ជាការពិតណាស់សុខភាពល្អគឺអាស្រ័យទៅលើការចេះថែរក្សាខ្លួនប្រាណ និងមានអនាម័យចំពោះការរស់នៅ។ ផ្ទុយ ទៅវិញការដែលបណ្ដោយឱ្យខ្លួនឯងមានសុខភាពមិនល្អដោយកង្វះអនាម័យចំពោះកន្លែងរស់នៅ និងខ្លួនប្រាណ។ ការកង្វះអនាម័យ ធ្វើឱ្យលោកអ្នកជួបនូវវិបត្ដិយ៉ាងធ្ងន់ធ្ងរចំពោះសុខភាព ដែលមិនអាចស្មានដល់។ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកស្រី សិព វីរិយ៉ា មន្ដ្រីសម្របសម្រួលផ្នែកទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាន តាមរយៈសម្ភារៈ នៃសមាគមថែទាំសុខភាពគ្រួសារកម្ពុជា“ រ៉ាក់” ដើម្បីបកស្រាយអំពីទម្លាប់អាក្រក់ក្នុងការអនាម័យខ្លួនប្រាណ។
អ្វីទៅជាទម្លាប់អាក្រក់?
ទម្លាប់អាក្រក់គឺសំដៅទៅលើមនុស្សដែលខ្ជិលច្រអូស ខ្ជីខ្ជា គ្មានការទទួលខុសត្រូវ ជាពិសេសចូលចិត្ដធ្វើការងារឱ្យតែរួច ពីដៃ គ្មានរបៀបរៀបរយ និងខ្វះការអនាម័យចំពោះខ្លួនប្រាណ រួមទាំងកន្លែងរស់នៅផងដែរ។ ទម្លាប់អាក្រក់ចំពោះខ្លួនប្រាណ មានដូចជាការខ្ជិលងូតទឹក ឬក៏ពេលដែលងូតទឹកមិនបានដុសក្អែល ឬធ្វើការសម្អាតខ្លួន ដោយមិនបានប្រើប្រាស់សាប៊ូដើម្បីសម្អាតខ្លួនប្រាណ ខ្ជិលដុសធ្មេញនៅពេលព្រឹកព្រលឹម ក្រោយពេលបរិភោគបាយរួចឬក៏មុនពេល ចូលគេង ហើយមុនពេលបរិភោគមិនបានលាងដៃ ឬសម្អាតក្រចក ការប្រើប្រាស់របស់របរលាយឡំគ្នាជាដើម។
គ្មានការអនាម័យចំពោះសម្លៀកបំពាក់ ដូចជានៅពេលដែលបោកខោអាវចូលចិត្ដហាលខោអាវនៅកន្លែងដែលគ្មានពន្លឺថ្ងៃ ខោអាវមិនបានសម្អាតឱ្យបានស្អាតល្អ ប្រើសម្លៀកបំពាក់លាយឡំគ្នា ប្រើប្រាស់ខោអាវដែលហាលមិនស្ងួត ជាពិសេសនៅ ពេលខ្លះពេលដែលខ្ជិលបោកខោអាវក៏យកខោអាវដែលស្លៀកពាក់ហើយនោះយកមកពាក់ម្ដងទៀត ដោយមិនខ្វល់ពីខោអាវស្អុយ ឬមិនស្អុយនោះទេ។ ការគ្មានអនាម័យចំពោះកន្លែងរស់នៅអាចពាក់ព័ន្ធដល់សុខភាព និងសុភមង្គលនៅក្នុងគ្រួសារទាំងមូល។ កាលដែលមាន កន្លែងរស់នៅមិនស្អាតនោះ លោកអ្នកនឹងអាចជួបបញ្ហាជាច្រើន ដូចជាធ្វើឱ្យគ្រួសារមានភាពរញ៉េរញ៉ៃ គ្មានសេចក្ដីសុខ ទើសមុខទើស ក្រោយ នៅពេលដែលចូលទៅដល់ក្នុងផ្ទះ គ្មានចិត្ដចង់រស់នៅ ព្រោះតែមិនបានរៀបចំកន្លែងរស់នៅឱ្យបានស្អាត។ ជាពិសេសនៅពេល ដែលលោកអ្នកមិនបានសម្អាតផ្ទះបានស្អាតនោះ អាចបង្កជាបញ្ហាចំពោះសុខភាពដូចជាជម្ងឺរាករូស កើតចៃ កើតរមាស់ និងកើតរោគ សើស្បែកជាដើម។
ផលប៉ះពាល់ចំពោះអ្នកមានទម្លាប់អាក្រក់
នៅពេលសម្អាតខ្លួនប្រាណមិនបានស្អាត លោកអ្នកងាយនឹងឆ្លងជម្ងឺផ្សេងៗជាច្រើន ជាពិសេសធ្វើឱ្យខ្លួនប្រាណមានក្លិន មិនល្អ ស្បែកស្រអាប់មិនភ្លឺថ្លា មានអារម្មណ៍ស្មុគស្មាញនៅពេលចូលដល់ក្នុងផ្ទះ ពេលខ្លះអាចធ្វើឱ្យគ្រួសារមិនមានសុភមង្គល និង មិនមានភាពថ្លៃថ្នូរនៅក្នុងសង្គមទៀតផង។
ដំបូន្មានអ្នកជំនាញ
សុខភាពល្អគឺអាស្រ័យទៅលើការចេះថែរក្សាខ្លួនប្រាណ និងមានអនាម័យចំពោះការរស់នៅ ដូច្នេះបើសិនជាលោកអ្នកមិន យកចិត្ដទុកដាក់នៅការសម្អាតខ្លួនប្រាណ និងសម្អាតកន្លែងរស់នៅឱ្យបានស្អាតនោះ ងាយនឹងមានបញ្ហាសម្រាប់ខ្លួនឯង និងគ្រួសារទាំងមូល រួមទាំងសុខភាពផងដែរ។ ដូចនេះដើម្បីចៀសវាងការកើតនូវបញ្ហាទាំងនេះ លោកអ្នកគប្បីគួរតែមាន ការអនាម័យជានិច្ចចំពោះការរស់នៅ និងថែរក្សាខ្លួនប្រាណ ដូចជាការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ធ្វើឱ្យលោកអ្នកមានសុខភាព ល្អ មិនងាយឆ្លងមេរោគ គ្រួសារមានសុភមង្គលថែមទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply