សុរាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំផ្លាញសុខភាពមនុស្សជាតិទូទៅ មិនថាស្រីឬប្រុស។ សុរាក៏តែងផ្ដល់ទុក្ខទោសជា ច្រើនដល់អ្នកទទួលទាន និងសង្គមជាតិ។ មនុស្សជាច្រើនបានស្វែងរកជំនួយផ្សេងៗក្នុងការផ្ដាច់សុរាតាមវិធីណែនាំផ្សេងៗ ដែលអាចជួយពួកគេបាន។ ប៉ុន្ដែការផ្ដាច់សុរានៅតែជាបញ្ហាលំបាកសម្រាប់មនុស្សមួយចំនួនធំ។
នៅក្នុងលេខនេះ លោក អ៊ូចប៉ាត់ អមត្ថៈ ជាប្រធានកម្មវិធីគ្រឿងញៀន នៅអង្គការមិត្ដសម្លាញ់បានចូលខ្លួនមកបកស្រាយ អំពីរបៀបផ្ដាច់ស្រា តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ស្រា ជាអ្វី?
ស្រាគឺសារធាតុអាល់កុលដែលបង្កប់សារធាតុញៀន និងអាចបំផ្លាញសុខភាពមនុស្សបាន បើសិនជាលោកអ្នកមិនចេះគ្រប់ គ្រងចំពោះការទទួលទានឱ្យបានល្អ។ ព្រោះស្រាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើដំណើរការរបស់ថ្លើម។
មូលហេតុដែលធ្វើឱ្យមានការញៀនស្រា
ស្រាគឺជាជាតិទឹកស្រវឹងម្យ៉ាងដែលអាចបង្កើននូវភាពរីករាយ និងកំដរនូវភាពសោកសៅរបស់មនុស្សបាន។ មានមូលហេតុជាច្រើនដែលធ្វើឱ្យមនុស្សទទួលទានសុរា ដូចជាធ្វើពិធីជួបជុំ យកសុរាបំបាត់ទុក្ខ និងការជឿថាសុរាអាចជួយចម្រើនកម្លាំងក្រោយពីការធ្វើការអស់កម្លាំង។ មិនតែប៉ុណ្ណោះនៅក្នុងស្រាក៏មានការលាយបញ្ចូលជាមួយសារធាតុញៀនផងដែរ ការទទួលទានញឹកញាប់ពេក ឬរៀងរាល់ថ្ងៃធ្វើឱ្យអ្នកដែលទទួលទានញៀន ហើយពិបាកនឹងផ្ដាច់ ឬពិបាកឈប់ទទួលទានស្រាបាន។
វិធីផ្ដាច់ការញៀនស្រា
លោកអ្នកអាចបោះជំហានទៅខាងមុខក្នុងការផ្ដាច់ការទទួលទានសុរាបាននៅក្នុងថ្ងៃនេះ ដោយខ្លួនលោកអ្នកផ្ទាល់ ឬតាម រយៈជំនួយរបស់គ្រូពេទ្យ និងវិធីសាស្ដ្រដែលមានតម្លៃផ្សេងៗ នៅក្នុងខណៈពេលដែលលោកអ្នកដទៃទៀតកំពុងតែបន្ដការញៀនរបស់ពួកគេ។ សូមលោកអ្នកស្វែងរកជំនួយដោយការណាត់ជួបជាមួយអ្នកជំនាញ ហើយប្រាប់អំពីស្ថានភាពនៃការញៀនរបស់លោកអ្នក ទៅដល់គ្រូពេទ្យជំនាញទាំងនោះ។ ព្រោះគ្រូពេទ្យអាចបង្កភាពងាយស្រួលក្នុងការយល់អំពីវិធីសាស្ដ្រដែលអាចជួយលោកអ្នក និង ជំនួយតាមរយៈការផ្ដល់ថ្នាំសម្រាប់ទទួលទាន។ ជំនួយរបស់គ្រូពេទ្យអាចជួយលោកអ្នកឱ្យផ្ដាច់ស្រាបានដោយសុវត្ថិភាព ប្រសិនជា លោកអ្នកគិតថាការញៀនរបស់អ្នកទើបជាជំហានដំបូងពុំមានសភាពធ្ងន់ធ្ងរទេ លោកអ្នកអាចសាកល្បងតាមវិធីសាស្ដ្រផ្សេងៗ ដូចជាបង្កើតទម្លាប់កាត់បន្ថយការទទួលទានជាប្រចាំថ្ងៃ ធ្វើការហាត់ប្រាណ ទទួលទានអាហារជំនួយ នៅជាប់ជាមួយក្រុមគ្រួសាររបស់លោកអ្នកដោយតាំងចិត្ដយ៉ាងម៉ឺងម៉ាត់ក្នុងការឈប់ ហើយនៅឱ្យឆ្ងាយពីមិត្ដ ឬមនុស្សទាំងឡាយណាដែលអាចអូសទាញលោកអ្នកបាន។
សារៈប្រយោជន៍ក្នុងការផ្ដាច់ស្រា
ក្រោយពីលោកអ្នកបានអនុវត្ដបញ្ឈប់ការញៀនរបស់លោកអ្នកបានប្រកបដោយភាពប្រុងប្រយ័ត្ន នោះលោកអ្នកនឹងអាច ទទួលបានសារៈប្រយោជន៍ជាច្រើនដូចជា ៖
- ការពារ និងកាត់បន្ថយចំពោះបញ្ហាសុខភាពដែលបណ្ដាលមកពីសារធាតុញៀនទាំងនោះ
- បញ្ចៀសគ្រោះថ្នាក់ដល់ទារកដែលមិនកើត បើសិនជាអ្នកជាស្ដ្រីមានផ្ទៃពោះ
- បង្កើនសមត្ថភាពក្នុងការចងចាំ ការធ្វើការ ការរៀនសូត្រជាដើម
- ចំណេញពេលវេលា ប្រាក់កាស និងទំនាក់ទំនងក្នុងក្រុមគ្រួសារ
- កាត់បន្ថយវិវាទផ្សេងដែលកើតចេញពីសុរា។
ដំបូន្មានអ្នកជំនាញ
ស្រាគឺជាគ្រឿងថ្នាំបំពុលដែលបានបំផ្លាញសុខភាពប្រជាជន និងសង្គម។ ដូចនេះគ្រប់បុគ្គលដែលកំពុងមានទំនាក់ទំនងជា សារធាតុទាំងនេះគួរតែខិតខំស្វែងរកវិធីរំដោះខ្លួន និងគិតគូរពិចារណាឡើងវិញចំពោះបញ្ហាទាំងអស់នេះ។ ការទទួលទានសុរាមួយកែវ ហាក់ដូចជាអ្នកបានទទួលទាននូវសារជាតិពុលមួយកែវដូចនោះដែរ។ ស្រឡាញ់សុខភាពគឺជាការនៅឆ្ងាយពីស្រា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩
Leave a Reply