តារាចម្រៀងដែលរះចែងចាំងគួរឱ្យស្រឡាញ់ និងស្ថិតនៅក្នុងដួងចិត្ដរបស់យុវវ័យទាំងប្រុសទាំងស្រី ហើយមានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជននោះ គឺកញ្ញា ពេជ្រ សោភា។ កញ្ញា ពេជ្រ សោភា ជាតារាប្រចាំផលិតកម្មហង្សមាសជាង៥ឆ្នាំមកហើយ។ ឥឡូវនេះសោភាកំពុងតែមានការមមាញឹកនឹងការងារជាច្រើន ដូចជាការសម្ដែងជាខារ៉ាអូខេថ្មីៗជាច្រើនបទ ប៉ុន្ដែសោភាមិនដែលភ្លេចឡើយនូវការថែរក្សាសម្រស់ និងសុខភាពរបស់សោភា។
ពេជ្រ សោភា បានចូលមកបកស្រាយអំពីការថែរក្សាសម្រស់ជាមួយនឹងទស្សនាវដ្ដី សុខភាពយើង ដើម្បីប្រាប់ពីវិធីសាស្ដ្រថែរក្សាសម្រស់ និងការថែរក្សាសុខភាពរាងកាយរបស់ខ្លួនជូនប្រិយមិត្ដទាំងអស់ ពិសេសគឺមិត្ដនារីទាំងឡាយឱ្យបានជ្រាបផងដែរ។
ប្រវត្ដិសិល្បៈ
កញ្ញា ពេជ្រ សោភា បានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ២០០២នៅវិទ្យាល័យស៊ីសុវត្ថិត្រឹមថ្នាក់ទី១១។ នៅក្នុងឆ្នាំ២០០៤ សោភា ក៏បានឈានចូលប្រឡូកក្នុងវិស័យសិល្បៈ ហើយនៅមុនពេលដែលសោភាចូលផលិតកម្មហង្សមាសដំបូង សោភាបានចូលរួមប្រឡងចម្រៀង ហើយក៏បានទៅច្រៀងនៅភោជនីយដ្ឋានរាត្រី ហើយបន្ទាប់មកក៏ចូលច្រៀងនៅស្បាក។ ដោយសារតែការចាប់អារម្មណ៍ ចំពោះសម្លេងរបស់សោភា ម្ចាស់ផលិតកម្មហង្សមាសក៏បានទាក់ទងសោភាឱ្យចូលច្រៀងនៅក្នុងផលិតកម្មហង្សមាសមកដល់សព្វថ្ងៃនេះ។ មកដល់សព្វថ្ងៃនេះសោភាបានច្រៀងចម្រៀងបានប្រហែលជាជាង១០០បទ ចំពោះបទចម្រៀងដែលទទួលបានការគាំទ្រជាលើកដំបូងគឺបទ បេះដូងត្រដរខ្យល់ Better day ស្ដាប់បេះដូងអូនផង ស្លាប់ក្នុងឧទ្យានទឹកភ្នែក និងបទគ្មានអ្នកយល់ចិត្ដជាដើម។ សព្វថ្ងៃនេះសោភាកំពុងតែមមាញឹកនឹងការងារជាច្រើន ទាំងការច្រៀងក៏ដូចជាការថតជាខារ៉ាអូខេ ការថតបទចម្រៀងថ្មី និង ខារ៉ាអូខេថ្មីៗជាច្រើន ហើយនឹងត្រៀមចេញទៅសម្ដែងនៅប្រទេសក្រៅផងដែរ។
វិធីថែរក្សាសម្រស់
សោភាមានការមមាញឹកច្រើននឹងការងារ ដូចជាថតសម្ដែងនៅតាមខេត្ដជាដើម តែទោះបីជាមានការមមាញឹកច្រើនយ៉ាង ណាក៏ដោយក៏សោភាមិនដែលភ្លេចឡើយនូវការថែរក្សាសម្រស់ក៏ដូចជាការថែរក្សាសុខភាពរបស់នាង។ ខាងក្រោមនេះគឺជាវិធីក្នុង ការថែរក្សាសម្រស់ និងសុខភាពរបស់កញ្ញា ពេជ្រ សោភា ដែលអនុវត្ដជាប្រចាំ។
- ការថែរក្សាសក់ ៖ សោភាមានការយកចិត្ដទុកដាក់បំផុតចំពោះសរសៃសក់ ដូចនេះការថែរក្សាសក់ជារៀងរាល់ថ្ងៃក្នុង មួយសប្ដាហ៍សោភាកក់សក់៣ដង ហើយអប់១ដង។ សោភាមិនសូវជាចូលចិត្ដប្ដូរពណ៌សក់ប៉ុន្មានទេ ហើយបើសិនជាលាបពណ៌សក់ សោភាច្រើនតែប្រើពណ៌ធម្មជាតិ ព្រោះពណ៌ធម្មជាតិមិនធ្វើឱ្យសក់ឆាប់ខូច។ ហើយ២ទៅ៣ឆ្នាំទើបលាបម្ដង។
- ការថែរក្សាស្បែកមុខ ៖ សោភាតែងតែយកចិត្ដទុកដាក់បំផុតចំពោះការថែរក្សាស្បែកមុខ។ សោភាតែងតែប្រើឡេការពារនៅពេលថ្ងៃ និងពេលយប់ ដើម្បីឱ្យស្បែកមុខមានសំណើមគ្មានមុន។ នៅពេលដែលចេញទៅក្រៅម្ដងៗ សោភាប្រើឡេការពារ ពន្លឺថ្ងៃ។ នៅពេលដែលសម្ដែងចប់ សោភាតែងតែយកទឹកបាញ់មុខហើយនឹងយកកន្សែងស្អាតប្រើសម្រាប់ជូតម្សៅចេញភ្លាមៗ ដើម្បីការពារកុំឱ្យកើតមុនខ្សាច់។
- ការថែរក្សាស្បែកដងខ្លួន ៖ សោភាតែងតែពាក់អាវដៃវែងនៅពេលថ្ងៃ ដើម្បីការពារចំពោះពន្លឺព្រះអាទិត្យ ព្រោះពន្លឺព្រះអាទិត្យអាចធ្វើឱ្យស្បែកខ្មៅស្រអាប់។ នៅពេលយប់សោភាលាបឡេជំនួយឱ្យស្បែកស និងផ្ដល់សំណើមដល់ស្បែក។ ជាពិសេសនៅពេលដែលចេញទៅសម្ដែងម្ដងៗ សោភាតែងតែប្រើឡេការពារជានិច្ច មិនដែលធ្វេសប្រហែសឡើយ។
- ការថែរក្សាធ្មេញ ៖ ចំពោះសុខភាពមាត់ធ្មេញ សោភាមិនដែលធ្វេសប្រហែសឡើយ ជារៀងរាល់៦ខែឬក៏បីខែ សោភាតែងតែទៅពេទ្យធ្មេញ ដើម្បីធ្វើការពិនិត្យមាត់ធ្មេញជាប្រចាំ។ សោភាធ្វើការដុសធ្មេញក្នុងមួយថ្ងៃបីដង ពេលព្រឹក ថ្ងៃត្រង់ និងមុនពេលចូលគេង។
- ការថែរក្សាភ្នែក ៖ ចំពោះការថែរក្សាភ្នែកសោភាមិនសូវជាយកចិត្ដទុកដាក់ប៉ុន្មានទេ ប៉ុន្ដែសោភាក៏មិនដែលធ្វេសប្រហែសដែរ ក្នុង៦ខែឬ១ឆ្នាំសោភាតែងតែទៅពិនិត្យភ្នែក១ដងជាប្រចាំ។
- ការថែរក្សារោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ចំពោះចិញ្ចើមសោភាមិនសូវជាយកចិត្ដទុកដាក់ថែរក្សាឱ្យបានដិតដល់នោះទេ ព្រោះចិញ្ចើមរបស់សោភាក្រាស់ស្រាប់។ នៅពេលដែលសម្ដែងសោភាមិនសូវគូសចិញ្ចើមនោះទេ គ្រាន់តែយកខ្មៅដៃគូសបន្ដិច នៅលើចិញ្ចើមតែប៉ុណ្ណោះ។ ចំណែកការកោរចិញ្ចើមគឺកោរនៅពេលចាំបាច់តែប៉ុណ្ណោះ។ ចំពោះរោមភ្នែកសោភាមិនសូវលាបម៉ាស្ការ៉ា ច្រើនពេកនោះទេ នៅពេលសម្ដែងចប់សោភាសម្អាតរោមភ្នែកដោយជូតម៉ាស្ការ៉ាចេញ ដើម្បីការពារកុំឱ្យរោមភ្នែកជ្រុះ។ ចំពោះបបូរមាត់សោភាមិនចូលចិត្ដ្ដលាបក្រែមនោះទេ លើកលែងតែពេលសម្ដែងទើបសោភាលាប។
- ការថែរក្សាក្រចកដៃ ក្រចកជើង ៖ សោភាមិនចូលចិត្ដលាបពណ៌ក្រចកនោះទេ ព្រោះខ្លាចធ្វើឱ្យក្រចកខូច។ សោភា តែងតែសម្អាតក្រចកដៃ និងក្រចកជើង យ៉ាងហោចណាស់៣ដងនៅក្នុងមួយសប្ដាហ៍ ដោយការកាត់សាច់ និងកាត់តម្រឹមក្រចក ជាដើម។
ការថែរក្សាសុខភាពរាងកាយ
សោភាតែងតែយកចិត្ដទុកដាក់បំផុតចំពោះការទទួលទានដំណេក ព្រោះការទទួលទានដំណេកគឺមានសារៈសំខាន់ណាស់ចំ ពោះសោភា។ ចំណែកឯការទទួលទានអាហារវិញ សោភាបរិភោគមិនបានទៀងទាត់ឡើយ។ សោភាមិនចូលចិត្ដអាហារដែលខ្លាញ់ច្រើនពេក ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ទោះបីជាមានភាពមមាញឹកយ៉ាងណាក៏ដោយ ក៏សោភាមិនដែលភ្លេចការ ហាត់ប្រាណឡើយ ជារៀងរាល់ពេលល្ងាចសោភាតែងតែទៅហាត់ប្រាណនៅមុខរាជវាំង កីឡាដែលសោភាចូលចិត្ដលេងជាងគេនោះ គឺកីឡាបាល់ទះ។
គោលបំណងទៅថ្ងៃអនាគត
ក្រៅពីអាជីពជាអ្នកចម្រៀង និងបើកហាងអ៊ុតសក់ សោភាមិនទាន់គិតគូរឬបង្កើតមុខរបរអ្វីផ្សេងនោះទេ សោភានាងនឹង នៅកំដរអារម្មណ៍ប្រិយមិត្ដដែលមានការគាំទ្រចំពោះរូបនាងជារៀងរហូត។
បណ្ដាំផ្ញើរបស់កញ្ញា ពេជ្រ សោភា
សុភាពនារីទាំងអស់គួរតែយកចិត្ដទុកដាក់នៅក្នុងការថែរក្សាសម្រស់ និងសុខភាពឱ្យបានល្អ។ សូមកុំផាត់មុខញឹកញាប់ ព្រោះម្សៅផាត់អាចធ្វើឱ្យផ្ទៃមុខបាត់បង់នូវសំណើម និងឆាប់ជ្រួញ។ សូមប្រញាប់លាងសម្អាតមុខឱ្យបានស្អាតនៅពេលចប់កម្មវិធី ដើម្បីចៀសវាងការកើតមានបញ្ហាចំពោះស្បែកមុខ ជាពិសេសគឺត្រូវគិតគូរពីសុខភាពឱ្យបានច្រើនទើបជាការប្រសើរ ហើយអ្វីដែលល្អ បំផុតនោះគឺការធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់នៅក្នុងមួយថ្ងៃឱ្យបាន១៥នាទី។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងការអនុវត្ដរបស់កញ្ញា ពេជ្រ សោភា តែប៉ុណ្ណោះ។ សូមលោកស្រី អ្នកនាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ពេជ្រ សោភា
- អាយុ ៖ ២៦ឆ្នាំ
- ថ្ងៃខែឆ្នាំកំណើត ៖ ០៩ មិថុនា ១៩៨៣
- កម្ពស់ ៖ ១,៦៣ម៉ែត្រ
- ទម្ងន់ ៖ ៤៩គីឡូក្រាម
- ទំហំទាំងបី ៖ ៣៨ ៣៦ ២៧
- ទីកន្លែងកំណើត ៖ ភ្នំពេញ
- បងប្អូន ៖ ៥នាក់ ប្រុស១នាក់ ស្រី៤នាក់ (ជាកូនពៅ)
- អាជីពនាពេលបច្ចុប្បន្ន ៖ តារាចម្រៀង
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply