មួយរយៈពេលចុងក្រោយនេះ អេឡិច ចិន្ដ្រា កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ច្រើនជាមួយការសម្ដែងក្បាច់រាំប្លែកៗ យ៉ាងសង្ហាក្នុងក្រុមតោមាស និងរៃមាស។ មហាជនទូទៅបានទទួលស្គាល់ឈ្មោះរបស់ អេឡិច ចិន្ដ្រា កាន់តែខ្លាំងតាមរយៈការសម្ដែងផង ធ្វើពិធីករផង និងការឡើងច្រៀងសម្ដែងលើឆាកប្រគំតន្ដ្រីនានា ព្រមទាំងការសម្ដែងនៅក្រៅប្រទេស។ ជាសិល្បករមួយរូបពិត ជាមានភាពមមាញឹកច្រើនជាមួយនឹងការងារសិល្បៈរបស់គេ។
តែទោះបីជារវល់យ៉ាងណាក្ដីក៏ អេឡិច ចិន្ដ្រា នៅតែមិនភ្លេចការថែរក្សាសុខភាព និងសម្រស់ស្រស់សង្ហារបស់ខ្លួនដែរ។ នៅពេលនេះ អេឡិច ចិន្ដ្រា បានចូលខ្លួនមកបកស្រាយពីការថែរក្សាសុខភាពជាមួយទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិសិល្បៈ
អេឡិច ចិន្ដ្រា បានចូលខ្លួនប្រឡូកក្នុងវិស័យសិល្បៈតាំងពីពាក់កណ្ដាលឆ្នាំ២០០៥មកម្ល៉េះ។ ជំហានដំបូងចិន្ដ្រាជាអ្នក ចម្រៀងដែលបានឡើងច្រៀងនិងសម្ដែងតាមកម្មវិធីប្រគំតន្ដ្រីនានាតាមស្ថានីយទូរទស្សន៍។ បន្ទាប់ពីបានឃើញពីទេពកោសល្យ និងរូប រាងសង្ហារបស់ចិន្ដ្រាក៏បណ្ដាផលិតកម្មមួយចំនួនបានទាក់ទងចិន្ដ្រាឱ្យទៅសម្ដែងកាយវិការខារ៉ាអូខេ។ ជាការបង្ហាញពីទេពកោសល្យ របស់ខ្លួនជាលើកដំបូង ចិន្ដ្រាបានធ្វើជាពិធីករនៃកម្មវិធីហ្វូម៉ូសក្នុងស្ថានីយទូរទស្សន៍ខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ និងបានសម្ដែងខារ៉ាអូខេ តាមផលិតកម្មមួយចំនួន ដូចជារស្មីស្ទឹងសង្កែ ហង្សមាស យូធូ ស៊ីបី និងផលិតកម្មសាន់ដេជាដើម។ បច្ចុប្បន្នចិន្ដ្រាបានចូលធ្វើជាតារា ចម្រៀងនៅក្នុងផលិតកម្មរៃមាស និងតោមាសបានរយៈពេលជិត៣ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ។
ការថែរក្សាសម្រស់
ការថែរក្សាសម្រស់សម្រាប់ អេឡិច ចិន្ដ្រា ជាវិធីសាស្ដ្រដែលមានភាពងាយស្រួលថែទាំបំផុត។ ខាងក្រោមនេះគឺជាវិធី សាស្ដ្រមួយចំនួនក្នុងការថែរក្សាសម្រស់របស់គេ។
- ការថែរក្សាស្បែកមុខ ៖ ជាមនុស្សប្រុសមិនសូវជាគិតគូរថែទាំខ្លាំង ដើម្បីឱ្យស្បែកមុខសស្អាតឥតខ្ចោះពេកនោះទេ។ ចំពោះចិន្ដ្រាការថែទាំស្បែកមុខគ្រាន់តែប្រើប្រាស់ជាមួយផលិតផលជាឡេការពារកម្ដៅថ្ងៃតែប៉ុណ្ណោះ។ ប៉ុន្ដែការលាងសម្អាតមុខជា ការចាំបាច់សម្រាប់ចិន្ដ្រា ព្រោះពេលដែលផ្ទៃមុខសម្បូរទៅដោយធូលីដី គឺងាយបង្កឱ្យមានជម្ងឺមុនណាស់ ដូចនេះលោកបានសម្អាតមុខ ជាមួយផលិតផលហ្វូមលាងមុខជាប្រចាំ។
- ការថែរក្សាស្បែកដងខ្លួន ៖ ជាតួសម្ដែងមួយរូបការសម្ដែងត្រូវមានគ្រប់ឆាក គ្រប់សកម្មភាព ហើយចៀសមិនផុតពីការ បង្ហាញស្បែកដងខ្លួននោះទេ។ ដូចនេះរាល់ពេលមុនចូលគេង ចិន្ដ្រាតែងតែលាបឡេការពារជំនួយស្បែកឱ្យមានភាពសំណើមផងដែរ។
- ការថែរក្សាសក់ ៖ ដោយមានអំណោយផលពីធម្មជាតិល្អហើយនោះ គួបផ្សំនឹងកើតមកជាប្រុសដែលមិនសូវចាំបាច់គិត គូរខ្លាំងនោះ ចិន្ដ្រាមិនសូវជារវល់នឹងការថែទាំវាប៉ុន្មាននោះទេ។ តែអ្វីជាពិសេសនោះ គឺចិន្ដ្រាគ្រាន់តែឧស្សាហ៍អប់សក់ដើម្បីចៀសវាង ការបែកចុងនៅពេលដែលប្ដូរពណ៌សក់ច្រើនតែប៉ុណ្ណោះ។
- ការថែរក្សាភ្នែក ៖ នេះជាបញ្ហាមួយដែលចាំបាច់ត្រូវគិតគូរឱ្យបានដិតដល់បំផុតសម្រាប់មនុស្សគ្រប់រូប។ ចំពោះការថែទាំ ភ្នែកជាវិធីងាយស្រួលហើយអាចការពារសុខភាពភ្នែកបានផងដែរ គ្រាន់តែរាល់ពេលដែលធ្វើដំណើរទៅណាក្រោមកម្ដៅថ្ងៃខ្លាំង ចិន្ដ្រា តែងតែពាក់វ៉ែនតាខ្មៅដើម្បីការពារនឹងពន្លឺថ្ងៃ។
ការថែរក្សាធ្មេញ ៖ ចិន្ដ្រាដុសធ្មេញបីដងក្នុងមួយថ្ងៃជាប្រចាំ ជាពិសេសបន្ទាប់ពីការទទួលទានអាហារអ្វីរួចរាល់ ចិន្ដ្រាតែងតែខ្ពុរមាត់ជាមួយទឹកថ្នាំសម្អាតក្នុងមាត់។ ជារៀងរាល់ព្រឹកចិន្ដ្រាបៀមទឹកអំបិលដើម្បីជួយឱ្យធ្មេញកាន់តែរឹងមាំ មិនធុំក្លិន និងជួយឱ្យអញ្ចាញធ្មេញល្អផងដែរ។ ការថែរក្សាសុខភាពធ្មេញជារឿងមួយដ៏សំខាន់សម្រាប់ចិន្ដ្រា ដែលធ្វើឱ្យលោកកាន់តែមានភាព ជិតស្និទ្ធជាមួយអ្នកដទៃរាល់ពេលដែលប្រាស្រ័យទាក់ទង។
ការថែរក្សាសុខភាពរាងកាយ
- ការទទួលទានដំណេក ៖ ចិន្ដ្រាយកចិត្ដទុកដាក់ក្នុងការគេងឱ្យបានគ្រប់គ្រាន់ ព្រោះបើមិនគេងគ្រប់គ្រាន់នោះទេ គឺនឹងធ្វើសុខភាពមិនសូវរឹងមាំ ហើយសម្រស់ក៏អន់ថយទៅតាមហ្នឹងដែរ។
- ការទទួលទានអាហារ ៖ ជាចាំបាច់ចិន្ដ្រាត្រូវទទួលទានពពួកអាហារដែលផ្ដល់នូវសារជាតិបំប៉នដល់រាងកាយ ដើម្បីឱ្យ មានសុខភាពល្អ និងរឹងមាំ។ ចិន្ដ្រាមិនរើសអាហារពេកនោះទេ អាហារអ្វីក៏បានឱ្យតែមានប្រយោជន៍ចំពោះរាងកាយ។
- ការហាត់ប្រាណ ៖ ចិន្ដ្រាក៏យកចិត្ដទុកដាក់ណាស់ដែរ ចំពោះការលេងកីឡា ស្ទីម និងសូណា ដើម្បីបញ្ចេសញើស និងរៀង រាល់ពេលទំនេរក៏ហាត់ប្រាណទៀតផង។
បំណងថ្ងៃអនាគត
ក្រៅអាជីពជាអ្នកសិល្បៈ ចិន្ដ្រាក៏មានបំណងប្រាថ្នាទៅថ្ងៃអនាគត គឺចិន្ដ្រាចង់បើកជាផ្សារទំនើបមួយ ប៉ុន្ដែជាជំហានដំបូងគឺ ចង់បើកជាអាហារដ្ឋានមួយសិន។
បណ្ដាំផ្ញើរបស់ អេឡិច ចិន្ដ្រា
ការថែរក្សាសម្រស់គ្រាន់តែជារឿងបន្ទាប់បន្សំ ចំណែកឯសុខភាពគឺជាការសំខាន់ដែលយើងត្រូវចំណាយពេលវេលាឱ្យបាន គ្រប់គ្រាន់ក្នុងការថែទាំ បើទោះបីជារវល់ច្រើនយ៉ាងណាក្ដី។ ការទទួលទានអាហារដែលមានសារជាតិបំប៉នដល់រាងកាយ ការ ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ និងការធ្វើលំហាត់ប្រាណជាប្រចាំ ពិតជាអាចផ្ដល់ឱ្យយើងមានសុខភាពដ៏រឹងមាំ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ អេឡិច ចិន្ដ្រា
- អាយុ ៖ ២៤ឆ្នាំ
- ថ្ងៃខែឆ្នាំកំណើត ៖ ០៨. ធ្នូ. ១៩៨៦
- កម្ពស់ ៖ ១,៨០ម៉ែត្រ
- បងប្អូន ៖ ៤នាក់(ប្រុស៤ ជាកូនទី២)
- កម្រិតវប្បធម៌ ៖ សិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រង ផ្នែកទីផ្សារឆ្នាំទី៣
- ទីកន្លែងកំណើត ៖ ភ្នំពេញ
- អាជីពនាពេលបច្ចុប្បន្ន ៖ អ្នកសិល្បៈ
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩
Leave a Reply