​របៀប​​​​ថែរក្សា​​​​ស្បែក​​​​របស់​​​​បុរស​

ការថែរក្សាស្បែកមិនត្រឹម​តែ​សំដៅ​ទៅលើ​ស្ដ្រី​នោះ​ទេ បុរស​ក៏ត្រូវ​តែយក​ចិត្ដទុក​ដាក់​នៅ​ក្នុង​ការ​ថែរក្សា​ស្បែក​ឱ្យបាន​​ដិតដល់​ផងដែរ។​ ​ស្បែកមិន​ស្អាតគឺ​ជាបញ្ហា​មួយដែល​ធ្វើឱ្យ​មនុស្សគ្រប់​រូបមាន​ការ​ព្រួយ​បារម្ភ​ ជាពិសេស​នៅពេល​ដែល​ធ្វើ​ដំណើរ​ទៅ ណា​មកណា​ម្ដងៗ គឺតែង​តែមាន​អារម្មណ៍​អន់ចិត្ដ​ចំពោះ​ស្បែក​របស់​ខ្លួនឯង ដោយសារ​តែមើល​ទៅស្បែក​មានភាព​ស្រអាប់​មិន​ស្រស់ថ្លា។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួបជា​មួយ​អ្នកនាង​ ពុំ សុភារម្យ ​នាយិកា​នៃសម្អាង​ការលុច្ស ​នឹងប្រាប់​អំពី​វិធី​សាស្ដ្រ នៅក្នុង​ការ​ថែរក្សា​ស្បែក​ ដើម្បីឱ្យ​បុរស​គ្រប់រូប​បានជ្រាប​ចំពោះ​បញ្ហានេះ។​

ប្រភេទស្បែកបុរស

ជាទូទៅស្បែករបស់បុរសគឺមាន​ពីរ​ប្រភេទ គឺប្រភេទ​ស្បែកខ្លាញ់​ និង​ស្បែកស្ងួត។

១ . ស្បែកខ្លាញ់ គឺជាប្រភេទស្បែក​ដែលងាយ​កើតមាន​បញ្ហា​ជាច្រើន ជាពិសេស​គឺបញ្ហាមុន ដូចជា​មុនអង្កាម មុនរោល មុនខ្ទុះ​ជាដើម មិនថា​លើផ្ទៃមុខ​ឬលើដង​ខ្លួននោះទេ អាចកើត​ឡើងបាន​គ្រប់កន្លែង​នៃ​សព៌ាង្គកាយ។ ចំពោះ​ស្បែក​ដែលមាន​ជាតិខ្លាញ់​ ច្រើននេះ​ងាយប្រឡាក់​ធូលីដែល​ធ្វើឱ្យ​ស្បែកស្អិត​ ប្រសិន​បើលោក​អ្នកមិន​បានធ្វើ​ការសម្អាត​ឱ្យបាន​ត្រឹមត្រូវ​នោះទេ ​វាអាច​បង្កឱ្យ​មាន ស្នាម​ខ្មៅតូចៗ​ជាច្រើន​នៅលើ​ស្បែករបស់​លោកអ្នក។​

២ . ស្បែកស្ងួត ៖ គឺជាស្បែកដែល​មានលក្ខណៈ​ងាយជ្រួញ​ ងាយបែក​ស្រកា ស្បែកអាចម៍​រុយ ស្បែក​ជាំជាដើម ពីព្រោះ ស្បែក​ប្រភេទ​នេះវា​កង្វះនូវ​ជាតិប្រេង និងជាតិទឹក។ ស្បែកស្ងួត​ភាគច្រើន​មិនមាន​ក្រពេញ​បញ្ចេញជាតិ​ខ្លាញ់​គ្រប់គ្រាន់​នោះទេ ​ជាពិសេស​នៅពេល​ខែរងា ស្បែកងាយ​នឹងឆាប់​បែកស្រកា។ ហើយនៅ​ពេលដែល​លោកអ្នក​អេះ វានឹង​ឡើងហុយ ជាពិសេស​នៅពេល ដែលត្រូវ​ពន្លឺថ្ងៃ​ក្ដៅខ្លាំង ស្បែករបស់​លោកអ្នក​ងាយនឹង​ជាំឆាប់​ខ្មៅ ហើយរបក​និងឆាប់​ជ្រួញ​ទៀតផង។​

របៀបថែរក្សាស្បែករបស់បុរស

ជាធម្មតាស្បែករបស់មនុស្សយើងនៅក្នុង​មួយ​ថ្ងៃ​ទទួល​រងនូវ​ការ​ត្រូវ​ពន្លឺ​ថ្ងៃ ​កម្ទេច​ធូលី​ផ្សេងៗ​ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​ ​ទទួល​រងនូវ​បញ្ហា​ជាច្រើន​ ដូចនេះ​លោកអ្នក​ត្រូវតែ​មាន​វិធី​សាស្ដ្រ​នៅក្នុង​ការ​ថែរក្សា​ស្បែក​ឱ្យបាន​ត្រឹមត្រូវ។​

១ . ស្បែកខ្លាញ់ ៖ ត្រូវធ្វើ​ការ​សម្អាត​ដោយការ​ប្រើប្រាស់​សាប៊ូ​ដែល​កម្ចាត់​ជាតិខ្លាញ់។ ចំពោះ​ស្បែក​មុខ លោកអ្នក​ត្រូវប្រើ​ ​ហ្វូមដែល​មាន​សារជាតិ​កម្ចាត់​ជាតិខ្លាញ់​ ហើយត្រូវ​ប្រើក្នុង​មួយថ្ងៃ​ឱ្យបាន​បីដង គឺនៅ​ពេលព្រឹក ពេលល្ងាច និងមុនពេល​ចូលគេង។​ ត្រូវមាន​ផលិតផល​លាបទៅ​លើស្បែក​មុខឬ​ស្បែកដង​ខ្លួនជា​ប្រភេទ​ឡេ​កម្ចាត់​ជាតិខ្លាញ់។ ចៀសវាង​ការ​បរិភោគ​អាហារ​ដែល​សម្បូរ​ ទៅដោយ​ជាតិខ្លាញ់ និង​ជាតិប្រេង ត្រូវឧស្សាហ៍​សម្អាតខ្លួន​ដោយទឹក​ក្ដៅដែល​មានសីតុណ្ហភាព​ក្ដៅឧណ្ហៗ ជាពិសេស​ត្រូវញ៉ាំ​ទឹកឱ្យ​បានច្រើន។​

២ . ស្បែកស្ងួត ៖ ត្រូវប្រើសាប៊ូ​ឬហ្វូម​ដែលមាន​ជាតិប្រេង​សម្រាប់​សម្អាត ដើម្បី​ជំនួយ​ដល់ស្បែក​​ដែលមាន​ជាតិស្ងួត។​ ត្រូវ​ប្រើ​ផលិតផល​ដែលមាន​ជាតិប្រេង​លាបនៅ​លើស្បែក​ ដើម្បី​ឱ្យស្បែក​មាន​សំណើម។ ត្រូវទទួល​ទាន​អាហារ​ណាដែល​មាន សារៈ​ប្រយោជន៍​ចំពោះ​ស្បែក ជាពិសេស​គឺ​បន្លែដែល​អាចជំនួយ​ដល់ស្បែក។ ត្រូវសម្អាត​ខ្លួនដោយ​ទឹកត្រជាក់​ធម្មតា ជាពិសេស​ត្រូវ ទទួល​ទានទឹក​ឱ្យបាន​ច្រើនយ៉ាង​តិច​៨កែវ​ក្នុង​មួយថ្ងៃ ព្រោះទឺក​គឺជាផ្នែក​មួយដ៏​សំខាន់​សម្រាប់​ជួយឱ្យ​ស្បែក​មាន​សំណើម និងមាន​​សភាព​ភ្លឺថ្លា។​

ផលប៉ះពាល់បើសិនជាមិនបាន​ធ្វើការ​ថែរក្សា​ស្បែក​ឱ្យបាន​ល្អ

ជាការពិតណាស់បើសិនជាលោក​អ្នកមិន​បានធ្វើ​ការ​ថែរក្សា​ស្បែកឱ្យ​បានដិត​​ដល់ទេ​​នោះ លោកអ្នក​​កអាច​ជួប​នឹង​បញ្ហា​ជា ច្រើន​ ដូចជា​ធ្វើឱ្យ​ស្បែក​មិនមាន​ភាព​ស្រស់​ស្អាត ស្បែក​ស្រអាប់ គ្មាន​សំណើម ឬបង្ក​ឱ្យកើត​មាន​បញ្ហា​មុខជាំ អាចម៍រុយ ​ធ្វើឱ្យ​ឆាប់​ជ្រីវជ្រួញ​​ជាដើម។ ដូចនេះ​លោកអ្នក​គួរតែ​ធ្វើការ​ថែរក្សា​ស្បែក​របស់​លោកអ្នក​ឱ្យបានល្អ ចៀសវាង​កើតមាន​បញ្ហា​ផ្សេងៗ​ ដែលពិបាក​នៅក្នុង​ការ​ព្យាបាល និង​ចំណាយ​ថវិកា​ជាច្រើន​ថែម​ទៀតផង។

ដំបូន្មានអ្នកជំនាញ

ស្បែកគឺជាផ្នែកមួយដែល​សំខាន់​បំផុត​នៅក្នុង​រូបរាង​កាយ​របស់​មនុស្ស​យើង​ ហើយក៏​ជា​សោភ័ណភាព​មួយដ៏​ពិសេស​ សម្រាប់​សម្រស់​របស់​មនុស្ស​គ្រប់រូប។ ស្បែកស្អាត​ធ្វើឱ្យ​សុភាព​បុរស​គ្រប់រូប​មានមោទន​ភាព​ចំពោះ​ខ្លួនឯង ដូចនេះ​ដើម្បី​ឱ្យស្បែករបស់អ្នក​ស្អាត សុភាព​បុរស​គ្រប់រូប​គួរ​គប្បីតែ​ថែរក្សា​ដោយយក​ចិត្ដទុក​ដាក់បំផុត មិនត្រូវ​បណ្ដែត​បណ្ដោយ​ឱ្យស្បែក​ស្អាត​បាត់បង់​ ដោយ​ងាយៗ​នោះទេ។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *