កាលពីលេខមុនលោកអ្នកបានអានរួចហើយអំពីបំណងប្រាថ្នាទាំងឡាយដែលបុរសចង់បាននៅក្នុងជីវិតប្ដីប្រពន្ធ។ សុភាព នារីទាំងឡាយកាលបើបានដឹងអំពីសេចក្ដីចង់បាននេះ អាចយកទៅអនុវត្ដដើម្បីដណ្ដើមបាននូវសុភមង្គលពីស្វាមីអំពីរបស់ខ្លួន។ នៅ មានចំណុចគន្លឹះមួយចំនួនទៀតដែលស្ដ្រីគប្បីជ្រាប។ ហេតុនេះសូមបន្ដតាមដានជាមួយទស្សនាវដ្ដី សុខភាពយើង។
2 . សេចក្ដីស្មោះត្រង់ដល់ទីបំផុត
គ្រួសារដែលបែកបាក់ដោយសារភរិយាមិនស្មោះត្រង់មានត្រឹមតែ១០ភាគរយប៉ុណ្ណោះ ប៉ុន្ដែគ្រួសារដែលបែកបាក់ដោយសារ ស្វាមីលាក់លៀមមានស្រីញីកើតមានដល់ទៅ២០ភាគរយ។ ទោះជាយ៉ាងនេះក្ដីក៏ការខ្វះសេចក្ដីស្មោះត្រង់របស់ភរិយានៅតែជាមូល ហេតុមួយធ្វើឱ្យស្វាមីមាននិន្នាការទៅមានប្រពន្ធចុងដែរ។ ស្វាមីគ្រប់រូបតែងស្ងប់ចិត្ដធ្វើការងារ និងត្រៀមលក្ខណៈបូជាអស់ពីខ្លួន ដើម្បីជីវភាពសុភមង្គល និងគ្រួសារមានសុខដុម ល្គឹកណាដែលរូបគេជាក់លាក់បានថា ភរិយារបស់គេជានារីម្នាក់មានចិត្ដស្មោះត្រង់។ សេចក្ដីស្មោះត្រង់ដល់ទីបំផុតរបស់ភរិយា គឺជាប្រភពថាមពលអរូបិយជំរុញឱ្យស្វាមីធ្វើនូវរាល់កិច្ចការទាំងអស់ ដើម្បីសុភមង្គល គ្រួសារ។
3 . ទន់ភ្លន់ស្លូតបូត
នេះជាចរិយាសម្បត្ដិមួយមានការចាំបាច់បំផុតសម្រាប់ភរិយា និងត្រូវបានស្វាមីស្រឡាញ់ និងគោរពរាប់អាន។ ភាពទន់ភ្លន់ និងស្លូតបូតមានឥទ្ធិពលយ៉ាងធំសម្បើមណាស់ចំពោះសុវត្ថិភាពនៃជីវភាពគ្រួសារ។ ភាពទន់ភ្លន់ស្លូតបូតរបស់ភរិយាអាចនឹងកែប្រែ តម្រែតម្រង់បានទាំងស្វាមីដែលទទឹងរឹងរូស និងអស្មិមានះទៀតផង(ទន់ឈ្នះរឹង)។ ប៉ុន្ដែភាពទន់ភ្លន់ស្លូតបូតដែលលើកយកមក និយាយនេះត្រូវអមទៅដោយភាពឆ្លាតវៃផងដែរ ដើម្បីចៀសវាងកុំឱ្យធ្លាក់ទៅក្នុងសភាព“ស្លូត ស្លាប់”ឱ្យសោះ ឬក្លាយជាភរិយាអកម្ម និងចាំតែធ្វើជាទាសករគ្រប់យ៉ាង។ ភរិយាស្លូតបូតចេះដកថយនៅពេលណាស្វាមីកំពុងតែខឹងមួម៉ៅ និងចេះរង់ចាំពេលវេលាល្អ ដើម្បី រម្លឹកដាស់តឿន និងទប់ស្កាត់នូវរាល់គោលដៅអាក្រក់របស់ស្វាមី។ ភរិយាស្លូតបូតមិនប៉ប៉ាច់ប៉ប៉ោច មិនឆ្លើយកាត់ក្នុងពេលស្វាមីកំពុង និយាយ មិនសម្ដីធំពេលខឹងសម្បា និងមិនទន្ទក់ទន្ទេញរឿងពីនេះពីនោះនៅក្បែរត្រចៀកស្វាមី។ ភរិយាស្លូតបូតចេះជ្រើសរើសពាក្យ សម្ដីនិយាយឱ្យសមបំណងទៅវិញទៅមក និងឆ្លាតវៃនៅត្រង់ថា តើគប្បីនិយាយនៅពេលណា! និយាយពីអ្វីដែលគួរនិយាយ និងមិននិយាយជារបៀបផ្លែផ្កា ឬខឹងរទេះវាយគោ។ ភរិយាដែលមួយថ្ងៃៗគិតតែពីរអ៊ូរទាំ និងមិនអាចធ្វើឱ្យបរិយាកាសក្នុងគ្រួសារបាន សប្បាយរីករាយឡើយ។ ម្ដាយស្លូតបូត និងបង្កើតចរិយាសម្បត្ដិដល់កូន។ ភរិយាដែលស្លូតបូត និងបង្កើតឥទ្ធិពលយ៉ាងជ្រាលជ្រៅក្នុង បេះដូងរបស់ស្វាមី។ នារីដែលស្លូតបូតរាបសានឹងស្រូបទាក់ទាញដល់មនុស្សជាច្រើនឱ្យមានការយកចិត្ដទុកដាក់ចំពោះរូបនាង។
4 . ប្រសប់រ៉ាប់រងកិច្ចការគ្រួសារ
ភរិយាម្នាក់ដែលប្រសប់រ៉ាប់រងកិច្ចការគ្រួសារ នឹងបង្កើតឱ្យមានបរិយាកាសកក់ក្ដៅ សុភមង្គលក្នុងគ្រួសារ។ ការប្រសប់រ៉ាប់ រងកិច្ចការគ្រួសារដែលលើកយកមកនិយាយនេះ គប្បីយល់ទាំងពីរផ្នែក គឺខាងស្មារតី និងខាងសម្ភារៈ។ ភរិយាដែលប្រសប់រ៉ាប់រងកិច្ចការគ្រួសារ នាងនឹងយល់ច្បាស់ពីចំណង់ចំណូលចិត្ដរបស់ស្វាមី និងធានាដល់ផ្នត់ជីវិតរស់នៅជាលក្ខណៈបុគ្គលរបស់ស្វាមីផងដែរ។ ពេលស្វាមីត្រឡប់ពីធ្វើការមកវិញ មានបាយទឹករៀបចំទុកដាក់ជាស្រេច។ បើស្វាមីធ្វើការយប់ នាងមានចំណីបរិភោគស្រាលៗ ដើម្បីបម្រុងសុខភាព។ មុនពេលស្វាមីចេញទៅធ្វើបេសកកម្មឆ្ងាយ នាងរៀបចំមិនឱ្យខ្វះក្នុងកាបូបរបស់ស្វាមីមានថ្នាំសង្កូវការពារផ្ដាសាយ រាករូស ឬដបប្រេងខ្យល់ ប្រេងកូឡា(អាចនឹងស្រោមអនាម័យផងដែរ)។ ពុំនោះសោត នាងត្រូវសាសងក្រើនរម្លឹកជារួមៗ ដូចជាពោលពាក្យថា ៖ “បងត្រូវការពារសុខភាព និងកុំភ្លេចវិលមករកអូនភ្លាម ក្រោយពីបញ្ចប់បេសកកម្ម!”។
ភរិយាប្រសប់រ៉ាប់រងកិច្ចការគ្រួសារ និងត្រៀមលក្ខណៈគ្រប់យ៉ាងទាំងអស់ សម្រាប់ការធ្វើដំណើរកម្សាន្ដរបស់គ្រួសារ ពីព្រោះការមធ្យ័តនេះនឹងបញ្ចុះបញ្ចូលដល់ទឹកចិត្ដរបស់ស្វាមីឱ្យកើតសេចក្ដីស្នេហាចំពោះរូបនាងកាន់តែកើនទ្វេឡើង។
ភរិយាប្រសប់កិច្ចការគ្រួសារត្រៀមទុកអាហារឆ្ងាញ់ ដែលជាចំណែករបស់ខ្លួនសម្រាប់ឱ្យនរណាម្នាក់ក្នុងសមាជិកគ្រួសារ ប្រ សិនបើអ្នកនោះចង់បរិភោគបន្ថែម។ ភរិយាប្រសប់កិច្ចការគ្រួសារ នាងព្រមទទួលធ្វើជាអ្នកអង្គុយសម្លឹងមើលស្វាមី និងមើលកូនៗ បរិភោគយ៉ាងឆ្ងាញ់ ព្រោះនោះជាសុភមង្គលរបស់នាង។
ភរិយាប្រសប់កិច្ចការគ្រួសារ នឹងមិនបង្ហាញទឹកមុខស្រពោនសោះកក្រោះនៅពេលបើកទ្វាររបងទទួលស្វាមីមកពីធ្វើការវិញឡើយ។ ផ្ទុយមកវិញ នាងមានទឹកមុខស្រស់បស់ រីករាយ រហូតដល់ថ្នាក់ស្វាមីមានការហត់នឿយដល់ណាក៏ដោយ ក៏រលាយបាត់អស់ ការហត់នឿយនោះដែរ។
ក្នុងករណីខ្លះដែលស្វាមីមិនអាចនឹងចូលរួមប្រាស្រ័យបានគឺ ភរិយាប្រសប់កិច្ចការគ្រួសារ ត្រៀមលក្ខណៈជានិច្ចដើម្បីជំនួសស្វាមី ដូចជាការចូលរួមក្នុងពិធីបុណ្យទាន ឬការជួបជុំផ្សេងៗ ដែលមានការអញ្ជើញ។ ចំពោះការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារវិញ ការចំ ណាយត្រូវតែមានតុល្យភាពទៅនឹងការចំណូល និងត្រូវមានស្ថិរភាព។ ភរិយាប្រសប់កិច្ចការគ្រួសារ ត្រូវមានផែនការក្នុងការសន្សំសំ ចៃដោយឡែកសម្រាប់ក្នុងករណីណាដែលចាំបាច់ និងមិនចាយវាយខ្ជះខ្ជាយដែលគ្មានប្រយោជន៍ ព្រមទាំងត្រៀមលក្ខណៈគាំទ្រ ចំពោះចំណាយទៅលើសេចក្ដីត្រូវការណាដែលចាំបាច់ទៀតផង។
បណ្ដាំផ្ញើ
ចំណុចដែលលើកមកជម្រាបជូនខាងលើនេះ យើងខ្ញុំសង្ឃឹមថាសុភាពស្ដ្រីជាភរិយាទាំងអស់ នឹងទទួលយកបានដើម្បីអនុវត្ដន៍ សំដៅឱ្យគ្រួសារមានសុភមង្គល។ តាមពិតទៅមិនមែនជារឿងដែលពិបាករហូតដល់ធ្វើមិនបាននោះទេ សំខាន់ស្ថិតនៅត្រង់ថាចង់ធ្វើ ឬក៏អត់? ព្រោះមានស្ដ្រីមួយចំនួនគាត់មិនចង់ធ្វើបែបនេះនោះទេ ដោយគិតថាអាចធ្វើឱ្យគាត់អាប់ឱន ឬគាត់ដូចជាខ្លាចស្វាមីជ្រុលពេក។ សូមចងចាំថា អាវុធដែលសំខាន់ដែលមានឥទ្ធិពលបំផុតសម្រាប់នារីយកទៅច្បាំងជាមួយបុរសនោះ គឺភាពទន់ភ្លន់ និងការយល់ចិត្ដនោះហើយ។ បុរសនៅលើលោកនេះ ទោះបីបើគេមានកម្លាំង ឬអំណាចយ៉ាងណាក៏គេនៅតែចុះចាញ់នារីម្នាក់ដែលគេស្រឡាញ់ ហើយនារីនោះផ្ដល់ឱ្យគេវិញនូវភាពជាកុលស្ដ្រី។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩
Leave a Reply