វីតាមីន(ត) ៖ យើង​​កំពុង​ទទួល​ទាន​អាហារ​គ្មាន​វីតាមីន

រូបភាពទស្សនាវដ្ដីសុខភាពយើង
ស្ថានភាព​ដីល្អ ផ្ដល់​ចំណី​អាហារ​មាន​វីតាមីន​ច្រើន

ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​មាន​មោទន​ភាព​នឹង​ស្ថានភាព​​ដី​របស់​ខ្លួន​ខ្លាំង​ណាស់ រហូត​ដាក់​ឈ្មោះ​ឱ្យ​ប្រទេស​ឬទឹកដី​របស់​ខ្លួន​ថា ជា​ដែន​សុវណ្ណភូមិ​(ដែល​ប្រែ​ជា​ភាសា​សាមញ្ញ​ថា(ដី​មាស)។ ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ការ​អះអាង​ជាច្រើន​បាន​លើក​ឡើង​ថា នៅ ប្រទេស​កម្ពុជា​ទី​ណា​មាន​ទឹក​ទី​នោះ​មាន​ត្រី បឹង​ទន្លេសាប​ជា​ជង្រុក​ត្រី សក្ដានុពល​កសិកម្ម ដី​នៅ​ស្រុក​ខ្មែរ​ដាំអ្វី​ក៏ដុះ សម្បូរ​ជីជាតិ ខ្លាំងណាស់​ជាដើម។ ទាំង​នេះ​ពិត​ជា​មោទនភាព​របស់​ដែនដី​ខ្មែរ និង​ជា​ភព្វ​សំណាង​របស់​ជាតិ​សាសន៍​ខ្មែរ។ ប៉ុន្ដែ​សព្វថ្ងៃ​នេះអ្វីៗ​ត្រូវបាត់ បង់​អស់​ហើយ ដោយ​សារ​ការ​បំផ្លាញ​របស់​មនុស្ស។ ទឹក​ស្រែ​លែង​ទទួល​ទាន​បាន សម្បូរ​ទៅដោយ​សារធាតុ​ជី​កសិកម្ម គ្មាន​ត្រី​នៅរស់ ទៀតទេ រីឯ​ដំណាំ​ដាំដុះ​ប្ដូរ​មកជា​ការ​ដាំ​ដោយ​ប្រើ​ជាតិ​គីមី​យកតែ​បរិមាណ មិនមាន​គិតគូរ​ពី​គុណ​ភាព និង​ផ្ទុក​ទៅដោយ​ជាតិ​ពុល និង​ជាតិ​គីមី​បំផ្លាញ​សុខភាព។ កសិកម្ម​បែបនេះ​នាំ​ឱ្យ​ដីខូច ខ្សោះ​ជីវ​ជាតិ ដែល​ជា​ហេតុ​ផ្ដល់នូវ​កសិផល​មិន​សម្បូរ​ទៅដោយ​ជីវ​ជាតិ ឬ​វីតាមីន​នោះទេ។ ជា​អាទិ​យើង​ឃើញ​នៅក្នុង​ក្រូច​ពោធិ៍សាត់​ខ្លះ​ស្ទើរតែ​គ្មាន​ជាតិ​វីតាមីន ដែល​ជា​ធម្មតា​វា​អាច​មាន​ដល់​ទៅ​១១៦ មីលីក្រាម​ក្នុង​ក្រូច​មួយផ្លែ។

តើ​ចំណី​អាហារ​បែបណា​ដែលមាន​សារធាតុ​ចិញ្ចឹម​សម្បូរ​បែប?

ជា​ការពិត​ណាស់ គួរតែ​ទទួលទាន​ចំណី​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សម្បូរបែប ជា​ពិសេស​តាំង​ពី​នៅវ័យ ក្មេង។ ចំណី​អាហារ​ឧស្សាហកម្ម​ដែលមាន​ដាក់​លក់​នៅ​ទីផ្សារ ភាគ​ច្រើន​មាន​អត្រា​សារធាតុ​ការពារ​តិចតួច​បំផុត។ យ៉ាងណា​ម៉ិញ ចំណី​អាហារ​ដែល​ផ្សំឡើង​ពី​លក្ខណៈ​ធម្មជាតិ និង​បែប​ងាយៗ ពួក​ចំណី​អាហារ​ទាំងនោះ​សម្បូរ​ទៅដោយ​ជាតិ​វីតា​មីន និង​ជាតិ​អំបិល ខនិជ។ ហេតុ​នេះ សូម​លោកអ្នក​នឹកឃើញ​ទៅដល់​ជីដូន​ជីតា បុព្វ​បុរស​ខ្មែរយើង ដែល​ពួកគាត់​ទទួល​ទាន​តែ​ត្រី​ស្រែ និង​បន្លែ​បង្ការ​ដែល ទទួល​ផល​ពី​សួន​ដំណាំ ឬ​ចម្ការ​នៅ​ជុំវិញ​ផ្ទះ។ ពួកគាត់​អាច​រស់រានរ​ហូត​ដល់​អាយុ​១០០ឆ្នាំ ហើយស្ថិតក្នុងស្ថានភាពមួយដែលគ្មាន សេវាកម្មវេជ្ជសាស្ដ្រព្យាបាលត្រឹមត្រូវនោះឡើយ។ ចុះ​ហេតុអ្វី​ប្រជា​ពលរដ្ឋ​សព្វ​ថ្ងៃ​បាន​ទទួល​ទាន​គ្រប់គ្រាន់ និង​មាន​សេវា​វេជ្ជសាស្ដ្រ សម្បូរ​បែប តែ​ពួកគាត់​នៅតែ​អាយុ​មិន​វែង។ អ្នក​ជំនាញ​បាន​ធ្វើការ​ទូន្មាន​ដល់​អ្នក​ទទួលទាន និង​អ្នក​ដាំស្ល​ទាំងអស់​ត្រូវ​គោរព​ឱ្យបាន នូវ​របៀប​របប​នៃការ​ចម្អិន និង​ទទួលទាន​ទៅ​តាម​ប្រភេទ​ចំណី​អាហារ​នីមួយៗ។ ព្រោះថា​បើ​គោរព​បាន​នូវ​បទដ្ឋាន​ទាំងនេះ​បាន ជា​ពិសេស​ការ​ចម្អិន និង​ការ​ផលិត​ដែល​ឈរលើ​បទដ្ឋាន​ត្រឹមត្រូវ​ទាំង​ផលិត​ផល​ទាំង​ស្ថាន​ភាព​ដី។ មិនតែ​ប៉ុណ្ណោះ ការ​ថែរក្សា ទុក​នូវ​ផលិត​ផលទាំង​នេះ និង​ការ​ដាក់​លក់​ក៏អាច​ទាក់ទង​នឹង​ការ​បាត់បង់​សារធាតុ​ជាតិ​ចិញ្ចឹម និង​សារធាតុ​វីតាមីន​កម្រិត​ណាមួយ​នោះ ដែរ។ ហេតុនេះ​សូម​លោកអ្នក​មេត្ដា​ធ្វើការ​ជ្រើសរើស​ឱ្យបាន​ត្រឹមត្រូវ។ ទាំងនេះ​មិនទាន់​គិត​ទៅដល់​សារធាតុ​ពុល​មួយ​ចំនួន ដូច​ជា ជាតិ​នីត្រាត ឬ​ថ្នាំសម្លាប់​សត្វល្អិត​នោះទេ។

បណ្ដាំផ្ញើ ៖ ទាក់ទង​នឹង​របៀប​ទុកដាក់ និង​ចម្អិន​ចំណី​អាហារ​ឱ្យ​នៅមាន​វីតាមីន និង​សារធាតុ​ចិញ្ចឹម ទស្សនាវដ្ដី សុខភាព​យើង នឹង បន្ដ​លើក​មក​ជម្រាប​ជូន​នៅ​លេខក្រោយ។ សូមរង់​ចាំអានដោយ​អនុគ្រោះ។
(សូម​អាន​បន្ដនៅ​លេខ​ក្រោយ)

ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆកា ឆ្នាំ២០០៩

Categories:

Leave a Reply

Your email address will not be published. Required fields are marked *