គ្រឿងញៀនគឺជាសារធាតុម្យ៉ាងបង្កឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះអ្នកប្រើប្រាស់ និងជាអាវុធដ៏សាហាវបំផុតដែលបំផ្លាញសុខភាព និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរបំផុតសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ដ។ ប៉ុន្ដែយុវវ័យមួយចំនួននៅតែប្រព្រឹត្ដ ទោះដឹងថាគ្រឿងញៀនបានបង្កឱ្យបាត់បង់នូវសេចក្ដីថ្លៃថ្នូរ និងសេចក្ដីសុខសុភមង្គលក្នុងឆាកជីវិតយ៉ាងណាក៏ដោយ។ ជាពិសេសធ្វើឱ្យបាត់បង់ខូចខាតទាំងសុខភាពផ្លូវចិត្ដ និងសុខភាពរាងកាយ ហើយជាដើមហេតុនាំឱ្យខ្លួនប្រព្រឹត្ដបទល្មើសផ្សេងៗតាមអំណាចគ្រឿង ញៀននេះទៀតផង។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេសផ្នែកសុខភាពផ្លូវចិត្ដ នៃមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត ដើម្បីបកស្រាយអំពីផលប៉ះពាល់នៃគ្រឿងញៀន និងមូលហេតុដែលបណ្ដាលឱ្យយុវវ័យប្រើប្រាស់គ្រឿងញៀន។
គ្រឿងញៀន ជាអ្វី?
គ្រឿងញៀនជាសារធាតុម្យ៉ាងដែលបានចម្រាញ់ចេញពីរុក្ខជាតិ ឬសារធាតុគីមីដែលមានសកម្មភាពធ្វើឱ្យមានផ្លាស់ប្ដូរនូវ មុខងារផ្សេងៗរបស់សព៌ាង្គកាយមនុស្ស ឬសត្វ ជាពិសេសធ្វើឱ្យមានការប្រែប្រួលប្រព័ន្ធសរសៃខួរក្បាល បង្កលក្ខណៈដល់អ្នកប្រើប្រាស់ឱ្យមានការវង្វេងវង្វាន់ ខូចសតិអារម្មណ៍ ឆាប់ភ្លេចភ្លាំង ហើយជំរុញឱ្យអ្នកប្រើប្រាស់ប្រព្រឹត្ដអំពើមិនគប្បីចំពោះសង្គម សាធារណៈ និងសង្គមគ្រួសារ។ គ្រឿងញៀនមានច្រើនប្រភេទដូចជា ៖
- ប្រភេទគ្រឿងញៀនធម្មជាតិ ៖ អាភៀន កញ្ឆា ហេរ៉ូអ៊ីនខ្មៅ ហេរ៉ូអ៊ីនគ្រាប់ និងរុក្ខជាតិកូការ។
- គ្រឿងញៀនសំយោគ ៖ កូការអ៊ីមបាស គឺជាគ្រឿងញៀនបន្ថែមសារជាតិគីមី។
- អំហ្វេតាមីន ៖ គឺជាគ្រឿងញៀនដែលផលិតចេញពីជាតិថ្នាំតំហ្វេតាមីន។ ធាតុផ្សំដោយគ្រឿងញៀនសំយោគក្នុងនោះក៏មានអ៊ិចស្ដ្រាស៊ី ហេរ៉ូអ៊ីន កាវផងដែរ។ ប្រភេទគ្រឿងញៀនខាងលើនេះគឺជាដើមចមបំផ្លាញសុខភាពរបស់លោកអ្នកឱ្យកាន់តែហិនហោច និងទ្រុឌទ្រោមជាលំដាប់ បំផ្លាញសរីរាង្គកាយ និងបង្កឱ្យលោកអ្នកប្រព្រឹត្ដបទល្មើសបាន។
មូលហេតុដែលធ្វើឱ្យក្រុមយុវវ័យចាប់ផ្ដើមប្រើប្រាស់គ្រឿងញៀន
ប្រការដែលយុវវ័យឈានដល់ការប្រើប្រាស់គ្រឿងញៀនគឺអាចបណ្ដាលមកពីសម្ពាធក្នុងសង្គម និងមិត្ដភក្ដិ ឬការសាកល្បងផ្ទាល់របស់ខ្លួនតែម្ដង។ លុះពេលសាកល្បងដឹងថា គ្រឿងញៀនធ្វើឱ្យមានអារម្មណ៍ល្អ រវើរវាយ ប្រៀបបានមនុស្សកំពុងស្ថិតក្នុងឋានសួគ៌ យុវវ័យទាំងនោះតែងតែចាត់ទុកការសេពគ្រឿងញៀនគឺជាល្បែងកម្សាន្ដសម្រាប់កំដរអារម្មណ៍ទៅវិញ។ ម្យ៉ាងទៀត ហេតុផលដែលយុវវ័យប្រើប្រាស់គ្រឿងញៀន គឺកើតចេញដោយសារ ៖
- បញ្ហាផ្លូវចិត្ដ ដោយមានគំនាបខ្លាំងពីក្រុមគ្រួសារ ឬមានការអូសទាញពីមិត្ដភក្ដិមួយចំនួន ដោយមានការលួងលោម ជំរុញឱ្យទឹកចិត្ដពួកគេឈានទៅរកការសេពថ្នាំញៀនដោយមិនដឹងខ្លួន។
- ដោយឡែក យុវវ័យមួយចំនួនក៏បានដឹងច្បាស់អំពីបញ្ហាគ្រោះថ្នាក់ចំពោះការប្រើប្រាស់គ្រឿងញៀននេះដែរ តែពួកគេ នៅតែចង់សាកល្បង បន្ទាប់មកក៏ក្លាយទៅជាអ្នកញៀនថ្នាំរហូត។ ហើយគ្រឿងញៀនក៏ចាប់ផ្ដើមកាត់ផ្ដាច់សរីរាង្គរាងកាយបន្ដិចម្ដងៗ ជាពិសេសប្រព័ន្ធខួរក្បាលតែម្ដង។
- កត្ដាផ្សេងទៀតដែលបណ្ដាលឱ្យយុវវ័យមួយចំនួនបានក្លាយទៅជាជនរងគ្រោះដោយមិនដឹងខ្លួន ដោយសារតែអំពើដ៏ អាក្រក់របស់ចៅហ្វាយនាយឬថៅកែមួយចំនួន ដែលចង់កេងចំណេញកម្លាំងពលកម្មពីក្រុមយុវវ័យឬកុមារទាំងនោះ ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយឱ្យពួកគេប្រើប្រាស់គ្រឿងញៀនឬដាក់ក្នុងចំណីអាហារ ទឹកជាដើម ដើម្បីឱ្យពួកគេទទួលទានបំបាត់ ងងុយដេកឬបង្កើនថាមពលសម្រាប់ធ្វើការងារឱ្យបានច្រើនហើយមានកម្លាំងខ្លាំង ជាពិសេសជាយុវវ័យ ជាកម្មករសំណង់ កម្មករ នេសាទជាដើម ដែលជាក្រុមចំណាកស្រុកទៅធ្វើការឆ្ងាយៗ។
- យុវវ័យមួយចំនួនទៀត ជាពិសេសក្មេងស្រីដែលបម្រើការក្នុងក្លឹបខារ៉ាអូខេ បម្រើស្រាបៀរតាមហាងផឹកស៊ី ក៏អាចប្រើប្រាស់គ្រឿងញៀនទៀតផង ដើម្បីឱ្យមុខទំនិញរបស់ពួកគេលក់ដាច់ច្រើន ទទួលលុយច្រើន ហើយអតិថិជនឬភ្ញៀវរបស់គេចង់ឱ្យគេផឹក ហើយលួងលោមឱ្យប្រើប្រាស់គ្រឿងញៀន។
- យុវវ័យខ្លះយកគ្រឿងញៀនជាការកម្សាន្ដអារម្មណ៍បំបាត់ភាពស្មុគស្មាញ។ ការប្រើប្រាស់ញឹកញាប់ធ្វើឱ្យពួកគេញៀន រហូតបណ្ដាលចិត្ដឱ្យក្លាហាន ហ៊ានប្រព្រឹត្ដអំពើផ្ដេសផ្ដាស ធ្វើយ៉ាងណាដើម្បីយកលុយមកទិញគ្រឿងញៀនសម្រាប់ប្រើប្រាស់បន្ដទៀត។
- មិត្ដភក្ដិមួយចំនួនទៀតប្រើវិធីពង្វក់ដោយយកល្បែងស៊ីសងជាត្រីមុខ ឆ្លៀតពេលនោះក៏បបួលឱ្យប្រើប្រាស់គ្រឿងញៀន រហូតញៀនដកខ្លួនលែងរួចក៏ក្លាយទៅជាជនប្រើប្រាស់គ្រឿងញៀនយ៉ាងធ្ងន់ធ្ងរ។
- យុវវ័យមួយចំនួនត្រូវចាញ់បោកមិត្ដភក្ដិ ដោយឆ្លៀតឱកាសដាក់ថ្នាំញៀនចូលក្នុងអាហារ ឬភេសជ្ជៈឱ្យទទួលទាន ប្រើប្រាស់ពាក្យសម្ដីលួងលោម និងនិយាយពីភាពស្រើបស្រាល បង្កជាលក្ខណៈសប្បាយៗនៅក្នុងតុហូបចុក ក៏បណ្ដាលឱ្យជ្រុលខ្លួន ក្លាយទៅជាអ្នកប្រើប្រាស់គ្រឿងញៀន។
ដំបូន្មានអ្នកជំនាញ
យុវវ័យទាំងឡាយដើម្បីឱ្យខ្លួនចៀសផុតពីការញៀនថ្នាំដោយប្រភេទណាមួយនោះ ត្រូវចៀសឱ្យផុតពីការលួងលោម របស់មិត្ដភក្ដិ។ មិនត្រូវសាកល្បងសូម្បីតែម្ដងក៏ដោយ ព្រោះអាចធ្វើឱ្យយើងញៀនបាន។ លើសពីនេះប្រសិនបើមានការបបួល ពីសំណាក់មិត្ដភក្ដិ ឬនរណាម្នាក់ឱ្យប្រើប្រាស់គ្រឿងញៀន ត្រូវតែរកវិធីដើម្បីធ្វើការបដិសេធឬទៅប្ដឹងសមត្ថកិច្ចឱ្យជួយអន្ដរាគមន៍ ប្រសិនបើមានការបង្ខិតបង្ខំវាយដំណាមួយ។ ត្រូវចៀសឱ្យផុតពីការប្រើប្រាស់គ្រឿងញៀន ទោះតាមរូបភាពណាក៏ដោយ។ ព្រោះគ្រឿងញៀនជាមុខអាវុធដ៏ស្រួចស្រាវមួយសម្លាប់ទាំងសង្គម និងសម្លាប់ទាំងសុខភាព ហើយគ្រឿងញៀនក៏មិនមែនជាថ្នាំប៉ូវអ្វីមួយ ឡើយ។ ត្រូវនិយាយថាទេចំពោះគ្រឿងញៀន ព្រោះគ្រឿងញៀនជាមច្ចុរាជពណ៌ស ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply