ក្អកធ្លាក់ឈាមជារោគសញ្ញាមួយដែលកើតមានចំពោះលោកអ្នកមួយចំនួនដែលកំពុងមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើ សួត និងជម្ងឺផ្សេងៗ។ ពេលខ្លះលោកអ្នកមួយចំនួនគ្រាំក្នុងដោយសារតែធ្វើការងារធ្ងន់ៗ ឬមានបញ្ហាគ្រោះថ្នាក់អ្វីមួយដែលបង្កឱ្យមានកំណកឈាមក្នុងទ្រូង ហើយឈាមត្រូវចេញតាមបំពង់កមកក្រៅពេលអ្នកជម្ងឺក្អកខ្លាំង ហើយឈាមធ្លាក់ចុះមានពណ៌ក្រហមឆ្អិន ឬអាចខ្មៅ។
ដើម្បីឱ្យជ្រាបកាន់តែច្បាស់អំពីជម្ងឺក្អកធ្លាក់ឈាមនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត វ៉ាន់ ម៉ិច ឯកទេសជម្ងឺសួត និងហឺត នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។
ក្អកធ្លាក់ឈាមគឺជាអ្វី?
ក្អកធ្លាក់ឈាមគឺជារោគសញ្ញាមួយដែលបណ្ដាលមកពីការប្រឈមទៅនឹងជម្ងឺសួតធ្ងន់ធ្ងរ ហើយវាស្ដែងចេញឡើងដោយសារឈាមហូរចេញតាមមាត់ឬអាចតាមច្រមុះ។ ឈាមដែលហូរចេញមានប្រភពដើមនៅផ្លូវដង្ហើមផ្នែកខាងក្រោមមានមូលដ្ឋាន ចាប់ពីក្រោមក្រឡើតរហូតដល់សួត។ ជាទូទៅការធ្លាក់ឈាមកើតមានចំពោះអ្នកជម្ងឺមួយចំនួនដែលក្អកញឹកញាប់។
មូលហេតុក្អកធ្លាក់ឈាម
អ្នកជម្ងឺក្អកធ្លាក់ឈាម គឺមានមូលហេតុច្រើនយ៉ាងពាក់ព័ន្ធទៅនឹងជម្ងឺផ្សេងៗទៀត។ ប៉ុន្ដែមានការពាក់ព័ន្ធសំខាន់៣យ៉ាងគឺ ៖
១ . ក្អកធ្លាក់ឈាមដោយសារអ្នកជម្ងឺមានជម្ងឺរបេង
២ . ក្អកធ្លាក់ឈាមដោយសារជម្ងឺមហារីកទងសួត
៣ . ក្អកធ្លាក់ឈាមដោយសារជម្ងឺរីកទងសួតរ៉ាំរ៉ៃ។
មានមូលហេតុទាក់ទងបន្ទាប់បន្សំទៀត ចំពោះលោកអ្នកមួយចំនួនដែលមានជម្ងឺសរសៃឈាម ដូចជាសរសៃឈាមបេះដូង ខ្សោយបេះដូងឆ្វេង ជម្ងឺស្ទះសរសៃឈាមក្នុងសួត ជម្ងឺដុំផ្សិតក្នុងសួត ជម្ងឺរលាកទងសួតស្រួចស្រាវ ជម្ងឺទាំងនេះគឺជាកត្ដាបន្ទាប់បន្សំ ដែលបណ្ដាលឱ្យក្អកធ្លាក់ឈាមដែរ។
រោគសញ្ញាជម្ងឺក្អកធ្លាក់ឈាម
រោគសញ្ញាមុនដំបូងបានបង្ហាញឱ្យអ្នកជម្ងឺដឹងថា មានអាការរមាស់ ក្ដៅក្រហាយចំណុចបំពង់ក។ បើអ្នកជម្ងឺក្អក នឹង ធ្លាក់ឈាមតែម្ដង។ ឈាមនោះទៀតសោតមានពណ៌ក្រហមស្រស់មានពពុះៗ ដោយមិនមានលាយជាមួយអាហារនោះទេ ពេលនោះ អ្នកជម្ងឺត្រូវប្រញាប់មកកាន់មន្ទីរពេទ្យដើម្បីជួបគ្រូពេទ្យជំនាញ ព្រោះរោគសញ្ញាបែបនេះអាចធ្វើឱ្យអ្នកជម្ងឺមានជម្ងឺធ្ងន់ធ្ងរបន្ដទៀត ដោយសារការយកចិត្ដទុកដាក់ព្យាបាលពីមុនមក ជាពិសេសជម្ងឺពាក់ព័ន្ធទៅនឹងជម្ងឺរីកទងសួតរ៉ាំរ៉ៃ។ បន្ទាប់ពីធ្វើការពិនិត្យទៅលើរោគសញ្ញាហើយ គ្រូពេទ្យចាប់ផ្ដើមវិនិច្ឆ័យបន្ថែមទៀត និងស្រាវជ្រាវចំពោះប្រវត្ដិរបស់អ្នកជម្ងឺ ដោយមានពេលខ្លះការក្អកធ្លាក់ឈាមនេះអាចបណ្ដាលមកពីអ្នកជម្ងឺដាច់សរសៃឈាមត្រង់ចំណុចណាមួយ ដោយសារការធ្វើការងារធ្ងន់ធ្ងរ ឬបណ្ដាលមកពីគ្រោះថ្នាក់ផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬបណ្ដាលមកពីការវាយតប់គ្នា បញ្ហាទាំងនេះក៏អាចបង្ហាញរោគសញ្ញាឱ្យអ្នកជម្ងឺក្អក ធ្លាក់ឈាមបានដែរ។
វិធីព្យាបាលជម្ងឺក្អកធ្លាក់ឈាម
ដើម្បីព្យាបាលជម្ងឺក្អកធ្លាក់ឈាម មុនដំបូងត្រូវតែស្វែងយល់សិនថា តើក្អកធ្លាក់ឈាមបណ្ដាលមកពីជម្ងឺអ្វីពិតប្រាកដ ព្រោះការក្អកធ្លាក់ឈាមនេះអាចជាដំណាក់កាលនៃជម្ងឺផ្សេងៗដែលឈានដល់ការក្អកធ្លាក់ឈាមផងដែរ។ ដូច្នេះគ្រូពេទ្យត្រូវធ្វើរោគ វិនិច្ឆ័យឱ្យបានច្បាស់លាស់។ តើជម្ងឺក្អកឈាមកើតឡើងមកពីប្រដាប់រំលាយអាហារដែរឬអត់? តើជម្ងឺក្អកធ្លាក់ឈាមនេះអាចបណ្ដាលមកពីឈាមរលាកច្រមុះឬរលាកធ្មេញ? បើសិនមានលក្ខណៈបែបនេះគ្រូពេទ្យនឹងដឹងភ្លាម មិនអាចយកមកធ្វើរោគវិនិច្ឆ័យ បានទៀតទេ ព្រោះអាការនេះកើតឡើងដោយសារការខ្វះអនាម័យរបស់អ្នកជម្ងឺ។ បន្ទាប់មកទៀតគ្រូពេទ្យបន្ដការធ្វើកោសល្យវិច័យ ថា ជម្ងឺក្អកធ្លាក់ឈាមនេះមកពីមូលហេតុអ្វីឱ្យពិតប្រាកដ ឬអ្នកជម្ងឺត្រូវការសង្គ្រោះបន្ទាន់ដែរឬយ៉ាងណា ហើយត្រូវពិនិត្យទៅលើ បរិមាណឈាមដែលធ្លាក់ចុះទៀតផង។ បើពិនិត្យឃើញឈាមធ្លាក់ចុះនោះតិចតួច មធ្យម ឬធ្ងន់ធ្ងរ គ្រូពេទ្យនឹងព្យាបាលតាមវិធីផ្សេងៗគ្នា។ ប្រសិនបើអ្នកជម្ងឺក្អកធ្លាក់ឈាមចាប់ផ្ដើមពី២០០មីលីលីត្រ អ្នកជម្ងឺនេះចូលករណីសង្គ្រោះបន្ទាន់ អ្នកជម្ងឺត្រូវព្យាបាលនៅក្នុងមន្ទីរពេទ្យ ងាយស្រួលក្នុងការតាមដានអ្នកជម្ងឺ ព្រោះអាចមានការពាក់ព័ន្ធធ្ងន់ធ្ងរទៅនឹងសួត។ អ្នកជម្ងឺត្រូវទទួលទានដំណេកតាមការចង្អុលបង្ហាញរបស់គ្រូពេទ្យ ដើមី្បកុំឱ្យជម្ងឺនេះរីករាលដាលទៅលើសរីរាង្គផ្សេងៗដែលមិនទាន់មានផលប៉ះពាល់ បើមិនដូច្នេះទេអ្នកជម្ងឺអាចថប់ដង្ហើមស្លាប់មួយរំពេច។
វិធីការពារជម្ងឺក្អកធ្លាក់ឈាម
លោកអ្នកមួយចំនួនដែលមានជម្ងឺក្អកធ្លាក់ឈាមនេះ ត្រូវតែអនុវត្ដទៅតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត ព្រោះអាចកាត់បន្ថយការក្អកធ្លាក់ឈាមបានមួយកម្រិត។ ប៉ុន្ដែប្រសិនបើអ្នកជម្ងឺក្អកធ្លាក់ឈាមបណ្ដាលមកពីរោគរបេងវិញ អ្នកជម្ងឺអាចព្យាបាល ជាសះស្បើយបានយ៉ាងឆាប់រហ័ស។ ដោយឡែកបើលោកអ្នកមានជម្ងឺក្អកធ្លាក់ឈាមក្រៅពីជម្ងឺរបេង ដូចជាបណ្ដាលមកពីជម្ងឺ មហារីកសួត ឬជម្ងឺរីកទងសួត នោះមិនអាចព្យាបាលឱ្យជាសះស្បើយនោះឡើយ ព្រោះជម្ងឺប្រភេទនេះព្យាបាលរួចអាចរើឡើងវិញ។ ប៉ុន្ដែវិធីព្យាបាលជម្ងឺនេះត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីយកថ្នាំមកលេប តែបានត្រឹមកាត់បន្ថយប៉ុណ្ណោះ។
ផលប៉ះពាល់ចំពោះជម្ងឺក្អកធ្លាក់ឈាម
បើមិនរួសរាន់ទៅកាន់មន្ទីរពេទ្យទេនោះ អ្នកជម្ងឺអាចស្លាប់ភ្លាមផងដែរ ដោយសារសភាពនៃជម្ងឺក្អកធ្លាក់ឈាមធ្ងន់ធ្ងរ ឬបរិមាណឈាមច្រើនហួសហេតុ ហើយឈាមនោះអាចច្រាលចូលថង់សួតនិងអាចធ្វើឱ្យអ្នកជម្ងឺនោះច្រាលឈាមស្លាប់ទៀតផង។ ម្យ៉ាងទៀតប្រសិនបើអ្នកជម្ងឺក្អកធ្លាក់ឈាមរ៉ាំរ៉ៃក៏អាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធឈាម បណ្ដាលឱ្យខ្វះគ្រាប់ឈាម និងនាំឱ្យអ្នកជម្ងឺ ខ្សោយទៅៗ អាចមានគ្រោះថ្នាក់ដល់អាយុជីវិតបានដែរ។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកអ្នកមួយចំនួនមានអាការក្អកធ្លាក់ឈាមត្រូវប្រញាប់រួសរាន់ទៅកាន់មន្ទីរពេទ្យភ្លាម ដើម្បីទៅជួបនឹង គ្រូពេទ្យជំនាញផ្ដល់ប្រឹក្សារកវិធីព្យាបាល ព្រោះអាការបែបនេះជារោគសញ្ញាបញ្ជាក់លោកអ្នកដែលកំពុងតែប្រឈមមុខនឹងជម្ងឺផ្សេងៗ ដូចជាជម្ងឺមហារីកទងសួត និងជម្ងឺផ្សេងៗទៀតដែលអាចឆក់យកជីវិតលោកអ្នកបាន។ មិនតែប៉ុណ្ណោះជម្ងឺក៏អាចរីករាលដាល ទៅលើសរីរាង្គផ្សេងៗបានយ៉ាងងាយ ប្រសិនបើមិនធ្វើការព្យាបាលទាន់ពេលវេលានោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply