទៅស្ទីមមុខ ម៉ាស្សាមុខ និងប្រើប្រាស់ផលិតផលដែលមានគុណភាពល្អ។ ថៃណាក៏មានវិធី សាស្ដ្របែបធម្មជាតិក្នុងការថែរក្សាផ្ទៃមុខផងដែរ ដោយយកប៉ិគក់ច្របាច់យកទឹក ហើយយកសម្លីជ្រលក់មកបិតពេញផ្ទៃមុខ។ ការធ្វើបែបនេះគឺធ្វើឱ្យផ្ទៃមុខកញ្ញាមានភាពសំណើម និងជួយបំបាត់ស្នាមផងដែរ។
- ការថែរក្សាស្បែកដងខ្លួន ៖ ចំពោះការថែរក្សាស្បែកដងខ្លួន ថៃណាមានការយកចិត្ដទុកដាក់ខ្លាំងជាងស្បែកមុខទៅទៀត ព្រោះរាល់ពេលសម្ដែងថតឈុតខារ៉ាអូខេ នាងតែងស្លៀកឈុតខ្លីឬអាវវាលៗជាដើម ដូចនេះកញ្ញាតែងប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ ជាប់ជានិច្ច។ ការប្រើប្រភេទឡេនេះគឺថៃណាមិនជ្រើសរើសប្រភេទឡេណាដែលជួយឱ្យស្បែកសអ្វីនោះទេ គឺគ្រាន់តែប្រើប្រភេទឡេ ការពារកម្ដៅថ្ងៃជួយឱ្យស្បែកមានសំណើមតែប៉ុណ្ណោះ ដើម្បីការពារនឹងបញ្ហាផ្សេងៗ ដូចជាស្បែកមានប្រតិកម្មជាដើម។
- ការថែរក្សាធ្មេញ ៖ ចំពោះសុខភាពមាត់ធ្មេញវិញ ថៃណាដុសសម្អាតធ្មេញទៀងពេលណាស់ ដោយក្នុងមួយថ្ងៃដុស បីដង។ ហើយជារៀងរាល់ពេលមួយខែម្ដង នាងតែងតែទៅពិនិត្យ និងសម្អាតធ្មេញជាមួយទន្ដពេទ្យផងដែរ។
- ការថែរក្សាភ្នែក ៖ រៀងរាល់ពេលដែលថៃណាទៅណាមកណា នាងតែងយកចិត្ដទុកដាក់ចំពោះបញ្ហាភ្នែកបំផុត។ នាងតែងការពារភ្នែករបស់នាងពីកម្ដៅថ្ងៃ ដោយការពាក់វ៉ែនតាជាប្រចាំរាល់ពេលទៅសមុទ្រ ឬពេលចេញទៅថតម្ដងៗ។
- ការថែរក្សារោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ថៃណាជ្រើសរើសផលិតផលដែលល្អក្នុងការប្រើប្រាស់មកលើរោមភ្នែក ព្រោះនាងគិតថាដើម្បីចៀសវាងនូវបញ្ហាផ្សេងៗដែលបណ្ដាលមកពីគុណភាពនៃផលិតផល។ ប៉ុន្ដែថៃណាក៏ចៀសវាងក្នុងការប្រើប្រាស់ ផលិតផលតុបតែងរោមភ្នែកច្រើនពេកដែរ ព្រោះនាងចង់ឱ្យមានលក្ខណៈស្អាតពីធម្មជាតិ។ ចំពោះបញ្ហាចិញ្ចើម ថៃណាតែងឧស្សាហ៍ កោរតម្រឹមដើម្បីឱ្យរោមចិញ្ចើមឆាប់ដុះកាន់តែក្រាស់។ ចំណែកឯការថែរក្សាបបូរមាត់វិញនោះគឺថៃណាធ្វើយ៉ាងណាឱ្យបបូរមាត់នៅតែមានភាពទាក់ទាញជានិច្ច ហើយថៃណាតែងជ្រើសរើសនូវផលិតផលក្រែមដែលល្អៗ។ ព្រោះបើប្រើខុសអាចធ្វើឱ្យបបូរមាត់ជាំខ្មៅ មើលទៅមិនស្អាតនោះទេ ដូចនេះនាងតែងយកចិត្ដទុកដាក់បំផុតចំពោះការតុបតែងសម្អិតសម្អាងនៅលើផ្ទៃមុខ។
- ការថែរក្សាក្រចកជើង ក្រចកដៃ ៖ ថៃណាតែងកាត់តម្រឹមក្រចក ហើយកាត់សាច់ដុះក្រិនៗចេញ គឺធ្វើយ៉ាងណាឱ្យ ក្រចកដៃជើងមើលទៅស្អាត និងមានអនាម័យតែប៉ុណ្ណោះ។ មួយសប្ដាហ៍ថៃណាលាងក្រចកនឹងក្រូចឆ្មារយ៉ាងហោចណាស់បានបួនទៅ ប្រាំដងដែរ ដើម្បីឱ្យក្រចកកាន់តែរឹងមាំ និងគ្មានមេរោគ។
សុខភាពរាងកាយជារឿងសំខាន់
ថៃណាមិនសូវបានទទួលទានដំណេកគ្រប់គ្រាន់នោះទេ ដោយសារតែនាងត្រូវធ្វើការដល់យប់ជ្រៅ។ ប៉ុន្ដែនៅពេលដែល ថៃណាគេងមិនបានគ្រប់បែបនេះ នាងក៏យកចិត្ដទុកដាក់បំផុតក្នុងការទទួលទានអាហារឱ្យបានគ្រប់គ្រាន់ផងដែរ ហើយទទួលទាន អាហារដែលមានវីតាមីន និងជីវជាតិបំប៉នឱ្យបានច្រើន និងធ្វើការហាត់ប្រាណជាទៀងទាត់ពេលវេលា។
បំណងទៅអនាគត
ក្រៅពីអាជីពជាអ្នកសិល្បៈថៃណាក៏មានក្ដីស្រមើស្រមៃទៅថ្ងៃមុខផងដែរ តែនាងមិនទាន់ជាមានបំណងប្រាថ្នាដ៏វែងឆ្ងាយ ពេកនោះទេ។ នាងគ្រាន់តែគិតថាធ្វើយ៉ាងណាឱ្យតែទទួលបានភាពជោគជ័យសម្រាប់ការងារនាពេលបច្ចុប្បន្ន ដើម្បីឈានទៅរក អនាគតតែប៉ុណ្ណោះ។
បណ្ដាំផ្ញើរបស់ ស៊ឹម ថៃណា
សម្រាប់សុភាពនារី សម្រស់ជាការចាំបាច់ណាស់ ទន្ទឹមនឹងចង់បាននូវសម្រស់ដ៏ស្រស់ផូរផង់ហើយនោះ ក៏គប្បីថែរក្សាសុខភាពឱ្យបានល្អផងដែរ។ មានសុខភាពល្អទើបសម្រស់មានគុណភាពទៅតាមនោះដែរ សុភាពនារីក៏ដូចជាសុភាពបុរសដែល ចង់បាននូវសម្រស់ស្អាត គឺត្រូវគិតគូរឱ្យបានល្អទាំងពីរ ទាំងការថែរក្សាសម្រស់ និងការថែទាំសុខភាព។ ត្រូវធ្វើយ៉ាងណាទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ ទទួលទានអាហារឱ្យមានវីតាមីនផ្ដល់ប្រយោជន៍ចំពោះរាងកាយ និងគប្បីធ្វើលំហាត់ប្រាណផងដែរ។
ការរៀបរាប់ជូនខាងលើនេះគឺជាការយល់ឃើញនិងជាការអនុវត្ដន៍ផ្ទាល់របស់កញ្ញា ស៊ឹម ថៃណា តែប៉ុណ្ណោះ។ សូមលោកស្រីអ្នកនាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាត្រឹមត្រូវសម្រាប់អនុវត្ដន៍បានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ស៊ឹម ថៃណា
- អាយុ ៖ ២៥ឆ្នាំ
- ថ្ងៃខែឆ្នាំកំណើត ៖ ១១ វិច្ឆិកា ១៩៨៥
- កម្ពស់ ៖ ១,៦០ម៉ែត្រ
- ទំហំទាំងបី ៖ ៣៦ ២៧ ៣៥
- បងប្អូន ៖ ៨នាក់(ស្រី៦ ប្រុស២ ជាកូនពៅ)
- ទីកន្លែងកំណើត ៖ ខេត្ដបាត់ដំបង
- អាជីពនាពេលបច្ចុប្បន្ន ៖ តារាចម្រៀង
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩
Leave a Reply